សហចៅក្រម​ស៊ើបអង្កេត​បង្គាប់​ឱ្យ​បញ្ចូល​សំណុំ​រឿង​របស់​លោក យឹម ទិត្យ ទៅ​ក្នុង​បណ្ណសារដ្ឋាន

លោក យឹម ទិត្យ មន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងសម័យខ្មែរក្រហម។ (ECCC)

សហចៅក្រមស៊ើបអង្កេតជាតិនិងអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម បានចេញដីកាបង្គាប់រួមគ្នាឱ្យបញ្ចូលសំណុំរឿង០០៤ របស់លោក យឹម ទិត្យ ទៅក្នុងបណ្ណសារដ្ឋាន បន្ទាប់ពីអង្គជំនុំជម្រះតុលាការកំពូលបានចេញសេចក្ដីសម្រេចបិទបញ្ចប់សំណុំរឿងនេះ ដោយសារតែគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះដែលអាចអនុវត្តបាន។

យោងតាមដីកាសម្រេចចេញផ្សាយនៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សហចៅក្រមស៊ើបអង្កេតបានលើកឡើងថា នៅថ្ងៃទី២៨ ខែធ្នូ អង្គជំនុំជម្រះតុលាការកំពូលបានប្រកាសថា សំណុំរឿងប្រឆាំងនឹងលោក យឹម ទិត្យ ត្រូវបានបញ្ចប់។ ក៏ប៉ុន្តែអង្គជំនុំជម្រះតុលាការកំពូលមិនទាន់បានបញ្ជាក់ជាផ្លូវការដោយខ្លួនឯងឱ្យបោះត្រា និងតម្កល់សំណុំរឿងនេះក្នុងបណ្ណសារដ្ឋាននៅឡើយទេ។ ដូច្នេះ សហចៅក្រមស៊ើបអង្កេតបានចេញដីកានៅថ្ងៃនេះ ដោយបង្គាប់ឱ្យយកសំណុំរឿង០០៤នេះទៅបោះត្រា និងដាក់បញ្ចូលក្នុងបណ្ណសារដ្ឋានតែម្តង។

កាលពីថ្ងៃទី២៨ ខែធ្នូ ម្សិលមិញនេះ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិក្នុងការបញ្ជូនសំណុំរឿង០០៤ ដែលមានជនជាប់ចោទ លោក យឹម ទិត្យ ទៅជំនុំជម្រះ ក្រោមមូលហេតុគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះដែលអាចអនុវត្តបាន។

លោក យឹម ទិត្យ កើតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៣៦ នៅស្រុកត្រាំកក់ ខេត្តតាកែវ (អតីតតំបន់១៣ នៃភូមិភាគនិរតី) ត្រូវបានគេស្គាល់ថា ជាសមាជិកស្រុក​គិរីវង់ ជាលេខា​និង​អនុលេខាស្រុក​គិរីវង់ និងជាសមាជិក​គណៈ​កម្មាធិការ​តំបន់​១៣ នៃរបបខ្មែរក្រហមផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ