លោក ហ៊ុន សែន បញ្ជា​ឱ្យ​យក​អ្នក​ជំងឺ​កូវីដ-១៩​បំប្លែងថ្មី​អូមីក្រុង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បញ្ជាឱ្យយកអ្នកជំងឺ​កូវីដ-១៩ បំប្លែង​ថ្មីប្រភេទ «​អូមី​ក្រុង» ព្យា​បាល​​នៅ​​មន្ទីរ​​ពេទ្យ​​ទូទាំង​ប្រទេស ដោយមិន​អនុញ្ញាត​ឱ្យ​អ្នក​ជំ​ងឺឆ្លងវីរុសប្រភេទថ្មី​​នេះព្យាបាល​នៅ​ផ្ទះខ្លួន​ឯង​ឡើយ ទោះបីជាអ្នកនោះមានឋានៈអ្វីក៏ដោយ។

ក្នុង​​ពិធី​​ប្រគល់​​ប្រាក់​​រង្វាន់ជូន​កីឡាការិ​នី អ៊ុក ស្រី​មុំ ដែល​ដណ្ដើម​បាន​មេដាយ​មាស​ពិភព​លោកពី​កីឡា​ប៉េតង់ នាព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ថា អ្នក​​ជំងឺ​កូវីដ-​១៩ ប្រភេទ​​អូមី​ក្រុង ត្រូវ​តែ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យដាច់ខាត ដោយមិនត្រូវអនុញ្ញាត​ឱ្យព្យា​បាល​នៅក្នុង​ផ្ទះឡើយ លើកលែង​តែ​អ្នក​ជំងឺ​ប្រភេទ«ដែល​តា» និង «​អាល់​ហ្វា​» ប៉ុណ្ណោះ។

លោកបន្តថា ការដាក់បទបញ្ជានៅថ្ងៃនេះ ដោយសារ​កន្លងមកខាងមន្ត្រីៗ​តែង​តែសុំយោបល់របស់​លោក ក្រោយ​ពីមានអ្នកជំងឺកូវីដ-១៩ខ្លះ​មិន​ព្រម​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ និង​ស្នើសុំព្យាបាល​នៅ​ផ្ទះខ្លួន​ឯង។ ករណីនេះ លោកថា ទោះបីជាអ្នកនោះមានឋានៈអ្វីឬអ្នកជំនួញក៏ដោយ ត្រូវតែព្យាបាលនៅមន្ទីរពេទ្យ លើកលែងមន្ត្រីទូតប៉ុណ្ណោះ។

លោក ហ៊ុន សែន បន្តថា ទោះបី​​​ជា​ជំងឺ​កូវីដ-១៩ បំប្លែងថ្មី​ អូមី​ក្រុង មិន​មានសភាពធ្ងន់​ធ្ងរ​ក៏ពិតមែន ប៉ុន្តែជំងឺនេះវា​​ឆ្លង​​លឿន​ជាង​ជំងឺ​ប្រភេទ ​ដែល​​តា និង​​ អាល់​ហ្វា​។

លោកថា៖ «ឥលូវខ្ញុំ​សូម​ដាក់​បទ​បញ្ជា​ជា​សាធារណៈឱ្យឮទាំងអស់គ្នាទូទាំងប្រទេស​ ហើយ​កុំចាំបាច់​សួរយោបល់​ខ្ញុំ ទោះយកត្រាក់ទ័រទៅអូស​​ក៏យក​ដែរ យក​ទៅដាក់ពេទ្យ។ កុំឱ្យពិបាក បន្តិចៗ​នាំគ្នាលើក​ទូរសព្ទ សុំយោបល់ថា កូនអ្នកនេះអ្នកនោះ ប្រពន្ធអ្នកនោះសុំព្យាបាលនៅផ្ទះ ​អត់ទេ! ឥលូវដាក់ចេញបទបញ្ជាអ៊ីចឹងតែម្ដងជាជំហរ ដើម្បីធានាថា ឱ្យតែអូមីក្រុងហើយត្រូវតែចូលពេទ្យ​ ព្យាបាលជាហើយចាំមកផ្ទះ។ អត់មានថាអ្នកនោះឋានៈអី មានឬក្រ​ អត់ទេ! មកពីប្រទេសណា អត់ទេ!»

លោកនាយករដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្ន លោកបាន​សម្រេចឱ្យ​មាន​ការ​​រៀបចំ​មន្ទីរ​ពេទ្យ​ហ្លួង​ម៉ែមួយ​ទៀត ដើម្បី​ដាក់​អ្នក​ជំងឺ​កូវីដ-១៩បំប្លែងថ្មីប្រភេទអូមី​ក្រុង។ លោក​បញ្ជាក់ថា មក​ដល់​ពេល​នេះ កម្ពុជា​មាន​អ្នក​ជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ​អូមីក្រុង​ចំនួន​៩៤​ករណីហើយ ​ប៉ុន្តែ​​ក្នុងចំណោម​អ្នកជំ​ងឺទាំងនោះក៏មាន​អ្នក​ជាសះ​ស្បើយ​ជា​បន្ត​បន្ទាប់​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ