បុគ្គលិក​ណាហ្គាវើលដ៍​បន្ត​ដាក់​ញត្តិ​តាម​ស្ថានទូត​បរទេស​សុំ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​ថ្នាក់ដឹកនាំ​សហជីព​៨នាក់

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ប្រមូលផ្ដុំគ្នាទៅដាក់ញត្តិនៅស្ថានទូតបារាំង នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ក្រុមកូដករកាស៊ីណូណាហ្គាវើលដ៍ (Naga World) បានបន្តធ្វើយុទ្ធនាការដាក់ញត្តិទៅកាន់ស្ថានទូតប្រទេសលោកសេរីប្រចាំកម្ពុជាទៀត នៅថ្ងៃអង្គារនេះ​ ដើម្បីសុំឱ្យ​ជួយអន្តរាគមន៍ជំរុញ​ទៅរដ្ឋាភិបាល​ឱ្យ​មានការដោះស្រាយ​​វិវាទការងារ ​និងដោះលែងថ្នាក់ដឹកនាំសហជីព៨នាក់ដែលត្រូវបានចាប់ឃុំខ្លួនដោយសារ​ការ​ពារ​ផលប្រយោជន៍​កម្មករនិង​សហជីព។

កាលពីថ្ងៃទី​១៧ ខែ​មករា​នេះ បុគ្គលិក​កាស៊ីណូណាហ្គាវើលដ៍​បាន​នាំគ្នាដាក់ញត្តិនៅស្ថានទូតបារាំង អង់​គ្លេស អាល្លឺម៉ង់ សិង្ហបុរី កាណាដា សហភាពអឺរ៉ុប។ ដោយឡែក នៅថ្ងៃអង្គារទី១៨ ខែមករានេះ ពួកគាត់បានបន្តដាក់ញត្តិនៅស្ថានទូត​ជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី កូរ៉េខាងត្បូង និងសហរដ្ឋមេរិកប្រចាំនៅកម្ពុជា។

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ប្រមូលផ្ដុំគ្នាទៅដាក់ញត្តិនៅស្ថានទូតអាល្លឺម៉ង់ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ប្រមូលផ្ដុំគ្នាទៅដាក់ញត្តិនៅស្ថានទូតអាល្លឺម៉ង់ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

បើតាម​ខ្លឹមសារ​ញត្តិ ក្រុមអ្នកតវ៉ាបានស្នើដ​ល់​ស្ថានទូតប្រទេស​​លោកសេរីទាំងនោះជួយអន្តរាគមន៍ឱ្យមានការដោះលែងតំណាងសហជីព៨នាក់ ឃ្លាំមើលពួកគេធ្វើកូដកម្មអហិង្សាប្រចាំថ្ងៃ និងជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យពង្រឹងការគោរពសិទ្ធិមនុស្សនិងសិទ្ធិការងារ ព្រមទាំងគោរពសិទ្ធិសហជីព ជាដើម។

កូដករកាស៊ីណូណាហ្គាវើលដ៍ម្នាក់ដែលមិនមានឈ្មោះបញ្ឈប់ពីការងារ កញ្ញា ឧក​សុភ័ក្រ មូលីកា ប្រាប់ វីអូឌី នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខាង​ស្ថាន​ទូត​បានទទួលញត្តិពួកគេហើយ។ កញ្ញាបន្តថា សម្រាប់ស្ថានទូតអូស្ត្រាលី បានអនុញ្ញាតឱ្យក្រុមអ្នកតវ៉ាចូលយកញត្តិទៅដាក់ដល់ក្នុងការិយាល័យ ហើយមន្ត្រីទូតបានសួរសុខទុក្ខពួកគាត់ និង​សួរ​នាំ​ពីដើមចមដែលនាំឱ្យមានការតវ៉ា ព្រមទាំងសួរនាំពីជំហររបស់ក្រុមកូដករទៅមុខទៀត ក្នុង​ករណីនៅតែមិនទទួលបានដំណោះស្រាយ។

កញ្ញា ឧកសុភ័ក្រ មូលីកា និយាយថា៖ «ក្រុមយើងបានឆ្លើយប្រាប់មន្ត្រីទូតថា ពួកខ្ញុំនៅតែតស៊ូតវ៉ារហូតទាល់តែមានដំណោះស្រាយ ពីព្រោះពួកខ្ញុំធ្វើនេះ គឺដើម្បីឆ្នាំងបាយ។ កាលដែលចាប់តំណាងរបស់ខ្ញុំ ហើយចោទពីបទញុះញង់នេះ គឺជារឿងមិនត្រឹមត្រូវទេ! គាត់មិន​បាន​ញុះញង់ទេ គឺពួកខ្ញុំស្ម័គ្រចិត្តចេញមកធ្វើកូដកម្មទាំងអស់គ្នា ហើយ​គាត់​ថានឹង​យក​រឿង​របស់​ពួក​យើងនេះ​ប្រាប់ទៅថ្នាក់ដឹកនាំទូតបន្តទៀត»

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជី​វៈ លោក ហេង សួរ ប្រាប់ វីអូឌី កាលពីថ្ងៃ​ម្សិលមិញថា ការ​ដាក់​ញត្តិ​របស់​ក្រុម​កូដករ​នៅស្ថា​ន​ទូត​​ណា​មួយ​នោះ​ជា​សិទ្ធិ​រប​​ស់​ពួកគេ​។ លោកថា បរទេសមិនមានសិទ្ធិ​លូក​ដៃ​ចូល​កិច្ចការងារផ្ទៃក្នុងកម្ពុជាបានទេ។

អ្នកនាំពាក្យរូបនេះបានស្នើដល់អ្នកច្បាប់របស់ភាគីជម្លោះពិនិត្យច្បាប់និងនីតិវិធីដែលពាក់ព័ន្ធ​អង្គហេតុឡើងវិញ ដោយ​ថា រឿងណាត្រូវដោះស្រាយតាមផ្លូវតុលាការ គួរ​ដោះស្រាយតាម​ផ្លូវ​តុលាការ ហើយរឿង​ណាត្រូ​វដោះស្រាយ​នៅក្រសួងការងារ ត្រូវមករកក្រសួងការងារ ដោយក្រសួងរង់ចាំការសម្របសម្រួលដោះស្រាយជានិច្ច។

លោកបន្ថែមថា៖ «ប៉ុន្តែអ្វី​ដែល​ខ្ញុំដឹង​ គឺកម្ពុជា​គឺជាកម្ពុជា ហើយបរទេស​ក៏មិន​លូកដៃ​​ចូល​​កិច្ចការងារផ្ទៃក្នុងដែល​ជា​អធិបតេយ្យភាព​កម្ពុជា​នោះ​ដែរ។ រាល់​វិវាទនៅប្រទេសណាក៏ដោយ គឺតែងតែមានច្បាប់និងនីតិវិធីដោះ​ស្រាយ​ករណី​វិវាទ​នោះ។ ប្រសិន​ជា​យើង​យល់​អំ​ពី​ច្បាប់និង​នីតិវិធី​ត្រូវដោះស្រាយករណីនីមួយៗនោះ យើង​ប្រហែល​ជាមិនពិបាកដើរវាងផ្លូវនាំតែឆ្ងាយ ហើយអាចធ្វើឱ្យខូចប្រយោជន៍សមាជិកខ្លួននោះទេ»

គិតមកដល់ថ្ងៃទី១៨​ ខែមករា​នេះ ថ្នាក់ដឹកនាំនិងសមាជិកសហជីព៨នាក់ត្រូវបានឃុំខ្លួនរយៈពេល១៩ថ្ងៃហើយ ខណៈ​ក្រុមកូដករប្រមាណ១ ០០០នាក់បានបន្តធ្វើកូដកម្មដដែល បើទោះបីជាចំណុចដែល​ពួក​គេទាម​ទារ​នៅ​មិន​ទាន់​មាន​ការដោះស្រាយចំណុច​ណា​មួយ​ក៏ដោយ។ ​

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ករណីក្រុមបុគ្គលិកណាហ្គាវើលដ៍សម្រេច​ប្រមូល​ផ្ដុំគ្នាដា​ក់​ញត្តិនៅតាមស្ថានទូតនានា ដើម្បីសុំជួយអន្តរាគមន៍វិវាទការងារនេះ ជាការពិតណាស់​ដែលថាស្ថានទូតទាំងនោះមិនមានសិទ្ធិអំណាចណាមួយចាប់បង្ខំឱ្យកម្ពុជា​អនុវត្តតាមខ្លួនឡើយ។ ប៉ុន្តែលោកថា ករណីនេះជារូបភាពមួយ​បង្ហាញ​ពីអសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយឈ្នះៗជូនពលរដ្ឋ និងបង្ហាញពីកម្សោយនៃការអនុវត្តច្បាប់ផងដែរ។

លោកបន្ថែមថា៖ «អ៊ីចឹង​មានន័យថា ប្រសិនជា​ពលរដ្ឋយក​មធ្យោបាយ​ដែលបានប្រាស្រ័យ​ជាមួយ​អាជ្ញាធររដ្ឋ​ ដែលគ្មានដំណោះស្រាយ និងមិនទទួលបានលទ្ធផលទេ ហើយគាត់ជ្រើសរើសយកការតវ៉ា ហើយជ្រើសរើសយកការដាក់សម្ពាធពីបរទេសផ្សេងៗហ្នឹង មានន័យថា រដ្ឋាភិបាលអសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាជូនរាស្ត្ររបស់ខ្លួន ឬក៏យើងអាចនិយាយថា គណនេយ្យ​ភាពរបស់ស្ថាប័នសាធារណៈចំពោះមុខពលរដ្ឋដែលជាម្ចាស់ឆ្នោតហ្នឹងមានកម្រិតទាបមែនទែន»។

កាលពីថ្ងៃទី៥ ខែមករានេះ ថ្នាក់ដឹកនាំនិង​សកម្មជន​សហជីព​ចំនួន​៨នាក់ ក្នុងនោះ​មាន​ប្រធាន​​សហជីព​​ទ្រទ្រង់​​សិទ្ធិ​ការងារ​​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុមហ៊ុន​​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ​ផង ត្រូវ​បាន​​តុលាការសម្រេច​​ឃុំខ្លួនបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា​​​៤៩៤ និង​៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្រោយពីពួកគេធ្វើកូដកម្មអហិង្សាទាម​ទារសិទ្ធិនិងលក្ខខណ្ឌការ​ងារ​​​​ប្រសើរនៅក្នុងក្រុមហ៊ុនល្បែងមួយនេះ។

នៅថ្ងៃដដែលនោះ ក្រុម​អ្នកជំនាញអង្គការសិទ្ធិមនុស្សអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយដោយថ្កោលទោសចំពោះការចាប់ខ្លួននិង​ឃុំខ្លួនថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ ដោយថា ការធ្វើនោះ​បានបំពាន​ច្បាប់និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ។

ដោយ​ឡែក នៅថ្ងៃទី​៧ ខែមករា​នេះដែរ អង្គការអន្តរជាតិខាង​ការងារ ហៅកាត់ថា អាយ​ឡូ (ILO) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (Switzerland) អំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដោះលែងថ្នាក់ដឹកនាំនិងសកម្មជនសហជីពណាហ្គាវើលដ៍៨នាក់ឱ្យ​មានសេរីភាពវិញ​ ដោយ​ទម្លាក់ចោលការចោទប្រកាន់ប្រឆាំងអ្នកទាំងនោះ។

អង្គការអាយ​ឡូ មើលឃើញថា ការ​ចាប់ឃុំខ្លួន​មេដឹកនាំ​សហជីព​ដែល​ដឹកនាំ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ​គឺជា​ការ​ជ្រៀត​ជ្រែក​យ៉ាងខ្លាំងដល់​ច្បាប់​ស្ដីពី​សេរីភាព​ការងារ​ និង​សិទ្ធិ​សហជីព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ