បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បន្ត​ការ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ធ្វើការតវ៉ាទាមទារដំណោះស្រាយការងារ នៅពីមុខទីតាំងកាស៊ីណូ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

បុគ្គលិក​ក្រុម​ហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ជាង១ ០០០នាក់ បន្តការតវ៉ា​របស់​ខ្លួននៅ​មុខ​ក្រុម​ហ៊ុន ដើម្បីទាមទារ​ឱ្យ​មានដំណោះស្រា​យ​រឿង​វិវាទ​ការ​ងារ បញ្ឈប់ការ​លាប​ពណ៌លើក្រុម​កម្មករដែលតវ៉ា​ និងបញ្ឈប់​ការរើស​អើង​សហជីព។

​កូដកម្មនេះបាន​កើត​ឡើងរយៈពេល​៧ថ្ងៃមក​ហើយ​​ ក្រោយ​​​ពីមាន​​វិវាទ​ការងារ​នៅក្នុង​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះអស់រយៈ​ពេល៨ខែ​ តែនៅមិនទាន់មានដំណោះស្រាយ ​បន្ទាប់​​ពី​ក្រុមហ៊ុន​នេះបាន​ប្រកាសបញ្ឈប់​បុគ្គលិក១ ៣២៩​​នាក់ ក្នុង​ចំណោម​បុគ្គលិក​សរុប​ជាង​៨ ០០០​នាក់ ក្រោម​ហេតុផលថា ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុដោយ​សារ​តែ​វិបត្តិ​ជំងឺ​កូវីដ-១៩​។​ ក៏ប៉ុន្តែ​តំណាង​សហជីព​ប្រចាំនៅក្នុង​កាស៊ីណូ​យល់​ថា ផែនការ​បញ្ឈប់​បុគ្គលិក​ទ្រង់​ទ្រាយ​​​ធំ​​នេះ គឺជាការ​គាស់​រំលើង​​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ចេញពី​ក្រុមហ៊ុន​នេះ ព្រោះ​បុគ្គលិក​ដែល​បញ្ឈប់​ភាគ​ច្រើន គឺ​ជា​សមាជិកនិង​ថ្នាក់ដឹកនាំ​សហជីព។

ប្រធាន​សហជីពនៅក្រុម​ហ៊ុនកាស៊ីណូណាហ្គាវើសដ៍ កញ្ញា ឈឹម ស៊ីថរ បាន​ថ្លែងក្នុងសន្និ​សីទសារព័ត៌មាន​​​​នៅ​ថ្ងៃសុក្រនេះថា ការទាមទារ​របស់​បុគ្គលិក​ក្រុម​ហ៊ុន​ទាំង៩ចំណុចនៅ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ ដែលធ្វើ​ឱ្យ​ពួកគាត់​នៅ​បន្តការតវ៉ារហូត​មក​ដល់​ថ្ងៃនេះ។ កញ្ញា​បន្តថា ក្នុងអំឡុងពេលតវ៉ានេះដែរ ក៏មាន​ជន​មិន​ស្គាល់​មុខបាន​តាម​ដាន​តំណាង​បុគ្គលិកនិងសហជីពនៅពេលដែលពួកគាត់​ធ្វើដំណើរតាម​ផ្លូវ​ ដែល​ករណីនេះ​ កញ្ញាចាត់ទុកថាជាការគំរាម​កំហែងមួយ។

ក្រៅពីនោះ កញ្ញា ឈឹម ស៊ីថរ បានអំពាវនាវ​ដល់​ក្រសួង​ស្ថាប័នពាក់ព័ន្ធជួយ​អន្តរាគមន៍​រកដំណោះស្រាយ​វិវាទការងារនេះ និងបញ្ឈប់ការលាបពណ៌លើ​បុគ្គលិកដែលតវ៉ាថា​ជា​ការ​ធ្វើ​បដិវត្ដពណ៌ និ​ងទាមទារឱ្យ​ក្រុម​ហ៊ុនបញ្ឈប់ការ​រើស​អើង​សហជីព ជាដើម។

កូដកម្មរបស់បុគ្គលិក​ក្រុម​ហ៊ុនណាហ្គាវើលដ៍ ធ្វើ​ឡើង​ដោយ​​​ទាមទារលក្ខខណ្ឌការងារ​​ចំនួន​៩​ចំណុច​​សំខាន់ៗ ក្នុង​នោះរួមមាន ទាមទារ​ឱ្យក្រុម​ហ៊ុន​ទទួល​យក​ថ្នាក់ដឹកនាំ​សហជីព សមា​ជិក​​ប្រតិភូបុគ្គលិក និង​កម្មករ​និយោជិត​ចំនួន៣៦៥នាក់​ ដែលមិន​ព្រមទទួល​យក​សំណង​បញ្ចប់​កិច្ចសន្យា​ការងារ ចូល​បម្រើ​ការងារ​ឡើងវិញ។ លើសពីនេះ ទាមទារ​ឱ្យក្រុមហ៊ុនគិត​ប្រាក់​ដំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​បង្គ្រប់​បន្ថែម​ឱ្យបាន​ត្រឹមត្រូវ​ សម្រាប់​កម្មករ​និយោជិតដែល​ត្រូវ​បាន​កាត់​ចេញតាម​គម្រោង​កាត់​បន្ថយ​បុគ្គលិក។

កូដកម្មនេះក៏ទាមទារ​ឱ្យក្រុមហ៊ុន​អនុវត្ត​សេចក្ដីបង្គាប់​របស់​ក្រុម​ប្រឹក្សាអាជ្ញាកណ្ដាល​ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចទី៣ ដោយ​គិត​ប្រាក់​បញ្ចប់កិច្ចសន្យា​ការងារ​បង្គ្រប់​បន្ថែម​ឱ្យបាន​ត្រឹមត្រូវ។ បន្ថែមពីនេះ ទាមទារ​ឱ្យក្រុមហ៊ុន​ផ្ដល់ប្រាក់​ដំណាច់អតីត​ភាព​ការងារ និង​ប្រាក់​រំឭកអតីត​ភាព​ការងារ​ឱ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់​សម្រាប់​ឆ្នាំ២០២០និង២០២១ ​រួម​នឹង​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ទៀត។

ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិរបស់ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) អ្នកនាង ឌី សីហា មិន​ទាន់អាចសុំការ​បញ្ជាក់ជុំវិញករណីនេះបានទេ នៅថ្ងៃសុក្រ​នេះ។

ការធ្វើកូដកម្ម​របស់​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ នៅព្រឹក​នេះ ក៏មានការ​ឃ្លាំ​មើល​ពី​សមត្ថ​កិច្ច​​ចម្រុះ​​ប្រមាណ​ជាង១០០នាក់​ផងដែរ។

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានចេញសេចក្ដីជូនដំណឹងដល់កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ ផ្អាកការធ្វើកូដកម្ម បាតុ​កម្ម ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ក្រសួងនិងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញនឹងបន្តធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន និងផ្អែកតាមសមភាព សមធម៌ ដើម្បីធានាថា បងប្អូនកម្មករនិយោជិតដែលកំពុងតវ៉ាទទួលបាននូវដំណោះស្រាយមួយសមស្រប និងអាចទទួលយកបានទាំងអស់គ្នាផងដែរ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានស្នើដល់កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ និងសាធារណជន រក្សាភាពនឹងនរក្នុងចិត្ត ចៀសវាងចាញ់បោកជនខិលខូចមួយចំនួនដែលមានបំណងញុះញង់ បង្កអស្ថិរភាពដល់ក្រុមហ៊ុន និងសណ្ដាប់ធ្នាប់សាធារណៈ ដែលអាចបង្កផលប៉ះពាល់ដល់ការងាររបស់បងប្អូនកម្មករនិយោជិតដទៃទៀតដែលកំពុងបំពេញការងារនិងទទួលបានប្រាក់ឈ្នួលពីក្រុមហ៊ុនណាហ្គាវើលដ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ