លោក យឹម ស៊ីណន នឹង​វិល​មក​កម្ពុជា​វិញ​ដោយ​មិន​បារម្ភ​ពី​ការ​ចាប់​ខ្លួន​ឡើយ

លោក យឹម ស៊ីណន អតីតប្រធានប្រតិបត្តិនៃចលនាយុវជនអតីតបក្សសង្រ្គោះជាតិនៅកូរ៉េខាងត្បូង។ (ហ្វេសប៊ុក៖ Yim Sinorn )

អតីតប្រធានចលនាយុវជនរបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ នឹងវិលត្រលប់មកប្រទេសកម្ពុជាវិញនៅចុងសប្ដាហ៍នេះ ដើម្បីរស់នៅជាមួយក្រុមគ្រួសារវិញ ដោយមិនបារម្ភពីការចាប់ខ្លួននោះទេ ខណៈតុលាការនឹងប្រកាសសាលក្រមនៃសំណុំរឿងរបស់លោកនៅ​ដើមសប្ដាហ៍ក្រោយនេះ។

លោក យឹម​ ស៊ីណន និងបក្ខពួក សរុប១០នាក់ ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងសំណុំរឿងព្រឹត្តិការណ៍ ៩វិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវបានបង្កើតឡើងដោយលោក សម រង្ស៉ី សហស្ថាបនិក​​គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ដោយកំណត់ពេលវិលត្រលប់មកប្រទេសកម្ពុជាវិញ ជាមួយនឹងការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរាជរដ្ឋាភិបាល និងអំពាវនាវឱ្យប្រជាពលរដ្ឋងើបបះបោរ។

អតីតប្រធានចលនាយុវជនប្រចាំប្រទេសកូរ៉េខាងត្បូង របស់អតីតបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ លោក យឹម ស៊ីណន បានប្រាប់ វីអូឌី ថាលោកនឹងវិលត្រលប់មកកម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ ដោយមិនបារម្ភពីការចាប់ខ្លួននោះទេ។ លោកបន្តថា  ​លោកត្រូវមករួមរស់ជាមួយក្រុមគ្រួសារវិញ ហើយលោកក៏មិនចង់ទៅរស់នៅប្រទេសផ្សេងទៀតក្រៅពីប្រទេសកំណើតរបស់ខ្លួននោះដែរ។

លោកមានប្រសាសន៍ថា៖ «ការវិលត្រលប់ទៅរស់នៅកម្ពុជាវិញនេះ អត់មានមូលហេតុអីផ្សេងក្រៅពីការចង់រស់នៅជុំក្រុមគ្រួសារលើទឹកដីកំណើតជាទីស្រឡាញ់របស់ខ្ញុំនោះទេ ព្រោះខ្ញុំមិនដែលមានបំណងចង់រស់នៅប្រទេសទី២ឬទី៣ ក្រៅពីកម្ពុជានោះទេ»។

លោកមានប្រសាសន៍បន្ថែមថា៖ «តុលាការបានបើកជម្រះក្ដីខ្ញុំ និងអីតតសហការី កាលពីថ្ងៃទី១០ ខែមករា រួចហើយ។ សាលក្រមនឹងប្រកាសនៅថ្ងៃទី១៧ ខាងមុខនេះ។ ខ្ញុំនៅតែសង្ឃឹមថា តុលាការនឹងទម្លាក់ចោលនូវរាល់បទចោទទាំងឡាយមកលើរូបខ្ញុំ ព្រោះខ្ញុំមិនមានទោសកំហុសអ្វីដូចការចោទប្រកាន់នោះឡើយ»។

ទាក់ទិននឹងវិស័យនយោបាយវិញ លោក ស៊ីណន បញ្ជាក់ថា នៅក្នុងស្ថានការណ៍នយោបាយក្នុងប្រទេសកំពុងស្ថិតក្នុងជម្លោះនៃការខ្វែងទស្សនៈគ្នាបង្កជាកម្ដៅឆេះរោលបែបនេះ លោកមិនទាន់មានគោលដៅចូលប្រឡូកក្នុងនយោបាយនៅឡើយទេ។ ប៉ុន្តែបើសិនជាស្ថានការណ៍ធូរស្រាល លោកនឹងពិចារណាចូលប្រឡូកក្នុងវិស័យនយោបាយឡើងវិញ។

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក យឹម ស៊ីណន ​និងបក្ខពួកចំនួន​៩នាក់ផ្សេងទៀត បានផ្ញើលិខិតមួយស្នើសុំកិច្ចអន្តរាគមន៍ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ឱ្យដកការចោទប្រកាន់ទាំងឡាយទៅលើពួកគេដែលជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍វិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លិខិតរបស់លោក យឹម ស៊ីណន ពេលនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ប្រគល់ជូនទៅលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យមើលនិងដោះស្រាយ​ ប៉ុន្តែមកទល់ពេលនេះ តុលាការនៅមិនទាន់សម្រេចបែបណានៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ