តុលាការ​បង្ហាញ​ភស្តុតាង​ចោទ​ប្រកាន់​លើ​មេដឹកនាំ​និង​មន្ត្រី​អតីត​បក្ស​ប្រឆាំង​

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ភស្តុតាង​ជា​វីដេអូ​ឃ្លីប​ចំនួន ៧ នៅក្នុង​សវនាការ​កាត់ទោស​មេដឹកនាំ​និង​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ កាលពី​ថ្ងៃព្រហស្បត្តិ៍ បាន​បន្ត​សវនាការ​លើ​សំណុំរឿង​មេដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ ២១ នាក់ ពីបទ «ញុះញង់​ឱ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​សន្តិសង្គម» និង «ញុះញង់​យោធិនមិន​ឱ្យស្ដាប់បទបញ្ជា និង​រួម​គំនិតក្បត់»។  ប៉ុន្តែ​សវនាការ​នេះ មិនមាន​វត្តមាន​អតីត​ថ្នាក់ដឹកនាំ និង​សកម្មជនបក្ស​ប្រឆាំង​ទាំង​៨រូប ដើម្បី​ចូលរួម​សវនាការ​ឡើយ។

វីដេអូឃ្លីប​ចំនួន ៧ ដែលត្រូវបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះ គឺជាវីដេអូក្នុងអំឡុងខែមករា ដល់កុម្ភៈ ឆ្នាំ២០១៨ ដែលបង្ហាញពីលោក សម រង្ស៊ី សហស្ថាបនិកគណបក្សសង្គ្រោះជាតិ និង លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស និយាយអំពីការបង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស។

វីដេអូឃ្លីបទី១ ដែលមានរយៈពេល ៤៦ នាទី ធ្វើឡើងក្នុងកម្មវិធីពិភាក្សាជាមួយវិទ្យុអាស៊ីសេរីលោក អេង ឆៃអ៊ាង បាននិយាយពី​គោលការណ៍ ៥ ចំណុចនៃចលនានេះ រួមមាន យុទ្ធនាការការទូត, ការស្វែងរកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា, ការលើក​ទឹកចិត្ត​ឱ្យមានការតវ៉ា ដោយសន្តិវិធី និងការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធរក្សាអព្យាក្រឹត្យភាព រួមទាំងជំរុញឱ្យកម្មករទាមទារ​សិទ្ធិការងារ​របស់​ពួកគេ​ផងដែរ។

ក្នុងវីដេអូឃ្លើបមួយទៀតក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងជាខេមរភាសា លោក សម រង្ស៊ី អះអាងថា ចលនានេះ មានអ្នកគាំទ្រ​ច្រើន​ទាំង​ក្នុង និងក្រៅប្រទេស។

លោក សម រង្ស៊ី មានប្រសាសន៍នៅក្នុងបទសម្ភាស៍ថា៖ «មានច្រើនប្រភព មានអ្នកខ្លះមកពីសង្គ្រោះ​ជាតិ សង្គម​ស៊ីវិល អង្គការ​សិទ្ធិ​មនុស្ស អង្គការ​បរិស្ថាន និងអ្នក​កាសែត ប៉ុន្តែ​មិនចាំបាច់ឱ្យគេចេញមុខទេ»

នៅពេលអ្នកសារព័ត៌មានសួរថា តើគាត់កំពុងស្វែងរកការគាំទ្របន្ថែមសម្រាប់គណបក្សសង្គ្រោះជាតិ ឬ យ៉ាងណានោះ លោក សម រង្ស៊ី បាននិយាយថា គាត់និងអ្នកគាំទ្រផ្សេងទៀត នឹងបន្តធ្វើការងារនេះ ដើម្បីធ្វើឱ្យគណបក្សសង្គ្រោះជាតិសកម្មម្តងទៀត និងដំណើរ​ការ​ដូច​មុន​វិញ។

លោក សម រង្ស៊ី៖ «ខ្ញុំមិនអាចនៅស្ងៀមបានទេ។ ខ្ញុំ​ត្រូវ​​ផ្តើមគំនិត ឱ្យ​​គណបក្ស​សង្គ្រោះ​ជាតិ​រស់ឡើង​វិញ។ ចលនានេះ នឹងក្លាយជា​ឧបករណ៍​ជំរុញឱ្យ CNRM ​គណបក្ស​សង្គ្រោះ​ជាតិមាន​សកម្មភាពឡើងវិញ ហើយ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត»

លោក សម រង្ស៊ី ក៏​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​កុំ​ស្តាប់​បញ្ជា​របស់ជនផ្ដាច់ការ និង​កុំ​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់។  ក្នុងបទសម្ភាសន៍​ជាវីដេអូ​មួយទៀតជាមួយវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី បាននិយាយថា៖ «សូមបងប្អូនកុំភ្ជាប់ វាសនា ជាមួយលោក ហ៊ុន សែន គាត់ជា​ឧក្រិដ្ឋជន។ គាត់ប្រព្រឹត្តអំពើអាក្រក់ច្រើនណាស់»

ជាងនេះទៅទៀត លោក សម រង្ស៊ី បានប្រៀបធៀបរដ្ឋាភិបាលបច្ចុប្បន្នទៅនឹងរបបខ្មែរក្រហម ដែលចាប់ខ្លួ​ន និងចោទប្រកាន់ប្រជាពលរដ្ឋ បើ​សិន​ពួកគេមិនគាំទ្រខ្លួន។

ក្រោយពីបើកសវនាការប្រហែល ៣ ម៉ោង តុលាការបានសម្រេចផ្អាក ដោយគ្រោងនឹងបើកសវនាការបង្ហាញភស្តុតាងបន្ថែមទៀត នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ។

ការចោទប្រកាន់ទាំងអស់នេះ ថាជាផ្នែកនៃចលនាបះបោរ បានបណ្ដាលឱ្យមានការគំរាមកំហែង   និងចាប់ខ្លួនដ៏ច្រើន រួមទាំងសកម្មជន បរិស្ថាន និងអតីតមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សសង្គ្រោះជាតិជាដើម។ ថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងដែលជាប់ចោទពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរសន្តិចសង្គម ញុះញង់យោធិនមិនឱ្យស្ដាប់បទបញ្ជា និងរួមគំនិតក្បត់» រួមមានចំនួន ២១នាក់ ក្នុងនោះរួមមាន លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោក ហ៊ូ វ៉ាន់, លោក នុត រំដួល, លោកស្រី ជូឡុង សូមូរ៉ា, លោកស្រី មូរ សុខហួរ ព្រមទាំងមនុស្សមួយចំនួនទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ