តុលាការកំពូល​សម្រេច​ឱ្យ​ចាងហ្វាង​កាសែតជាតិខែ្មរ​ម្នាក់​ជាប់​ពន្ធនាគារ​ជាង​១ឆ្នាំ​ដូច​តុលាការ​ថ្នាក់ក្រោម

សមត្ថកិច្ចឈរយាមប្រចាំការនៅមុខតុលាការកំពូល កាលពីពេលកន្លងទៅ។

តុលាការ​កំពូល បាន​សម្រេចសេចក្ដីដោយ​កំបាំងមុខ ដោយ​ឱ្យចាង​ហ្វាង​​កាសែត​​ជា​តិខែ្ម​រ​ម្នាក់ជាប់​ពន្ធនាគារ ១ឆ្នាំ​៨​ខែ ដូចតុលាការថ្នាក់ក្រោម​ដែរ ទោះបីជនជាប់ចោទរូបនេះធ្លាប់ស្នើសុំតុលាកា​រ​ជាន់ខ្ពស់មួយនេះ​កាត់តម្រឹមទោសរបស់ខ្លួនត្រឹមថ្ងៃប្រកាសសាលដីកានាថ្ងៃសុក្រនេះក៏ដោយ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ចាង​ហ្វាង​កាសែតជាតិ​ខែ្មរ​ លោក រស់ សុឃិត បានស្នើទៅក្រុមប្រឹក្សាតុលាការកំពូលដោះលែងខ្លួនឱ្យមានសេរីភាពវិញនៅថ្ងៃតុលាការ​ប្រកាស​ដីកា ដោយ​ថា គិត​ត្រឹមថ្ងៃទី​២៤ ​ខែ​ធ្នូ ឆ្នាំ២០២១ ទោសដែលខ្លួន​អនុវត្តក្នុងពន្ធនាគារនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ​នឹងគ្រប់តាមការកំណត់របស់​តុលាការ។

ប៉ុន្តែការស្នើនេះត្រូវបានប្រធានក្រុមជំនុំជម្រះនៃតុលាការកំពូល លោក និល ណុល នៅថ្ងៃសុក្រនេះ បានប្រកាសសាលដីកាដោយច្រានចោល ដោយបញ្ជាក់ថា ​សេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ជារឿងត្រឹមត្រូវ។

យ៉ាងណាក៏ដោយ ការប្រកាសសាលដីកានៅថ្ងៃសុក្រនេះមិនមានវត្តមាន​លោក រស់ សុឃិត និង​មេធាវីការពារក្ដីឱ្យលោកចូលរួមស្ដាប់នោះទេ។

វីអូឌី មិនអាចសុំការឆ្លើយតបពីលោក សំ សុគង់ មេធាវីការពារក្ដីឱ្យលោក រស់ សុឃិត បានទេ នៅថ្ងៃសុក្រនេះ។

អ្នកនាំពាក្យ​សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក លោក ​ស៊ឹង សែនករុណា មានប្រសាសន៍ថា ការសម្រេចសេចក្ដីយ៉ាងណានោះជាឆន្ទានុសិទ្ធិរបស់ចៅក្រម។ ប៉ុន្តែយ៉ាងណា លោកថា ចៅក្រមគួរគប្បីពិនិត្យមើល​និងពិចារណាលើហេតុផលនៃកា​រស្នើសុំដែលជនជាប់ចោទបាន​ដាក់ទៅតុលាការ។

លោក ករុណា ​កត់សម្គាល់ឃើញថា ចំពោះករណីសកម្មជន រួមទាំងអ្នកសារព័ត៌មាន​ ដែលបាន​ស្នើសុំឱ្យដោះលែង​នោះ តុលាការហាក់មិនសូវទទួលយកមកពិចារណានោះទេ។

លោកថា៖ «អ៊ីចឹងហើយបានជាយើងយល់ថា ​ក្នុងរឿងទាំងអស់នេះ​មិនទាន់មានការផ្ដល់នូវភាពយុត្តិធម៌ឬ​ការ​​ទាម​ទារ​​របស់​គាត់​ឱ្យបានត្រឹមត្រូវនិងអាចទទួលយកបាននៅឡើយទេ»។

លោក​​បន្តថា បើសិនជាអ្នកសារព័ត៌មាន​ធ្វើខុសហើយបានកែតម្រូវរួច​នោះ មិនគួរមានការចោទប្រកាន់លើពួកគាត់ ហើយ​ថា ការចោទប្រកាន់និងចាប់ខ្លួនអ្នកសារព័ត៌មាន​នេះជាកា​រ​គំរាម​​កំហែង​ដល់សិទ្ធិសេរីភាពបញ្ចេញមតិ​និង​​អ្នកសារព័ត៌មានផ្សេងទៀតផងដែរ។

លោក ស៊ឹង សែនករុណា បញ្ជាក់ថា៖ «បើសិនជាមានការចាត់វិធានការលើអ្នកកាសែតទាំងឡាយដែលមានការបញ្ចេញមតិផ្សេង​ៗតាមសំណេររបស់ខ្លួ​​ន ហើយមានការចាត់វិធានការបែបហ្នឹង យើងយល់ថា ចៀសមិនផុតទេអំពីការធ្វើឱ្យជះឥទ្ធិពលដល់អ្នកសារព័ត៌មានផ្សេងៗមានការភ័យខ្លាចនិងប្រុងប្រយ័ត្ន ​​​​ក្នុងសំណេរឬសរសេរអត្ថបទ​ទៅតាមមធ្យោបាយដែលខ្លួនអាចធ្វើទៅបាន ធ្វើឱ្យមានការរឹតត្បិតទៅលើការបញ្ចេញទស្សនៈឬព័ត៌មានដែលខ្លួនកំពុងធ្វើហ្នឹង និងធ្វើឱ្យមានការភ័យខ្លាចប្រយ័ត្នប្រយែងបន្ថែមទៀត»។

​​សាលា​ដំបូង​រាជធានីភ្នំពេញ បាន​ផ្ដន្ទា​ទោស​លោក រស់​ សុឃិត​ ដាក់​​ពន្ធនាគារ១​ឆ្នាំ៨​ខែ និងពិន័យ​ជាប្រាក់ចំនួន២លាន​រៀល ពាក់ព័ន្ធនឹងការបង្ហោះសារ​រិះគន់ប្រមុខរាជរដ្ឋាភិបាលនៅក្នុង​​បណ្ដាញសង្គម។

លោក រស់ សុឃិត ត្រូវបានចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២០ ដែលការចាប់​ខ្លួននេះបាន​ធ្វើឡើងមួយ​ថ្ងៃក្រោយពីអ្នកសារព័ត៌មានរូបនេះបាន​បង្ហោះសារ​ចំនួន២តាមទំព័រហ្វេស​ប៊ុក​របស់​​លោក ដែល​ក្នុងនោះមា​នសារមួយសរសេរថា ​«លោក ​ហ៊ុន សែន​ នឹង​បាត់បង់​អ្វីៗ​ទាំងអស់ ​បើ​នៅ​តែ​ចចេស​ចង់​លើក​បន្តុប​កូន​ខ្លួន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នោះ! ​យួន​មិន​គាំទ្រ ​ហ៊ុន ម៉ាណែត​ ឡើយ»។

ទោះជាយ៉ាងនេះក្ដី មន្ត្រី​ការិយាល័យឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ស្នងការដ្ឋាននគរ​បាល​រាជធានីភ្នំពេញ បានផ្ដល់សក្ខីកម្មថា ពួកគេបានឃ្លាំមើលការបង្ហោះរបស់លោក រស់ សុឃិត តាំងពីខែឧសភា ហើយបានចាត់ទុកការផុសសារ​ទាំងនោះថាជាការញុះញង់ឱ្យមាន​ភាពវឹកវរនៅក្នុងសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ