តុលាការ​បង្គាប់​ឱ្យ​ចាប់ខ្លួន​មេសហជីព​៣នាក់​ទៀត ពាក់ព័ន្ធ​ការ​ដឹកនាំ​កូដកម្ម​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមេដឹកនាំសហជីពចំនួន៣នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងការញុះ​ញង់ និងរៀបចំការតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈម​នុស្ស៦នាក់​ត្រូវបានតុលាការចោទប្រកាន់និងបង្គាប់ឱ្យឃុំ​ខ្លួន​នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន។

ក្នុងសន្និសីទនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារនេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានថ្លែងថា ក្រោយពីធ្វើការស្រាវជ្រាវលើក្រុមកម្មករ​ដែល​ធ្វើកូ​ដកម្មទាមទារលក្ខខណ្ឌការងារ​ពីក្រុមហ៊ុនណាហ្គាវើលដ៍ អស់រយៈពេលជាង១០ថ្ងៃនេះ សមត្ថកិច្ច​បាន​ចុះ​ចាប់​ខ្លួន​បុគ្គលិកណាហ្គាវើលដ៍ចំនួន១០នាក់កាលពីយប់ថ្ងៃឆ្លងឆ្នាំ ដោយ​មាន​ដីកាត្រឹ​ម​ត្រូវ​តាម​ច្បាប់ មិនដូចការលើកឡើងរបស់បុគ្គលមួយចំនួនដែលថាសមត្ថកិច្ចចុះចាប់មនុស្សដោយគ្មានដីកានោះទេ។

ព្រះរាជអាជ្ញារងរូបនោះបញ្ជាក់ថា ដើមចមដែលនាំឱ្យសមត្ថកិច្ចចាប់ខ្លួនកម្មករ ដោយសារពួកគេប្រមូលផ្ដុំគ្នាតវ៉ាដោយខុសច្បាប់ និងមានអង្គការចាត់តាំងនៅក្រៅប្រទេសមួយចំនួនជួយឧបត្ថម្ភជាប្រាក់រាប់ម៉ឺនដុល្លារដល់ក្រុមសហជីពក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងក្រុមហ៊ុន។

ករណីនេះ លោក សេង ហៀង បញ្ជាក់ថា ក្រោយពីប្រមូលបានភស្តុតាងមួយចំនួន តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមេសហជីពចំនួន៣នាក់បន្ថែមទៀតដែលដឹកនាំបាតុករ រួមមាន កញ្ញា ឈឹម ស៊ីថរ, លោក សុខ ណារិទ្ធ និងលោក សុខ គង្គា ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។

លោកមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះ ដីកានៅក្នុងដៃស្ថាប័នអយ្យការហើយ អ៊ីចឹង​ស្ថាប័នអយ្យការជាកិច្ចបន្ត គឺសហការជាមួយស្ថាប័នមានសមត្ថកិច្ច ទាំងកងរាជអាវុធហត្ថ ទាំងមន្ត្រីប៉ូលិស គឺយើងត្រូវអនុវត្តជាមួយគ្នា ដើម្បីស្វែងរកចាប់ខ្លួនមេក្រុម គេហៅថា មេខ្លោង គឺ ឈឹម ស៊ីថរ និង២នាក់ទៀត ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់»

លោកមានប្រសាសន៍បន្ថែមថា៖ «ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចយើងកំពុងតែដុតដៃដុតជើង កំពុងតែស្វែងរកហើយ ហើយនីតិវិធីបន្តការចាប់ខ្លួនបាន យើងនឹងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី»

ព្រះរាជអាជ្ញារង សេង ហៀង បានឱ្យដឹងទៀតថា ចំពោះក្រុមបាតុករប្រមាណ១៧នាក់ផ្សេងទៀតដែលសមត្ថកិច្ចចុះចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមករា ម្សិលមិញ គឺសមត្ថកិច្ចកំពុងបន្តការសាកសួរ ហើយ​បើសិនជារកឃើញថាពាក់ព័ន្ធនឹងការគប់គិតគ្នាជាមួយមេសហជីពធ្វើបាតុកម្ម នឹងបញ្ជូនទៅតុលាការចាត់វិធានការច្បាប់ដែរ។ ប៉ុន្តែបើរកឃើញថា ពួកគេចាញ់បោកមេសហជីពក្នុងការ​ចូលរួមធ្វើបាតុកម្មនោះ សមត្ថកិច្ចនឹងធ្វើការអប់រំដោះលែងពួកគេវិញនាពេលឆាប់ៗនេះ។

បន្ថែមពីនេះ លោក សេង ហៀង ក៏បានអំពាវនាវទៅបុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍ឈប់ធ្វើបាតុកម្ម និង​នាំគ្នាទៅជួបចរចាគ្នាជាមួយក្រសួងការងារ ដើម្បីរកដំណោះស្រាយល្អរវាងកម្មករនិងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ បានផ្ញើសារប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះថា កញ្ញា និងសហការីម្នាក់ទៀត គឺលោក សុខ ណារិទ្ធ នឹងទៅចូលរួមធ្វើកូដកម្មដោយសន្តិវិធីនៅទីតាំងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលជាទីកន្លែងក្រុមសហជីពនិងសមាជិកសហជីព​កំពុងធ្វើកូដកម្មនៅក្នុងរង្វង់ម៉ោង២រសៀលថ្ងៃនេះ។

កញ្ញា ឈឹម ស៊ីថរ បានសរសេរថា៖ «នាងខ្ញុំមានគម្រោងបង្ហាញខ្លួននៅក្នុងកូដកម្មនៅរសៀលថ្ងៃនេះ ក្នុងរង្វង់ម៉ោង២! ហើយប្រហែលជាមានការចាប់ខ្លួននាងខ្ញុំនៅទីនោះ»។

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ ក្រុមសហជីពមួយចំនួន​បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកៗពីគ្នា ដោយគាំទ្រចំពោះការធ្វើកូដកម្មដោយសន្តិវិធីរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាង១ ០០០នាក់ ដោយថា ការធ្វើកូដកម្មអហិង្សាជាការអនុវត្តសិទ្ធិជាមូលដ្ឋានដែលបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ការងារ ច្បាប់ស្ដីពីសហជីព និងផ្អែកតាមលក្ខន្តិកៈរបស់សហជីពដែលចុះបញ្ជីនៅក្រសួងការងារផងដែរ។

ជាមួយគ្នានេះ ក្រុម​សហជីពនិងមន្ត្រីអង្គការមួយចំនួនបង្ហាញការមិនពេញចិត្តនិងថ្កោលទោសចំពោះវិធានការរបស់សមត្ថកិច្ចចំពោះការចាប់ខ្លួនថ្នាក់ដឹកនាំនិងសកម្មជនសហជីពទាំងនោះ ថាមិនបានអនុវត្តតួនាទីនិងកាតព្វកិច្ចរបស់ខ្លួនឱ្យស្របតាមច្បាប់ ក្នុងការការពារសុវត្ថិភាពក្រុមកូដករ​ដែលធ្វើកូដកម្មដោយសន្តិវិធីឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ