លោក ហ៊ុន សែន ផ្ញើសារ​ឱ្យ​បន្ត​រួមគ្នា​ទប់ស្កាត់​ការ​បែកបាក់​ផ្ទៃក្នុង​ជាតិ

លោក ហ៊ុន សែន ថ្លែងសុន្ទរកថាអបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ (ហ្វេសប៊ុកលោក ហ៊ុន សែន)

មេដឹកនាំបក្សកាន់អំណាច យកថ្ងៃខួបជ័យជម្នះថ្ងៃ៧មករា ផ្ញើសារបង្ហាញពីសារៈសំខាន់នៃការរួប​​រួ​ម​គ្នាក្រោ​មដំ​​​បូលរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងផ្ទៃក្នុងជាតិ ទប់ស្កាត់​កម្ពុជា​កុំឱ្យរអិលធ្លាក់ទៅក្នុងរបបប្រ​ល័យពូជសា​សន៍​ជាថ្មីម្ដងទៀត។

សារលិខិត​កម្រាស់២ទំព័រ​ ក្នុងឱកាសរម្លឹក​ខួប​ទី​៤៣នៃទិវាជ័យ​ជម្នះ​ថ្ងៃ៧មករា នាថ្ងៃសុក្រនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ៤៣ឆ្នាំមក​នេះ កម្ពុជាបានធ្វើដំណើរលើផ្លូវដ៏គ្រោះថ្នាក់បំផុត រហូត​ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ធ្វើឱ្យជីវភាពពលរដ្ឋកាន់តែប្រសើរឡើង និងរក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ រួមទាំងការអភិវឌ្ឍសង្គម លើហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងប្រ​​ទេស។

ឆ្លងតា​មបទពិសោធន៍​នេះ លោកអំពាវនាវទៅជនរួមជាតិឱ្យបន្តសាមគ្គីគ្នា​ជាធ្លុងមួយ ក្រោម​ដំបូល​រដ្ឋ​ធម្ម​​​នុញ្ញ ក្រោម​អង្គ​ព្រះមហាក្សត្រ ដើម្បីបញ្ចៀសសង្គ្រាមនិងការបែកបាក់ផ្ទៃក្នុងជាតិដូចកាល​ពីអតីតកាល។

លោ​កថា៖ «ក្នុងឱកាសនេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ជន​រួមជាតិគ្រប់ទិសទី សូមបន្តរួបរួមជាធ្លុងមួ​យ​​ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់​ដ៏ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗ​ទៀត ​ក្នុងការ​កសាងនិងការពារមាតុភូមិឆ្ពោះទៅរកអនាគតដ៏រុងរឿង ពុំឱ្យកើតមានជាថ្មីទៀត​នូវអំពើប្រ​ល័​យ​ពូជ​សាសន៍ សង្គ្រាម និងការបែកបាក់​ជាតិដូចពីមុន»។

យ៉ាងណា ថ្ងៃខួបជ័យជម្នះថ្ងៃ៧មករា នៅឆ្នាំនេះ គណបក្សកាន់អំណាច មិនបានធ្វើពិធី​ជួបជុំគ្នា​ជាទ្រង់​ទ្រាយ​ធំ​នៅ​ទី​សាធារណៈដូចពេល​កន្លងទៅនោះទេ ដោយស​ម្អាង​ថា មកពីមូលហេតុ​ជំងឺកូវីដ-១៩។

ចំណែក​ស្ថាបនិកអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​និរទេស ដើម្បីគេច​ចេញពីការចាប់ខ្លួន​ខាង​នយោបាយ​នោះ បានបង្ហោះ​សារ​នៅ​លើទំព័រ​ហ្វេសប៊ុករបស់​លោក​ថា ភាពស្ងាត់ស្ងៀម​មិន​ធ្វើ​ពិធីរម្លឹកខួបថ្ងៃទី៧មករា​​​​​នេះ ដោយសារថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមិនចុះសម្រុងគ្នាលើសំណើលោក ហ៊ុន សែន ដែលចង់ឱ្យកូនប្រុសរបស់គាត់​ គឺលោក ហ៊ុន ម៉ាណែត ចេញមុខ​ក្នុង​ឱកាស​ពិធីរម្លឹក​ខួប​នេះ មិនមែនមកពីបញ្ហាកូវីដ-១៩ទេ ដោយថា ពេលនេះ រដ្ឋាភិបាល​បានប្រកាសបើកប្រទេសឡើង​វិញ​ហើយ។

លោក សម រង្ស៊ី បានលើកឡើង​​​ថា៖ «មន្ត្រីគណបក្សប្រជាជនកម្ពុជាដទៃទៀតមិនយល់ព្រមតាមសំណើលោក ហ៊ុន សែន ទេ ដោ​​យ​សម្អាង​ថា ហ៊ុន ម៉ាណែត អត់មានស្នាដៃអ្វីក្នុងថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ទេ ហើយក្នុងថ្ងៃជាបន្តបន្ទា​​ប់ក្រោយ​មកក៏គ្មានដែរ»។

ដោយឡែក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ហៅសាររបស់រដ្ឋាភិបាលនេះថាជា​មោទកភាពជាតិ​មួយ​សម្រាប់​កម្ពុជា បើគ្រប់​ភាគីពាក់ព័ន្ធធ្វើបានពិតមែននោះ។

ប៉ុន្តែលោកមើលឃើញថា ច្រើនឆ្នាំមកនេះ ពលរដ្ឋនិងអ្នកនយោបាយ​មិនកាន់អំណាចបានគោរពរដ្ឋធម្មនុញ្ញ តែដោយឡែក​អ្នកមានអំណាចទៅវិញទេដែល​មិនបានបំពេញកាតព្វកិច្ចតបតាមរដ្ឋធម្មនុញ្ញ ជំរុញឱ្យ​​មាន​ជម្លោះនយោបាយនិងការថ្កោលទោសពីសហគមន៍អន្តរជាតិ ទៅលើការរំលោភសិទ្ធិមនុស្ស និងប​​ញ្ហា​​អយុត្តិធម៌សង្គមជាដើមនោះ។

លោកថា៖ «រឿងគោរពរដ្ឋធម្មនុញ្ញក្ដី រឿងគោរពសិទ្ធិមនុស្សក្ដី មិនមែនអ្នកអត់អំណាចទៅរំលោភបានទេ កា​ររំ​លោភបំពានសុទ្ធតែចេញពីអ្នកមានអំណាច ហើយអ្នកមានអំណាចគឺកាំភ្លើងហ្នឹងខ្លាំងជាងគេហើ​យ»។

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន ចាត់ទុ​ក​​សារអំពាវនាវរបស់ប្រ​មុខ​​រដ្ឋាភិបាល​នេះគួរ​ឱ្យ​សាទរ ដោយលោកថា រដ្ឋធម្មនុញ្ញនិងអង្គព្រះមហាក្សត្រជាសសរស្ដម្ភរបស់ជាតិ។ ប៉ុន្តែលោក​ចង់​ឃើញ​សារនយោបាយ​នេះផ្សារភ្ជាប់​ទៅនឹង​ការ​អនុវត្តជាក់ស្ដែង ដើម្បីពង្រឹងប្រព័ន្ធប្រ​ជា​ធិបតេយ្យដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

លោកថា៖ «ប្រសិនបើការចេញសារនយោបាយ ឬក៏ជាលក្ខណៈ​ប្រជាភិថុត [ធ្វើឱ្យពលរដ្ឋយល់ច្រឡំ] ទេ បញ្ហាប្រវត្តិសាស្ត្រ ក៏ដូចជាបញ្ហាជម្លោះនយោបាយ​ ការបែកបាក់របស់សង្គមខ្មែរហ្នឹង វាមិនអាចដោះស្រា​យ​បានទេ […] ​រឿងការបែកបាក់នេះ កាលណាវាកាន់តែអូសបន្លាយពេលវេលាទៅ វាក៏កាន់តែកើ​​តកូ​នកើតចៅ ដែលអាចធ្វើឱ្យរឿងនោះកាន់តែធំបង្កហានិភ័យទៅដល់ជាតិ»។

មាត្រា១ នៃរដ្ឋធម្មនុញ្ញ បានចែងថា «ព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស»។

ប៉ុន្តែ​ចាប់ពីចុងឆ្នាំ​២០១៧​មក គណបក្សសង្គ្រោះជាតិដែលទទួលបានសន្លឹក​ឆ្នោត​ជាង៤៣​ភាគ​រយ ប្រហាក់​ប្រហែល​គណបក្សកាន់អំណាចដែរនោះ ត្រូវបានតុលាការរំលាយផាត់ចេញ​ពីឆាកនយោបាយរហូត​បច្ចុប្បន្ន ហើយមេដឹកនាំមួយចំនួនរបស់គណបក្សនេះ រួមទាំងលោក កឹម សុខា ផងកំពុងជាប់បណ្ដឹងនៅតុលាការនិងហាមធ្វើនយោបាយ។

ចំណាត់ការនេះធ្វើឱ្យកម្ពុជាប្រឈមនឹងការដាក់សម្ពាធ​ពីក្រុមប្រទេសលោកសេរី ដែលទាមទារឱ្យរដ្ឋាភិបាល​វិលទៅស្ដារស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ តបតាមរដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិមួយចំនួនដែលកម្ពុជាផ្ដល់សច្ចាប័នជាមួយអង្គការសហប្រជាជាតិ ក្នុងការធានាដំណើរការប្រជាធិបតេយ្យនៅកម្ពុជានោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ