តុលាការខេត្តកំពតកោះហៅអ្នកសារព័ត៌មានម្នាក់ឱ្យឆ្លើយបំភ្លឺក្រោមបទញុះញង់និងប្រមាថ

ចាងហ្វាង​កាសែត LSN លោក លួស សេង មកចូលឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តកំពត ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។ (LSN)

តុលាការខេត្តកំពត បានកោះហៅ​​ជាលើកទី២ ឱ្យ​អ្នកសារព័ត៌មានម្នាក់នៅខេត្តស្វាយរៀងចូលទៅឆ្លើយបំភ្លឺ​នៅខែក្រោយ ក្រោមបទចោទ «ញុះញង់ និងប្រមាថ»។

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត លោក អាំង សុភា បានបង្គាប់​ឱ្យចាងហ្វាង​កាសែត LSN លោក លួស សេង ឆ្លើយបំភ្លឺពីដំណើររឿង «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង​ប្រមាថ» នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែត្រូវបានចាងហ្វាងកាសែតរូបនេះដាក់ពាក្យពន្យារពេលចូលបំភ្លឺ។

យ៉ាងណា លោក លួស សេង ប្រាប់ វីអូឌី នៅថ្ងៃទី៣០ ខែធ្នូនេះ ​ថាតុលាការបានកោះហៅឱ្យលោក​ចូល​បំភ្លឺម្ដង​ទៀត​នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២​ខាង​មុខ​នេះ។ លោក​​បន្តថា លោកបានត្រៀមមេធាវីរួច​ហើយ ហើយ​លោកនឹងចូលទៅបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយថា លោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។

លោក លួស សេង បានចាត់ករណីនេះថា​ជា​ការគំរាមកំហែងបំបាក់ស្មារតីលើរូបលោក និងអ្នកសារព័ត៌មានមិន​ឱ្យហ៊ានផ្សាយពីបញ្ហានានារបស់សង្គម​នៅក្នុងដែនសមត្ថកិច្ចខេត្តនេះ។

លោកបន្ថែមថា៖ «ការចោទប្រកាន់ខ្ញុំនេះ គឺជាការបំបាក់ស្មារតីខ្ញុំ អ្នកសារព័ត៌មានផ្សេងទៀត​តែប៉ុណ្ណោះ ព្រោះគ្មានហេតុផលមួយណាដែលទៅញុះញង់និងប្រមាថផង»

នាយកប្រតិបត្តិសមាគមអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី មានប្រសាសន៍ថា ករណីតុលាការ​កោះហៅនិងចោទប្រកាន់ចាងហ្វាងកាសែត LSN​ នេះ បានបង្ហាញថា អ្នកសារព័ត៌មាននៅប្រទេសកម្ពុជានៅតែទទួលរងការប្ដឹងផ្ដល់តាមផ្លូវតុលាការ ដោយគ្រាន់តែពួកគេរាយការណ៍ព័ត៌មានពីបញ្ហាជម្លោះដីធ្លី និងបញ្ហាសង្គមផ្សេងៗ។

លោក ណុប វី បន្តថា អ្នកសារព័ត៌មានទាំងនោះគ្រាន់តែធ្វើសេចក្ដីរាយការណ៍ពីបញ្ហាឬកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីឱ្យថ្នាក់ដឹកនាំបានដឹងនិងដោះស្រាយតែប៉ុណ្ណោះ។ លោកថា ការបន្តប្រើប្រាស់ក្រមព្រហ្មទណ្ឌ ដើម្បី​ប្ដឹង​ប្រឆាំងអ្នកសារព័ត៌មាននេះ ជាសកម្មភាពមួយគំរាមកំហែងដល់ការបំពេញការងាររបស់អ្នកសារព័ត៌មាន និងជាការបំបិទព័ត៌មានផ្សេងៗពី​សហគមន៍ ដើម្បីកុំឱ្យថ្នាក់ដឹកនាំដឹងនិងដោះស្រាយ។

លោកបន្ថែមថា៖«អ៊ីចឹង​ខ្ញុំទទូច​​ដល់មន្ត្រីតាំងពីមន្ត្រីថ្នាក់ក្រោម​ដល់មន្ត្រីថ្នាក់ជាតិហ្នឹង ធ្វើយ៉ាងម៉េច​កុំបន្តនូវ​សកម្មភាពប្រើប្រាស់ច្បាប់ ជាពិសេសក្រមព្រហ្មទណ្ឌប្ដឹងផ្ដល់ប្រឆាំងសកម្មភាពអ្នកសារព័ត៌មានទៀត ដែលយើងក៏ជាផ្នែកមួយនៃការទទួលបានផលប្រយោជន៍ និងព័ត៌មានពីពួកគាត់ផងនោះ»

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នករាយការណ៍ព័ត៌មាន LSN TV ចំនួន ២នាក់ គឺលោក សាយ សុភា និងលោក អ៊ីង ធឿង ត្រូវបានសមត្ថកិច្ចខេត្តកំពតចាប់ខ្លួន និងបញ្ជូនទៅតុលាការ ក្រោមការចោទប្រកាន់ថាបានផ្សាយព័ត៌មាន «ញុះញង់ឱ្យ​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» បន្ទាប់ពីពួកគេការផ្សាយព័ត៌មានរឿងជម្លោះដីធ្លី និងការចាប់ខ្លួនពលរដ្ឋ៤នាក់នៅខេត្តកំពត ប៉ុន្តែត្រូវបានដោះលែងវិញ ក្រោយពីតុលាការសាកសួរនិងចាប់ឃុំខ្លួនចំនួន៣យប់រួចមក។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន ​លោក ​ខៀវ កាញារីទ្ធ​ មាន​​ប្រសាសន៍ថា ករណី​សមត្ថកិច្ចចាប់ខ្លួនអ្នកសារព័ត៌មាន២នាក់នៅខេត្តកំពតនេះ ជារឿងមិនត្រឹម​ត្រូវឡើយ។

លោកថា​ អ្នក​សារព័ត៌មានមាន​សិទ្ធិ​ពេញ​លេញ​​ក្នុងការ​ចុះ​យក​ព័ត៌មាន​ទូទាំង​ប្រទេស ​ដោយ​​ពុំ​ចាំបាច់​​ជូន​ដំណឹង​ឬ​សុំការ​អនុញ្ញាតពី​អាជ្ញាធរឡើយ​។

លោក​ថា៖ «អភិបាលខេត្ត​មួយ ​[លោក ម៉ៅ ធនិន] ​​អ្នក​កាសែត​ទៅ​ណា ​ត្រូវ​រាយការណ៍​ ត្រូវ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ ​មិន​មែន​អ៊ីចឹង​ទេ​។ ​មាត្រា​៤០ ​បាន​និយាយ​ពី​សិទ្ធិ​ដើរ​ហើរ​បស់​ពលរដ្ឋ​ គេ​ទៅ​ណា​ គេ​មាន​សិទ្ធិ​របស់​គេ ​គេ​មិន​បាច់​ជូន​ដំណឹង​យើង​ទេ​»

រដ្ឋធម្មនុញ្ញកម្ពុជា ចែងថា សេរីភាព​ក្នុង​ការ​ដើរ​ឆ្ងាយ​ជិត​ និង​តាំង​ទី​លំនៅ​​ស្រប​ច្បាប់​របស់​ពលរដ្ឋ​ ត្រូវ​បាន​គោរព។ ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ ​សេរីភាព​ខាង​សារព័ត៌មាន​​ សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ​ និងសេរីភាព​ជួប​ប្រជុំ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ