អ្នកធ្វើការ​វិស័យ​ព័ត៌មាន៖ រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការជំរុញ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ចេញ​តាម​ការ​ប្ដេជ្ញាចិត្ត

ក្រុមអ្នកកាសែតមកពីស្ថាប័នផ្សេងៗ ចូលរួមសន្និសីទអំពីស្ថានភាព​និង​បច្ចុប្បន្នភាព​នៃ​កូ​វីដ១៩ ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់​រ៉ែ​ន)

អ្នកធ្វើការលើវិស័យព័ត៌មាននៅកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលបរាជ័យក្នុងការជំរុញ​សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានឱ្យបានចេញទៅតាមការប្ដេជ្ញាចិត្តរបស់ខ្លួន បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះត្រូវបានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមកដល់ពេលនេះមិនទាន់អនុម័តចេញជាផ្លូវការនៅឡើយ។

កាលពីខែមករា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញានៅចំពោះមុខអ្នកសារព័ត៌មានប្រមាណ៦ ០០០នាក់ ថាលោកនឹងជំរុញឱ្យច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានចេញជារូបរាងនៅត្រឹមដំណាច់ឆ្នាំ២០២០ ខណៈរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏ធ្លាប់បានប្ដេជ្ញាថានឹងជំរុញច្បាប់នេះឱ្យចេញក្នុងឆ្នាំ២០២១ផងដែរ។

ប៉ុន្តែរយៈពេលជិត២ឆ្នាំហើយ ពោលគឺចាប់តាំងពីឆ្នាំ២០២០ឈានចូលដល់ឆ្នាំ២០២២ ចាប់ពីពេលដែលប្រមុខរដ្ឋាភិបាលបានប្ដេជ្ញាចិត្ត សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះបន្តស្ថិតនៅក្នុងដំណើរការកិច្ចពិភាក្សាពិគ្រោះយោបល់រវាងក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌នៅឡើយ ក្រោមហេតុផលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយថា ជាកត្តានាំឱ្យមានការយឺតយ៉ាវនៃការអនុម័តច្បាប់សំខាន់មួយនេះ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី មានប្រសាសន៍ថា ទោះបីប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់បង្ហាញការប្ដេជ្ញាចិត្តក្នុងការជំរុញច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានឱ្យបានចេញឆាប់ក្ដី ប៉ុន្តែការប្ដេជ្ញាចិត្តបន្តបន្ទាប់នេះ ត្រូវបានបរាជ័យ ខណៈភាពច្បាស់លាស់ក្នុងការជំរុញច្បាប់នេះឱ្យចេញក្នុងឆ្នាំ២០២២ក៏ស្ថិតនៅក្នុងភាពមិនប្រាកដប្រជាដដែល។

ប្រសិនបើរដ្ឋាភិបាលមានសកម្មភាពនិងឆន្ទៈ រួមទាំងការប្ដេជ្ញាចិត្តពិតបា្រកដមែន លោក ណុប វី ថាសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានដែលត្រូវបានអនុម័តដោយក្រុមការងារបច្ចេកទេសតាំងពីឆ្នាំ២០១៨នោះ ​មិនគួរត្រូវបានពន្យារពេលឬអូសបន្លាយរហូតមកដល់បច្ចុប្បន្នឡើយ។

លោកថា៖ «តើរដ្ឋាភិបាលមានសមត្ថភាព មានពេលវេលាគ្រប់គ្រាន់ ដើម្បីឈានទៅ​អនុម័តនឹងឱ្យច្បាប់ក្នុងឆ្នាំ២០២២ហ្នឹងឬអត់? ពីព្រោះ២០២២ហ្នឹងមានន័យថា រដ្ឋាភិបាលបានបរាជ័យក្នុងការសម្រេចបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានហ្នឹងហើយ។ អ៊ីចឹងបើទោះបីជា​មានការប្ដេជ្ញាចិត្តតទៅទៀត វានៅតែមិនច្បាស់អ៊ីចឹង វានៅតែមិនច្បាស់ហ្នឹង ថាតើការប្ដេជ្ញាចិត្ត វាអាចនឹង​សម្រេចបានជោគជ័យទេ ​នៅពេលដែលការប្ដេជ្ញាចិត្តពីរដងកន្លងមកមិនទទួលបានជោគជ័យ? នេះគឺជាបញ្ហាសំខាន់»។​

លោក ណុប វី បន្តថា រដ្ឋាភិបាលគួរបង្ហាញអំពីសកម្មភាពនិងឆន្ទៈអំពីការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការឈានទៅអនុម័តសេចក្ដីព្រាងច្បាប់នេះ ជាជាងធ្វើការប្ដេជ្ញាចិត្តបន្តទៀត។

នាយកវិ​ទ្យា​ស្ថា​នតស៊ូមតិ និងគោលនយោបាយ (API) លោក ឡាំ សុជាតិ កត់សម្គាល់ថា កន្លងមក ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានត្រូវបានក្រសួងផ្ដល់និងបើកឱ្យអង្គការស៊ីវិល ស្ថាប័នព័ត៌មានចូលរួមពិគ្រោះយោបល់ច្រើន ដែលធ្វើឱ្យអូសបន្លាយពេលយូរបន្តិច ប៉ុន្តែឆន្ទៈនយោបាយក៏មានសារៈសំខាន់ដែរ។

លោកថា៖ «ឆន្ទៈនយោបាយសម្ដេចក៏គាត់ប្ដេជ្ញាចិត្ត ក៏ប៉ុន្តែក្រសួងឃើញថាទាក់ទងច្រើន ​ជាពិសេសនៅក្រសួង​យុត្តិធម៌។​ ខ្ញុំមិនដឹងថាមូលហេតុដោយសារប្ដូររដ្ឋមន្ត្រីថ្មី ឬថ្នាក់ដឹកនាំក្រសួងយុត្តិធម៌លោកយល់ឃើញថាមិនទាន់មានអាទិភាព​ ឬគាត់រវល់ច្រើនឬយ៉ាងម៉េច​នៅក្នុងប្រព័ន្ធយុត្តិធម៌ ធ្វើឱ្យច្បាប់ហ្នឹង ​របៀបវារៈក្នុងការពិនិត្យច្បាប់ហ្នឹងមានការយឺតយ៉ាវ ឬក្រុមការងារបច្ចេកទេសនៅត្រូវការយល់ថាស៊ីជ្រៅច្បាប់ហ្នឹង ​ព្រោះថ្មី! អ៊ីចឹងយើងឃើញថា រឿងនយោបាយបច្ចេកទេស ខ្ញុំឃើញប្ដេជ្ញាចិត្តច្រើនដងហើយ តែខ្ញុំមិនដឹងថាហេតុអ្វីបានចេះតែស៊ីពេលយូរអ៊ីចឹង»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា ក្រសួងព័ត៌មានបានបញ្ចប់កិច្ចពិភាក្សាពិគ្រោះយោបល់ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានជាមួយក្រសួងយុត្តិធម៌ហើយ ហើយកំពុងរង់ចាំនូវការឆ្លើយតបបញ្ជាក់ជាលាយលក្ខណ៍អក្សរអំពីកិច្ចពិភាក្សាជាមួយក្រសួងយុត្តិធម៌ពាក់ព័ន្ធនឹងបញ្ហាទោសប្បញតិ្ត។ លោកបន្តថា បច្ចុប្បន្ន ក្រសួងព័ត៌មានកំពុងរៀបចំឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីភ្ជាប់ជាមួយនឹងសេចក្ដីព្រាងច្បាប់​នេះ ហើយថានឹងបញ្ជូនទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងពេលខាងមុខនេះ តែលោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នោះឡើយ។

លោក មាស សុភ័ណ្ឌ បន្តថា កត្ដាដែលនាំសេចក្ដីព្រាងច្បាប់នេះមិនងាយចេញ​ ដោយសារក្រសួងចង់បានមតិយោបល់ពីអង្គការសង្គមស៊ីវិល និងអង្គការសហប្រជាជាតិ រួមទាំងអ្នកជំនាញផ្សេងៗ ដើម្បីប្រមូលធាតុចូលគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ កត្តាមួយទៀត ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលធ្វើឱ្យអ្នកជំនាញពាក់ព័ន្ធពិបាកក្នុងការពិនិត្យ។

លោកថា៖ «ទោះជាយ៉ាងណាក៏ដោយ ដូចខ្ញុំបានជម្រាបជូនខាងដើមអ៊ីចឹង ​ក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ យើងបានបញ្ចប់កិច្ចពិភាក្សាពាក់ព័ន្ធនឹងទោសប្បញតិ្តនិងសេចក្ដីព្រាងច្បាប់​នេះហើយ។ អ៊ីចឹងយើងរង់ចាំតែការបញ្ជាក់ជាផ្លូវការរបស់ក្រសួងយុត្តិធម៌ ហើយក្រសួងព័ត៌មាន​នឹងខិតខំ​ក្នុងការរៀបចំឯកសារពាក់ព័ន្ធដាក់ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗនេះ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ច្បាប់នេះមិនមែន​ស្ថិតនៅលើការសម្រេចរបស់ក្រសួងយុត្តិធម៌ឡើយ ដោយថា ក្រសួងយុត្តិធម៌គ្រាន់តែជាអ្នកចូលរួមពិនិត្យនិងផ្ដល់យោបល់ផ្នែកទោសទណ្ឌតែប៉ុណ្ណោះ។

លោកថា៖ «អ៊ីចឹងសួរបញ្ជូនទៅពេលណាៗនោះ ក្រសួងព័ត៌មានជាអ្នករៀបចំចាត់ចែង ក្រសួងយុត្តិធម៌គ្រាន់តែចូលរួមពិនិត្យនិងផ្ដល់យោបល់ទៅផ្នែកទោសទណ្ឌ និងទោសប្បញតិ្តតែប៉ុណ្ណឹងទេ។ ​​សួរថាម៉េចក៏យូរ ​ក្រសួងយុត្តិធម៌ក៏មិនដឹងដែរ ទាល់សួរក្រសួងសាម៉ី ក្រសួងព័ត៌មាន​ ហេតុអ្វីចំណាយរយៈពេលយូរ ​ដោយសារយន្តការពិគ្រោះយោបល់ត្រូវការចំណាយពេលច្រើនជាមួយគ្រប់ភាគីច្រើន​យ៉ាងម៉េច មកសួរក្រសួងយុត្តិធម៌ម៉េចដឹង​? ព្រោះក្រសួងយុត្តិធម៌មិនមែនជាក្រសួងសាម៉ីទទួលខុសត្រូវលើច្បាប់ហ្នឹងផង»។

សេចក្ដីព្រាង​ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដែលក្រសួងព័ត៌មានចាប់ផ្ដើមពិភាក្សាតាំងពីឆ្នាំ២០១៥មកនោះ បើប្រៀបធៀបទៅនឹងសេចក្ដីព្រាងច្បាប់ផ្សេងទៀតដែលរដ្ឋាភិបាលចង់បាន គឺប្រើពេលវេលាខុសគ្នាស្រឡះ​ ដោយគិតតាំងពីដំណាក់កាលពិភាក្សាដំបូងរហូតដល់ពេលដាក់ឱ្យប្រើប្រាស់​ជាផ្លូវ។

ជាក់ស្ដែង សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នដែលត្រូវបានប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដោយដំណើរការបង្កើតច្បាប់នេះប្រើរយៈពេលប្រមាណ១ខែប៉ុណ្ណោះ។

ច្បាប់​ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬច្បាប់ស្ដីពីការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រខ្មែរឡាយព្រះហស្ដលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ច្បាប់ដែលមានគោលដៅឆ្ពោះទៅលោក សម រង្ស៊ី មួយនេះ គឺប្រើរយៈពេលតែមួយខែប៉ុណ្ណោះគិតចាប់ពីពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឡើងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

ទោះបីជាយ៉ាងនេះក្ដី កន្លងមក អង្គការសង្គមស៊ីវិលបានបន្ដជំរុញឱ្យរដ្ឋាភិបាលពន្លឿនដំណើរការធ្វើច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន» ដើម្បីឱ្យអ្នកសារព័ត៌មាននិងសាធារណជនអាចទទួលបានព័ត៌មានកាន់តែទូលំទូលាយ ខណៈច្បាប់នេះបានអូសបន្លាយជាច្រើនឆ្នាំមកហើយ។

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមអង្គការសង្គមស៊ីវិល និងអ្នកធ្វើការលើវិស័យសារព័ត៌មាន បាន​ចេញលិខិតចំហរួមគ្នាមួយទាមទារឱ្យរដ្ឋាភិបាលលុបចោលចំណុច៧ មាត្រា២០​ នៃច្បាប់នេះ ដោយថា ចំណុច​នោះមានន័យទូលំទូលាយពេក និងខ្វះនូវភាពជាក់លាក់ក្នុងការលាតត្រដាងព័ត៌មានសាធារណៈ។

ចំណុច៧ មាត្រា២០ ក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានចែងថា «ព័ត៌មានសម្ងាត់ដទៃទៀតដែលស្ថិតក្នុងបទប្បញ្ញត្តិត្រូវហាមឃាត់» ដែលមានន័យថា ព័ត៌មានសម្ងាត់ដែលមានចែងក្នុងច្បាប់ផ្សេងៗត្រូវបាន​ហាមឃាត់ក្នុងការបញ្ចេញទៅឱ្យអ្នកដែលស្នើសុំ។

សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន មាន៩ជំពូក ៣៧មាត្រា ត្រូវបានផ្ដួចផ្ដើមឱ្យមានកិច្ចពិភាក្សានិងពង្រាងជាច្រើនឆ្នាំមកហើយ ដោយ​មានការចូលរួមផ្ដល់យោបល់ពីអង្គការយូណេស្កូ (UNESCO) វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការតម្លាភាព (TI) ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ