ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅមីយ៉ាន់ម៉ាស្ថិតក្រោមការរិះគន់ដ៏ចម្រូងចម្រាស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងណៃពិដោ នៃប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដោយមានការទទួលស្វាគមន៍ដោយលោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ស្ថាប័នជាតិនិង​អន្តរ​ជាតិ​ធំៗ រួមទាំង​ពលរដ្ឋមីយ៉ាន់​ម៉ា​​ផង ​បន្តថ្កោល​ទោសនិង​រិះគន់​ដំណើរ​បំពេញ​​​ទស្ស​​​ន​​​​កិច្ច​​​របស់​​​​ប្រ​​មុខ​​រដ្ឋា​​​ភិ​បាលកម្ពុជា​​​នៅប្រទេស​មីយ៉ាន់ម៉ា ​ដើម្បី​​​ស្វែង​​​​​​​រក​សន្តិភាព​​​​សម្រាប់​​​​​ពល​​រដ្ឋ​​​មីយ៉ាន់ម៉ាផង និង​​ធា​​នា​​ឱ្យមានសន្តិសុខ ព្រម​​ទាំង​​ស្ថិរភាព​នៅ​ក្នុង​តំបន់​អាស៊ាន​ផង។

ស្របពេលវត្តមានរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងប្រតិភូកម្ពុជា​ ​​កំពុងស្ថិតនៅ​​ក្នុង​​ទឹក​​ដី​​​មីយ៉ាន់ម៉ា ឬភូមា នៅពេលនេះ សារ​ព័ត៌​មាន The Myanmar Now ចាប់ផ្ដើមធ្វើអត្ថាធិប្បាយ អមដោយរូបថតអ្នកតវ៉ាប្រឆាំងវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គិតត្រឹមថ្ងៃសុក្រនេះ។

តាមរយៈអត្ថបទរបស់ខ្លួន The Myanmar Now បានរិះគន់ថា មេរដ្ឋប្រហារយោធាភូមា​​ លោក​ មីន អ៊ុងឡាំង បាន​ចាប់យកជំនួយយ៉ាងអស់សង្ឃឹម ក្នុងទម្រង់ជាមិត្តរួមរបបផ្ដាច់ការលោក​​នា​​យក​រដ្ឋមន្រ្តី ហ៊ុន សែន។

ប្រភពដដែលបន្តទៀតថា ក្នុងនាមជាមេដឹកនាំកម្ពុជាប្រាកដជា​​បាន​ដឹង​​ច្បាស់ហើយពីក្រសែ​​ភ្នែក​​​អ្នក​សង្កេត​ការណ៍ថា កម្ពុជាសព្វថ្ងៃនេះតំណាងឱ្យ​​ការបរា​ជ័យ​​រួច​​ទៅហើយ សម្រាប់​ធ្វើ​ឱ្យ​ប្រសើរ​​​ឡើង​​​​​​នៃ​កិច្ចព្រមព្រៀងសន្តិភាព​​​ទីក្រុងប៉ារីស។​​ លើស​ពីនេះទៀត ពលរដ្ឋមីយ៉ាន់ម៉ាពិត​ជា​បាន​​ដឹង​ពី​​អំពើ​នៃការធ្វើ​រដ្ឋ​ប្រហារឆ្នាំ១៩៩៧ ដែលគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ រកគ្រប់មធ្យោ​​បាយ​​ដើម្បី​​ក្ដោប​​ក្ដាប់​​អំណាច មិនខុសពីអ្វី​​ដែល​មេរដ្ឋ​​ប្រហារយោធាភូមា លោកឧត្ដមសេនីយ៍ មីន អ៊ុងឡាំង កំពុង​​តែ​​ធ្វើ​​ដូចសព្វ​​ថ្ងៃនេះឡើយ។

នៅមុនដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃ​ទី​៥ ខែមករា​​ អង្គ​​ការមិន​​មែន​រដ្ឋាភិបាល​កម្ពុជា និង​មីយ៉ាន់ម៉ា​​​ ជិត២០០ស្ថាប័ន ដោយ​​មានការ​គាំទ្រ​ពី​អង្គ​ការ​​អន្ត​រ​ជាតិប្រមាណ២០​អង្គ​ភាព​​ផង​នោះ បាន​ថ្កោលទោស​ការប៉ុនប៉ងទៅ​​ប្រទេស​​មីយ៉ាន់ម៉ាពីសំណាក់​​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដោយ​ពួកគេ​ចាត់ទុកដំណើរទស្សនកិច្ច​​​នៅពេលនេះថា ជា​ការ​គាំទ្រ​ឱ្យមាន​របប​ផ្ដាច់​ការ​ដោយ​ពួក​យោធានៅមីយ៉ាន់​ម៉ា​។

នៅក្នុងថ្ងៃតែមួយនេះដែរ អង្គការលើកលែងទោសអន្តរជាតិ ឬហៅថា អង្គការ Amnesty Interna  tional ក៏បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន ដោយស្នើឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បោះ​បង់​គម្រោងទៅមីយ៉ាន់ម៉ា​ចេញ ប្រសិនបើលោក​ពិតជាចង់ស្រោចស្រង់​ប្រជាធិបតេយ្យ​នៅមីយ៉ាន់ម៉ា​​​នេះ​​មែន​។ ប្រភពដដែល​បន្តថា លោក ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន គួរ​កៀរ​គរ​សមាជិក​នៅ​​ក្នុងប្លុក​អា​ស៊ានទាំងអស់ធ្វើយុទ្ធនាការ​ប្រឆាំង​ការំ​លោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា។

លើសពីនេះទៀត អង្គការលើកលែងទោសអន្តរជាតិចាត់ទុកទំនាក់ទំនងការទូតដែលលោក ហ៊ុន សែន កំពុងតែធ្វើនេះថា ជាទម្រង់មួយ​ដ៏​គ្រោះថ្នាក់សម្រាប់ប្រជាជនមីយ៉ាន់ម៉ា​ ដែលផ្ទុយ​ពី​ជំហរនិង​ចំណាត់​ការរបស់​សមាជិកអាស៊ានផ្សេងទៀតចំពោះវិបត្តិក្នុងប្រទេស​មួយនេះ។

បើទោះបែបណា ប្រមុខរដ្ឋាភិបាលកម្ពុជា​​បានថ្លែងពីជំហររបស់​លោក​មុន​ចាក​ចេញ​ពី​កម្ពុជា​ទៅ​កាន់​មីយ៉ាន់ម៉ា កា​​ល​​ពីថ្ងៃទី៥ ខែមករា ថាអ្វីដែល​លោ​កធ្វើនេះមិនឱ្យខុសពីគោលការណ៍និង​ធម្ម​នុញ្ញ​​ដែល​​អាស៊ាន​​​មាន​​​​​នោះ​​ទេ។ លោកបន្តថា ស្មារតីដែលបានព្រមព្រៀងគ្នារួចហើយនេះក៏បាន​បើក​​ផ្លូវ​ឱ្យ​​​សមា​​ជិក​​អាស៊ានត្រូវ​រួមចំណែកដោះស្រាយវិបត្តិដែលកើតឡើងនៅក្នុងប្លុកអាស៊ាន ដូច​ព្រឹត្តិ​ការណ៍ដែល​​​​មា​ន​​ស្រាប់ក្នុងប្រទេសមីយ៉ាន់ម៉ានេះ។

លោកបន្តថា៖ «ខ្ញុំមិនដាក់លក្ខខណ្ឌរបស់ខ្ញុំទុកជាមុនក្នុង​ដំណើររបស់ខ្ញុំទៅទេ។ ខ្ញុំអត់ដាក់​លក្ខ​ខ​ណ្ឌ​​​​ទុក​ជាមុនទេ។ ខ្ញុំទៅដល់ទើបខ្ញុំជជែក ហើយប្រធានប​ទគឺកុ​ងសង់ស៊ីស៥​ចំណុចហ្នឹងឯង​។​ដូច្នេះ ​​ប្រជាពលរដ្ឋនៅមីយ៉ាន់ម៉ា តើអ្នកចង់ឱ្យប្រទេសធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលពិតប្រាកដ ឬ​ក៏​ចង់​ដោះ​ស្រាយ? ការ​ដោះស្រាយ​តួនាទីនេះ ​គឺបាន​ផ្ដល់​ឱ្យ​មក​បណ្ដា​ប្រទេស​អាស៊ាន​បាន​ឯកភាព​គ្នា​ រួម​ទាំងមីយ៉ាន់ម៉ា​ខ្លួន​ឯង​ ​គឺបានព្រមព្រៀងលើ​កុងសង់ស៊ីស៥ចំណុច​ហ្នឹងហើយ ​ប៉ុន្តែ​មិន​ទាន់​បាន​អនុវត្ត។ ប្រទេស​នានា​នៅ​ក្រៅ​តំបន់​ក៏​បាន​ព្រម​ព្រៀង ​ក៏បាន​ផ្ដល់​តួនាទី​នេះ​សម្រាប់​អាស៊ាន រាប់​ទាំងការផ្ដល់ជំនួយមនុស្សធម៌ផងដែរ»។

កុងសង់ស៊ីសដូចដែលលោកនាយករដ្ឋមន្រ្តីលើកឡើងនោះ មានន័យថា បណ្ដាស​មាជិកអាស៊ាន​បាន​សម្រេចរួចហើយកាលពីខែ​មេសា ឆ្នាំ២០២១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ក្នុងនោះរួមមាន មិន​ឱ្យមាន​អំពើហិង្សា, ដាក់ឱ្យមានកិច្ចសន្ទនា​ក្នុង​​ន័យ​​ស្ថាបនា​ពីគ្រប់ភាគីពាក់ព័ន្ធ, បញ្ជូន​​ជំនួយ​មនុស្ស​​ធម៌​ជួយទៅដល់ប្រទេសភូមា, បង្កើតឱ្យមាន​​ប្រេ​សិត​​ពិសេស ដើម្បីសម្រប​សម្រួល​​កិច្ច​សន្ទ​​នា និង​បើកផ្លូវឱ្យ​​ប្រេ​សិត​​ពិសេស​ចូល​ទៅ​​ក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី៥ ខែមករា ដោយ​បញ្ជាក់​ថា ដំណើរបំពេញទស្សនកិច្ចរបស់​​លោក​នាយករដ្ឋមន្រ្តីនៅមីយ៉ាន់ម៉ា​នេះ ប្រព្រឹត្តទៅ​​ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃទី៨ ខែមករានេះ។ ប៉ុន្តែលោក ហ៊ុន សែន បានថ្លែង​​នៅ​​មុនចេញដំណើរថា ប្រសិន​បើការ​ចរចា​​រកដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា​នេះនៅមាន​​​ភាព​​ចាំបាច់ ដំណើរ​ត្រលប់មកកម្ពុជាវិញអាច​នឹង​ត្រូវពន្យារពេលរហូតដល់ល្ងាចថ្ងៃទី៩ ខែមករា។

ក្នុងដំណើរទស្សកិច្ចនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានយកកូនប្រុសចំនួន២នាក់​​​របស់​​លោក រួមមាន លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានិត ​​​អម​​ដំ​ណើរជាមួយ​ដែរ​ រួម​ជាមួយ​មន្ត្រី​សំខាន់​ៗ​មួយចំនួនទៀត ដូចជា លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេសកម្ពុជា និងលោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ជាដើម។

ទោះយ៉ាងណា ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់ទុកប្រតិកម្មរបស់​​សង្គម​​ស៊ីវិល​ទាំង​នោះ​ថា ជាសិទ្ធិនៃការបញ្ចេមតិរបស់ពួកគេ ប៉ុន្តែភាពចាំបាច់របស់ប្រមុខរ​ដ្ឋាភិបាល​កម្ពុជា​នៅពេលនេះ គឺចង់ឃើញពលរដ្ឋមីយ៉ាន់ម៉ា​មានសិទ្ធិពេញលេញ​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស ហើយ​ស្ថាន​​ភាព​​នយោបាយនៅក្នុងរដ្ឋសហព័ន្ធមួយនេះវិលទៅរកប្រក្រតីភាពឡើងវិញ។

លោកបន្តថា៖ «ទី១ ប្រតិកម្មជាសិទ្ធិក្នុងការបញ្ចេញមតិរបស់​ពួកគេ ពួកគេមិនយល់ពីសុឆន្ទៈ​នៃ​ការ​​​ប្រឹងប្រែងរបស់សម្ដេចតេជោ ហើយយើងព្យាយាម​ពន្យល់ពីគោលបំណងនៃ​សុឆន្ទៈរបស់​កម្ពុជា​​​។​ ការទៅនេះដើម្បីបញ្ចប់សោកនាដកម្មនៃប្រជាជាតិភូមា» ។

អ្នកនាំពាក្យរបបសឹកយោធាមីយ៉ាន់ម៉ា​ ត្រូវបានកាសែតក្នុងស្រុក​ដកស្រង់សម្ដីមកចុះផ្សាយ នៅ​មុន​​​​ដំ​ណើ​របំ​ពេញ​​​​​ទ​ស្ស​ន​កិច្ចរបស់ប្រមុខរដ្ឋាភិបាល​កម្ពុជា​​ទៅ​ដល់ ​ថាវត្តមាន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ នៅក្នុង​​រដ្ឋ​សហ​​ព័ន្ធ​​មួយនេះ គេមិនអនុញ្ញាតឱ្យជួបលោកស្រី អ៊ុងសាន ស៊ូជី ទេ។

នាយកប្រតិបត្តិ​នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ ចាត់ទុកថា ប្រតិកម្ម​​ពី​ពលរដ្ឋមីយ៉ាន់​ម៉ា និង​សហគមន៍​អន្តរជាតិ ប្រឆាំងវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺវាមិនខុស​ឆ្គងអ្វី​ឡើយ ព្រោះពួកគេប្រឹងប្រែង​ប្រឆាំង​ការប្រើអំណាចផ្ដាច់ការរបស់មេដឹក​នាំ​យោធា​រូប​នេះ។

លោកបន្តថា៖ «នៅក្នុងនាមជាជនជាតិភូមា ប្រសិនជាយើង​និយាយទៅ ខ្ញុំ! គាត់ធ្វើបាតុកម្ម​ដើម្បី​ទាម​​ទារ​ ​​ឬក៏​ប្រឆាំងការធ្វើទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជារឿងត្រឹម​ត្រូវ។​ ពួក​គេ​ទាម​ទារ​​ចង់បានសេរីភាព ចង់បានប្រជាធិបតេយ្យ និងចង់បានឱ្យមានការគោរពសិទ្ធិមនុស្ស ឬក៏​ជំ​រុញឱ្យ មីន អ៊ុងឡាំង ហ្នឹងគោរពទៅតាមកុង​សង់ស៊ីសទាំង៥ចំណុច​ដែលអាស៊ាន​ដាក់ឱ្យ​អ៊ីចឹង​​ទៅ»។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែ​តុលា ឆ្នាំ​២០​​​២១ កន្លងទៅ ប្រទេស​ព្រុយណេ ដែលជាប្រធានអាស៊ាន​ប្ដូរវេន មិនអនុញ្ញាតឱ្យ​មេរដ្ឋ​​ប្រហារយោ​​ធា​មីយ៉ាន់​ម៉ា​រូបនេះចូលរួមប្រជុំរួចមកហើយ។ ការសម្រេចចិត្តដូច្នេះរបស់​ក្រសួងការ​បរទេស​ព្រុយ​ណេ នៅ​បន្ទាប់​ពីមានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលបានបិទផ្លូវលោក មីន អ៊ុង​ឡាំង។

មិនមែនតែសមាជិកខ្លះនៅក្នុងប្លុកអាស៊ានទេដែលមិនពេញចិត្តការធ្វើរដ្ឋប្រហារដោយយោធានៅ​មីយ៉ាន់ម៉ានេះ កាលពីថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ២០២១​ នៅក្នុងមហាសន្និបាតអង្គការ​សហ​ប្រជា​ជាតិ ក៏​បាន​បោះឆ្នោតនិងចេញ​​សេចក្ដីសម្រេចថ្កោលទោសលោក មីន អ៊ុងឡាំង នេះដែរ។ ប្រតិកម្មពីអន្តរជាតិនេះ នៅបន្ទាប់ពីរបបសឹកយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល​​ស៊ី​​វិ​ល​​​របស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ