បទយកការណ៍៖ ពលរដ្ឋ​នៅក្បែរ​ភ្នំកំចាយ ខេត្តកំពត ស្នើ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​បុគ្គល​ឯកជន

ផ្ទះអ្នកស្រី អ៊ូច អើយ នៅក្បែរជួរភ្នំកំចាយ ស្ថិតនៅក្នុងភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

ដីចម្ការប្រមាណ ៥០ហិកតា នៅក្បែរជើងភ្នំកំចាយ ស្ថិតនៅចំណុចភូមិត្រពាំងកក់ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានក្រុមឈ្មួញទិញពីអ្នកភូមិនៅតំបន់នោះ ប៉ុន្តែពលរដ្ឋដែលបានលក់ដី អះអាងថា មិនបានទទួលលុយគ្រប់ចំនួន ដោយអូសបន្លាយរយៈពេលជាង១០ឆ្នាំមកហើយ។

អ្នកភូមិនិយាយថា ពួកគេបានចាប់ផ្ដើមអាស្រ័យផលលើដីរបស់ខ្លួនវិញ ប៉ុន្តែត្រូវបានក្រុមជនស៊ីវិលជាភាគីឈ្មួញ បានរារាំងមិនឱ្យដាំដំណាំលើដីនោះ និងដាក់ពាក្យបណ្ដឹងអ្នកភូមិដែលបន្តអាស្រ័យផលទៅតុលាការជាបន្តបន្ទាប់។

សម្បុរស្រអែម រូបរាងស្គមស្ដើង លោក អ៊ុង អ៊ុត វ័យ៥៦ឆ្នាំ រស់នៅភូមិដូង ឃុំស្ទឹងកែវ បានរៀបរាប់ថា គាត់បានកាប់ឆ្ការព្រៃដើម្បីអាស្រ័យផល ដាំស្វាយចន្ទី និងធ្វើស្រែចម្ការ លើដីប្រមាណ៤ហិកតា ក្បែរភ្នំកំចាយ ក្នុងឆ្នាំ១៩៩៣។ លោកថា លុះមកដល់ឆ្នាំ២០០៥ គាត់បានព្រមព្រៀងលក់ឱ្យឈ្មួញម្នាក់ឈ្មោះ នី ឈីវ ដោយបានទទួលបានលុយកក់ចំនួន៥០ដុល្លារ ប៉ុន្តែមិនមានលិខិតស្នាមទិញលក់អ្វីនោះទេ។

លោកបន្តថា ក្នុងឆ្នាំ២០១០ ដោយសារតែមានបញ្ហាជីវភាព លោកបានធ្វើចំណាកស្រុកស៊ីឈ្នួលកាប់ដំឡូង ដកអំពៅ នៅក្បែរព្រំដែនថៃ។ លុះមកដល់ឆ្នាំ២០១៦ ទើបលោកត្រលប់មកស្រុកកំណើតវិញ ហើយដីរបស់លោកនៅទំនេរដដែល ខណៈដែលលោកមិនបានទទួលលុយពីឈ្មួញដែលបានទិញនោះគ្រប់ចំនួនទេ។

លោក អ៊ុង អ៊ុត កំពុងផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មានវីអូឌី នៅលើដីមានវិវាទ ស្ថិតនៅភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
លោក អ៊ុង អ៊ុត កំពុងផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មានវីអូឌី នៅលើដីមានវិវាទ ស្ថិតនៅភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

លោកបន្តថា៖ «ឆ្នាំ២០១៦ [ឆ្នាំ] ២០១៧ ខ្ញុំមកស្រុកខ្ញុំវិញ ក៏អត់មាននរណាគេធ្វើដែរ នៅទាំងអស់ [ដី]។ តែអ្នកជិតខាង អ្នកភូមិអ្នកស្រុក គេថាឱ្យខ្ញុំមកធ្វើដែរ តែខ្ញុំវាអត់ខ្វះខាតដើម្បីចិញ្ចឹមកូនយើង ចេះតែរកស៊ី ធ្វើសំណង់នាយអាយអ៊ីចឹងទៅ»។

ពាក់អាវផ្ទៃមេឃដៃវែង ស្លៀកខោប៉ារ៉ាជើងវែង លោក អ៊ុង អ៊ុត ឈររៀបរាប់នៅលើផ្ទៃដីដែលមានវិវាទ បន្តទៀតថា ស្របពេលដែលលោកមិនទទួលបានលុយបន្ថែម ទើបលោកបន្តដាំស្វាយចន្ទីលើដីនោះជាបន្តបន្ទាប់។ លោកថា ស្រាប់តែមកដល់ខែឧសភា ឆ្នាំ២០២២ មានក្រុមជនស៊ីវិលដែលអះអាងថាជាឈ្មួញទិញដីរបស់លោក បានចាប់ផ្ដើមហាមឃាត់ដោយមានគ្រឿងចក្រមកឈូសឆាយលើដីរបស់លោកនេះតែម្តង។

លោកថា ពួកគេទាំងនោះក៏បានភ្ជាប់ជាមួយឯកសារទិញលក់ដែលមានស្នាមមេដៃរបស់លោក ប៉ុន្តែលោកបដិសេធថាមិនបានផ្ដល់ស្នាមមេដៃលើឯកសារទិញលក់នោះទេ។

លោកនិយាយថា៖ «គេថាខ្ញុំអ្នកធ្វើ [ស្នាមមេដៃ]។ [ខ្ញុំ] អត់បានធ្វើទេ [ឯកសារទិញលក់] យកតែលុយ ៥០ [ដុល្លារ] តែគេមានក្រដាស»។

លោក អ៊ុង អ៊ុត បន្ថែមថា បច្ចុប្បន្ន កូនប្រុសរបស់គាត់ម្នាក់ត្រូវបានបុគ្គលឈ្មោះ នី ឈីវ ប្ដឹងពីបទប្រើប្រាស់អំពើហិង្សាទៅវិញ ដោយសារកូនប្រុសលោកបានដាំបង្គោលកំណត់ព្រំប្រទល់លើដីនោះ។

ចំណែកពលរដ្ឋម្នាក់ទៀត អ្នកស្រី និន រឿន វ័យ៦២ឆ្នាំ រស់នៅភូមិដូង ដែលមានដីជាប់នឹងដីលោក អ៊ុង អ៊ុត ដែរនោះ បានប្រាប់ថា គាត់បានកាន់កាប់ដីជិត៣ហិកតា តាំងពីឆ្នាំ១៩៩៣ ដោយអាស្រ័យផលដាំដើមចេក ដើមពោត ដើម្បីលក់ទ្រទ្រង់ជីវភាព។ អ្នកស្រីថា គាត់បានលក់ដីនេះឱ្យទៅឈ្មួញ ឈ្មោះ នី ឈីវ ក្នុងឆ្នាំ២០១៣ ក្នុងមួយហិកតា ៤០០ដុល្លារ ទទួលលុយកក់ចំនួន៥០០ដុល្លារ ហើយព្រមព្រៀងគ្នាថា ក្នុងរយៈពេល២ឆ្នាំ បើមិនប្រគល់លុយគ្រប់ចំនួន គឺទុកជាអសារបង់។

អ្នកស្រី និន រឿន អង្គុយផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មានវីអូឌី នៅលើដីមានវិវាទ ស្ថិតនៅភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
អ្នកស្រី និន រឿន អង្គុយផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មានវីអូឌី នៅលើដីមានវិវាទ ស្ថិតនៅភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

អ្នកស្រីបន្តថា៖ «ក្រោយមក ស្ងាត់សូន្យ តាំងពី២០១៣! មកឥលូវនេះ អត់មានដំណឹងថាឱ្យលុយឯងគ្រប់[ដើម្បីបង្គ្រប់ការទូទាត់] ឬមួយក៏ខ្ញុំធ្វើ[លើដីនោះបន្ត ក្នុងនាមម្ចាស់កម្មសិទ្ធិ] ខ្ញុំចាប់ផ្តើមឈូសឆាយហើយអ៊ុ ឥលូវលុយដែលសល់ខ្ញុំប្រគល់ឱ្យអត់មានទេ បានតែ៥០០ [ដុល្លារ] ហ្នឹង!»។

កំពុងអង្គុយក្នុងខ្ទមប្រក់ស័ង្កសីសង់លើដីក្បែភ្នំកំចាយ អ្នកស្រីបានប្រាប់វីអូឌីបន្តថា ដោយសារមិនបានលុយគ្រប់ចំនួនតាមការសន្យា គាត់ក៏បានដាំចេកបន្តលើដីនេះ។ អ្នកស្រីថា រហូតមកដល់ឆ្នាំ២០២២ ទើបមានការរារាំងពីក្រុមឈ្មួញ និងមានការដាក់ពាក្យប្ដឹងទៅលើប្ដីរបស់គាត់ដែលកំពុងមានជំងឺប្រចាំកាយ ពីបទប្រើប្រាស់អំពើហិង្សាលើបុគ្គល នី ឈីវ ទៅវិញ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំធ្វើតែដីខ្ញុំហ្នឹង! បើអ្នកឱ្យលុយខ្ញុំគ្រប់ ក៏ខ្ញុំអត់ធ្វើដែរ»។

អ្នកស្រីបន្តថា៖ «ថាប្ដីខ្ញុំប្រើអំពើហិង្សាលើដីហ្នឹង ដីរបស់គេ! ដល់ហើយតាខ្ញុំនោះ អត់ដែលប្រើអីទេអូន! គាត់ឈឺ អត់ដែលបានមកចម្ការទេ មកតែកូន អត់មានដែលបានឈ្លោះ អត់ដែលបានជជែក[ទាក់]មាត់គ្នា អីអត់ទេ!»

សម្បុរសណ្ដែកបាយ ពាក់អាវពណ៌ផ្ទៃមេឃដៃវែង ពលរដ្ឋម្នាក់ទៀត អ្នកស្រី អ៊ូច អើយ វ័យ៥៩ឆ្នាំ បានប្រាប់វីអូឌីថា គាត់បានកាន់កាប់ដីចំនួនជិត៤ហិកតា ក្នុងឆ្នាំ១៩៩៣ ដោយដាំពោត ល្ហុង ដំណាំស្រូវ និងទុរេន។ ដីរបស់ស្រ្តីរូបនេះមិនបានលក់ឱ្យឈ្មួញនោះទេ ប៉ុន្តែអ្នកស្រីថា បុគ្គលឈ្មោះ នី ឈីវ បានបោះបង្គោលចូលព្រំដីរបស់គាត់ ក្នុងឧសភា ឆ្នាំ២០២២ ពោលគឺស្របពេលដែលដីអ្នកភូមិផ្សេងទៀតកំពុងមានជម្លោះ។

អ្នកស្រីនិយាយថា៖ «ខ្ញុំមកបោះរបង! គាត់ [ក្រុមលោក នី ឈីវ] ថាបើមិនរុះចេញ គេយកអាត្រាក់មកឈូស»។

នៅលើផ្ទៃដី៣ហិកតានេះ អ្នកស្រី អ៊ូច អើយ បានសង់ខ្ទមស្បូវ ដើម្បីរស់នៅ ក្នុងឆ្នាំ២០០៧ និងប្ដូរជាផ្ទះថ្មប្រក់ស័ង្កសីក្នុងឆ្នាំ២០២១ ដោយរស់នៅជាមួយប្ដី និងកូនៗគាត់កូនចំនួន៤នាក់ទៀត។

ក្នុងទឹកមុខស្រងូតស្រងាត់ អ្នកស្រីបង្ហាញក្ដីបារម្ភថាមានការបណ្ដេញក្រុមគ្រួសារគាត់ចេញពីដីដែលគាត់កំពុងរស់នៅជិត ៣០ឆ្នាំមកហើយ ។

អ្នកស្រី អ៊ូច អើយ បន្ថែមថា៖ «មានការព្រួយបារម្ភមែនទែន ព្រោះអីពិបាកគ្រប់កន្លែង មិនថាការរស់នៅលើដីហ្នឹង! មិនដឹងជាគេយកថ្ងៃណា! មិនដឹងគេគំរាមយើងម៉េចទៀត! បើយើងនៅអត់បានសិទ្ធិ អ៊ីចឹងខ្ញុំមិនដឹងថាម៉េចទេ! មានការព្រួយបារម្ភមែនទែនខ្ញុំ»។

ស្ត្រីវ័យចំណាស់រូបនេះបានស្នើឱ្យអាជ្ញាធរខេត្តកំពតដោះស្រាយវិវាទដីធ្លីនេះ ដើម្បីរកយុត្តិធម៌សម្រាប់អ្នកស្រី។

អ្នកស្រី អ៊ូច អើយ«ចង់ឱ្យរកយុត្តិធម៌ឱ្យខ្ញុំ ឱ្យបានដីជាកម្មសិទ្ធិ កុំឱ្យរស់នៅក្នុងការភ័យខ្លាច»។

បើតាមក្រុមអ្នកភូមិដែលបានផ្ដល់បទសម្ភាស បានឱ្យដឹងថា ពលរដ្ឋរស់នៅភូមិដូង ប្រមាណ៥០គ្រួសារបានលក់ដីឱ្យឈ្មួញមែន ប៉ុន្តែបច្ចុប្បន្នមានប្រមាណ១០គ្រួសារប៉ុណ្ណោះដែលនៅតវ៉ា ដោយសារពួកគេបារម្ភពីសុវត្ថិភាព។

ច្បាប់ភូមិបាលឆ្នាំ២០០១ បានចែងថា បុគ្គលទាំងឡាយណាដែលចាប់កាន់កាប់ដី មុនការអនុម័តលើច្បាប់នេះ អាចមានសិទ្ធិកាន់កាប់ស្របច្បាប់ ដរាបណាការកាន់កាប់នោះបំពេញតាមលក្ខខណ្ឌមួយចំនួន។ ម្ចាស់ដីត្រូវបញ្ជាក់ថា ការកាន់កាប់នោះ គឺពិតប្រាកដ គ្មានហិង្សា ដឹងឮជាសាធារណៈ គ្មានអាក់ខាន និងដោយសុចរិត។

ទាក់ទិនករណីនេះ មេភូមិត្រពាំងកក់ លោក តុញ ស៊ួ បានបដិសេធឆ្លើយតបជុំវិញជម្លោះដីធ្លីនេះ ដោយថា ដីតំបន់នោះ គឺអាជ្ញាធរខេត្តកំពតបានកាត់ពីភូមិសាស្រ្តភូមិដូង ចូលក្នុងភូមិត្រពាំងកក់ ក្នុងឆ្នាំ២០១១ ដូច្នេះមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកទេ។

លោកថា៖ «ខ្ញុំអត់ដឹងថាវាមានបញ្ហាអីជាអីទេ ទើបផ្ទុះឡើង ២០២២ ខែ៦ [ខែ]៧ យើងឥលូវហ្នឹង។ សំណុំរឿងនេះ ខ្ញុំអត់ដឹងទេ ព្រោះគេនិយាយអី ការដោះស្រាយអី នៅក្នុងភូមិដូង»។

ចំណែកមេភូមិដូង លោក វ៉ាន់ ញ៉ បានឱ្យដឹងថា ពិតជាមានឈ្មួញឈ្មោះ នី ឈីវ បានមកទិញដីពិតមែន ដោយមិនបានប្រគល់លុយឱ្យពលរដ្ឋគ្រប់ចំនួននោះទេ អូសបន្លាយមានរយៈពេលជាង១០ឆ្នាំមកហើយ។ លោកបន្ថែមថា ឯកសារដែលឈ្មួញបានបង្ហាញក្នុងពេលថ្មីៗនេះ គឺជាឯកសារក្លែងក្លាយ ដែលបានបន្លំឈ្មោះរបស់លោក។

លោកនិយាយថា៖ «យកត្រាឈ្មោះហ្នឹង វាខុសពីត្រារបស់ខ្ញុំ គាត់ក្លែងក្លាយត្រា ក្លែងបន្លំ! ត្រាឈ្មោះអត់មែនត្រាខ្ញុំផង ខ្ញុំបានពិនិត្យមើល ម្ចាស់ដីយកឱ្យខ្ញុំមើល»។

បើតាមលោក វ៉ាន់ ញ៉ បន្ថែមថា ដីប្រមាណ៥០ហិកតាត្រូវបានឈ្មួញចូលមកទិញពីពលរដ្ឋ នៅក្នុងឆ្នាំ២០០៦មក ហើយករណីជម្លោះដីធ្លីនេះកំពុងដំណើរការនៅប្រព័ន្ធតុលាការ។

ចំណែកលោក នី ឈីវ ដែលជាភាគីទិញដីប្រជាពលរដ្ឋ ទទួលស្គាល់ថា លោកពិតជាបានទិញដីពលរដ្ឋនៅតំបន់នោះពិតមែន ប៉ុន្តែលោកបដិសេធផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មាន វីអូឌី តាមរយៈប្រព័ន្ធទូរសព្ទជុំវិញវិវាទដីធ្លីនេះ។

លោកនិយាយថា៖ «ខ្ញុំអត់ដឹងទេ! មកជួបខ្ញុំមកបាននិយាយអស់! មានអ្នកទិញឱ្យខ្ញុំ ដីហ្នឹងទិញតាំងពីឆ្នាំ២០០៧»។

មន្ត្រីសម្របសម្រួល នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ប្រចាំខេត្តកំពត លោក យន់ ផល្លី មានប្រសាសន៍ថា ប្រសិនបើភាគីទិញដីពីប្រជាពលរដ្ឋ ហើយមិនបានផ្ដល់លុយឱ្យតាមការសន្យានោះទេ នោះការទិញលក់នឹងត្រូវចាត់ទុកជាអសារបង់ ដែលអាចឱ្យអ្នកលក់ដីមានសិទ្ធិកាន់កាប់និងអាស្រ័យផលលើដីរបស់ខ្លួនបន្ត។ លោកបន្ថែមថា ករណីដែលមានការក្លែងបន្លំឯកសារពីសំណាក់ឈ្មួញបែបនេះ អាជ្ញាធរគួរអនុវត្តវិធានការច្បាប់ឱ្យបានតឹងរ៉ឹងប្រកបដោយតម្លាភាព។

លោកថា៖ «ការក្លែងលិខិត ឬស្នាមមេដៃ ឬ ក៏ត្រាស៊ីញ៉េរបស់គាត់ អ៊ីចឹងអាជ្ញាធរគាត់មានសិទ្ធប្ដឹងទៅតុលាការ ជារឿងបទព្រហ្មទណ្ឌ ការក្លែងលិខិតសាធារណៈ គាត់អាចប្លឹងទៅតុលាការដើម្បីរកខុសរកត្រូវ ឯកសារដែលពាក់ព័ន្ធហ្នឹង»

របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២២ រកឃើញថា ក្នុងឆ្នាំ២០២១ កន្លងទៅ មានករណីវិវាទដីធ្លីចំនួន១ ៦៩ករណី លើដីទំហំជាង៥០ ០០០ហិកតា (៥២ ៦០១,៨៧) បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋចំនួន១៧ ០៣៣គ្រួសារ ស្មើ៦១ ៤៦៩នាក់ ក្នុងនោះមានជនជាតិដើមភាគតិចចំនួន១ ៣៤៧ គ្រួសារ។

របាយការណ៍ដដែលបញ្ជាក់ថា កត្តាចម្បងដែលនាំឱ្យមានការចាប់ខ្លួន ចោទប្រកាន់ ឃុំខ្លួនប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លី ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋម្ចាស់ដី ឱ្យពួកគាត់លែងហ៊ានប្រើសិទ្ធិក្នុងការទាមទារតវ៉ាស្វែងរកយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ