UPDATED៖ អាជ្ញាធរបានចាប់ខ្លួនមេសហជីព ៣នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធនឹងកូដកម្មនៅមុខណាហ្គាវើលដ៍

មេសហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម្ដុំណាហ្គាវើលដ៍ ជិតរដ្ឋសភា ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

អាជ្ញាធររាជធានីភ្នំពេញ បាន​ចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ និងគូកន២នាក់ទៀត បញ្ជូនទៅតុលាការនៅរសៀលនេះ ពាក់ព័ន្ធនឹង «ការញុះ​ញង់ និងរៀបចំការតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍»

អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា ដើមចមដែលនាំឱ្យសមត្ថកិច្ចចុះចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្បែររដ្ឋសភា និងគូកន២នាក់ទៀត លោក សុខ ណារិទ្ធ និងលោក សុខ គង្គា នៅរសៀលថ្ងៃនេះ ដោយសារពួកគេជាមេខ្លោងដឹកនាំក្រុមកម្មករធ្វើបាតុកម្មតវ៉ា​ទាមទារលក្ខខណ្ឌការងារ​ពីក្រុមហ៊ុនណាហ្គាវើលដ៍ទាំងបំពានច្បាប់ ។

លោកមានប្រសាសន៍ថា៖ «ដោយសារមានដីកានាំខ្លួនស្រាប់ អ៊ីចឹង​យើងចាប់ខ្លួន​តាម​ដីកា ហើយ​យើង​បញ្ជូនទៅតុលាការ ព្រោះយើងអនុវត្តតាមដីកា យើងបញ្ជូនឱ្យតុលាការអនុវត្តបន្ត»។

វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេនៅរសៀលថ្ងៃនេះ។

កញ្ញា ឈឹម ស៊ីថរ បានប្រកាសកាលពីព្រឹកមិញថា នាងនឹងទៅចូលរួមធ្វើកូដកម្មដោយសន្តិវិធីនៅទីតាំងមុខអគារណាហ្គាវើលដ៍ ដែលជាទីកន្លែងក្រុមសហជីពនិងសមាជិកសហជីព​កំពុងធ្វើកូដកម្ម។ កញ្ញាបានសន្និដ្ឋានជាមុនថា នាងនឹងអាចត្រូវបានចាប់ខ្លួនដោយកម្លាំងមានសមត្ថកិច្ច។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកស្រី ដោយបានចោទជាសំណួរថា៖ «តើនេះជាសង្គ​មអ្វី​ ដែលអាជ្ញាធរមកចាប់ស្ត្រីវ័យក្មេងដោយហិង្សា​ ក្រៀកកគ្នា​ ហើយញាត់ចូលឡា​នទាំងប្រញាប់ប្រញាល់គ្មានដីកាត្រឹមត្រូវ?»

ចំណែកស្ថានទូតសហរដ្ឋអាមេរិក បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកដែរ​​ថា ស្ថានទូតប្រទេស​មហាអំណាចមួយនេះកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នូវការចាប់ខ្លួនសមា​ជិក​សហជីព​នៃបុគ្គលិក​កម្មករក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ដោយសារតែការបញ្ចេញមតិដោយសន្តិវិធី និងបានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាស្ដាប់សំឡេងរបស់ពលរដ្ឋ។

ស្ថានទូតអាមេរិក បានសរសេរថា៖ «យើងកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់នូវការចាប់ខ្លួនសមាជិកសហជីព​នៃបុគ្គលិកកម្មករនៃកាស៊ីណូណាហ្គាវើលដ៍ ដោយសារតែការបញ្ចេញមតិ​ដោយសន្តិវិធីរបស់ពួកគេ និងស្នើឱ្យអាជ្ញាធរស្ដាប់ពីពលរដ្ឋ មិនមែនបំបិទសំឡេង​​របស់គេទេ។ សេរីភាព​ក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្ដុំគ្នា និងក្នុងការចងក្រងគ្នាជាក្រុម សមាគម​ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ​នៃប្រទេសកម្ពុជា»

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ខ្លួនសហជីពនិងតំណាងចំនួន៣នាក់បន្ថែមទៀតមិនមែនជាដំណោះស្រាយល្អរវាងក្រុមហ៊ុននិងកម្មករនោះទេ។ លោកថា បើសមត្ថកិច្ចនៅតែបន្តចាប់ខ្លួនកម្មករជាប​ន្តបន្ទាប់ ជាការរំលោភលើសិទ្ធិការងារ រំលោភសិទ្ធិជាមូលដ្ឋាន និងជាការគំរាមកំហែងដល់អ្នកតស៊ូមតិបែបអហិង្សា។

លោកជំរុញទៅតុលាការទម្លាក់ការចោទប្រកាន់និងដោះលែងតំណាងសហជីព ដើម្បីឱ្យ​ពួក​​គេ​ចូល​តុចរចាជាមួយក្រុមហ៊ុន ជាជាងចាប់បញ្ជូនទៅឃុំខ្លួន ដែលធ្វើឱ្យរងការរិះគន់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។

លោកមានប្រសាសន៍ថា៖ «ការចាប់ខ្លួនទៅលើតំណាងសហជីពឬតំណាងបុគ្គលិកហ្នឹងមិនអាចបញ្ចប់រឿងហ្នឹងបានទេ តែផ្ទុយទៅវិញ វាអាចធ្វើឱ្យកាន់តែតានតឹងបន្តទៀត»។

លោកបន្ថែម​ថា៖ «អ៊ីចឹង​ដំណោះស្រាយដែលល្អ ខ្ញុំគិតថា គួរតែដោះលែងទាំងអស់ហ្នឹង ហើយ​វិលទៅរកការចរចាតាមសន្តិវិធីនិងតាមផ្លូវច្បាប់ ជាពិសេសគោរពទៅតាមគោលការណ៍ច្បាប់ការងារ ដើម្បីដោះស្រាយវិវាទការងារ វាជារឿងល្អ»។

តែយ៉ាងណា ក្នុងសន្និសីទនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារនេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានថ្លែងថា ក្រោយពីធ្វើការស្រាវជ្រាវលើក្រុមកម្មករ​ដែល​ធ្វើកូ​ដកម្មទាមទារលក្ខខណ្ឌការងារ​ពីក្រុមហ៊ុនណាហ្គាវើលដ៍ អស់រយៈពេលជាង១០ថ្ងៃនេះ សមត្ថកិច្ច​បាន​ចុះ​ចាប់​ខ្លួន​បុគ្គលិកណាហ្គាវើលដ៍ចំនួន១០នាក់កាលពីយប់ថ្ងៃឆ្លងឆ្នាំ ដោយ​មាន​ដីកាត្រឹ​ម​ត្រូវ​តាម​ច្បាប់ មិនដូចការលើកឡើងរបស់បុគ្គលមួយចំនួនដែលថាសមត្ថកិច្ចចុះចាប់មនុស្សដោយគ្មានដីកានោះទេ។

ព្រះរាជអាជ្ញារងរូបនោះបញ្ជាក់ថា ដើមចមដែលនាំឱ្យសមត្ថកិច្ចចាប់ខ្លួនកម្មករ ដោយសារពួកគេប្រមូលផ្ដុំគ្នាតវ៉ាដោយខុសច្បាប់ និងមានអង្គការចាត់តាំងនៅក្រៅប្រទេសមួយចំនួនជួយឧបត្ថម្ភជាប្រាប់រាប់ម៉ឺនដុល្លារដល់ក្រុមសហជីពក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងក្រុមហ៊ុន។

ករណីនេះ លោក សេង ហៀង បញ្ជាក់ថា ក្រោយពីប្រមូលបានភស្តុតាងមួយចំនួន តុលាការ​បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមេសហជីពចំនួន៣នាក់ដែលដឹកនាំបាតុករ រួមមាន កញ្ញា ឈឹម ស៊ីថរ, លោក សុខ ណារិទ្ធ និងលោក សុខ គង្គា ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។

ព្រះរាជអាជ្ញារង សេង ហៀង បានឱ្យដឹងទៀតថា ចំពោះក្រុមបាតុករជា១០នាក់ផ្សេងទៀតដែលសមត្ថកិច្ចចុះចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមករាម្សិលមិញ គឺសមត្ថកិច្ចកំពុងបន្តការសាកសួរ ហើយ​បើសិនជារកឃើញថាមានជាប់ពាក់ព័ន្ធនឹងការគប់គិតគ្នាជាមួយមេសហជីពធ្វើបាតុកម្មនោះ សមត្ថកិច្ចក៏នឹង​បញ្ជូនពួកគេ​ទៅតុលាការចាត់វិធានការច្បាប់ដែរ។ ប៉ុន្តែបើរកឃើញថា ពួកគេចាញ់បោកមេសហជីពក្នុងការ​ចូលរួមធ្វើបាតុកម្ម សមត្ថកិច្ចនឹង​ធ្វើការ​អប់រំ រួច​ដោះលែងពួកគេវិញនាពេលឆាប់ៗនេះ។

បន្ថែមពីនេះ លោក សេង ហៀង ក៏បានអំពាវនាវទៅបុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ឈប់ធ្វើបាតុកម្ម និង​នាំគ្នាទៅជួបចរចាគ្នាជាមួយក្រសួងការងារ ដើម្បីរកដំណោះស្រាយល្អរវាងកម្មករនិងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ ក្រុមសហជីពមួយចំនួន​បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកៗពីគ្នា ដោយគាំទ្រចំពោះការធ្វើកូដកម្មដោយសន្តិវិធីរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាង១ ០០០នាក់ ដោយថា ការធ្វើកូដកម្មអហិង្សាជាការអនុវត្តសិទ្ធិជាមូលដ្ឋានដែលបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ការងារ ច្បាប់ស្ដីពីសហជីព និងផ្អែកតាមលក្ខន្តិកៈរបស់សហជីពដែលចុះបញ្ជីនៅក្រសួងការងារផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ អាជ្ញាធរបានចាប់ខ្លួនកម្មករ សហជីព និងតំណាងសហជីពសរុបចំនួន២៦នាក់ ក្នុងនោះ បញ្ជូនទៅតុលាការ៩នាក់ ធ្វើកិច្ចសន្យាដោះលែងវិញចំនួន៣នាក់ និងកំពុងបន្តសាកសួរជាង១០នាក់ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ