លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធកម្ទេចចោលចំពោះអ្នកទាំងឡាយណាដែលលោកថាបានធ្វើឱ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី នាថ្ងៃពុធទី២៩ ខែធ្នូនេះ លោក ហ៊ុន សែន ថ្លែងថា នៅកម្ពុជាមិនបណ្ដោយឱ្យក្រុមណាមួយមកបង្កើតបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលជាដាច់ខាត។ លើសពីនេះ នរណាក៏ដោយដែលលោកថាបានធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញកម្ពុជានោះ កងកម្លាំងប្រដាប់អាវុធត្រូវតែកម្ទេចចោលទាំងអស់។
លោកថា៖ «អ្នកឯងមិនចង់ឱ្យខ្ញុំបញ្ជាទ័ព អ្នកឯងចង់ដកសិទ្ធិខ្ញុំដែរយ៉ាងម៉េច! ដែលនិយាយអំពីនាយករដ្ឋមន្ត្រីពាក់ខោអាវទាហាន បញ្ជាទាហាន! ខ្ញុំធ្វើតាមក្របខណ្ឌរដ្ឋធម្មនុញ្ញ អ្នកណាក៏ដោយដែលប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ កម្លាំងប្រដាប់អាវុធត្រូវតែកម្ទេចចោល។ ឧទាហរណ៍ រដ្ឋប្រហារចេញ មិនថាមកពីកន្លែងណាទេ ត្រូវធ្វើសកម្មភាពភ្លាម បំផ្លាញចោល អត់មានឱ្យអ្នកឯងមកបង្កើតបដិវត្តន៍ពណ៌។ ចំណុចស្នូលនៃមេបដិវត្តន៍ពណ៌ ត្រូវក្ដាប់វា ប៉ុន្តែកុំក្ដាប់វាច្រើនពេក ក្ដាប់ចំណុចស្នូលរបស់វានៅកន្លែងណា ចំណុចស្នូលរបស់វា គឺធ្វើអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។ ចំណុចស្នូលពួកអាមេ អាមេចោរ គេហៅថា អាដើរផ្ដួលរំលំគេ។ សម័យមុនជាសម័យលើកទ័ពចូលឈ្លានពាន ប៉ុន្តែសម័យចុងក្រោយនេះ គឺសម័យបដិវត្តន៍ពណ៌»។
លោកនាយកមន្ត្រីបន្តថា បើចង់លុបបំបាត់ឬយកឈ្នះបដិវត្តន៍ពណ៌ និងការពារប្រទេសជាតិ ការពាររដ្ឋធម្មនុញ្ញនោះ រដ្ឋាភិបាលត្រូវគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ និងគ្រប់គ្រងរដ្ឋបាលស៊ីវិលឱ្យជាប់នៅក្នុងដៃ។
លោក ហ៊ុន សែន៖ «សូមកុំមកបំពានលើក្រសួងការពារជាតិ កុំទៅបំពានលើស្ថាប័នរបស់រដ្ឋ កុំចូលសាលាខេត្តតែពាស កុំចូលទីស្ដីការគណៈរដ្ឋមន្ត្រី កុំលុកលុយចូលសភា មិនមែនរឿងគ្រាប់កៅស៊ូ អាហ្នឹងត្រូវសមាមាត្រ ប៉ុន្តែតែលេងប្រដាប់អាវុធដុំថ្មអីចូលហើយ អាហ្នឹងគេត្រូវការពារខ្លួនហើយ។ អ៊ីចឹង ខ្ញុំសូមប្រាប់គន្លឹះមេបដិវត្តន៍អព្យាក្រឹត្យកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។ ឯគន្លឹះនៃអ្នកការពារប្រទេស ការពាររដ្ឋធម្មនុញ្ញ គឺត្រូវក្ដាប់ឱ្យជាប់កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។ ឥលូវអ្នកឯងធ្វើអីខ្ញុំ ខ្ញុំប្រកាសថ្ងៃហ្នឹង ឱ្យច្បាស់ឱ្យហើយ»។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ការការពាររដ្ឋធម្មនុញ្ញជារឿងត្រឹមត្រូវ ប៉ុន្តែមិនចាំបាច់រហូតដល់ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធនោះឡើយ។
លោកបន្តថា បើសិនជារដ្ឋាភិបាលចង់ការពាររដ្ឋធម្មនុញ្ញប្រាកដមែន គួរតែពង្រឹងការអនុវត្តច្បាប់ ជាពិសេសប្រព័ន្ធយុត្តិធម៌ ដោយថា ស្ថានភាពកម្ពុជាបច្ចុប្បន្នមិនចាំបាច់ប្រើកម្លាំងទ័ពនោះទេ ហើយលោកថា មានតែក្រុមមនុស្សមានអំណាចប៉ុណ្ណោះដែលអាចរំលោភរដ្ឋធម្មនុញ្ញបាន។
លោកថា៖ «ប៉ុន្តែអ្នកដែលរំលោភរដ្ឋធម្មនុញ្ញ គឺអ្នកមានអំណាច។ អ្នកដែលគ្មានអំណាច មិនអាចទៅរំលោភច្បាប់ទេ រំលោភសិទ្ធិមនុស្សក៏ដូចគ្នាដែរ អ្នកដែលអត់អំណាច មិនអាចទៅរំលោភសិទ្ធិមនុស្សទេ។ ដូច្នេះ គឺរដ្ឋាភិបាលខ្លួនឯងត្រូវតែពិនិត្យឡើងវិញ នូវអ្វីដែលបានធ្វើនិងកំពុងធ្វើហ្នឹងប៉ះពាល់រដ្ឋធម្មនុញ្ញ។ ចំពោះអ្នកក្រៅ អ្នកដែលគ្មានអំណាចនៅក្នុងជួររដ្ឋាភិបាល ហាក់ដូចជាគ្មានលទ្ធភាពរំលោភដល់រដ្ឋធម្មនុញ្ញទេ។ បច្ចុប្បន្ន គណបក្សកាន់អំណាចលោកមានលទ្ធភាពគ្រប់គ្រាន់កែរដ្ឋធម្មនុញ្ញ ព្រោះកៅអីនៅក្នុងសភាមាននៅក្នុងដៃលោកទាំងអស់។ ដូច្នេះ អ្នកដែលមានចេតនាចង់ទៅរំលោភរដ្ឋធម្មនុញ្ញដូចជាគ្មានទេ»។
ចាប់តាំងពីមានការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកាលពីខែកញ្ញា ឆ្នាំ១៩៩៣មក រដ្ឋាភិបាលនិងរដ្ឋសភាបានធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញចំនួន៩លើករួចមកហើយ គិតត្រឹមឆ្នាំ២០២១នេះ។
នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញជាច្បាប់កំពូល និងជាឯកសារគ្រឹះសម្រាប់ចង្អុលបង្ហាញដំណើរការនៃការដឹកនាំនិងគ្រប់គ្រងប្រទេសជាតិ។ លោកបន្តថា ច្បាប់កំពូលមួយនេះមិនអាចអ្នកណារំលោភបានទេ ជាពិសេសនៅសង្គមប្រជាធិបតេយ្យ គ្មានបុគ្គលណាម្នាក់នៅពីលើច្បាប់ឡើយ។
លោកថា៖ «ប៉ុន្តែរឿងប្រើពាក្យកម្ទេច ដូចជាគ្រោតគ្រាតបន្តិច។ បើសិនជាអ្នកណាធ្វើខុសច្បាប់ យើងមានច្បាប់ក្នុងដាក់ទោសទណ្ឌកម្រិតណាមួយចំពោះធ្ងន់ទោសនៃការព្រឹត្តហ្នឹង។ ទី២ រដ្ឋធម្មនុញ្ញកែប្រែទៅបានលុះត្រាតែសភាគ្រប់ចម្រុះកូរ៉ុមទៅ។ បើសិនជាត្រូវការកែដោយសារតែស្ថានភាពមានការផ្លាស់ប្ដូរជាពិសេស បើសិនជាសង្គមយើងមានករណីចាំបាច់ តម្រូវការដែលថាចាំបាច់សម្រាប់ដំណើរការនៃការគ្រប់គ្រងដឹកនាំ ហើយការកែប្រែមាត្រាណាមួយក្នុងរដ្ឋធម្មនុញ្ញ ឆ្លុះបញ្ចាំឆន្ទៈពិតប្រាកដរបស់ប្រជារាស្ត្រដែលជាម្ចាស់ឆ្នោត អាហ្នឹងមិនជាការយល់ទាស់អីទេ»។
យោងទៅតាមច្បាប់ស្ដីពីសហលក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទឆ្នាំ១៩៩៥ មាត្រា១ បានចែងថា កងយោធពលខេមរភូមិន្ទមានភារកិច្ចបម្រើប្រទេសជាតិ។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺត្រូវរៀបចំកម្លាំងដើម្បីការពារ កសាងមាតុភូមិ និងដើម្បីបម្រើផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។
ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទនឹងអាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជាជំនួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកឬមានអាសន្នមហន្តរាយជាដើម។
យោធិនត្រូវគោរពវិន័យយ៉ាងម៉ឺងម៉ាត់ ភក្ដីភាព និងក្លាហាន ហ៊ានធ្វើពលិកម្មនៅគ្រប់កាលៈទេសៈទាំងអស់ចំពោះជាតិមាតុភូមិ។ យោធិនត្រូវបំពេញករណីកិច្ចជាចាំបាច់ ដើម្បីស័ក្ដិសមទៅនឹងការគោរពស្រឡាញ់ពីសំណាក់ប្រជាពលរដ្ឋ។
ចំណែកមាត្រា៩នៃច្បាប់ដដែល ចែងថា យោធិនមានសិទ្ធិសេរីភាពដូចពលរដ្ឋដទៃទៀតដែរ ក៏ប៉ុន្តែការប្រើប្រាស់សិទ្ធិនិងសេរីភាពខ្លះត្រូវបានកម្រិតតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់នេះ។ លើសពីនេះ យោធិនត្រូវមានអព្យាក្រឹត្យភាពក្នុងមុខនាទី ក្នុងសកម្មភាពការងារ និងហាមឃាត់ចំពោះការប្រើប្រាស់មុខងារ និងប្រើប្រាស់សម្ភាររដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយ។
ដោយឡែក មាត្រា១៧ក៏បានចែងដែរថា យោធិនត្រូវគោរពនិងអនុវត្តរាល់បញ្ជាដោយមានស្មារតីទទួលខុសត្រូវ។ បទបញ្ជាណាដែលមានភាពច្បាស់ក្រឡែត ផ្ទុយពីច្បាប់ ឬផ្ទុយពីអនុសញ្ញាអន្តរជាតិ ត្រូវបានហាមឃាត់។ ក្នុងករណីនេះ អ្នកបញ្ជាក្ដី អ្នកអនុវត្តក្ដី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕