ពលរដ្ឋ​មួយចំនួន​បន្ត​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ដោយ​សង្ឃឹមថា​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់

ថ្ងៃទី ១២ខែតុលា ឆ្នាំ ២០២១ សមត្ថកិច្ចខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធនានា បានចុះបង្រ្កាប​ទប់ស្កាត់ប្រជាពលរដ្ឋដែលប៉ុនប៉ងលបលួចឆ្លងដែន​ពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេ​ស​ថៃដោយខុសច្បាប់ ស្ថិតនៅ​ចំណុចភូមិអូរដាលើ ឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

សុភាសិតខ្មែរមួយបាន​លើកឡើងថា «ជួញជិតប្រសើរជាងជួញឆ្ងាយ» ដែលពាក្យ​នេះសំដៅទៅ​លើការ​ប្រកប​មុខរបរដែលនៅ​​មិនឆ្ងាយពីផ្ទះ មិនមាន​ហានិភ័យ​ដូចការប្រកបមុខរបរដែលនៅឆ្ងាយនោះទេ។ ​ប្រជាពលរដ្ឋខ្លះមានការយល់ឃើញស្របគ្នាទៅនឹងសុភាសិតនេះ ដោយ​ពួកគេ​រកការងារ​ធ្វើនៅក្នុងស្រុកឬធ្វើការនៅក្បែរផ្ទះ បើទោះជារកចំណូល​បាន​ច្រើន​ឬតិចក្ដី ខណៈ​​ពលរដ្ឋ​មួយ​ចំនួន​ទៀតបែរ​ជា​​សម្រេចចិត្តជ្រើសរើសរកការងារចំណាកស្រុកដដែល ដោយសារ​តែការ​ធ្វើកសិកម្មឬការងារនៅក្បែរផ្ទះពុំអាចជួយ​ឱ្យ​ជីវភាពពួកគាត់​ប្រសើរ​ឡើង​​។

បុរសវ័យចំណាស់​ម្នាក់ដែលកំពុងធ្វើការផ្នែកសន្តិសុខនៅក្រុងបាងកក ប្រទេសថៃ លោក ពុំ ចាន់សំអាត បានឱ្យដឹងថា លោកបានសម្រេចចិត្តចាកចេញពីស្រុកកំណើត​ក្នុងភូមិ​កោះបីពៃ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដើម្បីទៅធ្វើការនៅប្រទេសថៃ ចាប់​តាំងពី​ឆ្នាំ២០១៤មក។ លោកបន្តថា នៅឯស្រុកកំណើត លោក​មិន​អាចស្វែងរកការងារ​សម​រម្យ​ធ្វើ​​បាន ដោយសារ​តែមានចំណេះដឹងនៅមានកម្រិត ខណៈលក្ខខណ្ឌការងារ​ក៏មាន​ការ​ពិបាក ហើយចំណូលដែលរកបាន​ទាបពេក មិនអាចទ្រទ្រង់​ជីវភាពបានឡើយ។​

លោកថា៖ «លក្ខខណ្ឌការងារ​​នៅ​ស្រុក​ខ្មែរ​គឺរស់ពិបាក ហើយ​ពិបាក​រក​ការងារ​ទៅ​ទៀត។ បើ​និយាយ​ពីស្ថានភាពការងារ គិតពីចំណូលគឺទាបជាងស្រុកគេ ទើប​​ខ្ញុំបង្ខំចិត្តរស់នៅស្រុកគេ កម្រៃអាចជួយទ្រទ្រង់ជីវភាព​បាន ហូបខ្លះ សល់ខ្លះ»។

បច្ចុប្បន្ន លោក សំអាត ​មាន​ការងារជា​​សន្តិសុខនៅក្រុងបាងកក ​ដែលអាចរកចំណូលក្នុង​មួយខែបាន១៤ ៥០០បាត ដែលស្មើនឹង១លាន​៧៩ម៉ឺន​រៀល។ បុរសវ័យ៤៦ឆ្នាំ​រូប​នេះ បាន​ប្រៀបធៀបពីប្រាក់ចំណូលរវាងប្រទេសទាំងពីរថា ​ការ​ងារ​ជា​សន្ដិសុខ​នៅ​កម្ពុជា គឺលោក​អាច​រក​បានចំណូលបាន​ប្រមាណ២៨ ០០០រៀលក្នុងមួយថ្ងៃ ខណៈ​ការងារដូចគ្នា​នេះនៅឯប្រទេសថៃ អាចរកចំណូលបានយ៉ាងតិច៣០០បាត ដែលស្មើជាង៣០ ០០០​រៀល។

លោកបញ្ជាក់ថា​ ប្រសិនបើស្ថានភាពការងារនិងប្រាក់​បៀវត្សនៅកម្ពុជាមិនទាន់​​ល្អប្រសើរទេ លោកសុខចិត្តនៅ​បន្តការងារនៅប្រទេស​ថៃបន្តទៀតសិន បើទោះជាត្រូវរស់​​នៅ​ឆ្ងាយ​ស្រុកកំណើតនិង​ក្រុមគ្រួសារក៏ដោយ​។

ជាមួយគ្នានេះដែរ លោក ពុំ ចាន់សំអាត ក៏បាន​ស្នើ​​ដល់​​រដ្ឋាភិបាលកម្ពុជាជួយធ្វើ​យ៉ាង​ណា​​ឱ្យស្ថានភាពការងារនៅក្នុងស្រុកមានភាពប្រសើរជាងនេះ ដើម្បីឱ្យ​ពលរដ្ឋ​អាច​រក​ប្រាក់​ចំណូល​អាចចិញ្ចឹមជីវិតបាន និងចៀស​វាងការប្រថុយ​ប្រថាន​ទៅ​រក​ការ​ងារ​ធ្វើនៅ​ក្រៅប្រទេស​។

កំពុងតែធ្វើម្ហូបសម្រាប់​អាហារ​ថ្ងៃត្រង់​នៅ​មុខផ្ទះ ស្ត្រីមេផ្ទះវ័យ​២៥ឆ្នាំម្នាក់ ឈ្មោះ សៅ ឡី រស់​នៅ​ភូមិ​ព្រៃ​ក្វែក ឃុំស្វាយ​អន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមាន​ស្វាមី​ជាអ្នកចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស​ដែរនោះ បាន​និយាយថា ស្វាមីរបស់​គាត់បាន​ចាកចេញពីស្រុកកំណើតទៅធ្វើ​ការ​ជាកម្មករនេសាទនៅប្រទេស​ម៉ា​ឡេស៊ី អស់​រយៈពេល២ឆ្នាំមក​ហើយ គឺនៅអំឡុងចុង​ឆ្នាំ២០១៩ ដល់ខែ​សីហា ឆ្នាំ​២០២១។

អ្នកស្រីបន្តថា បច្ចុប្បន្ន ស្វាមីរបស់គាត់កំពុង​ធ្វើ​លិខិត​ឆ្លងដែន ដើម្បី​មាន​ឱកាស​បាន​ទៅធ្វើការ​នៅប្រទេសនោះជាថ្មីទៀត ដោយសារតែនៅទីនេះ រូបគាត់​មិន​មាន​មុខ​របរអ្វីផ្សេងក្រៅពីការធ្វើស្រែដើម្បីចញ្ចឹមជីវិត​ ហើយ​ការ​ធ្វើ​ស្រែនេះទៀត​សោតក៏មិនទទួលបាន​ផល​ល្អទៀត។

អ្នក​ស្រី​ថា៖ «យើង​មិនបាន​លុយ​ មិនមាន​មុខ​របរអី​ នៅ​ហ្នឹង[ស្រុក​កំណើត]មិនដឹង​​ថា​ធ្វើ​​អី​ ស្រែ​​មាន​តិច​ ដូច​ជា​យើង​ថា​ធ្វើ​ទៅ​វា​បាន​ម៉ាត្រឹម​ហូប​អី​ហ្នឹង​​ ដូចជាថា​យើង​ចង់បាន​អី​ឱ្យ​ធំ​ដុំ​ វា​មិន​បាន​​អ៊ីចឹង។​ គាត់[ប្ដី]​ធ្វើ​ជា​កម្មករ​ចុះ​ទូ​ក​នេសាទ​»។

អ្នក​ស្រី សៅ ឡី បន្តថា ពេលធ្វើជាកម្មករនេសាទនៅប្រទេស​ម៉ាឡេស៊ី ស្វាមីរបស់​គាត់​អាច​រក​ចំណូលជាមធ្យម​បាន​ប្រហែល១លាន​រៀល​ក្នុង​មួយ​ខែ ដោ​​យ​​អាស្រ័យទៅលើត្រីដែល​គាត់​​​​ចាប់​​បាន។

ស្ត្រីរូបនេះបញ្ជាក់ថា ខ្លួន​​មិនចង់​ឱ្យស្វាមី​​ទៅ​ធ្វើការ​នៅក្រៅប្រទេស​ឆ្ងាយពី​គ្រួសារនោះ​ទេ ប៉ុន្តែនេះជា​ការសម្រេចចិត្តស្វាមីរបស់​អ្នកស្រី ខណៈជីវភាពគ្រួសារមាន​ការ​ខ្វះខាត ហើយចំណេះដឹង​ស្វាមីអ្នកស្រីនៅមានកម្រិត​ ដែលមិនអាចទៅរកការងារ​អ្វី​ផ្សេង​​បានក្រៅពីការធ្វើសំណង់។

បើតាមស្ត្រីរូបនេះ ស្វាមីរបស់គាត់ត្រូវរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដែល​មានសមាជិកដល់​ទៅ៨នាក់។

ចំណែកស្ត្រីមួយរូបទៀតដែលមាន​បងប្អូនទៅធ្វើការនៅប្រទេសថៃ អ្នកស្រី ប៊ុន សាលី បានលើកឡើងថា បងស្រីរបស់គាត់និងគ្រួសារបាន​ចាកចេញពី​ស្រុកកំណើត​កាលពី​អំឡុងឆ្នាំ២០១៩ ដោយទៅធ្វើជាកម្មករ​ក្នុងរោង​ចក្រវេចខ្ចប់សាច់ជ្រូក​មួយ​កន្លែង​ក្នុ​ង​ប្រទេសថៃ​។ អ្នកស្រីបន្តថា ការដែលគ្រួសារបងស្រីរបស់គាត់ រួមទាំងស្វាមី និងកូន​ស្រី​ម្នាក់​ នាំគ្នាចំណាក​ស្រុក​ទៅ​ធ្វើ​ការ​​នៅក្រៅ​ប្រទេស​នេះ ដោយ​សារ​តែ​ពួក​គាត់​​មាន​​ជីវ​ភាព​​ក្រីក្រ ជំពាក់បំណុលគេ និង​ជួប​ការ​លំបាក​​ខ្លាំង​​​​​​ក្នុ​ងជីវភាព។ 

អ្នក​ស្រី​និយាយថា៖ «ដីស្រែមា​ន តែ​គាត់[បងស្រីអ្នកស្រី]​ធ្វើ​មិន​សូវ​​បាន​ គេ​ធ្វើ​បាន​ គាត់​​​ធ្វើ​បាន​តែ​ខាត​។ អ៊ីចឹង​ហើយ​​គាត់​សម្រេច​ចិត្ត​ទៅធ្វើនៅនោះ​[ប្រទេសថៃ] ទៅ​ហ្នឹង​ទៅ វា​​ឆាប់បាន។ ​គាត់ទៅ​១ដងហើយ​ហ្នឹង​ ៣ឆ្នាំ​បាន​​គាត់​មកម្ដង​។ ហ្នឹង[ប្រាក់រកបានពីការងារនៅក្រៅប្រទេស]​បាន​ធ្វើផ្ទះ​ហ្នឹង​»។

មន្រ្តីកម្មវិធីផ្នែកពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា បានគូសបញ្ជាក់ថា ​ស្ថានភាពពលករចំណាកស្រុកទៅធ្វើការ​នៅក្រៅ​ប្រទេសនាពេលបច្ចុប្បន្ននេះ នៅតែមាន​កំណើនខ្ពស់​​ដោយ​សារ​កង្វះ​ការ​ងារ​ធ្វើ​ក្នុងស្រុក​ ជំពាក់​បំណុល​ និងការធ្វើកសិកម្មមិន​បានផលល្អ ដែល​មិនអាចលើកកម្ពស់ជីវភាពគ្រួសាររបស់​ពួកគាត់​បាន។ លើស​ពី​នេះ ​លោកថា ការងារដែលពួកគេ​ធ្វើ​សុទ្ធ​សឹង​តែ​ជា​ការងារដែល​មិនមានជំនាញ ដែលប្រឈមនឹង​ការរំលោភបំពានសិទ្ធិការងារ ​ជាដើម។

លោកថា៖ «នៅពេល​ដែល​ពួកគាត់​ធ្វើការ​ដោយ​គ្មាន​ជំនាញនោះ ពួកគាត់នឹងប្រឈមការងារ​៣ គឺ​ការងារកខ្វក់ លំបាក និង​គ្រោះថ្នាក់។​ ហើយពួកគាត់ត្រូវបានគេជួញដូរកម្លាំងពលកម្ម ជួញដូរមនុស្ស មានការរំលោភបំពានផ្សេងៗអីជាដើមហ្នឹង»​។

លោក ឌី ថេហូយ៉ា យល់ឃើញថា ​រដ្ឋាភិបាលគួរតែ​ធ្វើយ៉ាងណាឱ្យ​ពលករចំណាកស្រុកមានជំនាញ​ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ​ បង្កើតឱ្យមានយន្តការធានាសិទ្ធិនិងសុវត្ថិភាពច្បាស់​លាស់​​ដល់​ពួក​គេ។ លោកក៏បានជំរុញ​ដល់​រដ្ឋាភិបាលគួរតែពង្រឹងសមត្ថភាពបន្ថែមដល់​ពលករ​ទាំងនោះ​​ ដើម្បី​ឱ្យពួកគេ​មា​ន​ឱកាស​រកការងារនៅ​ក្នុង​ស្រុក​បាន នៅពេលដែ​លពួកគេ​ត្រលប់មកស្រុកកំណើត​វិញ​។

លោកលើកឡើងថា៖ «ទី២ ប្រព័ន្ធអំពីការការពារ​សិទ្ធិរបស់ពួកគាត់ មិនមែនមានន័យថា ​នៅពេលដែលគាត់​ចំណាកស្រុកនៅស្រុកគេហើយ ហើយបោះបង់​គាត់ចោល​ មិនបានធានាសុវត្ថិភាពការពារ​​​សិទ្ធិរបស់ពួកគាត់ ដូចជាស្ត្រី​ខ្មែរយើងចាញ់បោកគេទៅម៉ាឡេស៊ី ទៅចិន ទៅថៃ ជាដើម»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ និងអ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង​ បាននៅឡើយទេ។

អ្នកស្រាវជ្រាវការអភិវឌ្ឍ​សង្គម លោកបណ្ឌិត ប៉ា ច័ន្ទរឿន ​មានប្រសាសន៍ថា ​កត្តាដែលនាំឱ្យពលរដ្ឋខ្មែរ​​​សម្រេចចិត្តចាកចេញពីស្រុកកំណើត ដើម្បីទៅធ្វើការ​នៅប្រទេស​ដទៃ ដោយសារ​តែ​ប្រាក់ខែនៅប្រទេស​ទាំងនោះ​ខ្ពស់​ជាងក្នុងស្រុក​ មានលក្ខខណ្ឌការងារល្អ និងបញ្ហា​​កង្វះការងារនៅក្នុងស្រុក។

លោកបន្ដថា ​ប្រសិនបើពលករទៅធ្វើការដោយស្របច្បាប់​នោះ អាចឱ្យពួកគេទទួលបានចំណេះជំនាញខ្លះពីបរទេស​ និង​អាចទទួលបានប្រាក់ខែខ្ពស់ ព្រមទាំងចេះសន្សំទៀតនោះ នឹង​អាច​ជួយលើកកម្ពស់​ជីវភាពគ្រួសារនិងសង្គមជាតិ​បានមួយកម្រិតដែរ។ ទោះជាយ៉ាងណា លោកថា ប្រសិនបើ​​​​ពួកគេ​ទៅដោយមិនស្របច្បាប់ និង​ខ្ចីលុយពីប្រភព​ផ្សេងៗ​ដើម្បីរត់ឯកសារ​ធ្វើ​​ចំណាក​ស្រុកនោះ​ ​នឹង​ធ្វើឱ្យពួកគេ​ប្រឈម​នឹងបំណុល បញ្ហា​សុខ​ភាព និងសុវត្ថិភាព ព្រមទាំងបាត់បង់កម្លាំងធនធាន​មនុស្សក្នុងស្រុក​ផង​ដែរ។

លោកថា៖ «ប្រសិនបើប្រជាពលរដ្ឋខ្មែរដែលពេញកម្លាំង​ទៅធ្វើការនៅស្រុកគេកាន់តែច្រើនទៅ ​ធ្វើឱ្យ​បាត់​បង់​​ធន​ធាន​មនុស្ស​ ​ជាពិសេស​កម្លាំងសម្រាប់សេ​ដ្ឋកិច្ច ដែលធ្វើឱ្យ​យើងប្រឈមមុខ​នឹង​កង្វះ​​កម្លាំង​នៅ​ក្នុង​កិច្ចការ​ងារ​​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ចជាក់​ស្ដែង»​។

លោកបន្ដ​ថា រដ្ឋាភិបាល​និងស្ថាប័នពាក់ព័ន្ធនានាគួរតែពិនិត្យឡើងវិញចំពោះ​ស្ថានភាពពលករចំណាកស្រុកនៅក្រៅប្រទេស​ និងបង្កើតយន្តការ កិច្ចសហប្រតិបត្តិការ​ ដើម្បីជួយពួកគេខាងផ្នែកស្មារតី សុវត្ថិភាព​ រួមទាំងបង្កើតឱ្យមានការកៀរគរអ្នកវិនិយោគទាំងក្នុងស្រុកនិងក្រៅស្រុក​ដែលអាចបង្កើតការងារបន្ថែមនៅក្នុងស្រុកបាន​។

លោកថា៖ «ខ្ញុំជឿថា ប្រសិនបើ​នៅក្នុងស្រុកសម្បូរ​ការងារ​ លក្ខខណ្ឌការងារល្អប្រសើរ ​ប្រាក់ចំណូលឱ្យ​បាន​​សមរម្យ​ ខ្ញុំគិតថា ប្រជាពលរដ្ឋនៅតែគិតដូច[សុភាសិត​]ខ្មែរយើងអ៊ី​ចឹង ដោយគិតតាមពាក្យចាស់ថា ជួញ​ជិត​ប្រសើរជាង​ជួញ​ឆ្ងាយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ