អ្នកជំនាញ​យល់ថា​ការលើកពេល​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ពាក់ព័ន្ធ​វត្តមាន​មន្ត្រី​របបសឹក​មីយ៉ាន់ម៉ា

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្ដមសេនីយ៍ជាន់ខ្ពស់នៃរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ក្នុងពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួនដែលជាផលប្រយោជន៍និងជាក្ដីកង្វល់រួម នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

អ្នកជំនាញមួយចំនួនបានលើកឡើងថា ការដែលប្រទេសជាសមាជិកអាស៊ានមួយចំនួនមិនមកកម្ពុជា ដើម្បីចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានហៅថាកិច្ចប្រជុំចង្អៀតនោះ អាចមកពីកម្ពុជាបានអ​ញ្ជើ​​​ញ​មន្ត្រីរបបសឹ​កមីយ៉ាន់ម៉ាឬភូមាឱ្យចូលរួមកិច្ចប្រជុំនោះ ដែលពួកគេខ្លះមិនយល់ស្រប។

កាលពីថ្ងៃម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានប្រាប់ VOD ថាកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងធ្វើនៅខេត្តសៀមរាប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ទី១៩ ខែមករា ឆ្នាំ២០២២នេះ ត្រូវប្រកាសលើកពេលដោយគ្មានការកំណត់។

លោកបានគូសបញ្ជាក់ថា ការលើកពេលនេះមកពីរដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូបមានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំ។

ក៏ប៉ុន្តែ សម្រាប់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា បញ្ហាចម្បងមួយដែលកម្ពុជាក្នុងនាម​ជាប្រធានអាស៊ានប្ដូរវេន បានអញ្ជើញភាគីរបបសឹកភូមាចូលរួមកិច្ចប្រជុំនោះ ដែលការណ៍នេះ សមាជិកអាស៊ានដែលមានឥទ្ធិពលបានជំទាស់តាំងពីដំបូងទី។ លោកថា មូលហេតុនេះនាំឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានលើកពេល។

លោកថា៖ «ខ្ញុំជឿជាក់ចំពោះព័ត៌មាន China Morning Post ដែលគេហៅថា ពាក់ព័ន្ធនឹងយន្តការមួយចំនួនដែលអាស៊ានអញ្ជើញរដ្ឋមន្ត្រីការបរទេសចូលរួម ហើយនិងខ្ញុំផ្អែកលើមូលដ្ឋានជំនួបរវាងប្រធាននាធិបតីឥណ្ឌូនេស៊ី លោក វី ដូដូ ជាមួយនាយករដ្ឋមន្រ្តីកម្ពុជាមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅភូមានេះ គាត់បញ្ជាក់ច្បាស់ហើយថា៥ចំណុច។ បើអាស៊ានព្រមព្រៀងគ្នាជាមួយភូមាកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ អត់មានការប្រែប្រួលទេ អត់មានការវិវត្តអីទេ មិនអាចអញ្ជើញភូមាឱ្យចូលប្រជុំជាលក្ខណៈផ្លូវការបានទេ»។

បើតាមលោក ឯម សុវណ្ណរ៉ា កិច្ចប្រជុំមេដឹកនាំកំពូលដំណើរការបាន ត្រូវឆ្លងកាត់កិច្ចប្រជុំមន្ត្រីផ្នែកនយោបាយ នយោបាយ និងសន្តិសុខ ដែលជាជំហានសំខាន់សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស បន្ទាប់មកត្រូវឆ្លងកាត់មន្ត្រីបច្ចេកទេសពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច សង្គម និងវប្បធម៌ ហើយថា ប្រសិនបើរឿងនយោបាយនិងសន្តិសុខអត់ចេញដំណើរបានទេ វាអាចជាប់គាំងការរៀបចំកិច្ចប្រជុំផ្សេងទៀត ដែ​លកា​រណ៍នេះត្រូវមានការសម្របសម្រួលគ្នាឡើងវិញ ទើបអាស៊ានអាចដំណើរការទៅបាន។

អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា មើលឃើញថា ការពន្យារពេលយូរនៃកិច្ចប្រជុំចង្អៀតនេះ អាចនឹងប៉ះពាល់ដល់ដំណើរនៃកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាប្រធានប្ដូរវេននៅឆ្នាំនេះ ដោយសារថា ប្រធានប្ដូរវេននេះត្រូវប្ដូរទៅប្រទេសផ្សេងទៀតនៅឆ្នាំក្រោយ។

លោក ប៊ុនណា មើលឃើញថា ការពន្យារពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងធ្វើនៅកម្ពុជានាសប្ដាហ៍ក្រោយនេះ របបសឹកភូមាមិនគោរពបទឈប់បាញ់ រួមទាំងប្រើប្រព័ន្ធច្បាប់កាត់ទោសមេដឹកនាំដែលនិយមប្រជាធិបតេយ្យ ដែលសមាជិកអាស៊ានមួយចំនួនមិនគាំទ្រទង្វើនេះ។

លោកថា៖ «បន្ទាប់ពី១ថ្ងៃឬ២ថ្ងៃនៃទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន ហ្នឹង ការបាញ់គ្នានៅតែបន្ត ហើ​យ​កាត់ទោសអ្នកស្រី អ៊ុងសាន ស៊ូជី ទៀត។ អ៊ីចឹងទេ ចំនុចអស់ហ្នឹង ខ្ញុំគិតថា ធ្វើឱ្យបណ្ដាប្រទេសអាស៊ាន​មួ​យចំនួនគេមិនសប្បាយចិត្ត មិនចង់ឱ្យតំណាងមេដឹកនាំយោធាហ្នឹងចូលរួមក្នុងកិច្ចប្រជុំនោះទេ ហើ​យ​ក​ម្ពុជាអាចថាបានអញ្ជើញរដ្ឋមន្ត្រីការបរទេសតំណាងប្រទេសភូមាចូល អ៊ីចឹងចង់មិនចង់វាអាចមា​ន​គំនិតខ្វែងគ្នាទៅលើចំណុចហ្នឹងច្រើន»។

យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុង គួង​ មិនធ្វើអត្ថាធិប្បាយនៅពេលសួរថា តើកម្ពុ​​ជាក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ពិតជាបានអញ្ជើញភាគីរបបសឹកភូមាចូលរួមប្រជុំចង្អៀតនេះ ដូ​ចកាសែតបរទេសចុះផ្សាយនោះទេ?

លោកឆ្លើយត្រឹមថា៖ «កិច្ចប្រជុំត្រូវបានលើកពេលហើយ។ ដូច្នេះ ខ្ញុំមិ​​នចាំបាច់ធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ។ ពេលវេលាជាក់លាក់នៃកិច្ចប្រជុំនេះត្រូវបានកំណត់ឡើ​ងវិញ ក្រសួងនឹងជូនដំណឹងជាក្រោយ»។

សារព័ត៌មានបរទេស The South China Moring Post ចុះផ្សាយកាលពីម្សិលមិញ បានដកស្រង់សម្ដីអ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក សាយហ្វូឌីន អាឌូឡា (Saifuddin Abdullah) បាននិយាយថា រដ្ឋមន្ត្រីរបស់ខ្លួនមិនអាចចូលរួមកិច្ចប្រជុំចង្អៀតនៅសៀមរាបបានទេ ដោយសារមានកិច្ចប្រជុំសភាបន្ទាន់មួយស្ដីពីទឹកជំនន់ក្នុងប្រទេសរបស់ខ្លួននាពេលថ្មីៗនេះ។

យ៉ាងណា ប្រភពដដែលក៏បានលើកឡើងពីការយល់ឃើញរបស់ក្រុមអ្នកឃ្លាំមើលកិច្ចការអន្តរជាតិថា ការផ្អាកចូលរួមប្រជុំរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីនេះ ជាមធ្យោបាយនៃការ​ប្រឆាំងនឹងផែនការរបស់កម្ពុជា ក្នុងការអញ្ជើញ​រដ្ឋមន្ត្រីការបរទេស​របបយោធាមីយ៉ាន់ម៉ាមកចូលរួមកិច្ចប្រជុំនៅខេត្តសៀមរាប។

ដោយឡែក អ្នកសង្កេតការណ៍នយោបាយកម្ពុជា និងជាសាស្ត្រាចារ្យផ្នែកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Arizona State University សហរដ្ឋអាមេរិក លោក អៀ សុផល ហៅការពន្យារពេលនេះថា វាជារឿងគួរឱ្យសង្ស័យនិងចៃដន្យ ដែលរឿងនេះបានកើតឡើងក្រោយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅមីយ៉ាន់ម៉ាតែប៉ុន្មានថ្ងៃ ស្រាប់តែមានលេសនិងហេតុផលនេះបានកើតឡើង។

លោក សុផល បន្តថា សញ្ញានេះមិនមែនជាការធ្វើពហិការជាផ្លូវការទេ ប៉ុន្តែពួកគេបានចេញមកដោយយកលេសបែបនេះបែបនោះ អំពីមូលហេតុដែលពួកគេមិនអាចចូលរួមកិច្ចប្រជុំបាន។

លោកបានគូសបញ្ជាក់ថា អ្វីដែលមេដឹកនាំកម្ពុជាបានធ្វើ មិនមែនជារឿងដែលសមាជិកអាស៊ានផ្សេងទៀតចង់បាន ដែលការណ៍នេះ លោកថា៖ «អ្នកត្រូវតែត្រៀមខ្លួនឱ្យហើយទៅ ថាគេនឹងមានហេតុផលមិនចេះចប់ក្នុងការប្រាប់ថាមិនអាចចូលរួមបាន»។

លោក សុផល លើកឡើងទៀតថា កម្ពុជាគួរឈប់ធ្វើអ្វីតាមដែលខ្លួនចង់ធ្វើ ហើយត្រូវស្ដាប់តាមអ្វីដែលអាស៊ានចង់បាន។

លោកបានចោទជាសំណួរថា តើអ្នកអាចធ្វើជាប្រធានដោយរបៀបណាពេលដែលគ្មាននរណាម្នាក់ស្ដាប់អ្នក?

តែយ៉ាងណា លោក ឯម សុវណ្ណរ៉ា បានផ្ដល់ជាយោបល់ថា បញ្ហានេះអាចដោះស្រាយបាន បើកម្ពុជាជ្រើ​សរើសយកគន្លងចាស់ ដូចអតីតប្រធានប្ដូរវេនបានធ្វើ ដែលមានប្រទេសព្រុយណេជាដើម ដោយសម្រេចមិនផ្ដល់ឱ្យ​របបសឹកភូមាមានមុខមាត់ស្មើរដ្ឋជាសមាជិករបស់​​​អាស៊ានផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ