ស្ត្រីមានផ្ទៃពោះ​ដែល​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​នៅ​មុខ​កាស៊ីណូ​ណាហ្គា​កំពុង​ឈឺ​ខ្លួន

អ្នកកាសែតនិងសង្គមស៊ីវិលចុះថតសកម្មភាពប៉ះទង្គិចគ្នារវាងកូដករនិងសមត្ថកិច្ចពាក់ព័ន្ធករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីព ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ស្ត្រីជាបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ដែលមានផ្ទៃពោះ ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅ​ពេលកំពុង​តវ៉ា​នោះ ថ្លែងថា ក្រោយពេល​ដោះលែង​មក​វិញ​ គាត់កំពុងតែឈឺពេញខ្លួន ដោយ​សារ​តែកម្លាំង​សមត្ថកិច្ច​ជាបុរស​មានគ្នាច្រើន បានចាប់រុញច្រានរូបគាត់ទាំងបង្ខំ និងគំរាមវាយដោយដំបង បើទោះជាគាត់បានប្រាប់ថាមានផ្ទៃពោះក៏ដោយ។​

អ្នកស្រី ជា ផលឡែន បុគ្គលិកនៅកាស៊ីណូក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានចូលរួមតវ៉ាជាមួយអ្នកផ្សេងទៀត បានឱ្យដឹង​ថា រូបគាត់ត្រូវសមត្ថកិច្ចជាបុរសច្រើននាក់ចាប់រុញចូលឡានកាលពីរសៀលថ្ងៃទី៣ ខែមករា នាំឱ្យឈឺនៅលើខ្លួន​រហូត​ដល់​ថ្ងៃ​នេះ។​

អ្នកស្រីបន្តថា៖ «ឈឺខ្លួន សង្កៀរសាច់ បង​ឯង​ដឹង​ហើយ​ កម្លាំង​ដៃ​គេ​ប្រុសៗ​ គេ​ជិះ​ឡា​នទ្រុងពណ៌ខៀវមក ហើយគ្នាគេរត់ហេមក! គ្នាគេច្រើនណាស់ មករុញច្រានប្រទាញប្រទង់ពួកខ្ញុំឱ្យឡើងឡាន។ ដំបូងខ្ញុំអត់ព្រមទេ ដល់ឃើញពួកគាត់​យារដំបង​រកវាយទៀត​ ពួកខ្ញុំក៏ព្រមទៅ»។​

អ្នកស្រី ជា​ ផលឡែន ថ្លែងថា ពេលដែលសមត្ថកិច្ចរត់សំដៅទៅរកគាត់នោះ រូបគាត់ក៏បានប្រាប់ដែរ​ថាគាត់​​មានផ្ទៃពោះ៣ខែ តែនៅក្នុងស្ថានភាពច្របូកច្របល់ សមត្ថកិច្ចហាក់មិនចាប់អារម្មណ៍លើសម្ដីរបស់គាត់នោះទេ។​ ទោះយ៉ាងណា រហូតដល់ថ្ងៃនេះ អ្នកស្រីថា​មិនមានសញ្ញាណាមួយបង្ហាញពីការប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃនោះទេ។​

បើតាមអ្នកស្រី ជា ផលឡែន សមត្ថកិច្ច​ចាប់ខ្លួនអ្នកស្រីនៅម៉ោង២រសៀល ថ្ងៃទី៣ ខែមករា ហើយដោះលែងវិញនៅម៉ោង៧យប់ថ្ងៃដដែលនោះ។​

លោកវេជ្ជបណ្ឌិត នាម លាងឈឹម ពន្យល់​ថា វាអាចមានហានិភ័យដល់ទារកនៅក្នុងផ្ទៃ ក្នុងករណីចាប់ខ្លួនដូចនៅណាហ្គាវើលដ៍នេះ។

លោកថា៖ «បើមានការប៉ះទង្គិច វាមានផលប៉ះពាល់ហើយដល់ទារក គ្រាន់ថាប៉ះពាល់ដល់កម្រិតណា យើងអត់ដឹង។ មួយទៀត ទាក់ទងការភ័យអីហ្នឹងក៏មានផលប៉ះពាល់ដែរ»។​

នាយិកាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ចាត់ទុកថា សកម្មភាពចាប់ខ្លួនបុគ្គលិកនិងសហជីពកាស៊ីណូណាហ្គាវើលដ៍ដែលភាគច្រើនជាស្ត្រី ហើយរួមមានទាំងស្រ្តីមានផ្ទៃពោះទៀតនោះ គឺធ្វើឡើងទាំងកំរោល មិនផ្អែកលើគោលការណ៍ច្បាប់ទេ។

នាយិកាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ផ្ដល់បទសម្ភាសពាក់ព័ន្ធករណីតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។
នាយិកាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ផ្ដល់បទសម្ភាសពាក់ព័ន្ធករណីតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

លោកស្រីថ្លែងថា៖ «ព្រឹត្តិការណ៍នៃការចាប់ខ្លួននេះ មានលក្ខណៈកំរោលមែនទែន ហើយប្រើហិង្សាដែលមានបុរសជាច្រើនចាប់​សង្គ្រប់កៀកកគ្នាអីជាដើម»។​

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ថ្លែងថា សមត្ថកិច្ចក៏បានបន្ធូរបន្ថយ​ដល់​ស្រី្តមានផ្ទៃពោះ ឈ្មោះ ជា ផលឡែន នោះដែរ ព្រោះពេ​ល​ដែល​ចាប់​ខ្លួនទៅដល់​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ ហើយ​ដឹង​ថាស្ត្រីម្នាក់នេះ​មានផ្ទៃពោះ​ក៏​ដោះ​លែង​វិញនៅ​យប់​ថ្ងៃ​ដដែល​នោះ។​

លោកបន្តថា រាល់ពេលចុះអនុវត្តការងារ ថ្នាក់ដឹកនាំក៏បានណែនាំដល់កម្លាំងក្រោមបង្គាប់ឱ្យ​មាន​​ការ​យោគ​យល់​ដល់​អ្នកងាយរងគ្រោះ ដូច​ជា ស្ត្រីមានផ្ទៃពោះ ចាស់ជរា ឬ​កុមារ ជាដើម។ ទន្ទឹមនឹងនេះ លោកក៏បានចាត់ទុកថា សកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាទង្វើដែល​មិនអាចអត់ឱនឱ្យបាន។​

លោក សាន សុខសីហា ថ្លែងថា៖ «អ្វីដែលបានធ្វើនេះ គឺវាល្មើសច្បាប់ទាំងស្រុង គឺសាលារាជធានីភ្នំពេញលោក​បាន​ចេញ​សេចក្ដីជូន​ដំណឹង​ជាច្រើន​លើក​ច្រើន​សារ​ហើយ ឱ្យអនុវត្តតាមច្បាប់ តាមការណែនាំរបស់អាជ្ញាធរ ប៉ុន្តែកា​រអនុវត្តនេះ​ជា​ការ​អុក​ឡុក ញុះញង់ បង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គមជាតិ»។​

បើទោះជាសមត្ថកិច្ចកម្ពុជាអះអាង​ថា នេះជាចំណាត់ការធ្វើឡើងត្រឹមត្រូវតាមផ្លូវច្បាប់ក៏ដោយ ក៏អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិមួយចំនួនចាត់ទុកថា សកម្មភាពបង្ក្រាបនេះជាការបំពាន​ទៅលើច្បាប់។ ការលើកឡើងរបស់​​អ្នកជំនាញទាំងនេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួម ចុះ​​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ រួមមាន លោក Vitit Muntarbhorn អ្នករាយការណ៍​ពិសេសស្ដីពី​ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា, លោកស្រី Irene Khan អ្នករាយការណ៍ពិសេសស្ដីពីការលើកកម្ពស់ និងការការពារសិទ្ធិ​សេរីភាព​នៃការបញ្ចេញគំនិត និងមតិយោបល់, លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពរបស់​អ្នកការពារ​សិទ្ធិមនុស្ស និងលោក Clément Nyaletsossi Voule អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិខាងការប្រមូល​ផ្ដុំដោយ​សន្តិវិធី និងខាង​សមាគម។

នៅថ្ងៃទី៤ ​ខែមករា អង្គការសង្គមស៊ីវិលនៅក្នុងស្រុកជាង១០០ស្ថាប័ន ក៏បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាថ្កោលទោសការចាប់ខ្លួនបុគ្គលិកនិងសហជីពនៅណាហ្គាវើលដ៍នេះដែរ។ អង្គការទាំងនោះទាមទារឱ្យអាជ្ញាធរដោះលែងបុគ្គលិកនិងសហជីពទាំងនេះ ហើយបំពេញតួនាទី​របស់​ខ្លួនជាអាជ្ញាធរសម្របសម្រួលជម្លោះការងាររវាងបុគ្គលិកនិងក្រុមហ៊ុនណាហ្គាវើលដ៍។​

គិតត្រឹមថ្ងៃទី៥​ ខែមករា យ៉ាងហោចណាស់ អ្នកតវ៉ាក្នុងជម្លោះការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណជិត៣០នាក់ត្រូវបានចាប់ខ្លួន ហើយភាគច្រើនត្រូវបានដោះលែងវិញ និងមួយចំនួនទៀត រួមទាំងមេដឹកនាំសហជីពនៅក្រុមហ៊ុននេះ គឺកញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការ​ក្រុង​ភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធនឹងបទ «ញុះញង់»។

ត្រលប់មកអ្នកស្រី ជា ផលឡែន បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍វិញ អ្នកស្រី​បាន​បញ្ជាក់ថា រូបគាត់នៅតែចូលរួមតវ៉ាដដែល ដោយ​មិនបារម្ភពីការចាប់ខ្លួនជាថ្មីទៀតទេ។​

អ្នកស្រី ជា ផលឡែន និយាយថា៖ «នៅបន្តតវ៉ាទៀតបង ពួកខ្ញុំធ្វើត្រូវច្បាប់ ពួកខ្ញុំអត់ខ្លាចទេ ពួកខ្ញុំធ្វើត្រូវច្បាប់អស់ហើយ។​ ពួកគាត់អ្នកចាប់ខ្ញុំទេដែលខុសច្បាប់នោះ»។​

បើទោះជាមានការចាប់ខ្លួនជាបន្តបន្ទាប់ក៏ដោយ ក៏អ្នកចូលរួមប្រមាណ១ ០០០នាក់នៅតែបន្ត​ការ​តវ៉ាទាមទារឱ្យថៅកែកាស៊ីណូណាហ្គាវើលដ៍ទទួលយកបុគ្គលិក៣៦៥នាក់ឱ្យចូលធ្វើការងារវិញ​ដែលភាគច្រើនជាសមាជិកនិងថ្នាក់ដឹកនាំសហជីព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ