មន្ត្រី​ថា​ដីព្រៃលិចទឹក​ជិត​៦ម៉ឺន​ហិកតា​នៅ​ជុំវិញ​បឹងទន្លេសាប ត្រូវបាន​ដកហូត​ជា​សម្បត្តិ​រដ្ឋ​វិញ

ព្រឹកថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២១ កងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះត្រួតពិនិត្យនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីបង្ការនិងបង្ក្រាបទប់ស្កាត់ការកាប់រុករានទន្រ្ទានព្រៃលិចទឹកជុំវិញបឹងទន្លេសាបយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ (ហ្វេសប៊ុក៖ GRK News)

មន្ត្រីរដ្ឋាភិបាលឱ្យដឹងថា ​​ដីព្រៃ​លិច​ទឹក​​ជិត៦០ ០០០​ហិកតានៅជុំវិញបឹង​ទន្លេ​សាប ត្រូវ​បាន​ដក​ហូត​មកទុក​ជា​សម្បត្តិរដ្ឋ​វិញ ក្រោយពីចុះប្រតិបត្តិការ​ទប់​ស្កាត់បទល្មើសព្រៃលិចទឹកតាមបណ្ដាខេត្តទាំង៦ រួច​មក។

កាល​ពី​ឆ្នាំ​២០១១ ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី «ការ​កំណត់​ដែន​​ព្រៃ​លិច​ទឹក​ប្រមាណ​៦៥​​ម៉ឺន​ហិក​តា» ​ស្ថិត​ក្នុង​ខេត្ត​ចំនួន​​​៦​ជុំវិញ​បឹង​ទន្លេសាប ​រួម​មាន ខេត្ត​កំពង់ឆ្នាំង ​ពោធិ៍សាត់ បាត់ដំបង ​បន្ទាយ​មាន​ជ័យ​ សៀមរាប​ និង​កំពង់ធំ ប៉ុន្តែ​ដែនព្រៃលិចទឹក​នេះត្រូវ​បាន​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច រកឃើញ​ថា មាន​ការ​រំលោភ​បំពាន​ដោយ​ខុស​ច្បាប់​រាប់​ពាន់​ហិកតានៅ​ឆ្នាំ២០២១។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​បញ្ជាទៅ​ប្រធាន​អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ ក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ចុះទប់ស្កាត់ជាបន្ទាន់ចំពោះករណី​ទន្ទ្រាន​ដីព្រៃលិចទឹក​នៅតំបន់បឹងទន្លេសាបដោយខុស​ច្បាប់​នេះ និង​ចាត់​វិធាន​ការ​ច្បាប់​តឹង​រ៉ឹងចំពោះ​អ្នក​ល្មើស​ផង​ដែរ។

អ្នកនាំពាក្យក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះ​ថា រហូត​មក​ដល់​ពេល​នេះ ដីព្រៃលិច​ទឹក​ជិត៦០ ០០០ហិកតា ក្នុងខេត្តចំនួន៦​នៅជុំវិញ​បឹងទន្លេ​សាប ត្រូវ​បាន​ដក​ហូត​មក​ទុក​ជា​សម្បត្តិរដ្ឋ​វិញ ក្រោយជនល្មើសទន្ទ្រានកាន់កាប់​ដោយ​ខុស​ច្បាប់។

អ្នកនាំពាក្យរូបនេះបន្តថា ក្រៅពីដកហូតដីមក​វិញ រដ្ឋាភិបាលបាន​បញ្ជាទៅអាជ្ញាធរពាក់ព័ន្ធឱ្យធ្វើការ​បោះបង្គោល​កំណត់​ព្រំដី ដំឡើងផ្ទាំងប៉ាណូ ដើម្បីកំណត់ព្រំតំបន់ការពារដែនព្រៃលិចទឹក និងការដាំដើមឈើលិចទឹកក្នុងតំបន់៣ឡើងវិញ រួមទាំងចុះរៀបចំចុះបញ្ជីដីរដ្ឋក្នុងតំបន់៣នេះផងដែរ។

លោកបន្ថែមថា៖ «យើងចាត់វិធានការចំពោះអ្នករំលោភ យើងបានបោះបង្គោលព្រំនៅតាមតំបន់៣ហ្នឹង និង​ដាំដើមឈើឡើងវិញ​ ដូចជា ដើមត្នោត ដើមឫស្សី ដើមរាំងជាដើមហ្នឹង នៅតាមព្រំ នៃតំបន់៣ដែលរងការកាប់ទន្ទ្រានហ្នឹង ឱ្យវាមានសភាពដូចដើមវិញ»

លោក សេង ឡូត បន្ថែមថា ក្នុងប្រតិបត្តិការបង្ក្រាបនិងទប់ស្កាត់បទល្មើសដីព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាបនេះ គឺមានប្រជាពលរដ្ឋច្រើនលើសលុបបានសារភាពនិងព្រមប្រគល់ដីជូនរដ្ឋវិញ ខណៈមន្ត្រីរាជការមួយចំនួនដែលល្មើស ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ តែយ៉ាងណា លោក​ពុំបាន​បញ្ជាក់លម្អិតពីចំនួន​ពិតប្រាកដថាប៉ុន្មាននាក់នោះទេ។

យ៉ាងណា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច លើកឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ថាគ្រាន់​តែក្នុងខេត្តកំពង់ធំមួយ​ ព្រៃលិចទឹកបានបាត់បង់ជាង១០ម៉ឺនហិកតា ប៉ុន្តែ​មន្ត្រីជំនាញបានធ្វើរបាយការណ៍ទៅរដ្ឋាភិបាល​ ដោយដាក់តែជាង៣ ០០០ហិកតា​ប៉ុណ្ណោះ។ ករណី​នេះ លោក សុខ ទូច បង្ហាញ​ការ​​មិនពេញចិត្ត និងបាន​ទាមទារ​ឱ្យគ្រប់ភាគីពាក់ព័ន្ធហ៊ានបង្ហាញការពិត​ចំពោះការ​ធ្វើឱ្យព្រៃលិចទឹករងការទន្ទ្រាន និង​ការបាត់បង់ធនធានមច្ឆជាតិនៅ​តំបន់​នោះ។

លោកបន្ថែមថា៖ «ខ្ញុំទប់​អត់​​បាន តាម​មើល​​ថាមិន​​មែន៣ ០០០ហិកតា​​ទេ ជាង១០០ ០០០ហិកតា។ សូមឱ្យអ្នកទាំងអស់​នោះ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ប្រជាជន​កម្ពុជា ជាមួយ​រដ្ឋាភិបាល។ ខ្ញុំ​ទប់​អត់​បាន អ៊ីចឹង​​ខ្ញុំយក​វេទិកា​នេះ​​​ប្រាប់ ហើយ​សូម​ឱ្យអ្នក​ទាំងអស់​នោះសម្ដែង[ការពិត]​ឱ្យ[រដ្ឋាភិបាល] ​ខ្ញុំស្គាល់​ម្ចាស់​ភាគច្រើន​ហើយ តែ​សូម​ឱ្យអ្នកទាំង​នោះ​សម្ដែង​ការពិត​ជូន​រាជរដ្ឋាភិបាល»

ពាក់ព័ន្ធករណីនេះ ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគម​បណ្ដាញយុវជនកម្ពុជា លោក ហេង គឹម​ហុង ស្នើដល់រដ្ឋាភិបាលធ្វើការស៊ើបអង្កេតរយៈពេលវែង ដោយមិនត្រូវប្រញាប់បិទបញ្ចប់នោះទេ ដើម្បីស្វែងរកភស្តុតាង និងអ្នកពាក់ព័ន្ធបន្ថែមទៀត យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

មន្ត្រីសង្គមស៊ីវិលរូបនេះក៏បានជំរុញ​ឱ្យធ្វើការស៊ើប​អង្កេត និង​ចាត់​វិធានការច្បាប់ឱ្យមានតម្លាភាពចំពោះអ្នករំលោភយកដីព្រៃលិចទឹក ដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿលើបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល។

លោកបន្ថែមថា៖ «ការបាត់បង់ព្រៃលិចទឹករាប់ម៉ឺនហិកតា វាមិនមែនជារឿងចៃដន្យទេ ហើយវាក៏មិនទើបតែ​កើត​ឡើង​ដែរ គឺប្រាកដណាស់ថាមានចេតនាទុច្ចរិតក្នុងការបំផ្លិចបំផ្លាញ​ធន​ធាន​ធម្មជាតិ​មួយ​នេះ។ អ៊ីចឹង​ខ្ញុំគិត​ថា គួរតែបន្តធ្វើការស៊ើបអង្កេតរយៈពេលវែង ហើយមន្ត្រីដែលជាប់ពាក់ព័ន្ធមិនថាធ្វេស​ប្រហែសឬលាក់បាំងព័ត៌មានទេ ត្រូវតែមានចំណាត់ការលើមន្ត្រីទាំងអស់នេះដែលបានចូលរួមចំណែកធ្វើឱ្យបាត់​បង់​ព្រៃលិច​ទឹក​ដែល​ជា​ជម្រកត្រីដ៏សំខាន់នេះ»។ 

កាលពីថ្ងៃទី៣ ខែធ្នូនេះ រដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងចាត់វិធានការច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងដកហូតដីជាង២ ០០០ហិកតាទុកជាសម្បត្តិរដ្ឋវិញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធផ្សេងទៀតផងដែរ។

វីអូឌី នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ លោក ឱម យិន​ទៀង បាននៅឡើយទេ នៅថ្ងៃនេះ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនស្នងការរងខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ និងនាយការិយាល័យអន្ដរាគមន៍​នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង លោក កែវ ណារុន ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក ខណៈអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន រហូតពេលនេះ មិនទាន់មានព័ត៌មានណាមួយអំពីការនាំខ្លួននិងចាប់ខ្លួននៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ