វិបត្តិ​អតិផរណា​រួម​របស់​កម្ពុជា​នឹង​កើត​មាន​ក្នុង​អត្រា​២,៦%​នៅ​ឆ្នាំ​២០២២

កុមារ២នាក់ដើរនៅតាមមាត់ទន្លេនាខណ្ឌជ្រោយចង្វារ ទល់មុខតំបន់អភិវឌ្ឃន៍កោះពេជ្រ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

ធនាការជាតិនៃកម្ពុជាបានឱ្យដឹងថា នៅឆ្នាំ២០២២នេះ កម្ពុជាត្រូវជួបប្រទះវិបត្តិអតិផរណា ឬហៅម្យ៉ាងថាបញ្ហាទំនិញ ឬ​សេវា​ឡើងថ្លៃ រីឯ​ប្រាក់​ចុះថោក​នោះ នឹងកើតមានរួមក្នុងអត្រា ២,៦ភាគរយ ដោយប្រៀបធៀបកាលពីឆ្នាំមុនអត្រាអតិផរណានេះមានការថយចុះបន្តិច។

ក្នុងរបាយការណ៍បូកសរុបការងារឆ្នាំ២០២១ និងដាក់ទិសដៅការងារឆ្នាំ២០២២ ​ របស់ធនាគារជាតិនៃកម្ពុជាដែលចេញផ្សាយក្នុងសប្តាហ៍នេះបានឱ្យដឹងថា អតិផរណារួមសម្រាប់ឆ្នាំ២០២២នេះ អាចនឹងមានអត្រា២,៦% ខណៈអតិផរណារួមក្នុងឆ្នាំ២០២១ បាន​ហក់ឡើងរហូតដល់៣% ហើយកាលពីឆ្នាំ២០២០ អត្រានេះស្ថិតក្នុងរង្វង់២,៩%។

ធនាការជាតិនៃកម្ពុជាបានឱ្យដឹងថា អតិផរណារួមក្នុងអត្រា ២,៦%នេះ ត្រូវបានព្យាករណ៍ដោយផ្អែកទៅលើកំណើនក្រុមថ្លៃម្ហូបអាហារនឹងបន្តថយចុះមកវិញ ដោយសារមានការជំរុញជាចម្បងដូចជាភាពប្រសើរឡើងនៃការផ្គត់ផ្គង់។ ​ការបន្តងើបឡើងវិញនៃប្រាក់ចំណូលពលរដ្ឋ និងកំណើនថ្លៃក្រុមទំនិញ និងសេវាកម្មដែលពាក់ព័ន្ធនឹងប្រេងឥន្ទនៈនឹងថយចុះតម្លៃមកវិញ ព្រមទាំង​អត្រាប្តូរប្រាក់ផ្លូវការបន្តមានស្ថិរភាព ក្នុងរង្វង់៤ ០៧៥រៀលក្នុងមួយដុល្លារអាមេរិកផងដែរ។

ក្នុងរបាយការណ៍នោះបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២១ កន្លងទៅ សេដ្ឋកិច្ចកម្ពុជាបន្តរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយសារការអូសបន្លាយនៃការឆ្លងចូលសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ។

យ៉ាងណាក្តីស្ថាប័នជាតិមួយនេះ បញ្ជាក់ថាបើប្រៀបធៀបទៅនឹង ឆ្នាំ២០២០ ស្ថានភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០២១ គឺមានល្អប្រសើរជាង ជាពិសេសចាប់តាំងពីឆមាសទី២ ឆ្នាំមុនមក។ ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆ្នាំមុននោះ ធនាគារជាតិនៃកម្ពុជាអះអាងថា ដោយសារមានការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចពិភពលោក ការសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី និងជោគជ័យនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ កត្តាជំរុញទាំងនេះ ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១ ត្រូវបានប៉ាន់ស្មានថាមានកំណើនក្នុងរង្វង់ប្រមាណ៣ភាគរយ។

ទោះបីជាយ៉ាងនេះក្តី អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា កាលពី​ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ​ ឱ្យដឹងថា គ្រួសារ​ងាយ​រងគ្រោះដែលបណ្ដាលមកពីវិបត្តិកូវីដ-១៩ និង​គ្រោះទឹកជំនន់រាប់ពាន់គ្រួសារ​ បានកាត់បន្ថ​យ​​​របបអាហារប្រចាំ​ថ្ងៃរបស់ពួកគេ ដោយគ្រួសារខ្លះក្នុងចំណោមនោះ​ត្រូវបង្ខំចិត្តលក់ទ្រព្យសម្ប​ត្តិ​ និងខ្ចីបុលគេកាន់តែច្រើន ដើម្បី​​យកមកដោះស្រាយជីវភាពដែលជាតម្រូវការចាំ​​បាច់​​ប្រ​ចាំ​​ថ្ងៃ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ