លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ទៅ​ដល់​ប្រទេសភូមា​ហើយ​តាម​ជើង​យន្តហោះ​ពិសេស​កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងណៃពិដោ នៃប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដោយមានការទទួលស្វាគមន៍ដោយលោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាលកម្ពុជា បានទៅដល់ប្រទេសភូមាហើយគិតត្រឹមម៉ោង១១ព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពី​​ធ្វើ​​ដំ​​ណើរ​​តាមជើងយន្តហោះ​ពិសេស​កម្ពុជា ខណៈ​ដំណើរ​ទស្សន​កិច្ច​នេះ​បាន​រង​នូវ​ការគំរាម​​ពី​​​​ក្រុមប្រឆាំងទៅនឹងរបប​​យោធាមីយ៉ាន់ម៉ា​។

យោងការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា គិតត្រឹមម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី៧ ខែមករា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់ព្រលាន​យន្ត​ហោះ​នៃ​ប្រទេស​មីយ៉ាន់ម៉ា ​ដែលអមដំណើរដោយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង​​​ការបរទេសកម្ពុជា លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីឧស្សាហកម្ម និង​​កូន​​ប្រុស​​២នាក់ទៀតរបស់លោកនាយករដ្ឋមន្រ្តី រួមមានលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានិត។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា ដំណើរទស្សនកិច្ច​រយៈ​ពេល២​​​ថ្ងៃ​ដោយ​គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមករា នៅប្រទេសមីយ៉ាន់ម៉ា​នេះ គឺជាការឆ្លើយតបចំពោះការ​​អញ្ជើញ​​របស់​​លោក មីន អ៊ុងឡាំង ដែលជាប្រធានក្រុម​​ប្រឹក្សា​រដ្ឋនៃសាធារណរដ្ឋ​​​សហភាព​មីយ៉ាន់ម៉ា។

តាមរយៈសេចក្ដីប្រកាសព័ត៌មានដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងលើកឡើង​​ពី​​កិច្ច​ស​​​ហប្រ​តិបត្តិ​​ការ​​ទ្វេភាគីនិងពហុភាគីជា​​មួយ​​លោក មីន អ៊ុងឡាំង ហើយ​ភាគីទាំងពីរក៏នឹងផ្ដោត​​ទៅ​​​​លើការវិវត្តថ្មីៗ​​នៅ​​ក្នុង​​តំបន់អាស៊ានផងដែរ។

ចំណែកក្រុមប្រឆាំងចម្រុះរបបសឹក​ភូមា បានព្រមាននឹងធ្វើអ្វីម្យ៉ាងប្រឆាំង​វត្តមានលោកនាយក​​រដ្ឋ​​​មន្រ្តី ហ៊ុន សែន នៅ​​លើទឹកដីភូមាក្នុងដំណើរទស្សនកិច្ចនេះ​​។ តាមរយៈ​​កា​សែត​​​​​ភូមា ឈ្មោះ Myna​​mar Now ដែលចេញផ្សាយកាលពីថ្ងៃទី៥ ខែមករា បញ្ជាក់​ថា កិច្ចខិតខំប្រឹងប្រែងរបស់លោក ហ៊ុន សែន ជួយមេរដ្ឋប្រហារយោធាភូមានេះ អាចមានសិទ្ធិពេលលេញចូលទៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន វាគឺជាការប្រមាថដល់ប្រជាជនភូមា។

ប្រភពសារព័ត៌មាននេះបន្តថា ម្យ៉ាងវិញទៀត វត្តមាននៃប្រតិភូពីកម្ពុជានេះមានន័យថា ជាការគាំទ្រទៅនឹងរបបសឹកយោធាភូមាដែលពិភពលោកកំពុងថ្កោលទោស។ បើទោះជាមានការព្រមានពីក្រុមប្រឆាំងចម្រុះទៅនឹង​របបសឹកភូមានេះក៏ដោយ​ ប៉ុន្តែ​គេសង្កេតឃើញថា ដំណើរទស្សនកិច្ចនេះបានដល់ភូមាដោយសុវត្ថិភាពហើយ។ ក្រៅពីនេះ កម្ពុជាក៏បានផ្ដល់នូវអំណោយជាបរិក្ខារពេទ្យនិងវ៉ាក់សាំងប្រ​​ឆាំង​​​​ជំងឺកូវីដ-១៩ថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ