ពលរដ្ឋ​តវ៉ា​បិទផ្លូវលំ​ក្នុង​ភូមិ​មួយ​នៅ​ខេត្តតាកែវ ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដឹកសំរាម​ដោះស្រាយ​ផល​ប៉ះពាល់​សុខភាព​និង​ដំណាំ

ប្រជាពលរដ្ឋប្រមូលផ្ដុំគ្នា​បិទកំណាត់​ផ្លូវលំមួយខ្សែ​នៅក្នុងភូមិគ្រោះ ឃុំរវៀង ស្រុក​សំរោង ខេត្ត​​តាកែវ ដើម្បីទាម​​ទារ​​ឱ្យក្រុមហ៊ុនសំរាម ដោះស្រាយ​​ប៉ះពាល់​ដល់​បរិស្ថាននិង​សុខ​ភាព​ពួក​គេ​ ខែមករា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋប្រមាណជាង៣០នាក់ ប្រមូលផ្ដុំគ្នា​បិទកំណាត់​ផ្លូវលំមួយខ្សែ​នៅក្នុងភូមិគ្រោះ ឃុំរវៀង ស្រុក​សំរោង ខេត្ត​​តាកែវ ដើម្បីទាម​​ទារ​​ឱ្យក្រុមហ៊ុនឯកជនដែលដឹកសំរាមយកទៅចាក់នៅទីនោះ ដោះស្រាយ​​ប៉ះពាល់​ដល់​បរិស្ថាននិង​សុខ​ភាព​ពួក​គេ​នៅ​តំបន់​នោះ។

អ្នកស្រី ធុល រ៉ា ដែល​អះ​អាង​ថាជា​តំណាងឱ្យ​ពលរដ្ឋ​នៅ​ភូមិ​គ្រោះ​ជាង១០០​គ្រួសារ បាន​ឱ្យដឹង​ថា ប្រជាពលរដ្ឋជាង៣០នាក់ប្រមូល​ផ្ដុំបិទ​ផ្លូវលំក្នុងភូមិរយៈពេល២ថ្ងៃមកហើយ គឺនៅ​​ថ្ងៃ​ទី៤​និ​ង​ទី​៥ ខែម​ករា​នេះ ​ដោយ​មិន​ឱ្យរថយន្ត​ដឹកសំរាមរបស់ក្រុមហ៊ុនឯកជនមួយ​ឈ្មោះ ជឹម សុវណ្ណរិទ្ធ បន្តដឹកសំរាមយកមកចាក់នៅចំណុចដីវាលមួយកន្លែងទំហំ​ជិត១ហិកតា ស្ថិតនៅភូមិគ្រោះ ដែលមានចម្ងាយប្រមាណ៧០០ម៉ែត្រពីភូមិ។ អ្នកស្រីបន្តថា ដើមចមនៃការ​តវ៉ានេះ ដោយសារតែបុគ្គលិកក្រុមហ៊ុននេះដឹកសំរាម​យកទៅចាក់ពាសវាលពាសកាលនៅតំបន់នោះប្រហែលជា១០ឡានក្នុងមួយថ្ងៃ និងដុតសំរាម​ក្រៅឡ បណ្ដាល​ឱ្យប៉ះពាល់ដល់ដំណាំ​ប្រជាពលរដ្ឋ​នៅក្បែរនោះ រួមទាំងប៉ះពាល់ដល់បរិស្ថាននិង​សុខភាពប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ។

ទីតាំងចាក់សំរាមមួយកន្លែងដែលក្រុមហ៊ុនឯកជនមួយ​ឈ្មោះ ជឹម សុវណ្ណរិទ្ធ ដឹកសំរាមមកចាក់ចោល ស្ថិតនៅឃុំរវៀង ស្រុក​សំរោង ខេត្ត​​តាកែវ។
ទីតាំងចាក់សំរាមមួយកន្លែងដែលក្រុមហ៊ុនឯកជនមួយ​ឈ្មោះ ជឹម សុវណ្ណរិទ្ធ ដឹកសំរាមមកចាក់ចោល ស្ថិតនៅឃុំរវៀង ស្រុក​សំរោង ខេត្ត​​តាកែវ។ (ផ្ដល់ឱ្យ)

អ្នកស្រីនិយាយថា៖ «ទឹកសំរាមស្អុយ ហៀរចូលនៅមាត់អូ ប៉ះពាល់ទឹក គោផឹកអត់កើតទេ សំរាមហ្នឹងហុយ​ហៀររលេរលាក់ ប្រជាជនលែងដាក់មង អត់ហ៊ានទៅជិតទេ មកស្រែហ្នឹងរុយរោម រុយក្បាលខៀវ​ខ្មៅងងឹត ស្អុយ អត់​មាន​នរណាទៅមកកន្លែងសំរាមហ្នឹងទេ គេលែងចង់ចេញចូល​ហើយវាស្អុយដល់គេ វាចាក់អារាត់​អារាយអ៊ី​ចឹងទៅ ប្រជាជនគេលែងមកជិតហើយ»។

អ្នកស្រី ម៉ន សារឿន បន្តថា កន្លងមក ប្រជាពលរដ្ឋជាង១០០គ្រួសារនាំគ្នាធ្វើលិ​ខិត​ផ្ដិត​មេដៃ​និង​ប្ដឹង​ទៅ​អាជ្ញាធរ​​ភូមិ ឃុំ និង​ស្រុក​ ចំនួន​៥ទៅ៦ដងដែរ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធ​មិនទាន់មានដំណោះស្រាយជូនប្រជាពលរដ្ឋនៅឡើយ។ ករណីនេះ អ្នកស្រីក៏បានស្នើទៅក្រុមហ៊ុនធ្វើកន្លែងចាក់សំរាមនោះឱ្យ​មានស្ដង់ដារនិងដុតក្នុងឡ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន សុខភាព និងដំណាំពលរដ្ឋនៅតំបន់នោះ។

អ្នកស្រីបន្ថែម​ថា៖ «ខ្ញុំស្នើសុំកុំ​ឱ្យ​ធ្វើអី​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ ហើយខូចខាត​ស្រូវ​អ្នក​ជិត​ខាង។ ដុត​ទៅ ​វា​នៅក្លិន​ស្អុយ​មក ខ្ញុំចង់​ឱ្យ​គេដុត​សំរាម​នោះ​នៅ​ក្នុង​ឡ កុំឱ្យគេដុតនៅក្រៅឡ»។

តំណាងប្រជាពលរដ្ឋម្នាក់ទៀត លោក ហែន ស្រ៊ីវ ព្រមានថា បើអាជ្ញាធរពាក់ព័ន្ធនិងក្រុមហ៊ុនមិនធ្វើតាមការ​ស្នើ​សុំ​របស់​ប្រជាពលរ​ដ្ឋ​ទេ នោះពួកគេ​នឹង​បន្ត​បិទផ្លូវ​ មិន​ឱ្យរថយន្ត​ដឹក​សំរាម​ចូលទៅចាក់នៅទីតាំងនោះ​បន្តទៀត​នោះ​ទេ ដើម្បី​កុំឱ្យប៉ះ​ពាល់ដល់​បរិស្ថាន ដំណាំ និងសុខភាពពលរដ្ឋ ជាដើម។

លោកព្រមានដូច្នេះថា៖ «ខ្ញុំបិទផ្លូវលែងឱ្យចាក់សំរាមនៅទីនោះហើយ បើកាលណានៅចាក់ វាខូចខាតរបស់ប្រជាជនរហូត ព្រោះសន្យាខ្យល់រហូត អ៊ីចឹង​ប្រជាជននៅតែរងគ្រោះរហូតមួយជីវិត។ អ្នកធ្វើស្រែក្បែរហ្នឹងអត់បានធ្វើហូបទេ ផ្សែង​ចេញពីគំនរសំរាមជះមកដណ្ដប់លើខ្លួនប្រាណរូបរាងកាយ ធំក្លិន​ស្អុយឆ្អាប»។

វីអូឌី មិនអាចសុំការបំភ្លឺពីប្រធានក្រុមហ៊ុនឯកជនឈ្មោះ ជឹម សុវណ្ណរិទ្ធ បានទេ នៅរសៀលថ្ងៃពុធនេះ។

ប៉ុន្តែអភិបាលស្រុកសំរោង លោក កេត ម៉ៅ មានប្រសាសន៍ថា នៅព្រឹកថ្ងៃនេះ គាត់និងក្រុមការងារបរិស្ថានបានចុះទៅពិនិត្យទីតាំងចាក់សំរាមនោះផ្ទាល់ ដោយកំណត់ឱ្យក្រុមហ៊ុនដុតសំរាមក្នុងឡ ធ្វើរបងនិងបិទស័ង្កសីព័ទ្ធ​ជុំវិញកម្ពស់​ថែម២ម៉ែត្រ និងបានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលប៉ះពាល់ស្រូវ ជុំវិញទីតាំងចាក់សំរាមនោះផងដែរ។

អភិបាលស្រុករូបនោះបញ្ជាក់ថា បើ​ភាគី​ក្រុម​ហ៊ុន​មិន​គោរព​តាម​ការណែនាំទេ មន្ត្រីជំនាញនឹង​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ក្រសួង​បរិស្ថាន ដើម្បីចាត់វិធានការបន្តផងដែរ។

លោកមានប្រសាសន៍ថា៖ «បើមិនគោរពទេ ទី១ ខ្ញុំត្រូវធ្វើរបាយការណ៍ជូនទៅក្រសួងបរិស្ថាន ព្រោះទី​តាំងដែល​ចាក់​សំរា​ម​នេះ គឺមានការឯកភាពពីក្រសួងបរិស្ថានមក។ ខ្ញុំក្នុងនាម​អាជ្ញាធរ​ មិន​មែន​ទៅ​ដល់​បិទ​គេ​តែ​ម្ដងទេ អ៊ីចឹង​ខ្ញុំត្រូវធ្វើរបាយ​ការណ៍​៤ចំណុចហ្នឹង បើ​គាត់​អត់​ធ្វើតាម​ទេ យើង​ត្រូវបិទ​ផ្លូវ​បណ្ដោះអា​សន្ន​ទៀត»។

អតីតស្ថាបនិកមួយរូបនៃចលនាមាតា​ធម្មជាតិ និងបច្ចុប្បន្នជាមន្ត្រីគម្រោងតស៊ូមតិនៃគម្រោង​អ្នក​ការពារ​ព្រៃឈើនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា មានប្រសាសន៍ថា ​បញ្ហាសំរាម គឺជារឿងមួយស្មុគស្មាញ​ ដែល​អាជ្ញាធររ​ដ្ឋមិនទាន់ដោះស្រាយឱ្យបានល្អនោះទេ។ លោកបន្តថា​ ប្រសិនបើ​បញ្ហានេះមិនបានដោះស្រាយដោយយកចិត្តទុកដាក់និងទាន់ពេលវេលានោះទេ ប្រជាពលរដ្ឋ​គួរ​តែ​ចងក្រងរួមមតិ​ឱ្យមានសំឡេង​ភាគច្រើន ដើម្បីទាមទារឱ្យអាជ្ញាធរពន្លឿនការ​ដោះស្រាយជូនពួកគាត់​ដែលរងផលប៉ះពាល់នេះ។

លោកថា៖ «សម្រាប់ខ្ញុំ ​មានតែស្នើឱ្យប្រជាពលរដ្ឋ​គាត់ធ្វើការចងក្រងគ្នា​ ឬធ្វើម៉េច​ឱ្យមានសំឡេង​ច្រើន ដើម្បីធ្វើលិខិតឬជួបជជែកផ្ទាល់ជាមួយអាជ្ញាធររដ្ឋ ​ដើម្បីទាមទារឱ្យមានដំណោះស្រាយ​ ព្រោះអាជ្ញាធរអត់បាន​រក​ទីលាន​ចាក់​សំរាមត្រឹមត្រូវ ចង់មិនចង់​ វាប្រាកដជាបង្កជាផលប៉ះពាល់​ចំពោះសុខភាពរស់នៅរបស់ប្រជាពលរដ្ឋ»។

លោក​បន្ថែមថា៖ «ហើយអាជ្ញាធរគួរតែធ្វើការដាក់ពិន័យ ​ឬក៏មានសេចក្ដីសម្រេចណាមួយ​ស្នើឱ្យក្រុមហ៊ុនដែល​ទទួលសិទ្ធិក្នុងការ​ប្រមូលសំរាមហ្នឹង ឱ្យមានយន្តការ​ទៅយកសំរាម​​ទៅបោះចោល​ឱ្យ​បានច្បាស់​លាស់ ​មិនអាចយកទៅបោះនៅក្បែរប្រជាពលរដ្ឋ​ដែលគាត់រស់នៅ ​ឬក៏ប្រមូលទៅដាក់កន្លែងណាមួយ​ដែលមាន​លក្ខណៈអនាធិ​បតេយ្យនោះ​ទេ»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ