យុវជន​អង្គការតម្លាភាព​ជ្រើសរើស​សង្កាត់​ពីរ​ក្នុង​ខេត្តកំពត អនុវត្ត​គោលនយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព

សកម្មភាពរវាងបុគ្គលិកអង្គការតម្លាភាព ក្រុមយុវជន អាជ្ញាធរ និងនគរបាល ជួបជុំគ្នាមុនបើកវគ្គបណ្ដុះបណ្ដាល នៅទីស្នាការអង្គារ ប្រចាំខេត្តកំពត ខែវិច្ឆិកា ឆ្នាំ២០២២។ (អង្គការតម្លាភាព)

យុវជនមួយក្រុមនៃអង្គការតម្លាភាពខេត្តកំពត បានកំណត់យកសង្កាត់ចំនួន២ ក្នុងក្រុងកំពត ដើ​​ម្បីដាក់ឱ្យ​​​​អនុវត្តសាកល្បងសម្រាប់គម្រោង «គោលនយោបាយភូមិឃុំមានសុវត្ថិភាព» ខ​​ណៈ​​​​បទល្មើស និងអសន្តិសុខក្នុងមូលដ្ឋាន បន្តកើតឡើងញឹកញាប់ ដែលធ្វើឱ្យឃុំសង្កាត់មាន​អំ​ពើចោរកម្ម ក្មេ​​ង​​ទំនើង និងហេតុការណ៍គ្រោះថ្នាក់ផ្សេងៗជាហូរហែ។

ប្រធានយុវជនរបស់អង្គការតម្លាភាព និងជាអ្នកបង្កើតគម្រោង «គោលនយោបាយភូមិ​​ឃុំមានសុ​​វ​ត្ថិភាព» កញ្ញា ស៊ុន សុវណ្ណដាណេ ឱ្យដឹងថា នៅចំពោះមុខនេះ សង្កាត់ចំនួន២ គឺ​​​​​​​សង្កាត់​​កំ​​ពង់បាយ និងសង្កាត់អណ្ដូងខ្មែរ នៃក្រុងកំពត ត្រូវបានរៀបចំសម្រាប់កា​​រអនុវត្តគ​​ម្រោ​​ង​​នេះ ជា​​​ជំ​ហានដំបូង។ កញ្ញាបន្តថា ការផ្ដួចផ្ដើមឱ្យមានគម្រោងនេះឡើង គឺដើម្បីបញ្ឈប់រាល់​​ស​​កម្ម​​ភា​​ព ​អសន្តិសុខក្នុងសង្កាត់ ដែលតែងតែកើតមាន និងនៅតែដោះស្រាយមិនចេញ។

ម្យ៉ាងវិញទៀត សុវណ្ណដាណេ អះអាងថា គោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះ ក៏នឹងផ្សព្វ​​ផ្សា​​​​​យ​​ឱ្យ​បានទូលំទូលាយដែរ ដូចជា លេខទូរសព្ទរបស់អាជ្ញាធរ ជាដើម ដើម្បីឱ្យពលរដ្ឋ​​រាយ​​ការ​​ណ៍​​​​បាន​​ទាន់ពេលវេលា នៅពេលមានហេតុការណ៍កើតឡើង។

កញ្ញាបន្តថា៖ «ទាក់ទងទៅនឹងការរាយការណ៍ ពួកខ្ញុំក៏បានសួរទៅកាន់អាជ្ញាធរដែរ នៅពេលពួកយើងទទួលវគ្គបណ្ដុះបណ្ដាលហ្នឹង គឺពួកគាត់រក្សារាល់ការសម្ងាត់ជូន! ហើយទាក់ទងទៅនឹ​ង​ការរាយការណ៍ហ្នឹងផងដែរ នៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺមាននិយាយពីគោ​​លនយោបាយប្រាំពីរប្រការ ហើយមានលេខទូរសព្ទសម្រាប់ទំនាក់ទំនង។ រាល់ការរាយកា​​រណ៍​​​ គឺរក្សាសុវត្ថិភាពជូនជនដែលរាយការណ៍»។

មិនខុសគ្នាទេ កញ្ញា សើ វីរី ជាយុវតីម្នាក់ក្នុងក្រុមនៃអង្គការតម្លាភាពតំបន់កំពត ថ្លែងថា ការអនុវត្តគ​​ម្រោ​​ងនេះ ជាជំហានដំបូង គឺក្រុមការងាររៀបចំជាវគ្គបណ្ដុះបណ្ដាលជាមុនសិន មុននឹង​​ចុះ​​ចែ​​​​ក​​​​បណ្ណព័ត៌មានទៅដល់ដៃពលរដ្ឋនៅមូលដ្ឋាន។

ប្រភពបន្តថា ក្នុងវគ្គបណ្ដុះបណ្ដាល​នេះ​ គឺ​​​​ក្រុមការងារនឹង​​សហការជាមួយនគរបាលប៉ុស្តិ៍ អា​​ជ្ញា​​​ធរសង្កាត់ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើ​​​​ម្បី​ឱ្យពួកគេចែករំលែកបទពិសោធ និងផ្ទេរចំ​​ណេះ​​​​ដឹង អំពីការទប់ស្កាត់បទល្មើសនៅ​​ក្នុង​​ស​​ហគមន៍ ក្នុងទិសដៅជំរុញឱ្យការអនុវត្តគម្រោងដំ​​ណើរការទៅមានប្រសិទ្ធភាព។

កញ្ញាបន្តថា៖ «នៅពេលយើងចុះចែកខិតបណ្ណ យើងឃើញថាប្រជាពលរដ្ឋគាត់ជួបបញ្ហាច្រើន ហើ​​​យគាត់បានចែករំលែកបញ្ហារបស់គាត់មកប្រាប់ពួកយើង។ មួយវិញទៀត ប្រជាពលរដ្ឋខ្លះ គា​ត់មិនសូវសហការជាមួយយើងទេ» ។

អង្គការតម្លាភាពប្រចាំខេត្តកំពត មានចក្ខុវិស័យនៅក្នុងការអនុវត្តគម្រោងរបស់ខ្លួន ក្នុងពេល​ខាង​​​​​មុ​ខ ​​ឱ្យ​​បានគ្រប់ទាំង៥សង្កាត់ នៅក្នុងក្រុងកំពត ខេត្តកំពតនេះ។ ក៏ប៉ុន្តែ នៅចំពោះមុខនេះ ដោ​យ​​សា​​រអង្គការមានលទ្ធភាពថវិកាអ​​​នុវត្តគម្រោងបានត្រឹម២សង្កាត់នៅឡើយ ដូច្នេះនៅ​​៣​​សង្កា​​ត់​​​​ទៀត ដូចជា សង្កាត់ត្រើយ​​កោះ​​ សង្កាត់កំពង់កណ្ដាល និងសង្កាត់ក្រាំងអំពិល នឹងបន្ត​​នៅ​​ពេ​ល​​ក្រោយទៀត ប្រសិន​​បើ​​​មាន​​​ថវិកាគ្រប់គ្រាន់ក្នុងការអនុវត្តគម្រោងនេះ។

ហាក់ផ្ទុយពីនេះ ចៅសង្កាត់រងទីមួយ នៃសង្កាត់កំពង់បាយ លោក ឃួន អ៊ត មិនឯកភាពទេថា អំពើអសន្តិសុខនៅក្នុងសង្កាត់មានការកើនឡើងនោះ។ លោកអះអាងថា បច្ចុប្បន្ននេះ និយាយ​​​ដោយឡែក សម្រាប់សង្កាត់កំពង់បាយ អំពើបាតុភាពផ្សេងៗបានថយចុះប្រមាណ៤០ភាគ​រ​​យ​​​ហើយ ដូចជា អំពើហិង្សាក្នុងគ្រួសារ បញ្ហាគ្រឿងញៀន អំពើឆក់ប្លន់ ចោរកម្ម និងល្បែង​​ស៊ី​​ស​​​ង ​​ជា​​​​ដើម។

បើតាមចៅសង្កាត់រងរូបនេះ ចាត់ទុកថា អ្វីដែលក្រុមយុវជនធ្វើនេះ វាជារឿងត្រឹមត្រូវ ហើយយុវ​​ជន​គួរស្វែងយល់ និងចូលរួមឱ្យបានសកម្មនៅក្នុងកិច្ចការសង្គម​​ឱ្យបានច្រើន​​ជាងនេះ​​បន្ថែម​​ទៀ​​​​ត​​។ លោកបន្តថា មែនទែនទៅ គោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះ មិនមែនជារឿង​​ថ្មី​​ទេ ដោយសាររដ្ឋាភិបាលបានដាក់ចេញរួចហើយនូវគោលនយោបាយនេះ ដើម្បីឱ្យមាន​​កា​​រ​អ​​​​​នុ​វត្ត​នៅតាមឃុំសង្កាត់។

លោកបន្តថា៖ «យុវជនគួរតែចូលរួមក្នុងសកម្មភាពសង្គមអស់ទាំងនេះ ដើម្បីឱ្យដឹងពីការងារសង្គ​​មថាវាយ៉ាងម៉េច! ហើយយុវជនគឺជាអ្នកបន្តវេនពីចាស់ៗ អ៊ីចឹងពួកគាត់គួរតែឈ្វេងយល់ពីបញ្ហាហ្នឹង»។

បើទោះបែបណា ទាំងមន្ត្រីនគរបាល នៃរដ្ឋបាលក្រុងកំពត និងអាជ្ញាធរសង្កាត់ បានបដិសេធ​​ក្នុង​​​​ការផ្ដល់ព័ត៌មានលម្អិតអំពីការថយចុះនៃបទល្មើសនៅក្នុងឃុំសង្កាត់។ ពួកគេលើកឡើងថា រាល់របាយការណ៍ដែលបង្ក្រាបបាននៃបទល្មើស គឺត្រូវបញ្ជូនចេញ ដើម្បីឱ្យថ្នាក់ដឹកនាំ ត្រួត​​​ពិនិ​ត្យ និងសម្រេចរួចអស់ហើយ ហេតុនេះពួកគេមិនចាំពីតួលេខនៃបទល្មើសដែល​​បង្ក្រាបបាន​​ប្រ​​ចាំខែទេ។

គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលដាក់ចេញដោយរដ្ឋាភិបាលកាលពីឆ្នាំ២០២១ ប​ង្ហា​ញថា ជាយន្តការមួយដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា និងតម្រូវការចាំបាច់រ​ប​ស់ពលរដ្ឋ​​។ ​​តាម​រយៈគោលនយោបាយទាំង៧ចំណុចនេះ គឺលក្ខខណ្ឌទី២ បានកំណត់ក្នុងការធានាដោ​​យ​គ្មានបទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទនៅក្នុង​​មូល​​ដ្ឋាន​។

យ៉ាងនេះក្ដី ប្រធានអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តកំពត លោក ប៉ែន វុទ្ធា ឱ្យដឹងថា ការដែលក្រុមយុវជនរបស់អង្គការតម្លាភាព ផ្ដួចផ្ដើមគម្រោងក្នុងការជំរុញឱ្យមានការអនុវត្ត​​ប្រ​កបដោយប្រសិទ្ធភាពនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺជារឿងល្អប្រសើរ​​សម្រាប់​​​សហគមន៍ គ្មានបទល្មើស។

លើសពីនេះទៀត សកម្មភាពនេះក៏វាស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍យុវជនរបស់រដ្ឋាភិបាល ដែលធានាក្នុងការលើកកម្ពស់យុវជនឱ្យចូលរួមក្នុងសកម្មភាពសង្គម និងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែរ។

លោកបន្តថា៖ «សម្រាប់ភាគីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរ ឬអង្គការដៃគូ ជាពិសេសអាជ្ញាធរមូលដ្ឋាន កាលណាមាន​​អង្គការយុវជន ឬក្រុមយុវជនដែលគាត់បានចូលទៅអនុវត្តគម្រោងពាក់ព័ន្ធទៅនឹងគោលន​​យោបាយភូមិឃុំមានសុវត្ថិភាពក្នុងមូលដ្ឋាន វាជាចំណុចមួយដែលល្អ ដែលគា​ត់​​គួរតែបើកចិត្តទូលាយក្នុងការផ្ដល់កិច្ចសហការ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់យុវជន និងជួយគាំទ្រទៅដល់យុវជន ដើម្បីជួ​យ​ផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ដើម្បីជាប្រ​​យោ​​ជន៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ឬក្នុងមូ​​លដ្ឋានរបស់ពួកគាត់»។

បើទោះគោលនយោបាយដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាល​ល្អឥតខ្ចោះ និងការប្ដេជ្ញាចិត្ត​​ពី​​ភាគីពាក់ព័ន្ធក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពក្ដី គេសង្កេតឃើញថា បញ្ហាគ្រឿងញៀន ​​ល្បែ​ង​​​​ស៊ីសង និងអំពើឆក់ប្លន់ នៅក្នុងសហគមន៍ បានកើតឡើងស្ទើររាលថ្ងៃ។ មានពេលខ្លះ ជនប្រ​​​ព្រឹ​ត្ត​​​​បទល្មើសនៅតែអាចរស់នៅក្រៅសំណាញ់ច្បាប់បានដូចអ្នកដទៃដែរ ក្រោយពួកគេចាប់ខ្លួន និង​​​ចោ​ទប្រកាន់​​តា​​មផ្លូវតុលា​​កា​រ៕


ដោយកញ្ញា ឆន​ វិរីយ៉ា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ