តុលាការ​សម្រេច​ឃុំខ្លួន​មេដឹកនាំ​សហជីព​២​នាក់​និង​ម្នាក់​ទៀត​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ ពាក់ព័ន្ធ​នឹង​កូដកម្ម​នៅ​ណាហ្គា​វើលដ៍​

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរត្រូវបានអាជ្ញាធរចាប់ខ្លួននៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ (រូបថត VOD English)

តុលាការ​សម្រេច​ឃុំ​ខ្លួន កញ្ញា ឈឹម ស៊ីថរ និង​ លោក សុខ ណារិទ្ធ ថ្នាក់ដឹកនាំ​សហជីព​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ នៅ​ពន្ធនាគារ​ព្រៃស នៅថ្ងៃនេះ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា​ខណៈ​មន្ត្រីសហជីព​ម្នាក់​ទៀត លោក សុខ គង្គា ត្រូវ​បានដាក់​ឱ្យ​ស្ថិត​នៅក្រោមការ​ត្រួត​ពិនិត្យរបស់​តុលាការ។

លោក សំ ចំរើន សហមេធាវី​ការពារក្តី​ឱ្យ​មេដឹកនាំ​សហជីព​ទាំង​៣រូប បាន​ប្រាប់វីអូឌី​ថា ក្រោយ​ពី​ការ​សាក​សួរ​ពេញ​មួយ​ថ្ងៃ ព្រះរាជ​អាជ្ញាអម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់ កញ្ញា ឈឹម ស៊ីថរ និង​លោក សុខ ណារិទ្ធ ពីបទញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍ និង​បញ្ជូន​ពួកគេ​ទៅឃុំខ្លួន​នៅពន្ធនាគារ​ព្រៃស ខណៈលោក សុខ គង្គា ត្រូវ​បាន​ដាក់​ឱ្យស្ថិត​នៅក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ និង​បាន ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ។

លោកមេធាវី សំ ចំរើន ចាត់ទុកការសម្រេចចោទប្រកាន់មកលើកូនក្តីរបស់ខ្លួននេះថា ធ្វើឡើងលឿនពេក និងមិនមានយុត្តិធម៌នោះទេ។ ករណីនេះលោកថា នឹងរៀបចំពាក្យបណ្តឹងប្តឹងជំទាស់ទៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ ដើម្បីទាមទារឱ្យកូនក្តីបាននៅក្រៅ​ឃុំ​បណ្តោះអាសន្នវិញ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថា សេចក្តីសម្រេចឃុំខ្លួនពួកគេ ជាសេចក្តីសម្រេចភ្ជាប់មកជាមួយនឹងការធ្វើបុរេវិនិច្ឆ័យយ៉ាងធ្ងន់ធ្ងរ មាន​ន័យ​ថា ការសន្មត់រឿងអ្វីមួយដែលឆាប់ពេក លឿនពេក ងាយស្រួលពេក។ ប្រហែលជាខ្ញុំប្តឹងទៅឧទ្ធរណ៍នៃការសម្រេចឃុំខ្លួនហ្នឹង»

វីអូឌី មិនអាចសុំការបញ្ជាក់​ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេនៅល្ងាចថ្ងៃពុធនេះ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ខ្លួនសហជីព​និង​តំណាង​ចំនួន​៣​នាក់នេះ មិនមែនជាដំណោះស្រាយល្អរវាងក្រុមហ៊ុននិងកម្មករនោះទេ។ លោកថា បើសមត្ថកិច្ចនៅតែបន្តចាប់ខ្លួនកម្មករជាប​ន្តបន្ទាប់ ជាការរំលោភលើសិទ្ធិការងារ រំលោភសិទ្ធិជាមូលដ្ឋាន និងជាការគំរាមកំហែងដល់អ្នកតស៊ូមតិបែបអហិង្សា។

មន្ត្រីសិទ្ធិមនុស្សរូបនោះ បញ្ជាក់ថា បញ្ហាដែលកើតឡើងដោយសាររឿងទាមទារសិទ្ធិការងារ ដែល​ករណីនេះ ស្ថាប័នពាក់ព័ន្ធ​ត្រូវរក​វិធី​ដោះស្រា​យ​វិវាទ​ការងារជាមួយក្រុមហ៊ុន ជាជាងចាប់សហជីពនិងតំណាង បញ្ជូនទៅឃុំខ្លួននៅ​ពន្ធនាគារបែបនេះ។

លោកមានប្រសាសន៍ថា៖ «យើងឃើញហើយមានការរិះគន់ច្រើនពីបញ្ហាសិទ្ធិមនុស្ស បញ្ហាសិទ្ធិការងារ ហើយការរំលោភទៅលើវិជ្ជាជីវៈ​សហជីព​ជាដើម ​ដែលវាមិនមែនជាដំណោះស្រាយល្អទេ ពីព្រោះការធ្វើកូដកម្មចេញពីវិវាទការងារ អីចឹង​អ្វីដែលសំខាន់គួរតែដោះ​ស្រាយ​ឬសគល់នៃវិវាទការងារ ដើម្បីបញ្ចប់កូដកម្មហ្នឹង វាជាដំណោះស្រាយល្អបំផុត»

ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅថ្ងៃនេះ ក៏បានអំពាវនាវឱ្យភាគីទាំងអស់ដែល​ពាក់ព័ន្ធ​ករណីកូដ​កម្ម​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ត្រឡប់ទៅរកតុចរចាវិញ។

ស្ថានទូតអូស្ត្រាលី បានសរសេរសេចក្តីថ្លែងការណ៍ខ្លីនៅលើទំព័រហ្វេសប៊ុក​​ថា ស្ថាន​ទូត​បាន​ដឹង​ឮ​អំពី​កូដកម្មដែលកំពុងកើតមាន ទាក់ទងនឹងកាស៊ីណូណាហ្គាវើលដ៍ ក្នុង​រាជធានីភ្នំពេញ។

ស្ថានទូតបានសរសេរថា៖ «ប្រជាជនមានសិទ្ធិក្នុងការជួបជុំដោយសន្តិវិធី និងមានសេរីភាពក្នុងការបញ្ចេញមតិ ហើយ​ស្ថានទូត​លើកទឹកចិត្តឱ្យភាគីទាំងអស់ ត្រឡប់ទៅរកការចរចាវិញ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងឆាប់រហ័ស»

ចំណែក ស្ថានទូតសហរដ្ឋអាមេរិក បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញនេះដែរ​​ថា ស្ថានទូតប្រទេស​មហាអំណាច​មួយនេះ កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នូវការចាប់ខ្លួនសមា​ជិក​សហជីព​នៃបុគ្គលិក​កម្មករក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ដោយសារ​តែការបញ្ចេញមតិដោយសន្តិវិធី និងបានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាស្ដាប់សំឡេងរបស់ពលរដ្ឋ។

ស្ថានទូតអាមេរិក បានសរសេរថា៖ «យើងកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់នូវការចាប់ខ្លួនសមាជិកសហជីព​នៃបុគ្គលិកកម្មករ​នៃ​កាស៊ីណូណាហ្គាវើលដ៍ ដោយសារតែការបញ្ចេញមតិ​ដោយសន្តិវិធីរបស់ពួកគេ និងស្នើឱ្យអាជ្ញាធរស្ដាប់ពីពលរដ្ឋ មិនមែនបំបិទសំឡេង​​របស់គេទេ។ សេរីភាព​ក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្ដុំគ្នា និងក្នុងការចងក្រងគ្នាជាក្រុម សមាគម​ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ​នៃប្រទេសកម្ពុជា»

តាមរយៈ​សេចក្តីថ្លែងការណ៍​កម្រាស់​៥​ទំព័រ​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃទី៤ ខែមករា ក្រុម​អង្គការ​សង្គម​ស៊ីវិល​សរុប ១១៩ ស្ថាប័ន បាន​សម្តែង​ការ​ខក​​ចិត្តជា​ខ្លាំង ចំពោះវិធានការ​របស់​សមត្ថកិច្ចដែល​ដឹកនាំ​ដោយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែលបាន​ឃាត់​ខ្លួន​ថ្នាក់ដឹកនាំ​សហជីព​ ប្រតិភូចរចា និង​សកម្មជន​សហជីព​ទ្រទ្រង់​សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ (LRSU) ជិត​២០​នាក់ រួម​ទាំង​ការ​ចាប់​ខ្លួនកញ្ញា ឈឹម ស៊ីថរ នៅ​រសៀល​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ