បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ប្រកាន់​ជំហរ​បន្ត​ធ្វើ​កូដកម្ម​រហូត​មាន​ដំណោះស្រាយ

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ធ្វើការតវ៉ាទាមទារដំណោះស្រាយការងារ នៅពីមុខទីតាំងកាស៊ីណូ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

បុគ្គលិក​ក្រុម​ហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ប្រកាន់ជំហរបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនរហូត​មាន​ដំណោះស្រាយវិវាទការងារ ក្រោយពីចរចាជាមួយភាគីពាក់ព័ន្ធមិនទទួលបានដំណោះស្រាយសម​ស្រប។

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ជាង១ ០០០នាក់បាននាំគ្នា​ធ្វើ​កូដកម្មនៅមុខក្រុមហ៊ុន​រយៈ​ពេល​៧ថ្ងៃ​ជាប់ៗ​គ្នា​ គិតមកដល់ថ្ងៃ​ទី​២៤ ​ខែ​ធ្នូ​​នេះ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន​៩ចំណុច ក្នុងនោះ​មាន ការទាម​ទារ​​ឱ្យ​ក្រុម​ហ៊ុន​ទទួល​យក​ថ្នាក់ដឹកនាំ​សហជីព សមាជិក​ប្រតិភូបុគ្គលិក និង​កម្មករ​និយោជិត​ចំនួន៣៦៥នាក់​ដែលមិន​ព្រមទទួល​យក​សំណង​​បញ្ចប់​កិច្ចសន្យា​ការងារ ចូល​បម្រើ​ការងារ​ឡើងវិញ, ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​គិត​​ប្រាក់​​ដំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​បង្គ្រប់​​បន្ថែម​ឱ្យបាន​ត្រឹមត្រូវ ​សម្រាប់​កម្មករ​និយោ​ជិត​​ដែល​​ត្រូវ​បាន​កាត់​ចេញតាម​គម្រោង​​កាត់​បន្ថយ​បុគ្គលិក និង​ទាមទារ​ឱ្យក្រុមហ៊ុន​អនុវត្ត​សេចក្ដីបង្គាប់​របស់​​ក្រុម​​ប្រឹក្សា​អាជ្ញាកណ្ដាល​កាលពីថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចទី៣ ដោយ​គិត​ប្រាក់​បញ្ចប់កិច្ចសន្យា​ការងារ​បង្គ្រប់​បន្ថែម​ឱ្យបាន​ត្រឹមត្រូវ។

បុគ្គលិកក្រុម​ហ៊ុនកាស៊ីណូមួយនេះក៏បាន​​ទាមទារ​ឱ្យក្រុមហ៊ុន​ផ្ដល់ប្រាក់​ដំណាច់អតីត​ភាព​ការងារ និង​ប្រាក់​​រំឭកអតីត​ភាព​ការងារ​ឱ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់​សម្រាប់​ឆ្នាំ២០២០ និង​២០២១, ទាម​ទារ​ឱ្យក្រុមហ៊ុន​​ផ្ដល់​ប្រាក់​បន្ថែម​ស្មើ​នឹង​ ៧% លើ​ប្រាក់​ឈ្នួលគោលបច្ចុប្បន្ន​​ឱ្យកម្មករ​និយោជិត​ទាំង​អស់ ដើម្បី​បំពេញ​អតិផរណា​តម្លៃ​ទំនិញ​លើ​ទីផ្សារ និង​ទាមទារ​ឱ្យក្រុមហ៊ុន​បញ្ឈប់​ការកេងប្រវ័ញ្ច​តាមរយៈការ​ប្រើប្រាស់​កម្មករ​និយោជិត​ក្រោមស្លាក​កម្មសិក្សា រួម​នឹង​​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ទៀត។

ក្នុងកូដកម្មនៅថ្ងៃនេះ ក្រុមកម្មករបាន​​​ប្រកាស់ពី​ជំហរ​បន្ត​ធ្វើកូដកម្ម​ដោយ​មិនដាក់​ពេល​កំណត់ ប្រសិនបើក្រុមហ៊ុន​ល្បែងមួយនេះ​មិនព្រមទទួលយកបុគ្គលិកជិត៣០០នាក់ចូលធ្វើការងារវិញ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែង​ថា បច្ចុប្បន្ននៅស​ល់កម្មករ២៧៦​នាក់​ប៉ុណ្ណោះដែលទាមទារចូលធ្វើការងារវិញ ខណៈកម្មករផ្សេងទៀត​ព្រមឈប់ពីការងារ ប្រសិនបើក្រុមហ៊ុនទូទាត់សំណងទៅតាមផ្លូវច្បាប់ស្ដីពីការងារ។

បើតាម​កញ្ញា ឈឹម ស៊ីថរ ការធ្វើកូដកម្មរយៈពេល​៧ថ្ងៃមក​នេះ គឺពុំមានដំណោះស្រាយសមស្របឡើយ និង​មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយសារសកម្មជននិង​សមាជិកសហជីពមួយចំនួន បានរង​ការគំរាម​កំហែងនិងការលាប​ពណ៌ផ្សេងៗជាដើម។

ប្រធានសហជីពរូបនេះបានទាមទារ​ឱ្យ​មានដំណោះស្រា​យ​រឿង​វិវាទ​ការ​ងារ បញ្ឈប់ការ​លាប​ពណ៌លើក្រុម​កម្មករដែលតវ៉ា និងបញ្ឈប់​ការរើស​អើង​សហជីព។

កញ្ញាបន្ថែមថា៖ «ការទាមទារនេះជាការទាមទារដែលក្រុមហ៊ុនណាហ្គាវើលដ៍បានបង្ក​ភាពឈឺចាប់ និងភាព​អយុត្តិធម៌ ការរំលោភសិទ្ធិការងារ និងសិទ្ធិមនុស្សរាប់ឆ្នាំមកហើយ។ ហើយប្រសិនបើមិនដោះស្រាយនៅពេលនេះទេ បញ្ហានេះនឹងត្រូវកម្មករយោជិតយកមកទាមទារ​ទៀតរហូតមានដំណោះស្រាយ»

កញ្ញា ឈឹម ស៊ីថរ បន្ថែមថា បញ្ហាវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ មិនត្រូវបានដោះស្រាយបញ្ចប់ ដោយសារក្រុមហ៊ុនកាស៊ីណូមួយនេះមានចេតនាចង់លុបបំបាត់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរក្នុងក្រុមហ៊ុននេះ ព្រោះបុគ្គលិកដែលក្រុមហ៊ុនបញ្ឈប់ភាគច្រើនគឺជាសមាជិកនិងថ្នាក់ដឹកនាំសហជីព ដែលកញ្ញាចាត់ទុកករណីនេះថាជារើសអើងសហជីព។

បុគ្គលិកផ្នែកចែកបៀរ និងជាស្ត្រីមានផ្ទៃពោះ៧ខែផងនោះ អ្នកស្រី កន ស្រីល័ក្ខ អាយុ​៣២​ឆ្នាំ និយាយថា អ្នកស្រី​មិន​មានឈ្មោះត្រូវបញ្ឈប់ ប៉ុន្តែដោយមើលឃើញតំណាងសហជីពនិងកម្មករក្នុងចំនួនច្រើនត្រូវបានបញ្ឈប់ដោយអយុត្តិធម៌នោះ អ្នកស្រីបាន​សម្រេចចេញមកចូលរួមការតវ៉ាដែរ។

អ្នកស្រីបញ្ជាក់ថា ភាពអយុត្តិធម៌នោះ គឺក្រុមហ៊ុនបានបញ្ឈប់តំណាងសហជីព ដោយ​មិនមាន​ហេតុផលច្បាស់​លាស់ និងការទូទាត់សំណងមិនត្រឹមត្រូវទៅតាមផ្លូវច្បាប់។

អ្នកស្រីបន្ថែមថា៖ «គោលបំណងសំខាន់នៃការតវ៉ារបស់ខ្ញុំ គឺយើងចង់ឱ្យតំណាងសហជីពហ្នឹងបានចូលធ្វើ​ការ​ងារ​វិញ បញ្ឈប់ការរើសអើងសហជីព និងបុគ្គលិកដទៃទៀតត្រូវអនុញ្ញាតឱ្យធ្វើការងារវិញ។ ពួកយើង​យល់​ថា ពេលដែលអត់សហជីពទៅ ពួកខ្ញុំនឹងទទួលបានហានិភ័យខ្លាំង គេចង់បញ្ឈប់ពេលណាក៏បាន ហើយពួកខ្ញុំជួប​បញ្ហាអីទៅ គឺអត់មានដំណោះ​ស្រាយទេ»

ប្រធាន​គ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិករបស់ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) អ្នកនាង ឌី សីហា មិនទាន់អាចសុំការបញ្ជាក់ជុំវិញករណីនេះបានទេ នៅថ្ងៃសុក្រនេះ។

សេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួងការងារ កាលពីថ្ងៃទី២៣ ខែធ្នូនេះ ស្ដីពីលទ្ធផលនៃការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បញ្ជាក់ថា ក្រោយជួបប្រជុំរកដំណោះស្រាយ គឺភាគីទាំងពីរមិនទាន់ព្រមព្រៀងគ្នាក្នុងការបញ្ចប់វិវាទនៅឡើយទេ។

សេចក្ដីប្រកាសព័ត៌មានដដែលនេះបញ្ជាក់ថា តំណាងក្រុមហ៊ុននឹងពិចារណាលើរូបមន្តក្នុងការគណនាប្រាក់ដំណាច់បញ្ចប់កិច្ចសន្យាការងារជូនកម្មករ៨៥នាក់ដែលព្រមបញ្ចប់កិច្ចសន្យាការងារ ប៉ុន្តែមិនព្រមទទួលយកកម្មករផ្សេងទៀតដែលកំពុងតវ៉ាឡើយ។

ប៉ុន្តែតំណាងកម្មករទាមទារ​​ឱ្យភាគីក្រុមហ៊ុនទទួលយកកម្មករដែលកំពុងតវ៉ាចូលធ្វើការងារសិន ទើប​កម្មករ៨៥នាក់​យល់​ព្រម​ទទួលការទូទាត់ប្រាក់ដំណាច់បញ្ចប់កិច្ចសន្យាការងារ​​។

គួររំឭកថា ​​វិវាទ​ការងារ​នៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍មានរយៈ​ពេល៨ខែមក​ហើយ​​ នៅតែមិន​ទាន់​​មានដំណោះស្រាយចប់ ក្រោយ​​​ពី​ក្រុមហ៊ុន​នេះបាន​ប្រកាសបញ្ឈប់​បុគ្គលិក១ ៣២៩​​នាក់ ក្នុង​ចំណោម​បុគ្គលិក​សរុប​ជាង​​៨ ០០០​នាក់ ក្រោម​ហេតុផលថា ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុដោយ​សារ​តែ​វិបត្តិ​ជំងឺ​កូវីដ-១៩​។​ 

កាលពីដើម​ខែធ្នូនេះ អង្គការ សមាគម និង​សហជីព​ចំនួន​២៥ បាន​ចេញសេចក្ដីថ្លែងការណ៍​មួយ​សម្ដែង​​ការ​​ខក​​ចិត្ត​​ចំពោះការ​បញ្ឈប់​បុគ្គលិក​កាស៊ីណូ​ណាហ្គាវើលដ៍​នេះ។ សេចក្ដីថ្លែង​ការណ៍នោះ ​បាន​ចាត់​ទុក​ថា ក្រុមហ៊ុន​មាន​ចេតនា​រំលាយរចនា​សម្ព័ន្ធ​​ថ្នាក់​ដឹក​នាំ​សហជីព ដោយ​ថា ​ការ​ធ្វើ​បែបនេះ​មិន​សម​ហេតុ​ផល និង​មិន​អាច​ទទួល​យក​បានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ