​សហជីព​៖ ​ការ​មិន​ព្រម​ដោះ​ស្រាយ​វិវាទ​បុគ្គលិក​ណា​ហ្គា​វើលដ៍​បង្ហាញ​ថា​អាជ្ញាធរ​លម្អៀង​ទៅ​ក្រុមហ៊ុន

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ធ្វើការតវ៉ាទាមទារដំណោះស្រាយការងារ នៅពីមុខទីតាំងកាស៊ីណូ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

សហជីពមួយចំនួនលើកឡើងថា ការធ្វើកូដកម្មដោយសន្តិវិធីរបស់បុគ្គលិកក្រុម​ហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World)ជាង១ពាន់នាក់ បានប្រព្រឹត្តទៅជិត១០ថ្ងៃមកហើយ ខណៈពួកគេថាប្រសិនបើអាជ្ញាធរនៅតែមិនព្រមដោះស្រាយវិវាទការងារមួយនេះទៀត ​ បង្ហាញពីភាពលម្អៀងទៅភាគីក្រុមហ៊ុន និង​ធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។

ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ជាង១ ០០០នាក់ បន្តនាំគ្នា​ធ្វើ​កូដកម្មនៅមុខក្រុមហ៊ុន​រយៈ​ពេល៩ថ្ងៃ​ជាប់ៗ​គ្នា​ គិតមកដល់ថ្ងៃ​ទី​២៦ ​ខែ​ធ្នូ​​នេះ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន​៩ចំណុច។ លក្ខខណ្ឌទាំងនោះ រួម​មានទាម​ទារ​​ឱ្យ​ក្រុម​ហ៊ុន​ទទួល​យក​ថ្នាក់ដឹកនាំ​សហជីព សមាជិក​ប្រតិភូបុគ្គលិក និង​កម្មករ​និយោជិត​ចំនួន៣៦៥នាក់​ដែលមិន​ព្រមទទួល​យក​សំណង​​បញ្ចប់​កិច្ចសន្យា​ការងារ ចូល​បម្រើ​ការងារ​ឡើងវិញ។​

លើសពីនេះ ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន ​គិត​​ប្រាក់​​ដំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​បង្គ្រប់​​បន្ថែម​ឱ្យបាន​ត្រឹមត្រូវ ​សម្រាប់​កម្មករ​និយោ​ជិត​​ដែល​​ត្រូវ​បាន​កាត់​ចេញតាម​គម្រោង​​កាត់​បន្ថយ​បុគ្គលិក និង​ទាមទារ​ឱ្យក្រុមហ៊ុន​អនុវត្ត​សេចក្ដីបង្គាប់​របស់​​ក្រុម​​ប្រឹក្សា​អាជ្ញាកណ្ដាល​កាលពីថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចទី៣ ដោយ​គិត​ប្រាក់​បញ្ចប់កិច្ចសន្យា​ការងារ​បង្គ្រប់​បន្ថែម​ឱ្យបាន​ត្រឹមត្រូវ។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា ចាប់ពីថ្ងៃបុគ្គលិក​ក្រុម​ហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនគោរពលក្ខខណ្ឌការងារ រហូតមកដល់ថ្ងៃនេះ មានរយៈពេលជិត១០ថ្ងៃមកហើយ ប៉ុន្តែក្រុមហ៊ុន ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត មិនទាន់ឃើញចេញមកដោះស្រាយជូនកម្មករនៅឡើយ ។

លោកស្រីបន្តថា៖ «នៅពេលកម្មករងើបឈមកទាមទារគាត់ចង់បានដំណោះស្រាយ ប៉ុន្តែទង្វើប្រតិកម្មត្រឡប់មកវិញ វាហាក់ដូចជាការធ្វើទុកបុកម្នេញទៅលើគាត់ ប្រើរូបភាពសព្វបែបយ៉ាងទៅលើកម្មករ ពាក់ព័ន្ធការមិនឱ្យប្រមូលផ្តុំ មិនផ្តល់បន្ទប់ទឹកឱ្យគាត់ បន្ទាប់មកអូសបន្លាយពេលហូរហែរ និយាយរួមមិនដោះស្រាយជូនពួកគាត់ទេ»។

ករណីនេះ លោកស្រីថា បើក្រសួងការងារនិងស្ថាប័នពាក់ព័ន្ធមិនពន្លឿនដោះស្រាយបញ្ហាជូនកម្មករទេ នឹងធ្វើឱ្យបញ្ហាប្រឈមនានាកើតមានឡើងជាបន្តបន្ទាប់  មិនត្រឹមតែប៉ុណ្ណោះមជ្ឈដ្ឋានជាតិនិងអន្តរជាតិរិះគន់ថា អាជ្ញាធរនិងក្រសួងការងារលម្អៀងទៅភាគីក្រុមហ៊ុនជាដើម ។

លោកស្រីមានប្រសាសន៍ថា៖ «បើសិនជាអាជ្ញាធរនៅតែមិនដោះស្រាយជូនកម្មករទេ  មនុស្សជារួមគិតថា រដ្ឋ និងក្រសួងការងារមិនព្យាយាមដោះស្រាយបញ្ហាជូនកម្មករ ហើយគេមើលឃើញកាន់តែច្បាស់ថា អាជ្ញាធររបស់រដ្ឋមិនបានការពារសិទ្ធិទៅដល់អ្នកទន់ខ្សោយ ជួយតែអ្នកមានដូចជាថៅកែ អ្នកមានលុយ មានអំណាច»។

ប្រធានសហព័ន្ធសហជីពជាតិ លោក ហ្វា សាលី មានប្រសាសន៍ថា ក្រសួងការងារនិងស្ថាប័នពាក់ព័ន្ធត្រូវដោះស្រាយបញ្ហានេះជូនបុគ្គលិកក្រុមហ៊ុន​ណាហ្គាវើលដ៍ ដើម្បីកុំឱ្យពួកគេបន្តធ្វើកូដកម្មបែបនេះជារៀងរាល់ថ្ងៃ អាចធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំអំពាវនាវស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើយ៉ាងណាឱ្យពួកគាត់បានចូលធ្វើការងារវិញ ឬក៏[ឱ្យក្រុមហ៊ុនលំដាប់សេដ្ឋីមួយនេះ]ផ្តល់សំណងណាមួយសមរម្យបំផុតដល់កម្មករ  កុំឱ្យរឿងតិចតួចទៅដល់នាយករដ្ឋមន្ត្រី វាជារឿងដែលពួកយើងមិនអាចទទួលយកបានទេ។ អញ្ចឹងថ្ងៃក្រោយអាចប៉ះពាល់ដល់ថ្នាក់ដឹកនាំកំពូលៗក៏ថាបាន»។

តំណាងកម្មករនៅក្រុម​ហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) អ្នកនាង រី សុវណ្ឌី ប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះថា ពួកគាត់ជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ជាង១ ០០០នាក់ បន្តនាំគ្នា​ធ្វើ​កូដកម្មនៅមុខក្រុមហ៊ុន​រយៈ​ពេល៩ថ្ងៃ​ជាប់ៗ​គ្នា​ គិតមកដល់ថ្ងៃ​ទី​២៦ ​ខែ​ធ្នូ​​នេះ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន​៩ចំណុច ប៉ុន្តែភាគីក្រុមហ៊ុន និងក្រសួង ឬអាជ្ញាធរពាក់ព័ន្ធមិនចេញមករកដំណោះស្រាយជូនពួកគាត់នោះទេ ។

បុគ្គលិកក្រុម​ហ៊ុនកាស៊ីណូមួយនេះ ព្រមានថា បើក្រុមហ៊ុន និងស្ថាប័នរដ្ឋមិនព្រមជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនពួកគេទេ នោះពួកគាត់នឹងបន្តនាំគ្នាធ្វើកូដកម្មរហូតមានដំណោះស្រាយ ។

អ្នកនាងព្រមានដូចនេះថា៖ «ខាងក្រុមហ៊ុនគេធ្វើមិនដឹង ធ្វើមិនឮ គេមិនព្រមចេញមកដោះស្រាយអ្វីទាំងអស់ អញ្ចឹងយើងមានតែប្រើសិទ្ធិរកយុត្តិធម៌ដោយខ្លួនឯង ទោះបីជាប៉ុន្មានថ្ងៃក៏ដោយគោលបំណងរបស់កម្មករទាំងអស់ នៅតែធ្វើកូដរហូតមានដំណោះស្រាយ»។

វីអូឌី មិនអាចសុំការបំភ្លឺពីប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិរបស់ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) អ្នកនាង ឌី សីហា បានទេ  ខណៈអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក៏មិនអាចសុំការបំភ្លឺបានដែរជុំវិញបញ្ហានេះ នៅថ្ងៃទី២៦ខែធ្នូ។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោក ហេង សួរ ធ្លាប់ លើកឡើងលើទំព័រហ្វេសប៊ុករបស់លោកថា នៅក្នុងលោកនេះមិនមានច្បាប់ ឬអនុសញ្ញាណាមួយ ដែលចែងថា ធ្វើការនៅកន្លែងណាមួយ គឺត្រូវធ្វើមួយជីវិតនោះទេ ឬហាមក្រុមហ៊ុន សហគ្រាសមិនឲ្យកាត់បន្ថយបុគ្គលិកនោះដែរ។ លោកបន្តថា សិទ្ធិទទួលបានការងារក៏ត្រូវអនុវត្តស្របជាមួយនឹងស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន។

គួររំឭកថា ​​វិវាទ​ការងារ​នៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍មានរយៈ​ពេល៨ខែមក​ហើយ​​ នៅតែមិន​ទាន់​​មានដំណោះស្រាយចប់ ក្រោយ​​​ពី​ក្រុមហ៊ុន​នេះបាន​ប្រកាសបញ្ឈប់​បុគ្គលិកចំនួន១ ៣២៩​​នាក់ ក្នុង​ចំណោម​បុគ្គលិក​សរុប​ជាង​​៨ ០០០​នាក់ ក្រោម​ហេតុផលថា ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុដោយ​សារ​តែ​វិបត្តិ​ជំងឺ​កូវីដ-១៩​។​ 

កាលពីដើម​ខែធ្នូនេះ អង្គការ សមាគម និង​សហជីព​ចំនួន​២៥ បាន​ចេញសេចក្ដីថ្លែងការណ៍​មួយ​សម្ដែង​​ការ​​ខក​​ចិត្ត​​ចំពោះការ​បញ្ឈប់​បុគ្គលិក​កាស៊ីណូ​ណាហ្គាវើលដ៍​នេះ។ សេចក្ដីថ្លែង​ការណ៍នោះ ​បាន​ចាត់​ទុក​ថា ក្រុមហ៊ុន​មាន​ចេតនា​រំលាយរចនា​សម្ព័ន្ធ​​ថ្នាក់​ដឹក​នាំ​សហជីព ដោយ​ថា ​ការ​ធ្វើ​បែបនេះ​មិន​សម​ហេតុ​ផល និង​មិន​អាច​ទទួល​យក​បានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ