លោក សម រង្ស៊ី ឆ្លង​ជំងឺ​កូវីដ-១៩ ​នៅ​ក្នុង​ប្រទេស​បារាំង​

អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ធ្វើសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងថ្ងៃខួបគម្រប់ ៤ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ (ហ្វេសប៊ុកលោក សម រង្ស៊ី)

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា បាន​ឆ្លង​ជំងឺកូវីដ-១៩ រយៈពេល​៥​ថ្ងៃ​នៅ​ឯ​ប្រទេស​បារាំង កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ប្រទេស​បារាំង បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​ភ្ជាប់​រូបថត​មួយ​សន្លឹក​នៅ​យប់​ថ្ងៃពុធ​នេះ​ថា បើ​ទោះបី​ជា​លោក​បានចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូវីដ-១៩ ចំនួន ៣ ម្ជុល (AstraZeneca ពីរម្ជុល និង Pfizer មួយម្ជុល) ក្នុងឆ្នាំ២០២១ យ៉ាងណា​ក៏​ដោយ ក៏លោក​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២១។

លោក សម រង្ស៊ី បាន​សរសេរ​ថា៖ «ទោះជា​បាន​ទទួល​វ៉ាក់សាំង ៣ ម្ជុល (AstraZeneca ពីរម្ជុល និង Pfizer មួយម្ជុល) ក្នុងឆ្នាំ ២០២១ យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានធ្វើតេស្ត ហើយទទួលបានលទ្ធផលវិជ្ជមាន (មានផ្ទុកមេរោគកូរ៉ូណាវីរុស) កាលពីថ្ងៃ ៣០ ធ្នូ ២០២១។ លោក សម រង្ស៊ី ពេលនោះ មានរោគសញ្ញាតិចតួច គ្រាន់តែក្អក និងឈឺបំពង់កបន្តិច រយៈពេល ២-៣ ថ្ងៃ។ មកដល់ថ្ងៃ៤ មករា ២០២២ តេស្តមួយទៀត បង្ហាញលទ្ធផលអវិជ្ជមាន (អស់មានផ្ទុកមេរោគទៀតទេ)។ នៅថ្ងៃ០៥ មករា ២០២២ នេះ តេស្តមួយទៀត បង្ហាញលទ្ធផលអវិជ្ជមានដដែល មានន័យថា លោក សម រង្ស៊ី បានជាសះស្បើយពេញលេញហើយ»

បើតាមលោក សម រង្ស៊ី ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅប្រទេសបារាំង និងនៅទូទាំងពិភពលោក មានមេរោគបំប្លែងខ្លួនឈ្មោះ Omicron បានរាតត្បាតយ៉ាងខ្លាំង និងយ៉ាងលឿន។ នៅប្រទេសបារាំង មានអ្នកឈឺថ្មី ពី ២០ ម៉ឺន ទៅ ៣០ ម៉ឺននាក់ ក្នុងមួយថ្ងៃ ដោយសារមេរោគបំប្លែងថ្មី Omicron នេះ។ មេរោគបំប្លែងថ្មីនេះ ឆ្លងឆាប់ តែមិននាំមកហានិភ័យធ្ងន់ធ្ងរទេ គឺឆាប់ឈឺ និងឆាប់ជាទៅវិញ ហើយអាចផ្តល់ភាពស៊ាំ (Immunity) ក្នុងរយៈពេលយូរអង្វែង។

លោក សម រង្ស៊ី ចង់ឱ្យអ្នកវិទ្យាសាស្ត្រយកករណីនេះទៅសិក្សា ខណៈមានមនុស្សជាច្រើន នៅជុំវិញលោក បានធ្លាក់ខ្លួនឈឺដូចគ្នាដែរ តែបានជាសះស្បើយរួចអស់ទៅហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ