អត្ថបទ​ទស្សនៈ​៖ វិបាក​នៃ​គោរមងារ​ចំពោះ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

នៅក្នុងការគ្រប់គ្រងរដ្ឋបែបបុរាណ ការភ្ជាប់ខ្លួនរបស់មេដឹកនាំទៅនឹងអាទិទេពដើម្បីទទួលបាននីត្យានុកូលភាពនយោបាយដឹកនាំ ជាកិច្ចការសំខាន់ក្នុងការរក្សាអំណាច ឥទ្ធិពល និងការពារប្រទេស។ មេដឹកនាំឬក្សត្រក្នុងសម័យបុរាណតែងតែមានគោរមងារសម្រាប់រាជ្យ ឬសម្រាប់មរណនាម មានទាំងនៅក្នុងបូព៌ាប្រទេសនិងបស្ចិមប្រទេស ជាពិសេសក្នុងប្រវត្តិសាស្ត្រខ្មែរ។

នៅក្នុងសម័យទំនើប ទំនោរនៃការហៅគោរមងារហាក់មិនកើតមាននោះទេនៅក្នុងសង្គមប្រជាធិបតេយ្យសេរីជឿនលឿនដែលផ្ដល់តម្លៃខ្លាំងទៅលើអធិបតេយ្យភាពពលរដ្ឋ (people sovereignty) ដែលជាប្រភពនៃអំណាចរដ្ឋ។

អត្ថបទនេះនឹងបកស្រាយពីសារៈសំខាន់និងវិបត្តិនៃគោរមងារដោយផ្អែកលើទ្រឹស្ដីកិច្ចសន្យាសង្គមរបស់ទស្សនវិទូនយោបាយអង់គ្លេស ថូម៉ាស ហូបស៍ (Thomas Hobbes), និង ចន ឡូក (John Locke) និងទស្សនវិទូនយោបាយបារាំង ហ្សង់ ហ្សាក់រូស្ស៊ូ និងការអង្កេតផ្ទាល់ខ្លួនរបស់ស្មេរ ចំពោះការវិវត្តសង្គមនយោបាយនៅកម្ពុជា។

ថូម៉ាស ហូបស៍ លើកឡើងថា នៅក្នុងសភាពធម្មជាតិដែលពោរពេញដោយអំពើហិង្សា ការកាប់សម្លាប់គ្នាដូចហ្វូងសត្វ ពោលគឺមនុស្សជាឆ្កែចចកចំពោះមនុស្សគ្នាឯង ដោយសារខ្វះអង្គអធិបតេយ្យរួមមួយ មនុស្សមិនអាចរស់នៅសុខដុមរមនាបាននោះទេ។ ហេតុដូច្នេះ មនុស្សយល់ព្រមចុះកិច្ចសន្យាសង្គមគ្នាឯង អញ្ជើញមេដឹកនាំផ្ដាច់ការមករក្សាសណ្ដាប់ធ្នាប់និងសន្តិភាព។

ក្នុងន័យនេះ មេដឹកនាំជាអាទិទេព ពីព្រោះ ហូបស៍ លើកឡើងថា អ្វីដែលមេដឹកនាំនិយាយជាច្បាប់ អ្វីដែលមេដឹកនាំធ្វើសុទ្ធតែត្រឹមត្រូវ ហើយមេដឹកនាំមិនអាចដកចេញពីអំណាចបាននោះទេ។ លោកបន្តថា សុខចិត្តរស់នៅក្រោមអំណាចផ្ដាច់ការរបស់មនុស្សម្នាក់ប្រសើរជាងទៅរស់នៅក្នុងសភាពធម្មជាតិដែលសូម្បីតែសិទ្ធិរស់រានមានជីវិតមិនមានផង។

ជាការឆ្លុះបញ្ចាំង ការផ្ដល់គោរមងារជាផ្លូវការ គឺជាមរតករបស់របបសក្ដិភូមិ ដែលបង្កើតឱ្យមានការបែងចែកវណ្ណៈនិងវិសមភាពខ្ពស់នៅក្នុងសង្គម ផ្ទុយពីរបបប្រជាធិបតេយ្យដែលមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នា។ តួយ៉ាង នៅសហរដ្ឋអាមេរិក មន្ត្រីរាជការរបស់គេ សូម្បីតែប្រធានាធិបតីក៏មិនប្រើងារ «ឯកឧត្ដម» ឬ «ជំទាវ» ដែរ គឺគេប្រើត្រឹមតែពាក្យ «លោក» ឬ «លោកស្រី» ប៉ុណ្ណោះ។ ពលរដ្ឋនៅប្រទេសជឿនលឿនដែលកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួន គេលួចអស់សំណើចនៅពេលគេបានឮឬជួបអ្នកនយោបាយឬអ្នកជំនួញដែលមានគោរមងារវែងអន្លាយ។ សម្រាប់ពួកគេ គោរមងារហួសសម័យ ហើយឆ្លុះបញ្ចាំងពីមរតកអវិជ្ជមាននៃរបបសក្ដិភូមិនិងវិសមភាពនៅក្នុងសង្គម។

ផ្ទុយពី ហូបស៍ ទស្សនវិទូ ចន ឡូក លើកឡើងថា ក្នុងសភាពធម្មជាតិ មនុស្សមានសិទ្ធិធម្មជាតិ (natural rights) ដែលជាសិទ្ធិមិនអាចដកហូតបាន ដូចជា សេរីភាព កម្មសិទ្ធិឯកជន និងសមភាព បើទោះបីជាសិទ្ធិទាំងនេះមិនអាចរីករាយបានទាំងស្រុង ដោយសារខ្វះអង្គអធិបតេយ្យមួយដែលមិនលម្អៀងក្នុងការកាត់សេចក្ដីរកខុសត្រូវ។

ហេតុដច្នេះ មនុស្សយល់ព្រមបង្កើតរដ្ឋាភិបាលដែលកម្រិតអំណាចមួយ (limited government) ដើម្បីធានានិងផ្ដល់សេវាកម្មនយោបាយទាំងនោះដល់ប្រជាពលរដ្ឋដែលជាម្ចាស់អំណាចនិងមានសិទ្ធិពេញលេញក្នុងការផ្លាស់ប្ដូររដ្ឋាភិបាល នៅពេលដែលរដ្ឋាភិបាលមិនបានបំពេញតាមកិច្ចសន្យាសង្គមដែលបានសន្យាជាមួយប្រជារាស្ត្រ។ ក្នុងទស្សនវិជ្ជានយោបាយរបស់លោក ចន ឡូក បានផ្ដល់តម្លៃខ្លាំងដល់អធិបតេយ្យពលរដ្ឋ ដែលជាប្រភពនិងឫសគល់នៃការតាក់តែងរដ្ឋធម្មនុញ្ញបែបប្រជាធិបតេយ្យទំនើប។

ស្រដៀងគ្នានេះដែរ លោក រូស្ស៊ូ លើកឡើងថា កិច្ចសន្យាសង្គមបង្កើតឡើងដើម្បីរក្សាសេរីភាពពីធម្មជាតិដែលប្រមូលផ្ដុំក្នុងសង្គម ហើយគ្មានអ្នកណាម្នាក់ត្រូវបានបាត់បង់សេរីភាពនោះឡើយ។ ពោលគឺលោកយល់ថា មនុស្សម្នាក់ៗមិនត្រូវលក់ដូរសេរីភាពរបស់ខ្លួនជាថ្នូរនឹងសន្តិសុខដូចទស្សនវិទូ ថូម៉ាស ហូបស៍ នោះឡើយ។

លោកបន្ថែមទៀតថា អំណាចអធិបតេយ្យភាពគួរតែជាអំណាចរបស់ប្រជាពលរដ្ឋ ពីព្រោះប្រសិនបើអំណាចអធិបតេយ្យភាពមិនមានលក្ខណៈប្រជាធិបតេយ្យនោះ គឺជាអធិបតេយ្យភាពមិនល្អ ហើយបើអធិបតេយ្យភាពមិនល្អបែបនេះ មិនអាចប្រគល់ទៅឱ្យបុគ្គលណាម្នាក់ឡើយ កុំថាឡើយស្ដេច (មេដឹកនាំ) ដែលតំណាងអាទិទេព ពីព្រោះលោកយល់ថា ការស់នៅចំណុះមេដឹកនាំបែបនេះ សុខចិត្តទៅរស់នៅក្នុងសភាពបែបធម្មជាតិវិញ។

ជាការឆ្លុះបញ្ចាំង នៅប្រទេសអភិវឌ្ឍន៍ជាច្រើនដែលប្រកាន់របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស (ឧទាហរណ៍ អាមេរិក និង អូស្ត្រាលី) គេបានលុបបំបាត់ការផ្ដល់គោរមងារដល់អ្នកនយោបាយនិងអ្នកជំនួញ (មហាសេដ្ឋី) នៅក្នុងសង្គមរបស់គេ។

ការផ្ដល់គោរមងារដល់អ្នកនយោបាយ អាចនាំឱ្យមាននយោបាយពុករលួយ (political corruption) ការរើសអើង និងវិសមភាពនយោបាយ (political inequality) នៅក្នុងការប្រកួតប្រជែងនយោបាយបែបប្រជាធិបតេយ្យ។ ចំណែកឯការផ្ដល់គោរមងារ ឧទាហរណ៍ ឧកញ៉ា, អ្នកឧកញ៉ា…) ដល់មហាសេដ្ឋីជំនួញ ក៏អាចនាំឱ្យមានទំនាស់ផលប្រយោជន៍ ឥទ្ធិពលអវិជ្ជមានមកលើនយោបាយរបស់ជាតិ និងបង្កឱ្យមានវិសមភាពនៃការប្រកួតប្រជែងពាណិជ្ជកម្មក្នុងទីផ្សារសេរីផងដែរ។

រៀបរៀងដោយ៖ ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
សូមបញ្ជាក់ថា រាល់ខ្លឹមសារអត្ថបទទាំងស្រុងមិនឆ្លុះបញ្ចាំងពីគោលជំហរ ឬ ទស្សនៈរបស់វីអូឌីឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ