តុលាការ​កំពូល​កាត់ទោស​លោក ឡាយ វណ្ណៈ ជាប់​ពន្ធនាគារ​ដូច​តុលាការ​ថ្នាក់ក្រោម

លោក ឡាយ វណ្ណៈ កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុកលោក ឡាយ វណ្ណៈ)

តុលាការកំពូល បានតម្កល់​សេចក្ដីសម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម ដោយ​ឱ្យ​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និងបងប្រុសរបស់លោក​ ជាប់ពន្ធនាគារ​ជាង១០ឆ្នាំពីបទ«មនុស្ស​ឃាត»

ការសម្រេចនេះ បន្ទាប់​ពី​តុលាការបានបើកសវនាការកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ លើ​​បណ្ដឹង​សារទុក្ខអតីត​អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ ក្នុង​សំណុំរឿង «ឃាតកម្ម​» លើ​អ្នក​នាង ចេវ សុវឌ្ឍនា ក្រោយពីសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រម​សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក និល ណុល បាន​ប្រកាសសា​ល​ដីកាកំបាំង​មុខ នៅថ្ងៃសុក្រ​នេះ ដោយ​តម្កល់សេ​ចក្ដីសម្រេចរបស់​សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ទុក​ជាបានការដដែល។ លោកបន្តថា ការ​សម្រេច​នេះ ដោយតុលាការ​យល់​ថា ការ​សម្រេចរបស់តុលាការថ្នាក់ក្រោម​ធ្វើឡើងត្រឹមត្រូវ។

អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធសំណុំរឿងឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា កាលពីឆ្នាំ២០១៨។ ក្រោយមក ចៅក្រ​ម​សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​ផ្ដន្ទាទោសលោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធ​ ​ជាប់ពន្ធនាគារ១០ឆ្នាំ ពីបទ«ឃាតកម្ម»។

ចំណែកបុរស​ឈ្មោះ ម៉ែន សាម៉ៃ ដែល​ជាអ្នក​បើក​បរ​រថយន្ត​ឱ្យ​លោក ឡាយ វណ្ណៈ និង​បុរស​ឈ្មោះ ជឹម វុធ ដែល​ជា​ប្ដីរបស់​ស្ត្រី​អ្នក​បម្រើ​នៅ​ផ្ទះ​របស់​អ្នកស្រី ចេវ សុវឌ្ឍនា ក៏​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ២​ឆ្នាំ​ផង​ដែរ ក្រោម​បទ​ចោទ​ថាបាន​លាក់​កំបាំង​តម្រុយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ