ក្រសួង​យុត្តិធម៌​បង្កើត​ក្រុមការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហរិញ្ញប្បទាន​ភេរវកម្ម

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន មានប្រសាសន៍​ឆ្លើយតបទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ក្រោយ​ចូលរួម​បើក​សិក្ខាសាលា​ស្តី​ពី«ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ» នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងយុត្តិធម៌ បានបង្កើតក្រុមការងារមួយ​​ ដើម្បីប្រឆាំងនឹងការសម្អាតប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ក្នុងសេចក្ដីសម្រេចរបស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី​១៨ ខែ​មករា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានសម្រេចបង្កើតក្រុមការងាររបស់ក្រសួងដែលមានខ្លួនលោក​ផ្ទាល់​ជា​ប្រធាន និង​មាន​អនុប្រធាន និង​សមាជិកចំនួន​២៧​រូប​ទៀត ដើម្បីរួមគ្នាប្រឆាំងទប់​ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

សេចក្ដីសម្រេចដដែលបញ្ជាក់ពីតួនាទីសំខាន់របស់ក្រុមការងារដែលត្រូវអនុវត្ត ដូចជា​ តាម​ដាន ត្រួត​ពិនិត្យ និង​ជំរុញ​ការអនុវត្ត​ច្បាប់​ស្ដីពី​ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទាន​ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែល​ស្ថិតក្រោមដែន​សមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ និង​រៀបចំ​តារាង​ស្ថិតិដើម្បីប្រមូលទិន្នន័យពីការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ ការផ្ដន្ទាទោស និងការ​រឹបអូសទ្រព្យសម្បត្តិដែលពាក់ព័ន្ធបទល្មើសសម្អាត​ប្រាក់ ជាដើម។

បន្ថែមពីនេះ ក្រុមការងារក៏មានកាតព្វកិច្ច​ជំរុញ​ការប្រមូលនិងចងក្រងទិន្នន័យ ការចាប់យក ការ​បង្កក និង​ការរឹប​អូស​ផល​នៃ​បទល្មើស ឧបករណ៍មធ្យោបាយប្រព្រឹត្តបទល្មើស និងទ្រព្យសម្បត្តិដែលមានតម្លៃស្មើ ដើម្បីធ្វើបច្ចុប្បន្ន​ភាព​ពីការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារ​ត្រួតពិនិត្យរួម​នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ច​សហប្រតិបត្តិការអន្តរជាតិ រៀងរាល់៤ខែម្ដង និងប្រចាំឆ្នាំផងដែរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍នៅថ្ងៃពុធនេះ​ថា ក្រសួង​បង្កើត​ក្រុម​ការ​ងារនេះឡើង​ ដើម្បី​ប្រមូល​ភស្តុ​តាង​ពាក់ព័ន្ធ​ជូន​ទៅ​តុលាការឬ​ស្ថាប័ន​ពាក់​ព័ន្ធ និងបង្កើននូវប្រសិទ្ធភាពការងារក្នុង​ការ​ប្រឆាំងនឹងបទ​ល្មើសទាំងនេះ។

លោកមានប្រសាសន៍ថា៖ «ការបង្កើតនេះធ្វើតែក្នុងវិស័យយុត្តិធម៌ដែលពាក់ព័ន្ធនឹងវិធានការច្បាប់ ពាក់ព័ន្ធដំណើរ​ការ​នីតិវិធី​របស់​តុលាការ ការ​សម្រេច​ក្ដី ការប្រមូលព័ត៌មានទិន្នន័យនៃសំណុំ​រឿង​បទល្មើសស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់​តុលាការ ក៏ដូចជាការឆ្លើយតបទៅនឹង​សំណួរ​ផ្សេងៗ​របស់​អន្តរជាតិដែលពាក់ព័ន្ធ»។

លោក​បន្ថែមថា៖ «យន្តការនេះជាយន្តការផ្ទៃក្នុងរបស់ក្រសួងយុត្តិធម៌ ដើម្បីបង្កើននូវប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងហិរញ្ញប្បទាន នៃអាវុធមហាប្រល័យនេះតែប៉ុណ្ណោះ»។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ លោក ​ប៉ិច ពិសី​ គាំទ្រ​ចំពោះការ​បង្កើតក្រុមការងារនេះ ដើម្បី​​ទប់ស្កាត់​បទ​ល្មើស និង​លំហូរ ឬ​ការលាងលុយកខ្វក់នៅកម្ពុជា។ តែយ៉ាងណា លោកបានជំរុញ​ទៅក្រុមការងារ​ដែលទើបបង្កើតថ្មី​នេះអនុវត្តការងារប្រកបដោយតម្លាភាព មិនប្រកាន់​បក្ខ​ពួក ដោយ​មានការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យ​ការងារនេះមាន​​ប្រសិទ្ធភាពខ្ពស់។

លោកបន្ត​ថា៖ «យើងជំរុញឱ្យមាន​បរិយាកាសស្អាតស្អំក្នុងការធ្វើវិនិយោគ ហើយ​ធានាបាននូវការទប់ស្កាត់ឬលំហូរសាច់ប្រាក់ដែលភេរវកម្មជាហានិភ័យដល់សន្តិសុខជាតិរបស់កម្ពុជាផង សន្តិសុខតំបន់ផង»។

លេខាធិការដ្ឋាន​​បោស​​សម្អាត​លុយ​កខ្វក់​អន្តរជាតិ (Financial Action Task Force-FATF) កន្លង​មក​​ បាន​ដាក់​​ប្រទេស​​កម្ពុជា​​ចូល​ក្នុង​បញ្ជី​ប្រផេះ​របស់​​ខ្លួន សម្រាប់​តាមដាន​ការ​លាង​លុយ​កខ្វក់​ពី​លំហូរ​ហិរញ្ញវត្ថុ វិនិយោគ និង​ពាណិជ្ជកម្ម​ ចេញ​​និង​ចូល​ក្នុង​ប្រទេស​នេះ​។

អង្គការអន្តរជាតិមួយនេះបន្តថា​ ​បច្ចុប្បន្ន​ ប្រទេស​ចំនួន​​២ដែល​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ ​រួមមាន ប្រទេស​អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង ដែល​ប្រទេស​ទាំង​ពីរ​នេះ​កំពុង​ត្រូវ​បាន​ពិភព​លោក​ហ៊ុមព័ទ្ធ​​សេដ្ឋ​កិច្ច​​ ខណៈ​ប្រទេស​​កម្ពុជា និង​ប្រទេស​៩​ទៀត ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​តាម​ដានថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ