ប្រតិភូ​ចរចា​វិវាទ​ថា​ការ​ចោទ​ប្រកាន់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​តវ៉ា​ដោយ​សន្តិវិធី​ជា​ការ​ជំរុញ​ឱ្យ​និយោជក​រំលោភច្បាប់

សកម្មភាពធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកចំនួន ៣៦៥នាក់ ដែលត្រូវបានបញ្ឈប់កាលពីពេលកន្លងទៅឱ្យចូលធ្វើការងារវិញ និងចំណុចផ្សេងទៀត។ (រូបភាពដោយ ត្រាន់ តិចសេង)

ក្រុមប្រតិភូចរចាវិវាទក្រុមហ៊ុនណាហ្គាវើលដ៍ ចាត់ទុកការចោទប្រកាន់របស់អាជ្ញាធរទៅលើក្រុមកម្មករដែលប្រមូលផ្តុំតវ៉ាអហិង្សា​ថា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ និងអាជីវកម្មរបស់ថៅកែ ជាការលើកទឹកចិត្តឱ្យភាគីក្រុមហ៊ុនបន្តរំលោភច្បាប់​ ដែលនាំឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ។

ការលើកឡើងនេះ ក្រោយពេល​​រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ២០២១ បានលើកឡើងថា ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១​ អតីត​កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ ​បានធ្វើសកម្មភាព​សម្ដែងមតិ ដោយខុសច្បាប់នៅលើសួនច្បារ​ និងនៅតាមដងផ្លូវសាធារណៈ។

អាជ្ញាធរបន្ថែមថា អតីតកម្មករនិយោជិតទាំងនោះ ថែមទាំងបានបិទផ្លូវច្រកចេញចូលរបស់ក្រុមហ៊ុនឯកជននេះទៀតផង ដែល​ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន។

ជាមួយគ្នានៅថ្ងៃបន្ទាប់ពីអាជ្ញាធររាជធានីចេញបានសេចក្តីអំពាវនាវនេះ សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស ១០នាក់ព័ន្ធការតវ៉ាអហិង្សាដើម្បីទាមទាររកដំណោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនល្បែងមួយនេះថែមទៀតផង។

យ៉ាងណា ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១ ខែមករា របស់ក្រុមប្រតិភូចរចាវិវាទក្រុមហ៊ុនណាហ្គាវើលដ៍នៃសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនល្បែងមួយនេះ​ ​បានឱ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលជាយប់ឆ្លងឆ្នាំសកល សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញប្រើកម្លាំងដ៏ច្រើនលើសលប់ចុះបង្ក្រាប និងឃាត់ខ្លួនកូដករចំនួន៩នាក់ និងអ្នករត់ម៉ូតូកង់បីម្នាក់ដែលសហជីពជួលដឹកទឹក​  ហើយឡោមព័ទ្ធការិយាល័យសហជីពមិនឱ្យកម្មករចេញចូលថែមទៀតផង។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ដើមចមដែលនាំឱ្យកម្មករធ្វើកូដកម្មចំនួន១៣ថ្ងៃកន្លងមកនេះ ដោយសារតែក្រុមហ៊ុនព្រងើយកន្តើយមិនអនុវត្តតាមច្បាប់ ហើយអាជ្ញាធរពាក់ព័ន្ធ ក្រសួងការងារថែមទាំងមិនមានចេតនាពិតប្រាកដក្នុងការរកដំណោះស្រាយជូនពួកគេនោះទេ។ ជាមួយគ្នានេះ អាជ្ញាធរបែរជាចោទថា កម្មករនិងតំណាងសហជីពធ្វើបាតុកម្មដោយខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងប៉ះពាល់អាជីវកម្មរបស់ក្រុមហ៊ុនទៅវិញ ។

ខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«តាមសេចក្តីអំពាវនាវរបស់សាលារាជធានីភ្នំពេញថា ការប្រមូលផ្តុំរបស់កម្មករធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុន មិនបានឆ្លុះបញ្ចាំងពីតថភាពពិតនោះទេ។ ផ្ទុយទៅវិញអាជ្ញាធរកំពុងតែលើកទឹកចិត្តដល់និយោជកបន្តរំលោភច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលទាំងក្នុងតំបន់ និងអន្តរជាតិថែមទៀតផង»។

បន្ថែមពីនេះ ក្រុមប្រតិភូចរចាវិវាទក្រុមហ៊ុនណាហ្គាវើលដ៍អះអាងថា បើទោះបីជាមានការចាប់ខ្លួនមនុស្ស ១០នាក់ ក៏កម្មករទាំងអស់នៅតែប្តេជ្ញាចិត្តបន្តធ្វើកូដកម្មដោយអហិង្សា ដោយសន្តិវិធីរហូតមានដំណោះស្រាយផងដែរ ។

អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញលោក សាន សុខសីហា មានប្រសាសន៍នៅល្ងាចថ្ងៃទី២ខែមករាឆ្នាំ២០២២ថា ការចាប់ខ្លួនកូដករចំនួន៩នាក់ និងអ្នករត់ម៉ូតូកង់បីដែលសហជីពជួលដឹកទឹក១នាក់  ស្របតាមច្បាប់ ពីព្រោះពួកគេនាំគ្នាធ្វើបាតុកម្មខុសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ។

​យ៉ាងនេះក្តី អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅថា​សង់ត្រាល់ លោក​ ឃុន ថារ៉ូ មានប្រសាសន៍ថា សមត្ថកិច្ចចាប់ខ្លួនកម្មករ និងតំណាងសហជីពមួយចំនួន ធ្វើឡើងផ្ទុយពីច្បាប់ជាតិ ច្បាប់អន្តរជាតិ និងជាការបំបាក់ស្មារតីនិងការតស៊ូមតិបែបអហិង្សា ។

មន្ត្រីសិទ្ធិមនុស្សរូបនោះថា បើសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ មិនធ្វើការងារដោយឈលើគោលការណ៍អព្យាក្រិតទេ នោះបញ្ហាប្រឈមនៅតែបន្តកើតមានឡើង ហើយអ្នកដែលរងគ្រោះកាន់តែធ្ងន់ធ្ងរភាគីកម្មករ។

លោកមានប្រសាសន៍ថា៖ «បើសិនជាមិនមានដំណោះស្រាយវាធ្វើឱ្យការតវ៉ា និងការធ្វើកូដកម្មនៅតែបន្តកើតមានទៀត  មិនអាចបញ្ចប់បានទេ។ អញ្ចឹងភាពអយុត្តិធម៌ដែលកើតមានឡើងនេះ វាកាន់តែធ្វើឱ្យមានការឈឺចាប់ដល់កម្មករ  ដែលពួកគាត់ទាមទាររកយុត្តិធម៌ និងដំណោះស្រាយសមរម្យ»។

កាលពីមិ្សលមិញ ក្រុមសហជីពមួយចំនួន​បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកៗពីគ្នា  ដោយគាំទ្រ ចំពោះការធ្វើកូដកម្មដោយសន្តិវិធីរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាង ១ពាន់នាក់ ដោយថាការធ្វើកូដកម្មអហិង្សាជាការអនុវត្តសិទ្ធិជាមូលដ្ឋាន ដែលបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ការងារ ច្បាប់ស្ដីពីសហជីព និងផ្អែកតាមលក្ខន្តិកៈរបស់សហជីពដែលចុះបញ្ជីនៅក្រសួងការងារផងដែរ។

ជាមួយគ្នានេះ  ក្រុម​សហជីព និងមន្ត្រីអង្គការមួយចំនួនបង្ហាញការមិនពេញចិត្ត និងថ្កោលទោសចំពោះវិធានការរបស់សមត្ថកិច្ចចំពោះការចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនសហជីពទាំងនោះ ថា មិនបានអនុវត្តតួនាទី និងកាតព្វកិច្ចរបស់ខ្លួនឱ្យស្របតាមច្បាប់ក្នុងការការពារសុវត្ថិភាពក្រុមកូដករ ដែលធ្វើកូដកម្មដោយសន្តិវិធីឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ