ក្រសួងថា អ្នកឆ្លងកូវីដ-១៩អូមីក្រុង​ភាគ​ច្រើ​ន​​ជា​​អ្នក​ដំណើរ​មក​ពី​បរទេស​តាម​ផ្លូវ​អាកាស

ក្រុមអ្នកជំនាញសុខាភិបាលធ្វើការយកសំណាកអាជីវករនិងប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

ក្រសួងសុខាភិបាល រកឃើញ​ថា អ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ភាគច្រើន​ជា​អ្នក​ដំណើរមកពីបរទេស​តាមផ្លូវ​អាកាស និងមានលទ្ធភាពឆ្លងលឿន ដែល​ករណី​នេះ​ ក្រសួង​មិន​​អនុញ្ញាត​​ឱ្យ​អ្នក​ជំងឺសម្រាក​​ព្យាបាល​នៅ​ផ្ទះ​ឡើយ​។

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ផ្ញើជូនប្រធាន​គណៈ​កម្ម​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ថ្នាក់រាជធានី-ខេត្ត ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ បាន​លើក​ឡើង​ថា ករណីជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ត្រូវបានរកឃើញថា ជាករណីនាំ​ចូល​មក​ពី​បរទេស និងភាគច្រើនជាអ្នកដំណើរ​មកពីបរទេស​តាមផ្លូវអាកាស​។

លោក​បន្តថា ទោះជាពុំទាន់មានទិន្នន័យបញ្ជាក់ថា វីរុស​នេះបណ្តាល​ឱ្យ​ភាព​ធ្ងន់ធ្ងរនៅ​ឡើយ​នោះ ប៉ុន្តែវា​មានលទ្ធភាព​ឆ្លងលឿន។

ដើម្បីបង្ការ និងទប់ស្កាត់​ជាអតិបរមា​នូវការ​ឆ្លង​រាល​ដាល​នៃវីរុស​នេះ​ចូល​ក្នុងសហគមន៍ លោក ម៉ម ប៊ុនហេង បានណែនាំដល់​ប្រធានគណៈ​កម្ម​ការ​ប្រយុទ្ធ​នឹងជំងឺកូវីដ-១៩ ​ថ្នាក់រាជធានី-ខេត្ត មិន​ត្រូវ​អនុញ្ញាតឱ្យ​អ្នកជំងឺ​ព្យាបាល​​​​នៅ​តាម​ផ្ទះឡើយ ទោះ​បីក្នុង​លក្ខ​ខណ្ឌ​ណា​ក៏ដោយ។

លោកបានគូសបញ្ជាក់ក្នុងលិខិតថា៖ «អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងទាំងអស់ ត្រូវ​ស្នាក់​នៅ ថែទាំ និងព្យាបាល​នៅក្នុងមន្ទីរពេទ្យ​ ឬមណ្ឌលព្យាបាល​ជំងឺកូវីដ-១៩ ដែល​កំណត់​ដោយ​​ក្រសួង​​សុខាភិ​បាល ឬដោយ​គណៈកម្មការ​ប្រយុទ្ធនឹងជំងឺកូវីដ-១៩​ថ្នាក់រាជធានី-ខេត្ត»។

លិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់​ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​​នេះ បាន​បញ្ជាឱ្យយកអ្នកជំងឺ​កូវីដ-១៩ ​បំប្លែង​ថ្មីប្រភេទ«​អូមី​ក្រុង» ព្យា​បាល​​​នៅ​​​មន្ទីរ​​ពេទ្យ​​ ដោយ​មិន​​អនុញ្ញាត​ឱ្យ​អ្នក​ជំ​ងឺ​ព្យាបាល​នៅ​ផ្ទះខ្លួន​ឯង​ឡើយ ទោះបីជាអ្នកនោះ មាន​ឋានៈ​អ្វី​ក៏​ដោយ។

លោក​បន្តថា ទោះបី​​​ជា​ជំងឺ​កូវីដ-១៩ បំប្លែងថ្មី​អូមី​ក្រុង​​មិន​មានសភាពធ្ងន់​ធ្ងរ​ក៏ពិតមែន ប៉ុន្តែជំងឺនេះ វា​​ឆ្លង​​លឿន​ជាង​ជំងឺ​ប្រភេទ​ដែល​​តា និង​​អាល់​ហ្វា​។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គិត​មកដល់​ថ្ងៃទី០៤ ខែមករា​​ម្សិល​មិញ កម្ពុជា​មាន​​អ្នក​ជំងឺ​កូវីដ-១៩ បំប្លែងថ្មីប្រភេទ​អូមីក្រុង​ចំនួន​ ៩៤​ករណីហើយ ​ប៉ុន្តែ​ក្នុងចំណោមអ្នកជំងឺទាំងនោះ ក៏មាន​អ្នក​ជាសះ​ស្បើយ​ជា​បន្ត​បន្ទាប់​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ