សង្គមស៊ីវិលចាត់ទុកការចាប់ខ្លួនកូដករអហិង្សា១៤នាក់បន្ថែមទៀតជាការរំលោភសិទ្ធិជាមូលដ្ឋានរបស់កម្មករ

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

មន្ត្រីសង្គមស៊ីវិលបានចាត់ទុកការចាប់ខ្លួនកូដករអហិង្សា១៤នាក់បន្ថែមទៀតដែលមានវិវាទការងារជាមួយ​​ក្រុមហ៊ុនណាហ្គាវើលដ៍ ជាការរំលោភសិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត និងគំរាមកំហែងធ្ងន់ធ្ងរដល់ការតស៊ូមតិដោយសន្តិវិធីនៅកម្ពុជា។  ​

ការលើកឡើងនេះ ក្រោយពេលកូដករចំនួន១៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅរសៀលថ្ងៃចន្ទនេះ ខណៈ​ថ្នាក់ដឹកនាំនិងសកម្មជនសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ ៦នាក់ទៀត ដែល​សមត្ថកិច្ចចាប់ខ្លួនកាលពីយប់ឆ្លងឆ្នាំក្នុងចំណោម១០នាក់នោះ ត្រូវបានគេបញ្ជូនមកតុលាការរាជធានីភ្នំពេញនៅព្រឹកថ្ងៃដដែលនេះ។

​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅថា ​សង់ត្រាល់ លោក​ ឃុន ថារ៉ូ មានប្រសាសន៍ថា នៅម៉ោងប្រហែលជា២រសៀលថ្ងៃចន្ទនេះ សមត្ថកិច្ចបានចាប់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន១៤នាក់បន្ថែមទៀត បន្ទាប់ពីពួកគេត្រៀមជួបជុំគ្នាបន្តធ្វើកូដកម្មដោយអហិង្សានៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍ទី២។

លោក ឃុន ថារ៉ូ ចាត់ទុកការចាប់ខ្លួនកម្មករបន្ថែមនេះ គឺជាការរំលោភសិទ្ធិជាមូលដ្ឋាន និងជាការគំរាមកំហែងដល់អ្នកតស៊ូមតិបែបអហិង្សា ជាដើម។

លោកមានប្រសាសន៍ថា៖ «វានឹងបង្កើននូវការតវ៉ានិងការទាមទារបន្ថែមទៀត ហើយភាពអយុត្តិធម៌វានឹងកើតឡើងចំពោះកម្មករនិយោជិតដែលជាអ្នកទន់ខ្សោយ។ ហើយអាជ្ញាធរបែរជាមិនព្យាយាមស្វះស្វែងរកដំណោះស្រាយ បែរជាប្រើវិធានការការបង្ក្រាបនិងការចាប់ខ្លួន។ វាជាការគំរាមកំហែងខ្លាំងណាស់ដល់សិទ្ធិសេរីភាពផ្នែកសមាគម។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ខ្លួនបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន១៤នាក់បន្ថែមទៀត មិនមែនជាដំណោះស្រាយល្អរវាងក្រុមហ៊ុននិងកម្មករនោះទេ។ លោកថា បើសមត្ថកិច្ចនៅតែបន្តធ្វើការចាប់ខ្លួនកម្មករជាប​ន្តបន្ទាប់ ជាការរំលោភលើសិទ្ធិការងារ និងធ្វើឱ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិថ្កោលទោសកម្ពុជាផងដែរ។

លោកមានប្រសាសន៍ថា៖ «កាលណាប្រើប្រាស់វិធានការចាប់ខ្លួនទៅលើកូដករ វាមិនមែនជាដំណោះស្រាយល្អទេ ផ្ទុយទៅវិញ វាអាចគេមើលឃើញថា ជាការរំលោភបំពានទៅលើសិទ្ធិការងារ ទៅលើសិទ្ធិរបស់បុគ្គលិកណាហ្គាវើលដ៍ ហើយការប្រកបនូវវិជ្ជាជីវៈនៃសហជីពរបស់ណាហ្គាវើលដ៍ ជាការរំលោភបំពានទៅលើសិទ្ធិរបស់ពួកគាត់ ដែលនាំឱ្យមានការរិះគន់និងការថ្កោសទោស»។

អំឡុងពេលចាប់ខ្លួន ភ្លាមៗនោះ កូដករម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ​ លក្ខណ៍ នីកា (Leak Nika)  ក្នុងចំណោម១៤នាក់ បានឡាយហ្វេសប៊ុកនៅក្នុងឡានរបស់សមត្ថកិច្ចដែលកំពុងដឹកពួកគេ ដោយនិយាយថា ពួកគាត់មិនដឹងសមត្ថកិច្ចដឹកយកទៅទីណានោះទេ​  សមត្ថកិច្ចចាប់ពួកគេទាំងអយុត្តិធម៌ ជាពិសេសក្នុងនោះមានស្ត្រីមានផ្ទៃពោះម្នាក់ក៏ត្រូវបានចាប់បញ្ជូនចូលក្នុងឡានផងដែរ​។

លក្ខណ៍ នីកា (Leak Nika) និយាយក្នុងវីដេអូឡាយថា៖ «អយុត្តិធម៌ណាស់បងប្អូន! តើពួកខ្ញុំខុសអីគេ? ពួកខ្ញុំខុសអីបងប្អូន? សូម្បីតែស្ត្រីមានផ្ទៃពោះក៏ចាប់គ្នារុញឡើង[ឡាន] វាយគ្នា​ទៀតបងប្អូន! ជួយស៊ែ [Share] មួយបងប្អូន! ជួយស៊ែមួយ! ឥលូវនេះ ពួកខ្ញុំត្រូវគេចាប់ខ្លួនហើយ តើពួកខ្ញុំខុសអីគេ? ​ពួកខ្ញុំគ្រាន់តែជាកូដករ គ្រាន់តែមកតវ៉ាជាមួយក្រុមហ៊ុន ហេតុអីបានជាខាងរដ្ឋ ហេតុអីបានជាកងកម្លាំងចាប់ពួកខ្ញុំ? ហេតុអីនេះ? ឥលូវនេះ?»

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់ វីអូឌី នៅរសៀលនេះថា ទាក់ទងព័ត៌មាននៃការចាប់ខ្លួនកូដករទាំង១៤នាក់បន្ថែមទៀតនោះ លោកនៅពុំទាន់ទទួលបាននៅឡើយទេ។

ចំណែកបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលជាយប់ឆ្លងឆ្នាំសកល លោក សីហា បញ្ជាក់ថា មានចំនួន៩នាក់ប៉ុណ្ណោះ ដោយ៦នាក់ត្រូវបានបញ្ជូនទៅតុលាការសាកសួរបន្តនៅព្រឹកថ្ងៃចន្ទនេះ ខណៈ៣នាក់ទៀតយល់ព្រមធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ហើយសមត្ថកិច្ចដោះលែងឱ្យត្រលប់ទៅផ្ទះវិញនៅរសៀលថ្ងៃដដែលនេះ​។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍ថា សំណុំរឿងបុគ្គលិកណាហ្គាវើលដ៍ចំនួន៦នាក់នោះ ត្រូវបានបញ្ជូនដល់ដៃចៅក្រមស៊ើបសួរហើយ ខណៈបច្ចុប្បន្ននេះ ចៅក្រមកំពុងបន្តនីតិវិធី។ ករណីនេះ លោកសុំមិនទាន់បកស្រាយលម្អិត​បានទេ។

លោក រី ពីតា ដែលអះអាងថាត្រូវជាប្អូនប្រុសបង្កើតរបស់អ្នកនាង រី សុវណ្ណឌី បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃនេះថា បងស្រីគាត់ធ្វើកូដកម្មដោយអហិង្សា ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនគោរពលក្ខខណ្ឌការងារតែប៉ុណ្ណោះ ប៉ុន្តែសមត្ថកិច្ចបែរជាមកចាប់ខ្លួនបងស្រីគាត់និងមិត្តរួមការងារមួយចំនួនទៀតបញ្ជូនទៅតុលាការដោយអយុត្តិធម៌។

លោកថា នៅពេលបងស្រីត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ ធ្វើឱ្យគាត់ជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ ព្រោះបងស្រីគាត់ជាអ្នករកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ។

លោកមានប្រសាសន៍ថា៖ «​ខ្ញុំមានការព្រួយបារម្ភជាខ្លាំង ពីព្រោះបងស្រីខ្ញុំជាបងស្រីច្បង ហើយណាមួយគាត់ទទួលបន្ទុកក្នុងគ្រួសារយ៉ាងច្រើន ដូចជា ការផ្គត់ផ្គង់លើឪពុកម្ដាយខ្ញុំផ្ទាល់ដែលគាត់ដោយសព្វថ្ងៃ គាត់ចាស់ជរា ហើយមានជំងឺប្រចាំកាយផង ព្រមទាំងខ្ញុំផងដែរ ជាកូនទីបីនៅរៀនសូត្រ គាត់តែងតែជួយខ្ញុំជារៀងរហូត។ ហើយនៅពេលដែលគាត់បាត់បង់ការងារម្ដងមក ខ្ញុំតែងតែពិបាកចិត្ត។ ឥលូវបែរជាគាត់មានរឿង សមត្ថកិច្ចឃាត់ខ្លួននៅពេលដែលគាត់កូដកម្មដើម្បីទាមទារយុត្តិធម៌នៅក្នុងក្រុមហ៊ុនរបស់គាត់ ណាហ្គាវើលដ៍»។

រីឯកញ្ញា ឈឹម ចាន់ណារី ដែលអះអាងថាត្រូវជាប្អូនបង្កើតរបស់អ្នកនាង ឈឹម សុខន បានថ្លែងដែរថា សមត្ថកិច្ចចាប់ខ្លួនបងស្រីគាត់ទាំងអយុត្តិធម៌។ ករណីនេះ កញ្ញាអំពាវនាវទៅតុលាការទម្លាក់ការចោទប្រកាន់លើបងស្រី​និងដោះលែងពួកគាត់ឱ្យមានសេរីភាពវិញ។

កញ្ញាអំពាវនាវដូច្នេះថា៖ «ទីមួយ ខ្ញុំចង់ឱ្យខាងភាគីតុលាការឬភាគីខាងតំណាងអយ្យការទម្លាក់ការចោទប្រកាន់ ព្រោះអីពួកគាត់មានវិវាទជាមួយក្រុមហ៊ុន មិនពាក់ព័ន្ធជាមួយរឿងសង្គមឬរឿងនយោបាយអ្វីនោះទេ គ្រាន់តែជាបញ្ហារបស់បុគ្គលិកហើយនិងក្រុមហ៊ុន។ ហើយទីពីរទៀត គាត់ធ្វើកូដកម្មក្រោមរូបភាពអហិង្សា»។

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ ក្រុមសហជីពមួយចំនួន​បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកៗពីគ្នា ដោយគាំទ្រចំពោះការធ្វើកូដកម្មដោយសន្តិវិធីរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាង១ពាន់នាក់ ដោយថាការធ្វើកូដកម្មអហិង្សាជាការអនុវត្តសិទ្ធិជាមូលដ្ឋានដែលបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ការងារ ច្បាប់ស្ដីពីសហជីព និងផ្អែកតាមលក្ខន្តិកៈរបស់សហជីពដែលចុះបញ្ជីនៅក្រសួងការងារផងដែរ។

ជាមួយគ្នានេះ  ក្រុម​សហជីពនិងមន្ត្រីអង្គការមួយចំនួនបង្ហាញការមិនពេញចិត្តនិងថ្កោលទោសចំពោះវិធានការរបស់សមត្ថកិច្ចចំពោះការចាប់ខ្លួនថ្នាក់ដឹកនាំនិងសកម្មជនសហជីពទាំងនោះ ថាមិនបានអនុវត្តតួនាទីនិងកាតព្វកិច្ចរបស់ខ្លួនឱ្យស្របតាមច្បាប់ក្នុងការការពារសុវត្ថិភាពក្រុមកូដករដែលធ្វើកូដកម្មដោយសន្តិវិធីឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ