ស្ថាបនិក​គណបក្ស​បេះដូងជាតិ​កំពុង​ពិចារណា​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​បក្សផ្សេង ក្រោយ​តុលាការ​កំពូល​បិទ​ផ្លូវ​តវ៉ា

ស្ត្រីម្នាក់ដើរកាន់អីវ៉ាន់កាត់មុខតុលាការកំពូល រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ពៅ មេត្តា)

ស្ថាបនិកគណបក្សបេះដូងជាតិបានអះអាងថា បើទោះបីជា​មកដល់ពេលនេះ តុលាការកំពូលបានបិទផ្លូវនយោបាយរបស់គណបក្សមួយនេះក៏ដោយចុះ ប៉ុន្តែក្នុងនាមជាអ្នកនយោបាយនឹងពិចារណាបន្តចូលរួមក្នុងសកម្មភាពនយោបាយជាថ្មីទៀត។

ប្រធានគណបក្សបេះដូងជាតិ លោក សៀម ប្លុក មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា ទោះបីជាតុលាការកំពូលបិទផ្លូវតវ៉ាចំពោះសំណើសើរើការបង្កើតគណបក្សមួយនេះក៏ដោយ ប៉ុន្តែលោកនឹងចូលរួមសកម្មភាពនយោបាយបន្តទៀត គ្រាន់តែលោកនៅមិនទាន់ប្រាកដនៅឡើយទេ ថាតើនឹងបង្កើតគណបក្សមួយថ្មីទៀត ឬត្រូវចូលរួមជាមួយគណបក្សផ្សេងវិញ។

​ជាមួយគ្នានេះ លោក សៀម ភ្លុក ដែលជាប្រធានគណបក្សបេះដូងជាតិថា ស្រប​ពេលដែលតុលាការកំពូលបានដំណើរការក្ដីលើគណបក្សដែលទើបមានអាយុ​​កាលថ្មោងថ្មី​​មួយ​​នេះ ចំ​ណែកសមាជិកនៅតាមបណ្ដាខេត្តក្រុងមួយចំនួនត្រូវជាប់បណ្ដឹងនៅតុលាការជា​​បន្ត​​បន្ទាប់​​​​។ ​​​លោ​ក​​បន្តថា បើតាមតួលេខបឋម គិតមកដល់ពេលនេះ មានសមាជិកប្រមាណ១២​​នាក់​​ហើយ ក្នុង​​ខេត្ត​​ក្រុងចំនួន៤ ត្រូវបានតុលាការចោទប្រកាន់។

ប្រធានគណបក្សរូបនេះបន្តថា បទចោទជារួមផ្ដោតសំខាន់ «រឿងស្នាមមេដៃ» ដែលក្រសួងមហាផ្ទៃ​​ហៅ​ថា «ជាការលួចក្លែងបន្លំ»។ បើទោះជាយ៉ាងណា សម្រាប់លោក សៀម ភ្លុក នៅតែយល់ឃើញថា នីតិវិធីដែលក្រសួងមហាផ្ទៃបានអនុវត្តមកលើគណបក្សបេះដូងជាតិនេះ ​មានចេតនា​រារាំងនិងអង្អាក់សកម្មភាពនយោបាយរបស់លោក ជាជាងអនុវត្តដោយផ្អែកទៅលើបទល្មើស។

លោកបន្តថា៖ «គិតមកដល់ពេលនេះ សមាជិករបស់ខ្ញុំដែលផ្ដិមស្នាមមេដៃគាំទ្របង្កើតគណបក្ស ត្រូវ​​​​ជាប់​​បណ្ដឹងមួយចំនួននៅតាមខេត្តដូចជា កំពង់ចាម ព្រៃវែង កំពង់ឆ្នាំង និងសៀមរាប។​​ ពួកគេ​ទាំង​​នោះកំពុងរងបណ្ដឹងនៅតុលាការតាមខេត្ត កំពុងតែកោះហៅឱ្យមក​​បំភ្លឺក្នុងសំណុំរឿង​​​ក្លែង​​ស្នាម​​​មេ​ដៃ» ។

ចំណែកមេធាវីក្រសួងមហាផ្ទៃ លោក ហាក់ សៀកលី ឱ្យដឹងថា ថ្មីៗនេះ តុលាការកំពូលបាន​​សម្រេច​​សេចក្ដីតែទៅលើបណ្ដឹងតវ៉ារឿងដែលគណបក្សបេះដូង​​ជាតិ ជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់​​ក្រសួងមហាផ្ទៃ ដែលមិនចុះបញ្ជីឱ្យគណបក្សថ្មីថ្មោងនោះទៅជាគណបក្ស​​ស្របច្បាប់​​ប៉ុណ្ណោះ​។ ​ចំ​ណែកសកម្មជនគណបក្សនយោបាយនៅតាមមូលដ្ឋានដែល​​រងបណ្ដឹងតាមផ្លូវតុលាការ នោះ​​វា​​ជារឿងដាច់ឡែកមួយផ្សេងទៀត។ លោកបន្ថែមថា ហើយ​​សំណុំរឿងទាំងពីរនេះមិនរាប់បញ្ចូល​​គ្នា​​ថាជាករណីតែមួយបានឡើយ។

លោកបន្តថា៖ «ពាក់ព័ន្ធបណ្ដឹងដទៃទៀតដែលនៅតាមខេត្ត បើតាមខ្ញុំយល់ អាហ្នឹងវាអង្គហេតុទាក់ទិននឹងព្រហ្មទណ្ឌ។ មានអ្នកខ្លះក្លែងឋានៈបុគ្គលគេ និងផ្ដិតស្នាមមេដៃខ្លួនគេ អ៊ីចឹងទៅដែល​​គេអត់​​បានដឹង។ រឿងនេះប្រហែលជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញាតាមខេត្តគាត់អ្នកប្ដឹងចោទប្រកាន់ដើម្បីស្វែងរកការពិត»។

ច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា៣៨ថ្មី កថាខណ្ឌទី៦ បានបើកផ្លូវឱ្យក្រសួងមហាផ្ទៃ អាច​​មានសិទ្ធិប្ដឹងទៅតុលាការកំពូល ដែលជាការបិទផ្លូវតវ៉ា ដើម្បីរំលាយគណបក្សណាមួយ ក្នុង​​ករណី​​មាន​កំហុសធ្ងន់ធ្ងរ។

បើផ្អែកលើច្បាប់ស្ដីពីគណបក្សនយោបាយនេះដដែល មាត្រា២៥វិញ​ បានបើកផ្លូវឱ្យ​​សាម៉ី​​គណ​​បក្សដែលត្រូវបានក្រសួងមហាផ្ទៃជំទាស់ អាចមានសិទ្ធិប្ដឹងប្រឆាំងនឹងសេចក្ដីសម្រេចនេះ​ទៅ​​ក្រុម​​​​​ប្រឹក្សា​​​ធម្ម​​នុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវសម្រេចយ៉ាងយូរ ៣០ថ្ងៃ បន្ទាប់ពីថ្ងៃ​​បាន​​ទទួល​​ពាក្យ​​បណ្ដឹង របស់សាម៉ីគណបក្សនយោបាយនោះ។

លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការ ខុមហ្វ្រែល (Comfrel) បដិសេធអត្ថាធិប្បាយចំពោះការសម្រេចរបស់តុលាការកំពូល​​ក្នុងរឿងក្ដីមួយនេះ​​។ ​​​លោ​​កបន្ត​ថា បើគេពិនិត្យទៅ បញ្ហាស្មុគស្មាញអាចនៅត្រង់ខ្លឹមសារនៃច្បាប់ស្ដីពីគណបក្សនយោបាយ​ច្រើន​ជាង។

បើតាមលោក កន សាវាង្ស ព្រោះខ្លឹមសារនៃច្បាប់នេះហាក់កំណត់និយមន័យមិន​​បាន​​ច្បាស់​​លា​ស់ និងទំនងមានភាពចង្អៀតក្នុងដំណើរការស៊ើបអង្កេតក្ដី ដែលវាអាចហុច​​ផលឱ្យទៅ​​ភាគី​​ណា​​មួយ ដែលមានប្រៀបជាង។ លោកបន្ថែមថា ភាពមិនប្រាកដប្រជារាប់ចាប់តាំងពីការ​កំណត់​​បិទ​​ផ្លូវ​​តវ៉ា ត្រឹមតុលាការកំពូល និងវិធីដើម្បីស្វែងរកភស្តុតាងដោះបន្ទុកនិងដាក់បន្ទុកជាដើម វាជាហេតុ​​ផល​​នាំឱ្យភាគីក្នុង​​រឿង​​ក្ដីនីមួយៗកើតការមិនសុខចិត្ត។

លោកបន្តថា៖ «សម្រាប់ខ្ញុំមើលឃើញនីតិវិធីច្បាប់ដែលបានធ្វើវិសោធនកម្មហ្នឹងហាក់ដូចជាមិនបានធ្វើឱ្យដំណើរការនៃការកាត់ក្ដីហ្នឹងសុខព្រមទាំងអស់គ្នាទេ វាមិនបានឱ្យអស់ចិត្តទេ។ ទាំងនេះជាចំណុចមួយដែលយើងឃើញមានការខ្វះខាត។ តែខ្ញុំមិនវិនិច្ឆយទៅលើកាត់សេចក្ដីរបស់តុលាការទេ»។

វីអូឌី មិនអាចសុំការបំភ្លឺបាននៅឡើយទេទាក់ទិនទៅនឹងកង្វល់អំពីខ្លឹមសារ​​នៃច្បាប់ស្ដីពីគណបក្ស​​នយោបាយនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ។

យ៉ាងនេះក្ដី កាលពីថ្ងៃទី២៤ ខែធ្នូ ចៅក្រមជំនុំជម្រះនៃតុលាការកំពូល លោក គង់ ស្រ៊ីម បាន​​សម្រេច​​ឱ្យក្រសួងមហាផ្ទៃជាអ្នកឈ្នះក្ដីលើគណបក្សបេះដូងជាតិ។ ការប្រើសវនាការប្រមាណ៤ម៉ោង តុលាការកំពូលចាត់ទុកបណ្ដឹងតវ៉ារបស់ស្ថាបនិក​គណបក្សបេះដូងជាតិ ជាការ​​អសារ​​បង់​។

លោក សំ សុគង់ មេធាវីការពារក្ដីឱ្យគណបក្សបេះដូងជាតិ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បា​ន​ដាក់បណ្ដឹង ដោយស្នើសុំឱ្យតុលាការកំពូលទម្លាក់ចោលការចោទប្រកាន់​​របស់ក្រ​​សួង​​ម​​ហា​​ផ្ទៃ​​។

គណបក្សបេះដូងជាតិ ដែលគេសង្ស័យថា លោក សម រង្ស៊ី ស្ថិតនៅ​​ពីក្រោយ​​នៃការ​បង្កើត​​គណ​​បក្សថ្មីថ្មោងនេះ ត្រូវបានក្រសួងមហាផ្ទៃចោទប្រកាន់ថា «ក្លែងស្នាមមេដៃ និងមានចេតនាទុច្ចរិត»។ បើទោះជាបែបណា ស្ថាបនិកគណបក្សបេះដូងជាតិ បានបដិសេធជាញឹកញយថា ខ្លួនមិន​​បាន​​ប្រ​​ព្រឹត្ត​ដូចការចោទប្រកាន់របស់ក្រសួងមហាផ្ទៃឡើយ។

ផ្ទុយទៅវិញ លោក សៀម ភ្លុក លើក​​ឡើង​​ថា ដោយសារនេះវាជារឿងនយោបាយ ហេតុនេះគេរកវិធីគ្រប់ល្បិចកលធ្វើយ៉ាងណាកុំឱ្យ​​គណ​​បក្សបេះដូងជាតិ​​​អាច​លេចចេញជារូបរាងឡើង ដើម្បីឈានទៅរកការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ