កម្ពុជា​សម្អាង​ពី​អត្ថប្រយោជន៍​ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ (រូប៖​ ហ្វេសប៊ុក​លោក ហ៊ុន សែន)

មេដឹកនាំ​កម្ពុជាបកស្រាយពីអត្ថប្រយោជន៍នៃលទ្ធផលជំនួបជាមួយមេដឹកនាំរដ្ឋប្រហារយោធា​មីយ៉ាន់​ម៉ានា​ពេលថ្មីៗនេះថា បានផ្ដល់អត្ថប្រយោជន៍ដល់អាស៊ាននិងពលរដ្ឋមីយ៉ាន់ម៉ា​ផងដែរ ខណៈមានការរិះគន់ថា លទ្ធផលនោះជាកា​របោកបញ្ឆោតក្រសែភ្នែកអន្តរជាតិ។

កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ មេដឹកនាំកម្ពុជាបាន​ជួប​មេដឹកនាំ​រដ្ឋប្រហារយោធា​មីយ៉ាន់​ម៉ា លោក មីន អ៊ុងឡាំង។ ក្រោយជំនួប កម្ពុជា តាមរយៈក្រសួងការបរទេស បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន​ចុះ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ២​០២២ រដ្ឋាភិបាលរបស់លោក មីន អ៊ុងឡាំង ព្រមទទួល​យក​យន្តការ​ឈប់​បាញ់​​ជាមួយ​​អង្គ​ការប្រ​ដាប់​អាវុធលើជនជាតិភាគតិចទាំងអស់រយៈពេល៥ខែ រហូតដល់ចុង​ខែកុ​ម្ភៈ ឆ្នាំ២០២២ និងសម្រេចពន្យា​​​​​រពេលបទឈប់បាញ់គ្នានេះបន្ថែមទៀតរហូតដល់ចុងឆ្នាំ២០២២។

ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ នៅខេត្តបាត់ដំបង នាថ្ងៃចន្ទនេះ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា កិច្ចព្រមព្រៀង​នៃការឈប់បាញ់បានដើរតួនាទីសំខាន់ជាងអ្វីទាំងអស់សម្រាប់​ការស្វែង​រក​ដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

មេដឹកនាំកម្ពុជាបានគូសបញ្ជាក់ថា កាលណាបទឈប់បាញ់ត្រូវបានដោះស្រាយ ជំនួយមនុស្សធម៌នឹងចូលទៅប្រទេសនៅគ្រប់ទីកន្លែង រីឯការសន្ទនាស្វែងរកដំណោះស្រាយ​​ផ្សេងទៀតដែលមានចែងក្នុងចំណុច​ទី៥នៃ​កុងសង់ស៊ីសអាស៊ាន វានឹងបើកផ្លូវផងដែរ។

មួយវិញទៀត លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ដែរ​ថា លទ្ធផល​នៃបទឈប់បាញ់នេះ ពលរដ្ឋភូមាក៏​អាច​​ចៀស​ផុត​ពី​អំពើ​ហិង្សា កា​រ​បាញ់​ប្រហារ​ពីសំណាក់យោធា និងទទួលបានជំនួយផ្សេងៗ រួមទាំងវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈលទ្ធផលជំនួបដំបូងនេះផងដែរ។

លោកថា៖ «អ្នកណាប្រឆាំងបទឈប់បាញ់ អ្នកហ្នឹងចង់ឱ្យសង្គ្រាមផ្ទុះ ហើយឱ្យមានមនុស្សស្លាប់និងរ​បួស អ្នក​ណាប្រឆាំងនឹងការផ្ដល់ជំនួយ អ្នកហ្នឹងចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ ស្លាប់ដោយអត់ថ្នាំពេទ្យ ស្លាប់​ដោយ​អត់វ៉ាក់សាំង​ចាក់ អ្វីដែលខ្ញុំនិយាយគឺប៉ុណ្ណឹង​ ល្មមយល់គ្នា»។

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ដែល​តុលាការ​បាន​រំលាយ លោក មាជ សុវណ្ណារ៉ា មើល​ឃើញថា ការ​ប្រកាស​ឈប់​បាញ់​របស់​មេដឹកនាំមីយ៉ាន់ម៉ា​ ជារឿងវិជ្ជមាន​មួយ។  ប៉ុន្តែ លោកមើល​ឃើញ​ថា ជំនួប​រវាង​មេដឹកនាំកម្ពុជា និងមេដឹកនាំ​របបយោធាមីយ៉ាន់ម៉ា​​​នោះ​ មិនបាននិយាយ​ដល់​ការ​បើក​លំហរ​សេរីភាព​របស់​ លោក​ស្រី អ៊ុង​សាន ស៊ូជី ដែលត្រូវបានរបប​សឹកយោធាមីយ៉ាន់ម៉ា​ចាប់ឃុំខ្លួននោះទេ ដែល​មាន​ន័យ​ថា ជំនួបនោះ ​នៅមិនទាន់ដោះស្រាយ និងឆ្លើយតបទៅនឹង​ឆន្ទះរបស់​ពលរដ្ឋមីយ៉ាន់ម៉ា​ដែរ។

លោកថា៖ «យើងប្រកាសឈប់បាញ់គ្នាៗ តែយើងអត់បើកលំហប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ហើយបើក​​ឱ្យប្រជាពលរដ្ឋតវ៉ាដោយអហិង្សា កុំឱ្យរដ្ឋាភិបាលផ្តាច់ការ​​ដោយមេដឹកនាំរដ្ឋប្រហារយោធាភូមាហ្នឹ​​ង​​​​ទៅបង្ក្រាបដោយហិង្សា អាហ្នឹងក៏បង្ហាញដោយមេដឹកនាំយោធាហ្នឹងជាមុនសិនដែរ» 

ស្ថាបនិកអតីតគណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន​​ដើម្បីគេចចេញពីការចាប់ខ្លួន​ខាងនយោ​បាយ​នោះ បាន​បង្ហោះសា​រ​នៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៩ ខែ​មករានេះថា ដំណើរ​ទស្សន​កិច្ចរបស់​មេដឹកនាំបក្សកាន់អំណាចកម្ពុជានេះ ត្រូវបាន​ប្រជាពលរដ្ឋមីយ៉ាន់ម៉ាថ្កោល​​ទោស​ថា បាន​លើក​ទឹកចិត្ត​ដល់​ជន​ផ្ដាច់​ការ​ដែល​ជា​មេរដ្ឋប្រហារយោធាមានបាតដៃប្រឡាក់ឈាមនៃរបបសឹកមីយ៉ាន​ម៉ា។

លោក សម រង្ស៊ី ចាត់ទុកសេចក្ដីថ្លែងការណ៍រួមនោះថា៖ «គ្រាន់តែឆ្លុះបញ្ចាំងពីការប៉ុនប៉ងបោកបញ្ឆោតសា​​ធារណមតិ​អន្តរជាតិ​តែប៉ុណ្ណោះ។ អ្វីដែលប្រជារាស្ត្រភូមាចង់បាន គឺការបញ្ឈប់នូវរាល់អំពើហិង្សាមកលើប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់មជ្ឈដ្ឋាន ដែលទាមទារដោយសន្តិវិធីឱ្យគោរពឆន្ទៈប្រជារាស្ត្រ ដូច​បានសម្ដែង​តាមរយៈការបោះឆ្នោតឆ្នាំ​២០១៥ និង​២០២០។ ក្នុងការបោះឆ្នោតនោះ គណបក្សលោកស្រី អ៊ុង​សាន ស៊ូជី បានទទួល​ការ​គាំទ្រ​ជាង៨០​ភាគ​រយពី​អ្នក​បោះ​ឆ្នោត​ទូទាំង​ប្រទេស»

អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា ធ្លាប់ផ្តល់បទសម្ភាសន៍ជាមួយវីអូឌី​កាលពីថ្ងៃសុក្រ​ថា គេ​មិនត្រូវ​មាន​ជំនឿខ្លាំង​ពេក​ពីដំណើរ​របស់​មេដឹកនាំកម្ពុជា ទៅ​កាន់​ប្រទេសមីយ៉ាន់ម៉ា ឬភូមា​ជាលើកដំបូងនេះពេក​ទេ  បើទោះបី​លោកមើលឃើញ​ថា ការ​ដោះ​ស្រាយបញ្ហា​នយោបាយ​គ្មានជម្រើសណាល្អ​ជាង​ការចរចា​នយោបាយក៏ដោយ។

លោកបន្ត​ថា ក្នុងដំណើរ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា កម្ពុជា​ចង់​សម្រេច​បាន​ក្រម​ប្រតិបត្តិ​នៃ​ភាគី​ជម្លោះមហា​សមុទ្រ​ចិន​ខាង​ត្បូង ឬហៅថាCoC ក្នុង​នាម​ខ្លួន​ជា​ប្រធាន​អាស៊ាន​ប្តូរវេ​ន​នៅពេល​នេះ (CoC​​ជា​ឯកសារ​កំណត់​​យន្តការ ​និង​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង)​។

លោកថា៖ «អីចឹងទេ ដើម្បីសម្រេចបានអាកិច្ចព្រមព្រៀងហ្នឹង ល្គិក​ណាភាគីអាស៊ានមាន១០ប្រទេស​ ដើ​ម្បី​ចុះហត្ថលេខាបើសិនជាអាស៊ានខ្វះមួយឬក៏អាស៊ាន៩ទេ វាធ្វើឱ្យអាដំណើរការ ឬការចុះហត្ថលេខាCOCរវាង​អាស៊ាននិងចិនហ្នឹង វាមិនអាចដំណើរការទៅបាន»

មហាសមុទ្រចិនខាង​ត្បូង ថ្វីបើពេលនេះ​គ្រប់គ្រង​ដោយ​មហា​អំណាច​ចិន ប៉ុន្តែកំពុងមាន​ជម្លោះជា​មួ​យ​ប្រទេស​ចំនួន​៤ទៀត ជា​សមាជិក​អាស៊ាន ក្នុងនោះមាន​ប្រទេសវៀតណាម ម៉ាឡេស៊ី ព្រុយ​ណេ និងហ្វីលីពីន។

យ៉ាងណាក៏ដោយ ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា​​របស់​មេដឹកនាំ​កម្ពុជា​នេះ ស្ថាប័ន​ជាតិ និង​​អន្តរ​​ជាតិ​​​ធំៗ រួមទាំ​​ង ​ពលរដ្ឋមីយ៉ាន់​ម៉ា​​ផង ​បន្តថ្កោល​ទោស និង​រិះគន់ថា ជាការគាំទ្រ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​​​ស៊ី​​វិ​ល​​​​របស់ លោកស្រី អ៊ុងសាន ស៊ូជី កាល​ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ