រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃដីបឹងទំនប់កប់ស្រូវ ឬបឹងតាមោកទំហំជាង ១០០ហិកតាបន្ថែមទៀត ប្រគល់ឱ្យសមាជិកគ្រួសារនៃសមាជិកក្រុមលេខារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធ្វើជាកម្មសិទ្ធិ ខណៈផ្ទៃបឹងតាមោកមកទល់ពេលបច្ចុប្បន្នត្រូវបានកាត់ចេញសរុបជាង ១ ៦០០ហិកតាហើយ។
អនុក្រឹត្យចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលវីអូឌីទើបទទួលបាន ដែលសម្រេចកាត់ផ្ទៃដីបឹងតាមោកចំនួន ៥ទីតាំងមានទំហំជាង១២១ហិកតា ឬជាង១លានម៉ែត្រក្រឡា(១ ២១៨ ០៣៩ម៉ែត្រក្រឡា) ស្ថិតនៅសង្កាត់ពន្សាំង និងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ទៅឱ្យលោកស្រី សោម សុខដារ៉ា មនុអេរីកា, លោកស្រី សោម សូមាលីកា និងលោក សោម សុខដារ៉ារីគីអូ ដែលជាកូនៗ លោកស្រី ជូ ដារ៉ារ៉េត សមាជិកក្រុមលេខានាយករដ្ឋមន្រ្តី ដើម្បីធ្វើជាកម្មសិទ្ធិ។
សមាជិកក្រុមលេខានាយករដ្ឋមន្រ្តីលោកស្រី ជូ ដារ៉ារ៉េត កាលពីខែធ្នូ ឆ្នាំ២០២០ បានចូលរួមបរិច្ចាកថវិកាចំនួន១ ០០០ដុល្លារ ជូនរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
ចំណែកអនុក្រឹត្យមួយទៀតចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ផ្ទៃដីបឹងតាមោកចំនួន ២ទីតាំងដែលមានទំហំជាង ៦ហិកតា (៦៣ ២២១ ម៉ែត្រក្រឡា) ប្រគល់ឱ្យលោក ជឹម ពិសី ដើម្បីធ្វើជាកម្មសិទ្ធិ ដោយពន្ធអាករផ្សេងៗ រដ្ឋជាអ្នកទទួលបន្ទុក។
វីអូឌីមិនអាចរកការឆ្លើយបតពីសមាជិកគ្រួសារលោកស្រី ជូ ដារ៉ារ៉េត និង លោក ជឹម ពិសី បានទេនៅថ្ងៃទី២០ខែមករានេះ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលកំណត់រក្សាផ្ទៃបឹងរួចហើយ ប៉ុន្តែចំនួនប៉ុន្មាននោះ លោកសួរទៅរាជធានីភ្នំពេញ។
លោកថា៖«វាមានគេបែងចែកព្រំដែនរួចស្រេចទៅហើយ ។ តាមខ្ញុំដឹងមានពីរប្រភេទអាំងទឹក ដោយអាំងទឹកទី១ បើសិនជាប្រភេទទឹកភ្លៀង មកពីខាងលិចខេត្តកំពង់ស្ពឺ វាត្រូវបញ្ជៀសចែកជាពីរ បែកទៅខាងតាខ្មៅ បញ្ជៀសមួយទៀតបែកទៅបឹងតាមោក នឹងមុនទម្លាក់ទៅទន្លេសាប តាមរយៈអូរព្រែកព្នៅតាមខ្ញុំដឹង។ មួយទៀត តាមរយៈទឹកស្អុយដែលគេទៅសម្អាត ដើម្បីចូលទៅប្លុកមួយទៀត ។ ដូច្នេះប្លុកទាំងពីរនេះ មាន មានរួចស្រេចគេព្រំដែនរបស់គេត្រឹមត្រូវហើយ លើកលែងផ្ទៃក្រឡាដីសាធារណៈរបស់ក្រសួង»។
ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែធ្វើការកែច្នែបឹងធម្មជាតិទៅជាសួរច្បារបៃតង ដើម្បីឱ្យប្រជាពលរដ្ឋទៅលេងកម្សាន្តល្អជាងកាត់ប្រគល់ឱ្យអ្នកមានប្រាក់ធ្វើជាកម្មសិទ្ធិឯកជន។ លោកបន្តថា បឹងតាមោកមិនត្រឹមតែជួយដល់បរិស្ថាន និងសុខភាពសាធារណៈទេ ប៉ុន្តែបឹងនេះក៏មានតួនាទីសំខាន់ក្នុងការរំដោះទឹក ជាពិសេសនៅក្នុងទីក្រុងផងដែរ។
បន្ថែមពីនេះ លោកថា ការកាត់ផ្ទៃបឹងប្រគល់ឱ្យឧកញ៉ា អ្នកមានប្រាក់ អ្នកមានអំណាច ដោយមិនមានតម្លាភាព និងមិនមានការផ្សព្វផ្សាយឱ្យទូលំទូលាយ ពិសេសមិនមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនោះ នឹងធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើស្ថាប័នរដ្ឋបន្ថែមទៀត។
លោកថា៖«ជាទូទៅតែងតែមានការរិះគន់ហើយ កាលណារិះគន់ពីខាងរដ្ឋាភិបាលវិញ ចោទប្រកាន់ថាយើងអ្នករិះគន់ ប្រឆាំងជាមួយការអភិវឌ្ឍជាដើម។ អាហ្នឹង យើងចោទប្រកាន់គ្នាទៅវិញទៅមក បង្កើតបានទៅជាបែកបាក់ក្នុងសង្គម។ បើយើងនិយាយមួយផ្នែកទៀតកាលណាយើងឱ្យដីអត់មានតម្លាភាពឬផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ តម្លៃដីអាហ្នឹង ធ្វើឱ្យបាត់បង់ថវិកាជាតិ តាមរយៈការឱ្យទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដល់ឯកជនជាដើម ហើយបើចំណេញទៅបុគ្គលមួយក្ដាប់តូចអ៊ីចឹង។ មួយទៀតវាជះឥទ្ធិពល និងគំរូរដ្ឋអាក្រក់សម្រាប់ទីតាំងកន្លែងហ្នឹង ក៏ដូចជាកន្លែងផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងការគ្រប់គ្រងដីរដ្ឋជាពិសេសអំពើពុករលួយ»។
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ខែចុងខែកញ្ញា ឆ្នាំ២០២១ ផ្ទៃបឹងតាមោកសរុបជាង១ ៦០០ហិកតាហើយ ត្រូវបានរដ្ឋាភិបាលកាត់និងដោះដូរទៅឱ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ទៅឱ្យបុគ្គលឯកជន ដែលគេដឹងថាជាអ្នកមានប្រាក់ និងមានអំណាច សម្រាប់សាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
លោក ស៊ាង មួយឡៃ បន្តថា បើសិនជាបឹងធម្មជាតិត្រូវបានកាត់ និងលុបជាបន្តបន្ទាប់ទៀតនោះ រាជធានីភ្នំពេញប្រឈមនឹងជំនន់ទឹកភ្លៀង ដោយថា ការសាងសង់ប្រឡាយ ធ្វើប្រព័ន្ធលូមិនអាចដោះស្រាយបញ្ហាទឹកជំនន់ឡើយ កាលណាបើមានភ្លៀងធ្លាក់ច្រើន ឬទឹកធំនៅរដូវវស្សា។
បឹងតាមោក មានផ្ទៃដីសរុប៣ ២៣៩ហិកតា ជាអាងស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយបឹងនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យមួយកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់បឹងធម្មជាតិមួយនេះជាសម្បតិ្តសាធារណៈរបស់រដ្ឋ។
ដោយសារសកម្មភាពការពារបឹងតាមោក យុវជនបរិស្ថាន៣នាក់ រួមមានកញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការសម្រេចឃុំខ្លួនពួកគេកាលពីខែកញ្ញា ឆ្នាំ២០២០ ក្នុងសំណុំរឿង ញុះញង់ ក្រោយពួកគេប្រកាសពីគម្រោងយុទ្ធនាការដើរដោយថ្មើជើងពីវត្តភ្នំទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីសុំអន្តរាគមន៍ឱ្យបញ្ឈប់ការលុបបឹងធម្មជាតិមួយនេះបន្តទៀត។
សកម្មជនបរិស្ថានទាំង៣រូប ត្រូវបានសាលាឧទ្ធរណ៍រាជធានីភ្នំពេញកាត់តម្រឹមទោសឱ្យជាប់ពន្ធនាគារ១ ឆ្នាំ២ខែ និងបង្គាប់ឱ្យដោះលែង កាលពីថ្ងៃទី៥ ខេវិច្ឆិកា ឆ្នាំ២០២១ ដោយទោសនៅសល់ត្រូវព្យួរ។ ក៏ប៉ុន្តែពួកគេនៅជាប់ចោទក្នុងសំណុំរឿងមួយករណីទៀតពីបទ «រួមគំនិតក្បត់»។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បញ្ហាទឹកជំនន់ ដែលបង្កឱ្យលិចរាជធានីភ្នំពេញ មិនមែនបណ្ដាលមកពីការលុបបឹងធម្មជាតិនោះទេ ដោយថា កន្លងមក ទោះបីជាមិនលុបបឹង រាជធានីភ្នំពេញក៏មានទឹកជំនន់ដែរ ដែលករណីនេះ លោកថា គួរតែឈប់រិះគន់ពីបញ្ហានេះ។
ផ្ទុយពីអ្វីដែលលោកហ៊ុន សែន អះអាង កាលពីខែឧសភា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានចេញលិខិតមួយដោយព្រមានអំពីគ្រោះមហន្តរាយដោយសារទឹកជំនន់ ក្រោយពីក្រសួងមើលឃើញថាមានការចាក់ដីលុប និងការសាងសង់សំណង់ផ្សេងៗ បិទផ្លូវទឹក កន្លែងស្តុកទឹកនានាជាបន្តបន្ទាប់៕