គិតត្រឹមសប្ដាហ៍ទី១ ខែមករានេះ បុគ្គលិកណាហ្គាវើលដ៍ចំនួន២៦នាក់ដែលភាគច្រើនជាស្ត្រីនិងជាមេដឹកនាំសហជីព ក្នុងនោះមានទាំងកញ្ញា ឈឹម ស៊ីថរ ផងនោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួនជាបន្តបន្ទាប់ ដោយចោទថា ពួកគេធ្វើបាតុកម្មខុសច្បាប់។
ចំណាត់ការរបស់អាជ្ញាធររាជធានីភ្នំពេញនេះបានធ្វើឡើងក្រោយពីបុគ្គលិកណាហ្គាវើលដ៍ជាច្រើនរយនាក់បានប្រមូលផ្ដុំគ្នាតវ៉ាដោយសន្តិវិធី រយៈពេលប្រមាណកន្លះខែមកហើយ ដើម្បីទាមទារទៅថៅកែ ឱ្យយកតំណាងពួកគេ៣៦៥នាក់ចូលធ្វើការវិញ ក្រោយពីថៅកែបញ្ឈប់ពីការងារ។
តែយ៉ាងណា តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង និងអាជ្ញាធររាជធានីភ្នំពេញ បានបកស្រាយប្រហាក់ប្រហែលគ្នាក្នុងសន្និសីទកាសែតរួមគ្នាមួយកាលពីថ្ងៃអង្គារម្សិលមិញពីមូលហេតុនៃការចាប់ខ្លួនអ្នកតវ៉ាទាំងនោះ។
លោក សេង ហៀង បានគូសបញ្ជាក់ថា ចំណាត់ការចាប់ខ្លួននេះជាការទប់ស្កាត់ការតវ៉ាដោយខុសច្បាប់ ដែលថា ពួកគេមានការរៀបចំដោយអង្គការចាត់តាំងច្បាស់លាស់ រួមទាំងមានការផ្ដល់ការឧបត្ថម្ភប្រាក់ពីក្រៅប្រទេសដើម្បីធ្វើសកម្មភាព ដែលលោកប្រើពាក្យថាជាក្រុម «ទុច្ចរិតមានបំណងបង្កចលាចលដល់សន្តិសុខសង្គម»។
លោកថា៖ «ជំនួយនេះមានរហូតដល់រាប់សិបម៉ឺនដុល្លារ! បងប្អូនអ្នកសារព័ត៌មាន និងសាធារណមតិសូមជ្រាប មិនមែនជារឿងតូចទេ។ អ្នកឯងមានរឿងអីបានទទួល ដែលគេហៅថា ទទួយលុយពីក្រៅប្រទេសនិងក្នុងប្រទេស ដើម្បីមកធ្វើចលនា»។
តែផ្ទុយពីនេះ ក្រុមប្រតិភូចរចាវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលជាភាគីសហជីព បានលើកឡើងក្នុងសេចក្ដីប្រកាសចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ថាកូដកម្មរបស់ពួកគេនេះបានបំពេញគ្រប់នីតិវិធីច្បាប់ត្រឹមត្រូវ ដូចជា ការបោះឆ្នោតផ្ទៃក្នុងមុនធ្វើកូដកម្ម រួមទាំងបានជូនដំណឹងទៅភាគីពាក់ព័ន្ធ ប៉ុន្តែបែរជាតុលាការនិងអាជ្ញាធរចោទប្រកាន់ថាជាបាតុកម្មខុសច្បាប់ទៅវិញ។
ក្រុមសហជីពទាំងនោះបានចាត់ទុកការចោទប្រកាន់និងវិធានចាប់ខ្លួនអ្នកតវ៉ានេះថា៖ «អាជ្ញាធរកំពុងតែលើកទឹកចិត្តដល់និយោជក [ថៅកែក្រុមហ៊ុន] បន្តរំលោភច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលទាំងនៅក្នុងតំបន់និងអន្តរជាតិ»។
ការបកស្រាយមិនស៊ីចង្វាក់គ្នានេះបង្កើតជាសំណួរថា តើវិវាទនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍នេះផ្ដើមចេញពីបញ្ហាអ្វី?
មន្ត្រីសម្របសម្រួលនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ មើលឃើញថា ដើមចមនៃវិវាទនៅក្រុមហ៊ុនមួយនេះមានឫសគល់ចេញពីវិវាទការងារសុទ្ធសាធ ដែលបង្កឡើងពីបញ្ហាចម្បង៣។ បញ្ហាចម្បងទី១ លោកថា ដោយសារក្រុមហ៊ុនខ្វះឆន្ទៈសហការជាមួយសហជីពក្នុងការជំរុញលក្ខខណ្ឌការងារ តែបែរជាមើលសហជីពថាជាអ្នកគំរាមកំហែងដល់មុខរបររបស់ក្រុមហ៊ុន។
បញ្ហាចម្បងទី២ លោកថា មកពីស្ថាប័នរដ្ឋខ្វះអព្យាក្រឹត្យភាព និងគ្មានឥទ្ធិពលទៅជំរុញឱ្យភាគីក្រុមហ៊ុននោះគោរពច្បាប់ ធ្វើឱ្យបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារបាត់បង់ផលប្រយោជន៍ និងកត្តាចម្បងមួយទៀត គឺការរើសអើងសហជីព។
លោក ឃុន ថារ៉ូ បន្ថែមថា៖ «ការបញ្ឈប់ដែលមានទាំងថ្នាក់ដឹកនាំសហជីព ហើយនិងសកម្មជនសហជីព និងប្រតិភូបុគ្គលិកហ្នឹង វាជាចេតនាចង់រំលាយសហជីព ហើយជាទម្រង់នៃការរើសអើង»។
បើតាមលោក ថារ៉ូ ការដែលលោកមើលឃើញបែបនេះ ដោយសារតែក្រុមហ៊ុនបញ្ឈប់មេដឹកនាំសហជីពពេលនេះបានធ្វើឡើងក្រោយពីមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ បានទាមទារដំឡើងប្រាក់ខែឱ្យបុគ្គលិកបានសម្រេចកាលពីអំឡុងឆ្នាំ២០២០។
លោកបន្តថា ការណ៍នេះដូចគ្នាទៅនឹងឆ្នាំ២០០៩ ដែលក្រុមហ៊ុនណាហ្គាវើលដ៍បានរំលាយសហជីពចោលម្ដងហើយ នៅពេលដែលបុគ្គលិកប្រើប្រាស់សិទ្ធិបង្កើតឱ្យមានអង្គការវិជ្ជាជីវៈ ឬហៅថាសហជីពនេះនៅកន្លែងការងារ ដើម្បីជំរុញលក្ខខណ្ឌការងារ។ ប៉ុន្តែលោក ឃុន ថារ៉ូ យល់ថា វិវាទនេះអាចដោះស្រាយបាន បើភាគីក្រុមហ៊ុនមានឆន្ទៈដោះស្រាយតាមច្បាប់ស្ដីពីការងារ ដោយស្វែងរកអាជ្ញាកណ្ដាលដែលភាគីបុគ្គលិកអាចទុកចិត្តបាននោះ។
លោកថា៖ «យើងអាចយកអាហ្នឹង [វិវាទការងារ] ទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ហើយដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ហើយភាគីផ្ដល់ភស្តុតាងផ្ដល់អំណេះអំណាងផ្លូវច្បាប់ហ្នឹងទៅ ហើយបន្ទាប់មកយកលក្ខខណ្ឌចងកាតព្វកិច្ចថា រាល់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលយ៉ាងណា យើងទទួលយកយ៉ាងហ្នឹង […] ខ្ញុំគិតថា អាហ្នឹងក៏ជាដំណោះស្រាយដែរ តែបើនៅតែប្រើប្រាស់ទម្រង់គំរាមកំហែង ដាក់សម្ពាធការចោទប្រកាន់នេះ មិនអាចដោះស្រាយវិវាទនេះបានទេ»។
លោក អន ណន ជាមេធាវីនៅអង្គការមួយ មើលឃើញថា ដើមហេតុនៃវិវាទនេះកើតចេញពីការដែលសហជីពទាមទារដំឡើងប្រាក់ឈ្នួល បន្ទាប់មកក្រុមហ៊ុនមានផែនការកាត់បន្ថយបុគ្គលិករហូត១ ៣២៩នាក់ ដែលថា ក្នុងនោះមានទាំងថ្នាក់ដឹកនាំសំខាន់ៗ សមាជិកសហជីពសកម្ម និងប្រតិភូបុគ្គលិក។
លោកកត់សម្គាល់ថា បច្ចុប្បន្ន បុគ្គលិកដែលក្រុមហ៊ុនបញ្ឈប់ពីការងារមានជាង១ ០០០នាក់ហើយ ព្រមទទួលយកសំណងពីក្រុមហ៊ុន តែដោយឡែកនៅសល់៣៦៥នាក់ដែលភាគច្រើនជាថ្នាក់ដឹកនាំសហជីពនិងសមាជិក រួមទាំងប្រតិភូបុគ្គលិក នៅបន្តទាមទារចូលធ្វើវិញ។
បើតាមលោក អន ណន ការកាត់បន្ថយបុគ្គលិកដែលធ្វើឡើងដោយក្រុមហ៊ុនណាហ្គាវើលដ៍នេះ មិនបានអនុលោមតាមច្បាប់ការងារ ត្រង់មាត្រា៩៥ ដែលចែងពីអតីតភាពការងារ និងច្បាប់សហជីព ត្រង់មាត្រា៦៧ ដែលតម្រូវឱ្យមានការឯកភាពពីក្រសួងការងារជាមុនសិន ទើបអាចបញ្ឈប់ការងារពួកគេបាន ខណៈពួកគេទាំងនោះត្រូវបានថៅកែបញ្ឈប់ពីការងារតាំងពីឆ្នាំ២០២០មកម្ល៉េះ ទាំងគ្មានការឯកភាពពីក្រសួងការងារ។
លោកថា៖ «មកដល់ពេលនេះ យើងអត់មានការឯកភាពពីខាងក្រសួងទេ ហើយមានការបញ្ឈប់ប្រតិភូបុគ្គលិកទាំងអស់។ ហើយត្រូវពិនិត្យមើលទៀតថា អាការកាត់បន្ថយហ្នឹងមានការរើសអើង[សហជីព] ឬក៏អត់? បើរើសអើង វាបំពានទៅនឹងច្បាប់ការងារ មាត្រា១២ ហើយនិង២៧៩ ដែលមិនអនុញ្ញាតឱ្យបញ្ឈប់ថ្នាក់ដឹកនាំសហជីពទេ ទោះជាបានគិត[ផ្ដល់សំណង]ជំងឺចិត្តក៏ដោយ»។
ប៉ុន្តែលោកថា វិវាទនេះអាចដោះស្រាយបាន បើស្ថាប័នរដ្ឋអាចជំរុញឱ្យភាគីក្រុមហ៊ុនអនុវត្តតាមច្បាប់ដែលកំពុងមានជាធរមានទាំងនេះ។
លោកថា៖ «បើសិនជាអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ វាមិនមានជម្លោះទេ ហើយសុំកុំឱ្យលើកយកបញ្ហានេះបញ្ហានោះនៅពីក្រោយ។ បុគ្គលិកណាហ្គាវើលដ៍មានការទាមទារច្បាស់លាស់ គឺគ្រាន់តែអ្នកដែលព្រមឈប់ គិតលុយឱ្យត្រូវ! អ្នកដែលសុំចូលវិញ ឱ្យគេចូលវិញទៅ! ចប់ហើយ! បើមិនមានការងារធ្វើគ្រប់គ្រាន់ អាចព្យួរសិនទៅក៏បាន ហើយកាត់អ្នកដែលមានអតីតភាពការងារតិចហ្នឹងមុនទៅ ឬឱ្យអ្នកដែលស្ម័គ្រចិត្តឈប់ទៅ។ តែសុំចែកឱ្យដាច់រឿងថា ហៅទៅគិតលុយ តាមច្បាប់ទាំងអស់ឱ្យឈប់ ហើយថាអនុវត្តត្រឹមត្រូវតាមច្បាប់ គឺមិនត្រឹមត្រូវទេ»។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត មើលឃើញថា ចំណាត់ការចាប់ខ្លួនបុគ្គលិកណាហ្គាវើលដ៍ ជារឿងបង្វែរការចាប់អារម្មណ៍ពីវិវាទការងារទៅជារឿងព្រហ្មទណ្ឌវិញ ដូចចំណាត់ការលើអ្នកមានជម្លោះដីធ្លីកន្លងទៅដែរ។ ប៉ុន្តែលោកយល់ថា បើគ្មានអ្វីប្រែប្រួលទេ ចំណាត់ការបែបនេះ ក្រុមហ៊ុននឹងចំណេញ ដោយសារក្រុមហ៊ុនអាចរួចខ្លួនពីការទទួលខុសត្រូវទូទាត់សំណងតាមច្បាប់ រីឯរដ្ឋាភិបាលនឹងរងការរិះគន់រឿងសិទ្ធិមនុស្ស។
លោកថា៖ «ផលជះ វាអាចមកលើអាជ្ញាធរនិងរដ្ឋាភិបាលទៅវិញ ដែលនាំឱ្យគេភ្លេចពីរឿងក្រុមហ៊ុនណាហ្គាវើលដ៍ និងបុគ្គលិកដែលមានទំនាស់វិវាទការងារនឹងគ្នា ហើយគេបែរជាមកចាប់អារម្មណ៍រឿងប៉ះទង្គិចរវាងអាជ្ញាធរនិងកូដករទៅវិញ។ អ៊ីចឹងហើយវាមិនខុសពីមុនៗទេ ប៉ះពាល់ទៅដល់សិទ្ធិមនុស្សហ្នឹង»។
យ៉ាងណា អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ បារម្ភថា បើរដ្ឋាភិបាលមិនអាចដោះស្រាយវិវាទការងារនៅណាហ្គាវើលដ៍នេះឱ្យមានតម្លាភាពដូចមានចែងក្នុងច្បាប់ទេ បញ្ហានេះ វានឹងជះឥទ្ធិពលទៅដល់ក្រុមហ៊ុននិងសហគ្រាសផ្សេងៗទៀត ហើយវានឹងមានការចោទសួរថា «តើរដ្ឋាភិបាលបង្កើតច្បាប់មកដើម្បីអ្វី?»។
លោកថា៖ «យើងអាចនិយាយបានថា ចុះច្បាប់នៅក្នុងប្រទេសកម្ពុជា ច្បាប់ស្ដីពីការងារដែលអនុម័តដោយសភា ឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ កាលពីឆ្នាំ១៩៩៧មក ច្បាប់ស្ដីពីសហជីពយើងហ្នឹងប្រើប្រាស់ដើម្បីអី? អ៊ីចឹងវាធ្វើឱ្យការរំលោភសិទ្ធិការងារហ្នឹងកាន់តែច្រើនទៅៗ ហើយវាអាចនឹងបង្កើតនូវអំពើអយុត្តិធម៌ ការកេងប្រវ័ញ្ច ការរំលោភសិទ្ធិការងារទៅទីតាំងនិងកន្លែងការងារផ្សេងៗទៀត»៕