កូដករ​ណាហ្គាវើលដ៍​​​នឹង​ធ្វើ​កូដកម្ម​រាល់ថ្ងៃ​រហូត​មាន​ការ​ដោះលែង​ថ្នាក់​ដឹក​នាំ​សហជីព​របស់​ខ្លួន

សមត្ថកិច្ចឈរដាក់របាំងទប់កូដករកតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូណាហ្គាវើលដ៍ (Naga World) មួយចំនួនប្តេជ្ញាថានឹងធ្វើ​កូដកម្ម​អហិង្សារាល់ថ្ងៃរហូតដល់មានការដោះលែងថ្នាក់ដឹកនាំសហជីព និងទាមទារឱ្យក្រុមហ៊ុនទូទាត់ប្រាក់បំណាច់បញ្ចប់​កិច្ច​សន្យា​ការ​ងារតាមច្បាប់កំណត់ បើទោះបីជាការតវ៉ារបស់ពួកគាត់មានការរារំាងពីសមត្ថកិច្ចក្តី។

កូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកនាង ម៉ៅ ម៉ាណែត មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះថា រយៈពេលជាង២០ថ្ងៃមកហើយ ដែលពួកគេនាំគ្នាបន្តធ្វើកូដកម្មនៅក្បែរក្រុមហ៊ុន ដើម្បីទាមទារឱ្យក្រុមហ៊ុនទូទាត់ប្រាក់បំណាច់បញ្ចប់​កិច្ច​សន្យា​ការ​ងារតាមច្បាប់កំណត់ ប៉ុន្តែអ្នកនាងថា កំឡុងពេលធ្វើកូដកម្មដោយអហិង្សានេះ ក្រុមសមត្ថកិច្ចបានចាប់ខ្លួនថ្នាក់ដឹកនាំសហជីព និងតំណាងពួកគេជាបន្តបន្ទាប់ដាក់ពន្ធនាគារចំនួន ៨នាក់។

ករណីនេះអ្នកនាង​ប្តេជ្ញាថា ពួកគេនៅតែបន្តប្រមូលផ្តុំគ្នានៅក្បែរក្រុមហ៊ុនជារៀងរាល់ថ្ងៃ ដើម្បីទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីព និងទាមទារឱ្យក្រុមហ៊ុន​ទូទាត់បំណាច់បញ្ចប់​កិច្ច​សន្យា​ការ​ងារតាមច្បាប់កំណត់។

អ្នកនាងនិយាយថា«ចាប់តំណាងខ្ញុំ ៨នាក់ដាក់ពន្ធនាគារ ពួកខ្ញុំបានប្រគល់សិទ្ធិជូនតំណាងខ្ញុំអស់ហើយ។ បើចង់ដោះស្រាយនិងចូលតុចចាជាមួយក្រុមហ៊ុន លុះត្រាតែដោះលែងតំណាងពួកខ្ញុំមកវិញ។ បើអត់ដោះលែងទេ ពួកខ្ញុំមិនចូលដោះស្រាយ និងបន្តធ្វើកូដកម្មជារៀងរាល់ថ្ងៃរហូតមានដំណោះស្រាយ»។

កូដករម្នាក់ទៀត អ្នកនាង ម៉ៅ គឹមឡាយ រៀបរាប់ថា ពួកគាត់ធ្វើកូដកម្មដោយអហិង្សា ប៉ុន្តែសមត្ថកិច្ចបានដាក់របាំងបិទផ្លូវនៅម្តុំវិមានរដ្ឋសភាជាតិ ដោយមិនឱ្យពួកគេទៅជួបជុំនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍នោះទេ ។ ​អ្នកនាងចាត់ទុកការរាំងរបស់សមត្ថកិច្ចថា ជាការរឹតត្បិតសេរីភាពបញ្ចេញមតិ និងសេរីភាពជួបជុំដោយសន្តិវិធី ផ្ទុយពីច្បាប់ជាតិ និងច្បាប់អន្តរជាតិ ។

អ្នកនាងនិយាយថា«ពួកខ្ញុំមានទំនាស់ជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ គឺក្រុមហ៊ុនត្រូវដោះស្រាយជាមួយពួកខ្ញុំ ប៉ុន្តែអាជ្ញាធរបែរជាមកបិទផ្លូវ ដាក់របាំងមិនពួកខ្ញុំទៅមុខក្រុមហ៊ុនតវ៉ាទៅវិញ។ នេះជាការសិទ្ធិសេរីភាពការងារ និងការជួបជុំគ្នាដោយអហិង្សា ដោយសន្តិវិធីស្របតាមច្បាប់ គាត់អត់ត្រូវធ្វើចឹងទេ »។

ទោះបីជាក្រុមកូដករនាំគ្នាតវ៉ាបន្តនៅថ្ងៃនេះក្តី ប៉ុន្តែមិនមានតំណាងអាជ្ញាធរណាចុះទៅដោះស្រាយវិវាទការងារតាមការស្នើសុំរបស់ពួកគេឡើយ ក្រៅតែពីក្រុមសមត្ថកិច្ចនិងកម្លាំងសន្តិសុខជាច្រើននាក់ ដែលដាក់ឃ្លាំមើលសកម្មភាពធ្វើកូដកម្មរបស់ពួកគេប៉ុណ្ណោះ។

កាលពីថ្ងៃ​ទី​៦ ខែមករានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ បាន​ចេញ​លិខិត​ជា​ថ្មី​ទៀតឱ្យ​តំណាងឬ​បុគ្គលិក​របស់​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ ចូល​រួម​ប្រជុំ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញនូវការទូទាត់​ប្រាក់បំណាច់​បញ្ចប់កិច្ចសន្យាការងារ ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដើម្បីដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុន​ល្បែងមួយនេះ ប៉ុន្តែកូដករមួយចំនួនប្រកាន់ជំហរថា ពួកគេមិនជួបប្រជុំជាមួយក្រសួងនោះទេ ប្រសិនបើថ្នាក់ដឹកនាំសហជីពមិនត្រូវបានដោះលែង។

គិតចាប់តាំងពីការធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ មកដល់ពេលនេះមានរយៈពេល២២ថ្ងៃមកហើយ   យ៉ាងហោចណាស់ ថ្នាក់ដឹក​នាំ​សហជីព​ និងសមាជិកសរុបជិត៣០​នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះ ៨នាក់ រួមទាំង​កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពផង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទ «ញុះញង់ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ 

ក្រុម​អ្នកជំនាញអង្គការសិទ្ធិមនុស្សជាតិនិង​អន្តរជាតិ បានថ្កោលទោសជាបន្តបន្ទាប់ចំពោះការចាប់ខ្លួន និងការឃុំខ្លួនថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ ដោយថា​ ការចាប់ខ្លួនធ្វើឡើងទាំងបំពានច្បាប់ និងរំលោភសិទ្ធិមនុស្ស ហើយពួកគេបានទាមទារឱ្យទម្លាក់ចោលការចោទប្រកាន់ជាបន្ទាន់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ