នាយក​រដ្ឋមន្ត្រី​ថា​ពលរដ្ឋ​មាន​ជីវភាព​ល្អប្រសើរ ខណៈ​អ្នកឃ្លាំមើល​មាន​កង្វល់​រឿង​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ (រដ្ឋបាលខេត្តកោះកុង)

​​ប្រមុខ​​រដ្ឋាភិបាលថ្លែងដោយមោទកភាពកាលពីម្សិលមិញនេះ ពីភាព​​ប្រ​សើ​​រ​​ឡើង​​នៃ​​កម្រិតជីវភាពរបស់ប្រជាជន​​កម្ពុជានាពេលបច្ចុប្បន្ន ប៉ុន្តែ​អ្នកស្រាវជ្រាវការអភិវឌ្ឍ​សង្គមមើលឃើញថា កម្ពុជាកំពុងប្រឈម​នឹង​បញ្ហា​គម្លាត​​​ខ្លាំង​​​​រវា​​​​ង​​​​​អ្នក​​មាននិងអ្នកក្រីក្រ ដែលអាចនឹងជំរុញឱ្យមាន​កំណើននៃបន្ទាត់ភាពក្រីក្ររបស់ប្រជា​ពល​រដ្ឋ​​កាន់​តែ​​ហ​ក់​​​ឡើងខ្ពស់ទៅៗ។

ក្នុងពិធីបើកសម្ពោធនៃការជួសជុលកំណាត់ផ្លូវពីខេត្ត​​ព្រះសី​​ហនុទៅខេត្តកោះកុង កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​​​​​​ថា បច្ចុប្បន្ននេះ កម្រិតជីវភាពរបស់ពលរដ្ឋកម្ពុជាពិតជា​​មាន​​​​ការ​​​​វិវត្តកាន់តែល្អប្រសើរ បើធៀបនឹងឆ្នាំកន្លងទៅ។ លោកបន្ថែមថា ប្រជាពលរដ្ឋ​ពិតជាមានលទ្ធភាព​គ្រប់​គ្រាន់ក្នុងការ​ចំណាយ​ទៅលើសេវាកម្ម នៅពេលពួកគេ​​ធ្វើ​​ដំណើ​​រ​​កម្សាន្តនៅតាមតំបន់ទេសចរណ៍ឬ​​ពេល​សម្រាកម្ដងៗ។

ការលើកឡើងពីកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ​កម្ពុជាថាហាក់មានភាពល្អប្រសើររ​បស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​ ដោយ​លោកបានភ្ជាប់ទៅនឹងការចំណាយ​នៃក្រុម​គ្រួសារ​របស់លោកក្នុងពេល​​បុណ្យ​​ឆ្លង​​ឆ្នាំថ្មី​​ៗនេះ។ បើតាមលោកនាយករដ្ឋមន្រ្តី លោក​ហាក់មិនជឿសោះថា នៅ​​កម្ពុជាពិត​ជាមាន​​ស​ណ្ឋា​​​​គារដែល​​មានបន្ទប់ស្នាក់នៅក្នុងមួយយប់មានតម្លៃរហូតដល់ទៅ៣ ០០០​ដុល្លា​​​រ​​អាមេ​​រិក​។

លោកបន្តថា៖ «សណ្ឋាគារមួយចំនួនដែលគេបង្កប់នៅក្នុងព្រៃៗនោះ បើទោះបីជាមួយបន្ទប់៣​ ០០០​​ដុល្លារ។ មានមួយបន្ទប់៣ ០០០​ដុល្លារ​ ខ្ញុំនឹកហើយ ខ្ញុំក៏ហួសចិត្តតែហ្មង។ កូនខ្ញុំវានាំចៅខ្ញុំមក​លេង អ៊ីចឹង​វាថាបន្ទប់ដែលវាដេកហ្នឹងមួយបន្ទប់៣ ០០០​ដុល្លារ​ ហើយបន្ទប់ដែលកូនវាដេកហ្នឹង២ ៨០០​ដុល្លារ។ វាថ្លៃជាងយើងទៅក្រៅប្រទេសផង ហើយលឺថាតាមកោះនានានោះ ថ្លៃសម្បើម​ទៅ​​ទៀត​។ ​ដូច្នេះបានសេចក្ដីថា ប្រជាពលរដ្ឋខ្មែរយើងមានលទ្ធភាពដើម្បីដេកសណ្ឋាគារថ្លៃៗ។ ពីមុនយកលុយទៅដេកសណ្ឋាគារនៅបរទេស ឥលូវខ្មែរយើងយកលុយទៅដេកសណ្ឋាគារក្នុងប្រទេសវិញម្ដង»។

តែយ៉ាងណា លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម​ មិនឯកភាពទេដែលថាកម្រិតជីវិតរបស់ប្រជា​​ពល​​រដ្ឋ​​បានប្រសើរឡើង។ លោកបន្តថា បើធៀបពីតួលេខដែលនៅលើឯកសារនិងជីវភាព​​ជាក់​​ស្ដែងរបស់ប្រជាពលរដ្ឋ គឺមិនដូចគ្នាទេ ត្រង់ថា នៅក្នុងសហគមន៍គ្មាន​​​ពលរដ្ឋណា​​ដែល​ថាមិនជំពាក់​ប្រាក់​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឡើយ។

លោកបន្ថែមទៀតថា ថ្វីត្បិតមើលទៅផ្ទះធំនិង​មានសម្ភារ​​ប្រើ​​​​ប្រាស់ ​​​​​ដូចជា រថយន្ត និងម៉ូតូ ក៏​​ពិត​​មែន ប៉ុន្តែ​នៅពីក្រោយនៃភាពមានបាន​របស់ពួកគេ គឺកំពុងមាន​​បំ​​ណុល​​​នៅនឹងធនាគារអស់​​ទៅ​​ហើយ ហើយ​​សហគមន៍ខ្លះធ្វើស្រែហូប​សឹងមិនគ្រប់រដូវផង។

លោកបន្តថា៖ «បើយើងចង់ដឹងថា​ភាពក្រីក្រមានកម្រិតប៉ុនណា យើងចុះទៅតាមផ្ទះរបស់ប្រជាពលរដ្ឋទៅ ឬទៅតាមជនបទឃើញផ្ទះ​ធំមែន ប៉ុន្តែយើង​ឡើងទៅលើផ្ទះ​ អត់មានអីទេ។​ មានផ្ទះធំអ៊ីចឹង​មែន​ ​តែជួន​កាលមានតែស្បោងស្រូវតូចមួយ ឬក៏នៅក្នុងភូមិមួយទាំង​មូលហ្នឹងចង់៨០​ទៅ៩០ភាគរយ ​ទិញ​អង្ករហូបទាំងអស់ ដោយសារពឹងផ្អែកទៅលើកូន។ អ្នកដែលក្រីក្រនៅស្រុកយើង បន្ទាត់​​គម្លាតនៃភាព​​ក្រីក្រនេះកាន់តែធំៗទៅ»​។

បើតាមលោកបណ្ឌិត មាស នី យោងតាម​ការសិក្សាស្រាវជ្រាវពីរបាយការណ៍នៃភាពក្រីក្រ​ រកឃើញថា ដោយ​​សារតែកម្ពុជា​​ត្រូវ​​ជួប​​វិបត្តិ​​កូវីដ-១៩ អ្នកដែលរស់នៅ​​ក្រោ​ម​​​​បន្ទាត់នៃភាពក្រីក្រនេះ បានកើត​​ឡើង​​ពី១០ភាគរយក្នុង​​ឆ្នាំ២០១៩ មកជិត២០ភាគរយនៅឆ្នាំ២០២១ នៃចំនួនប្រជាជន​​ស​​រុប​​នៅ​​​​ទូ​​ទាំង​​ប្រ​ទេ​ស។ 

ចំណែកលោកបណ្ឌិត សេក សុជាតិ នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត យល់ឃើញថា​​ នៅកម្ពុជា អ្នក​ដែលមានលទ្ធភាពប្រើប្រាស់សេវាកម្មបន្ទប់សណ្ឋាគារថ្លៃកប់ពពកបែបនេះ មាន​​មិន​​ដល់១ភាគរយផងទេ។ លោកបន្តថា អ្នកដែលអាចយកលុយទៅ​ចំណាយដ៏​​ច្រើន​​បែប​​​​នេះ គឺ​​មាន​​​​តែក្រុមដែលមានសែស្រឡាយឬឈាមជ័រនៅក្នុងជួរគណបក្ស​​កាន់អំណាច​​​ប៉ុណ្ណោះ។

បើតាមលោកបណ្ឌិត សេក សុជាតិ សម្រាប់ប្រជាពលរដ្ឋធម្មតា អ្នកខ្លះរកសឹងពាក់កណ្ដាលជីវិត មិន​​បាន​​​ស្មើថ្លៃចំណាយមួយយប់របស់​​សាច់ញាតិលោកនាយករដ្ឋ​​មន្រ្តី​​​នេះ​​នៅ​​ឡើយ​​ផង។

លោកបន្តថា៖ «អ៊ីចឹងកម្រិតនេះ ​យើងមើលឃើញ​ថា វាមានគម្លាតឆ្ងាយ​គ្នាមែនទែន​រវាងត្រកូល​អភិ​ជនជាមួយនឹងប្រជាពលរដ្ឋក្រីក្រ ឬក៏ប្រជាពលរដ្ឋដែលជាកម្មករអីជា​​ដើម ដែលមាន​ប្រហែល​ជិត​១​​​លាននាក់ហើយ នៅមានគ្រូបង្រៀន កម្មករសំណង់ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមន្រ្តី​​រាជការ ការចំណាយរបស់ពួកគាត់មួយយប់[កូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន] ស្មើការសន្សំរបស់ពួកគាត់[ពលរដ្ឋ]កន្លះឆ្នាំឬមួយឆ្នាំ ទើបមាន​ថវិកា​ប៉ុណ្ណឹង»។

អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា កាលពី​ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ឱ្យដឹងថា គ្រួសារ​ងាយ​រងគ្រោះដែលបណ្ដាលមកពីវិបត្តិកូវីដ-១៩ និង​គ្រោះទឹកជំនន់ រាប់ពាន់គ្រួសារ​ បានកាត់បន្ថ​យ​​​របបអាហារប្រចាំ​ថ្ងៃរបស់ពួកគេ គ្រួសារខ្លះក្នុងចំណោមនោះ​ត្រូវបង្ខំចិត្តលក់ទ្រព្យសម្ប​ត្តិ​ និងខ្ចីបុលគេកាន់តែច្រើន ដើម្បី​​យកមកដោះស្រាយជីវភាពដែលជាតម្រូវការចាំ​​បាច់​​ប្រ​ចាំ​​ថ្ងៃ​។

លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល មានប្រសាសន៍ថា ការធ្វើទំនើបកម្ម និង​​ដើម្បីរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច មិនថាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសជឿនលឿនទេ វាតែងតែ​​ជួប​​បញ្ហា​ហើយជុំវិញ​គម្លាត​រវាងអ្នកមាននិងអ្នកក្រនេះ។ លោកបន្តថា ហេតុនេះសម្រាប់កម្ពុជាក៏មិន​​ខុស​​ពីបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ទាំងនោះដែរ។

បើតាមលោក ផៃ ស៊ីផាន ការធ្វើ​​បដិ​​វត្ត​​សេដ្ឋកិច្ចនេះពិតជាមានភាពស្មុគស្មាញណាស់ ជាពិសេសសម្រាប់អ្នក​​ដែលរៀប​​ចំគោល​​នយោ​​បាយ ដើម្បីជំរុញឱ្យពលរដ្ឋអាចមានសេដ្ឋកិច្ចគ្រួសារកាន់តែល្អ​ប្រសើរ។

លោកបន្តថា៖ «នៅក្នុងការចាប់ផ្ដើមការកសាងសង្គមនីមួយៗ ជាពិសេសយើងធ្លាប់ឃើញពីប្រទេស​ធ្លាប់​ជាកុម្មុយនី​ស្ត ឬធ្លាប់ជាសង្គមនិយម​ បកមក​​ជាការអនុវត្តរបបទីផ្សារ​សេរីនេះ ជួបហើយ​បញ្ហា​​ហ្នឹ​ង គឺ១០០ភាគរយ ​ជួបហើយបញ្ហាហ្នឹង! សូម្បីសហភាពសូវៀត និងប្រទេសចិនសព្វ​ថ្ងៃ ក៏នៅ​តែ​ជួប​រវា​ង​អ្នកមាននិងអ្នកក្រនេះឯង»។

សេចក្ដីព្រាងច្បាប់ស្ដីពីថវិកាជាតិ ឆ្នាំ២០២០ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យ​​ដឹង​ថា ប្រជាពលរដ្ឋម្នាក់នឹងមានចំណូលកើនឡើងជិត២ ០០០ដុល្លារ។ ចំនួននេះ បើធៀបនឹង​​ចំ​​ណូល​​ដែលមាននៅក្នុងឆ្នាំ២០១៩ មានត្រឹមតែជាង១ ៦០០​ដុល្លារអាមេរិកប៉ុណ្ណោះ។ ដោយឡែក ធនា​គារ​ពិភព​លោក ​(World Bank)​ កាល​ពី​​ខែ​ឧសភា​ ឆ្នាំ​២០២០​​ ឱ្យ​ដឹង​ថា ​ដោយ​​​​ការ​គំរាមកំហែងពីវិបត្តិនៃជំងឺកូវីដ-១៩ អាចប​ណ្ដាលឱ្យមនុស្សប្រមាណជិត២លាន​នាក់ (១លាន​៧​សែ​ននាក់)​ ត្រូវស្ថិត​ក្នុង​ហានិ​ភ័យ ខណៈដែល​​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB)​ ក្នុងពេល​​កន្លង​​ទៅ​ ក៏​​បាន​​ប៉ាន់ប្រមាណលើរបាយការណ៍វាយតម្លៃរបស់ខ្លួនដែរថា ​អាចនឹងមាន​ប្រជាជន​ប្រមាណ១,៣​លាន​នាក់​ត្រូវ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ដោយ​សារ​រង​វិបត្តិ​ជំងឺ​កូវីដ-​១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ