បទយកការណ៍៖ ស្ត្រី​មាន​ផ្ទៃពោះ​ចូលរួម​កូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គា​ជួប​ការ​លំបាក ព្រោះ​គ្មាន​កន្លែង​បន្ទោបង់​ត្រឹមត្រូវ

កូដករណាហ្គាវើលដ៍ រួមទាំងស្ត្រីមានផ្ទៃពោះ ប្រមូលផ្ដុំធ្វើកូដកម្មតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរទីតាំងក្រុមហ៊ុនណាហ្គាវើលដ៍ រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សំឡេង​ស្រែក​ចេញ​ពី​ឧគ្ឃោសនាសព្ទ ដើម្បីទាមទារឱ្យអាជ្ញាធរដោះលែងមេដឹកនាំសហជីពនិង​សមាជិកសហជីពផ្សេងទៀតនៃក្រុមហ៊ុនណាហ្គាវើលដ៍បានបន្លឺឡើងយ៉ាងកងរំពង នៅ​ទីតាំង​​មួយ​​នៅ​​ផ្នែក​​​ខាង​​​​ត្បូង​​រដ្ឋ​សភា​​ ដែល​មា​នចម្ងាយប្រមាណ៧០០ម៉ែត្រពីកាស៊ីណូណាហ្គា​វើលដ៍។ រនាំងដែកត្រូវបានអាជ្ញាធររៀបចំជាជួរ​ដាក់​នៅ​ចំ​ពីមុខ​កូដករ ហើយ​កម្លាំងស​មត្ថ​កិច្ច​​ចម្រុះ​ក៏​ត្រូវបានដាក់ពង្រាយយ៉ាងតឹងតែងនៅតំបន់នោះ​។

នៅម៉ោង​ប្រមាណ៣រសៀលនា​​​ថ្ងៃមួយ​​ក្នុង​ខែមករា ឆ្នាំ២០២២នេះ កូដករប្រមាណ១ ០០០នាក់បាន​​​នាំគ្នា​ឈរ​ក្រោម​កម្ដៅថ្ងៃ ដោយកាន់ឆ័ត្រស្ទើរតែគ្រប់ដៃ ក្នុងនោះ ស្រ្តីកំពុងមានផ្ទៃពោះជាង១០នាក់​ក៏បាន​ចូលរួម​ដែរ។ ដោយ​ជួបការលំបាកក្នុងការស្វែងរកកន្លែង​បន្ទោបង់​ ពួក​​គេ​​ត្រូវ​បង្ខំចិត្ត​យក​​ក្រមាឬក្រណាត់​ផ្សេងៗ​មករុំបិទបាំង​ ដើម្បីបន្ទោបង់​នៅកណ្ដាល​ចំណោម​​មនុស្ស​ជា​ច្រើន ខណៈដែ​លប​ន្ទប់ទឹកនៅតាមហាងនានានិងនៅទីសាធារណៈនៅក្បែរ​នោះ ត្រូវបាន​សរសេរ​ថា «ខូ​ច ឬ ស្ទះ» ​ស្ទើរ​​គ្រប់​កន្លែង។

កំពុងឈរកាន់រូបមេដឹកនាំសហជីពរបស់ខ្លួននៅក្បែររនាំងដែក​ ស្រ្តីមានផ្ទៃពោះ៤ខែម្នាក់ អ្នកស្រី ញ៉ាន ​ធាវី វ័យ​២៩ឆ្នាំ បាននិយាយថា គាត់ជាបុគ្គលិកផ្នែកចែកបៀនៅកាស៊ីណូណាហ្គាវើលដ៍​រយៈពេលជាង៨ឆ្នាំមកហើយ។ អ្នកស្រីបានចូលរួមធ្វើកូដកម្មនេះចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១​មក បើទោះបីជា​ឈ្មោះរបស់​គាត់​មិនត្រូវបានក្រុមហ៊ុនបញ្ឈប់ក្ដី។ អ្នកស្រីប្រាប់​ថា ក្នុង​ពេល​មក​ចូល​រួម​ធ្វើ​កូដកម្ម គាត់ជួបផលលំបាកច្រើន​ជាង​មនុស្សធម្មតា ព្រោះត្រូវបន្ទោបង់ញឹកញាប់ និង​មានអាការឆាប់ហត់និងអស់កម្លាំង។ អ្នកស្រី​ធ្លាប់បានសុំចូល​ទៅ​បន្ទោបង់​នៅ​ទីតាំង​ផ្សារ​ទំនើប​មួយ​កន្លែង និង​ហាងដទៃទៀត​នៅជិតកន្លែងធ្វើកូដកម្មនេះ​ប្រមាណ​១០​ទីតាំង តែទីតាំងទាំងនោះ​បានបិទទ្វារ និងមានសរសេរអក្សរថា «ខូច និងស្ទះ»។

អ្នកស្រី ញ៉ាន ធាវី កំពុងឈរកាន់រូបប្រធានសហជីពទ្រទ្រង់សិទ្ធការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ អំឡុងពេលធ្វើកូដកម្មនៅជិតរដ្ឋសភាជាតិ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។
អ្នកស្រី ញ៉ាន ធាវី កំពុងឈរកាន់រូបប្រធានសហជីពទ្រទ្រង់សិទ្ធការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ អំឡុងពេលធ្វើកូដកម្មនៅជិតរដ្ឋសភាជាតិ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

អ្ន​កស្រីរៀបរាប់ថា៖ «​ពេលខ្លះយើងត្រូវការបត់ជើងច្រើនជាងអ្នកគេធម្មតា។ យើងអត់អាចទ្រាំដូចគេបានទេ ណាមួយ​យើង​ក្ដៅ យើងហត់​ អ៊ីចឹង​យើង​ជួប​បញ្ហា​ច្រើន។ ហើយ​ការធ្វើដំណើរ​ក៏អ៊ី​ចឹង​ដែរ​ ពេល​ខ្លះ​គាត់ [អាជ្ញាធរ] ហាម​ឃាត់យើង»

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំសុខចិត្តទ្រាំនៅហ្នឹង បត់ដៃបត់ជើងអី យកឆ័ត្របាំង យកក្រណាត់បាំង តាមលូតាមអីអ៊ីចឹង​ទៅ»

អ្នកស្រី ញ៉ាន ​ធាវី ក៏ត្រូវបានប្រធានផ្នែករបស់គាត់ហៅឱ្យចូលធ្វើការវិញដែរ ប៉ុន្តែគាត់បានឆ្លើយ​ថាមិនចូលធ្វើការវិញនោះទេ បើសិនជានៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍មិនមានសហជីព។

អ្នកស្រីថា៖ «អត់​ពួកគាត់ [សហជីព] វាមានផលលំបាកច្រើន ព្រោះអីខ្ញុំផ្ទាល់ជួបបញ្ហាជាមួយភ្ញៀវ គឺបានខាង​គាត់ជួយ​ដោះ​ស្រាយ។ បើខាងក្រុមហ៊ុនវិញ គេមិនសូវជាអើពើទេ ព្រោះអីគេចាត់ទុក​ភ្ញៀវជាស្ដេច។ គេកេងប្រវ័ញ្ចពួក​ខ្ញុំ និយាយ​រួម​ ពេលពួកខ្ញុំត្រូវ ក៏គេនៅតែថាពួកខ្ញុំខុសដែរ»

អ្នកស្រី ញ៉ាន ធាវី រៀបរាប់ទៀតថា គាត់មានអាការឈឺតម្រងនោមនៅពេលដែលគាត់ទ្រាំ ហើយ​នៅ​ពេល​គាត់​ទៅ​ចូល​រួម​ធ្វើការ​តវ៉ា​ម្ដងៗ គាត់​ត្រូវបន្ទោបង់ប្រមាណ៤ទៅ៥ដង​ក្នុងមួយ​ថ្ងៃ។

អ្នកស្រីថា៖ «មានបញ្ហាដែរនៅពេលយើងទ្រាំទៅ យើងឈឺតម្រងនោម»។

ហេតុការណ៍នៃការបង្រ្កាបទៅលើកូដករជាបន្តបន្ទាប់នេះ បា​នធ្វើឱ្យអ្នកជំនាញផ្នែកសិទ្ធិមនុស្សអន្តរជាតិមួយចំនួនចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយចាត់ទុក​សកម្មភាពនេះថា គឺ​ជាការ​បង្ក្រាបដែលបំពានទៅលើច្បាប់ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ស្របពេលជាមួយគ្នានោះ ពោលគឺនៅថ្ងៃទី៤ ខែមករា ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកចំនួនជាង១០០ស្ថាប័នបាន​ចេញសេចក្ដីថ្លែងការណ៍​រួម​មួយ ដោយ​ទាម​ទារ​ឱ្យអាជ្ញាធរដោះលែងក្រុម​សហជីព​វិញ ហើយជំរុញឱ្យអាជ្ញាធរបំពេញតួនាទីរបស់ខ្លួន​ក្នុងការសម្របសម្រួលវិវាទ​ការ​ងាររវាង​បុគ្គលិកនិងថៅកែក្រុមហ៊ុន។

ស្រ្តីមានផ្ទៃពោះ៣ខែម្នាក់ អ្នកស្រី ហោ ម៉ាលីស បានរៀបរាប់នៅកន្លែងធ្វើកូដកម្មថា គាត់កំពុង​ស្នាក់នៅបន្ទប់ជួលមួយកន្លែងក្នុងរាជធានីភ្នំពេញ ហើយបានបម្រើការងារនៅក្រុមហ៊ុនណា​ហ្គាវើលដ៍​រយៈ​ពេល​៦ឆ្នាំ និង​មិនមានឈ្មោះបញ្ឈប់​ពីការងារទេ។ អ្នកស្រីបន្តថា​ ក្នុង​ពេលធ្វើ​កូដកម្ម​នេះ អាជ្ញាធរបានរឹតត្បិតគាត់មិនឱ្យចូលបន្ទប់ទឹក ហើយកន្លែងផ្ញើម៉ូតូ​នៅក្បែរ​នោះក៏ត្រូវ​បាន​ហាមឃាត់មិនឱ្យមានដែរ។

អ្នកស្រី ហោ ម៉ាលីស កំពុងឈរកាន់រូបប្រធានសហជីពទ្រទ្រង់សិទ្ធការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ អំឡុងពេលធ្វើកូដកម្មនៅជិតរដ្ឋសភាជាតិ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។
អ្នកស្រី ហោ ម៉ាលីស កំពុងឈរកាន់រូបប្រធានសហជីពទ្រទ្រង់សិទ្ធការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ អំឡុងពេលធ្វើកូដកម្មនៅជិតរដ្ឋសភាជាតិ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

ស្ត្រីវ័យ៣២ឆ្នាំរូបនេះ និយាយថា៖ «ពិបាកច្រើន ព្រោះអី​កូដកម្មតាំងពីថ្ងៃ​១៨ហ្នឹង គឺមានការរារាំងពីអាជ្ញាធរ គាត់បិទ​ច្រក គាត់បិទតាំងពីបន្ទប់ទឹក! និយាយចំទៅ បិទតាំងពីកន្លែងផ្ញើម៉ូតូ! ហើយក្ដៅ យើងអ្នកពោះធំ វាមិនស្រួលទេ»។

អ្នកស្រី ហោ ម៉ាលីស​ និយាយថា ក្នុងពេលធ្វើកូដកម្មចាប់ពីម៉ោង២រសៀល ដល់ម៉ោង៦ល្ងាច គាត់ត្រូវបន្ទោបង់យ៉ាងហោចណាស់៣ដងក្នុងមួយថ្ងៃ​ បើទោះបី​គាត់មិនសូវទទួលទានទឹក​ច្រើន​ក៏ដោយ​។ អ្នកស្រី​ថា អ្នកស្រី​ខ្មាសអៀននៅពេលដែលទៅ​បន្ទោបង់នៅទីសាធារណៈដែល​មានមនុស្សច្រើន។

អ្នកស្រីបញ្ជាក់ថា៖ «យើងមនុស្សស្រី ហើយយើងទៅបត់ជើងតូចនៅហ្វូងមនុស្ស បើនិយាយទៅមានការអៀនខ្មាសដែរ ព្រោះយើងវាអត់ធ្លាប់»។

ស្ត្រីកំពុង​មានផ្ទៃពោះ៤ខែម្នាក់ទៀត អ្នកស្រី លន់ លក្ខិ​ណា ដែល​កំពុងឈរ​តវ៉ា​ជាមួយ​កូដករផ្សេង​ទៀត បានអះអាងថា អាជ្ញាធរបានព្យាយាមរារាំង​ពួក​គាត់​មិន​ឱ្យ​ទៅ​​បន្ទប់​ទឹក ហើយ​ចំពោះ​ករណី​ដែល​បន្ទប់​ទឹក​ខូចនិង​ស្ទះ​ស្ទើរគ្រប់កន្លែងក្នុងហាងនិងផ្សារទំនើបក្បែរកន្លែងធ្វើកូដកម្មនោះ អ្នកស្រីចាត់ទុកថា​ជា​ចេតនា​របស់​អាជ្ញាធរ​ ដើម្បីគាបសង្កត់កូដករ​ដែល​កំពុង​តវ៉ា។

អ្នកស្រី លន់ លក្ខិណា កំពុងឈរកាន់រូបប្រធានសហជីពទ្រទ្រង់សិទ្ធការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ អំឡុងពេលធ្វើកូដកម្មនៅជិតរដ្ឋសភាជាតិ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។
អ្នកស្រី លន់ លក្ខិណា កំពុងឈរកាន់រូបប្រធានសហជីពទ្រទ្រង់សិទ្ធការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ អំឡុងពេលធ្វើកូដកម្មនៅជិតរដ្ឋសភាជាតិ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

អ្នកស្រី លន់ លក្ខិណា និយាយថា៖ «អាជ្ញាធរគឺព្យាយាមរារាំង [ចូលបន្ទប់ទឹក] ខ្ញុំមិនដឹងថាខាងណាអ្នកប្រាប់គាត់ទេ គាត់ថាខាងថ្នាក់លើ។ បន្ទប់ទឹក​ដឹង​តែខូ​ចហ្មង ទៅកន្លែងណាគឺ​ខូចកន្លែងហ្នឹង។ ឥលូវសូម្បីតែខ្ញុំធ្វើនៅនេះ ផ្សារទំនើប​គេ​ប៉ុនណាណី បន្ទប់ទឹកខូច! វាមិនដែលមានផ្សារទំនើបណាបន្ទប់ទឹកខូចម្ដង២ជាន់​ទេ ហើយ​អត់មានបើកសូម្បីតែមួយ ខូចទាំងអស់ គឺមានចេតនាច្បាស់ណាស់»

ស្ត្រីវ័យ២៨រូបនេះ គឺជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍រយៈពេល៥ឆ្នាំមកហើយ និងមិនមានឈ្មោះ​ត្រូវបញ្ឈប់ពីការងាទេ។ អ្នកស្រីឱ្យដឹងថា ស្រ្តីមានផ្ទៃពោះជាង២០នាក់ជាបុគ្គលិកក្រុមហ៊ុន​ណាហ្គាវើលដ៍ទាំង២ទីតាំង តែង​តែ​ផ្លាស់​វេន​គ្នាមកចូលរួមធ្វើកូដកម្ម ដោយសារតែអ្នកខ្លះមានអាការមិនស្រួលខ្លួន ទើបត្រូវសម្រាកប្ដូរវេនគ្នា។ អ្នកស្រីបន្តថា អ្នកស្រីបានស្ម័គ្រចិត្តធ្វើដំណើរមកពីស្រុកកៀនស្វាយ មករាជធានី​ភ្នំពេញ ដើម្បីធ្វើ​កូដកម្ម ហើយ​ជា​មធ្យម គាត់បាន​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ប្រមាណ២០ ០០០រៀល ដើម្បីទិញចំណីអាហារ និងចំណាយលើ​មធ្យោបាយ​ធ្វើ​ដំណើរ។

អ្នកស្រី លន់ លក្ខិណា បន្តថា គាត់មានអាការចុកពោះនៅពេលគាត់មិនបានបន្ទោបង់ ហើយក្នុង​ពេល​ចូល​ធ្វើកូដកម្ម​មួយព្រឹក គាត់ត្រូវបន្ទោបង់៥ដង។

អ្នកស្រីនិយាយថា៖ «ពេលខ្លះចុកពោះនិងឆ្អល់ ​និយាយទៅទ្រាំអត់បានមែនទែន មានតែបត់ជើងនៅលូ បាំង​ឆ័ត្រ បាំង​អី ដោះ​ទាល់»

អភិបាលខណ្ឌចំការ​មន លោក ថេង សុថុន បានច្រានចោលករណីដែលកូដករចោទថា អាជ្ញាធរ​រារាំងមិនឱ្យពួកគេចូលបន្ទប់ទឹក ដោយថា បន្ទប់ទឹកនៅតំបន់ក្បែរនោះពិតជាខូចមែន ហើយរូបលោកផ្ទាល់ពេលទៅឃ្លាំមើលការធ្វើកូដកម្មនោះ ក៏ពិបាករកបន្ទប់ទឹក​ប្រើប្រាស់ដូចគ្នា។​

លោក​បញ្ជាក់ថា៖ «ខ្ញុំក៏ពិបាករកកន្លែងដើរបត់ជើងបត់ដៃដែរហ្នឹង មិនមែនអាជ្ញាធរទៅ​[រារាំង]ទេ ផ្សាររបស់គេ! កន្លង​មក​ក៏ឮសូរព័ត៌មានថាខូចបន្ទប់ទឹកដែរ»

ឆ្លើយទៅនឹងសំណួរដែលសួរ​ថា ហេតុអ្វីអាជ្ញាធរមិនរៀបបន្ទប់ទឹកសម្រាប់កូដករដែលភាគច្រើនជាស្ត្រីទាំងនោះ អភិបាលខណ្ឌចំការមន​រូបនេះ បានបញ្ជាក់​ថា កូដ​កម្មដែលបុគ្គលិកណាហ្គាវើលដ៍កំពុងធ្វើនេះគឺ​ខុសច្បាស់ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​មិនអាច​រៀបចំ​បន្ទប់ទឹកសាធារណៈឱ្យពួកគេ ក្នុង​អំឡុងពេលធ្វើកូដកម្មនោះទេ។

លោក ថេង សុថុន បញ្ជាក់​ថា៖ «ការបត់ដៃបត់ជើងនេះ យើងអត់មានអី[សម្របសម្រួល]ទេ ព្រោះអីកូដកម្មវាខុស​ច្បាប់​ផង ហើយយើងមិនអាចទៅរៀបចំបន្ទប់ទឹកឱ្យពួកគាត់ទេ អាស្រ័យលើពួកគាត់យល់ឃើញថា គាត់ចូលទៅបត់ដៃបត់ជើងនៅកន្លែងណាបាន គាត់ចូលទៅចុះ គ្មានអ្នកណារឹតបន្តឹងទេ»

លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បាន​ពន្យល់​ថា ស្រ្តីមានផ្ទៃពោះដែលមិនបាន​បញ្ចេញ​កាក​សំណល់តាម​រយៈ​ការ​បន្ទោបង់ គឺធ្វើឱ្យសារពាង្គកាយផ្ទុកទៅដោ​យសា​រ​ជាតិ​ពុល ដោយ​ប្រឈម​ទៅនឹង​បញ្ហាសុខភាពជាច្រើន ដូចជា រលាកពោះវៀន បញ្ហាទល់លាមក និង​ខូចប្រព័ន្ធរំលាយអាហារជាដើម ខណៈទារកក្នុងផ្ទៃ​ក៏ប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរដូចម្ដាយដែរ។

លោវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ថ្លែងថា៖ «វាធ្វើឱ្យទល់លាមក អាខ្យល់មិនល្អហ្នឹងវាធ្វើឱ្យប៉ះពាល់ពោះវៀនធំ អាចនឹងរលាកពោះវៀនធំ ខូចផ្លូវរំលាយអាហារ ប៉ះពាល់ច្រើនណាស់ មិនមែនថាតែស្រ្តីមានផ្ទៃពោះទេ ​[…] បើសិនជាម្ដាយពុល ទារកក៏ពុលដែរ ទារកត្រូវការអាហារ និងការដកដង្ហើមពីម្ដាយ»

សម្រាប់ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ​ ដែល​បាន​ឃ្លាំមើ​លព្រឹត្តិ​ការណ៍​នៃ​ការ​តវ៉ា​នេះ​ សង្កេតឃើញថា អាជ្ញាធរហាក់មិនបានជួយសម្របសម្រួលក្នុងការដោះស្រាយ​វិវាទ​ការងាររវាងបុគ្គលិកនិងក្រុមហ៊ុនណាហ្គាវើលដ៍នេះទេ តែបែរជា​ចាប់ដៃ​គាំទ្រទៅភាគី​និយោជក​ក្រុមហ៊ុន​ទៅ​វិញ។

អ្នកស្រីបន្ត​ថា ក្នុងនា​ម​អាជ្ញាធរ​គួរផ្ដល់​សេវា​សាធារណៈរៀប​ចំ​បន្ទប់​ទឹក​ឱ្យ​កូដករ ហើយ​ករណីដែ​ល​ទុកឱ្យពួកគាត់ ជាពិសេស​ស្រ្តី គ្មានទីកន្លែង​បន្ទោបង់ក្នុង​​ពេល​ធ្វើកូដកម្មនេះ ​ជាការរឹតត្បិតសេរីភាពមួយ ខណៈអ្នកស្រីថា កូដកម្មរប​ស់​បុគ្គលិកក្រុម​ហ៊ុន​កាស៊ីណូណាហ្គាវើលដ៍នេះ បានធ្វើឡើងតាមនីតិវិធីច្បាប់។

អ្នកស្រី យ៉ាង សុភ័ណ្ឌ បន្ថែម​​ថា៖ «អ្ន​កដែលនៅជុំវិញកន្លែងកូដកម្មហ្នឹង អាចថាគាត់ត្រូវបានមានសម្ពាធពីក្រុមណាមួយទៅលើពួកគាត់ ដើម្បីហាមប្រាម​មិន​ឱ្យចូលរួម​ចំណែកក្នុងការផ្ដល់សេវាសាធារណៈឱ្យទៅកូដករ។ វាធ្វើឱ្យមានផល​ប៉ះពា​ល់​ដល់​កូដករ​ ជាពិសេសពួកគាត់ជាស្រ្តីត្រូវការកន្លែងសាធារណៈមួយ ដើម្បីជួយសម្រួលស្ថានភាព​របស់​ពួកគាត់​នៅពេលដែលគាត់ចូលរួមកូដកម្ម។ កន្លែងនេះ​វាជារូបភាពមួយអាក្រក់មើលណាស់ ហើយខ្ញុំគិតថា អាជ្ញាធរគួរតែរួមចំណែក​ក្នុងការជួយសម្រួលដល់ពួកគាត់ មិនគួរទៅចាប់ដៃបង្ហាញស្ដែង​ថាខ្លួនឯងគាំទ្រថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ហ្នឹង អាជ្ញាធរគួរនៅចំណែកមួយកណ្ដាល»

ជាមួយគ្នានេះដែរ អ្នកស្រី យ៉ាង សុភ័ណ្ឌ បានជំរុញឱ្យអាជ្ញាធរដោះលែង​តំណាង​សហជីព​ដែលបាន​ឃាត់​ខ្លួន ព្រមទាំងសមាជិកសហជីពផ្សេងទៀត ហើយក្រុមហ៊ុនគួរវិលទៅរកតុចរចា​ជាមួយ​កូដករ​ដោយ​​សន្តិវិធី និង​ផ្ដល់នូ​វ​ដំណោះស្រាយ​សម​ស្រប​មួយ ទើប​ជា​ជម្រើស​ល្អមួយដែលអាចបញ្ឈប់ការធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បាន។

អ្នកស្រីនិយាយ​ថា៖ «អ្វីដែលអាចបង្ខំឱ្យបងប្អូនកម្មករបញ្ឈប់​ធ្វើកូដកម្មភ្លាមៗ​បាន មានតែការរកដំណោះស្រាយ ដោះ​លែង​តំណាង បន្ទាប់មកឱ្យតំណាងទៅចរចា​លក្ខខណ្ឌដែលបានស្នើនាពេលកន្លងមក អាហ្នឹងខ្ញុំគិតថាជាចំណុចមួយដែល​អាចរកដំណោះស្រាយបាន»

វិវាទការងារនៅក្រុមហ៊ុនល្បែងដ៏ធំនៅចំកណ្ដាលរាជធានីភ្នំពេញនេះ បានអូសបន្លាយរយៈពេល​ប្រមាណ​៨ខែ​មក​ហើយ ក្រោយពេលដែលក្រុមហ៊ុននេះបានប្រកាសបញ្ឈប់បុគ្គលិកចំនួន១​ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០​នាក់ ដោយលើកហេតុផលថា ជួបវិបត្តិ​ហិរញ្ញវត្ថុដោយសារតែបញ្ហាជំ​ងឺកូវីដ-១៩។ ប៉ុន្តែសម្រាប់ក្រុមនិយោជិតវិញ​ មើលឃើញថា គម្រោង​បញ្ឈប់បុគ្គលិកដ៏ច្រើននេះជាចេតនារបស់និយោជក ដើម្បី​បំបិទ​មិន​ឱ្យមានសហជីព​នៅក្នុងក្រុមហ៊ុន។ នៅក្នុងចំណោមបុគ្គលិកជាង១ ០០០នាក់ដែលបាន​បញ្ឈប់​នោះ ៣៦៥នាក់ជាមេដឹកនាំសហជីពនិងជាប្រភូសមាជិកសហជីព។​

គិត​ចាប់តាំងពីការធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១មក មេដឹកនាំសហជីពនិងសមាជិកសរុប​ជិត៣០នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះ មេដឹកនាំនិងសមាជិក​សហជីព​ចំនួន​​៧នាក់ និង​​កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពទ្រទ្រង់សិទ្ធិកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវ​បាន​តុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារ​ ក្រោម​បទ​ចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ទោះបីជាត្រូវ​ប្រឈម​នឹង​សុវត្ថិភា​ពផ្ទាល់ខ្លួន និងទ​ទួល​រង​ការ​រឹតត្បិតពីអាជ្ញាធរយ៉ាងណាក្ដី ប៉ុន្តែ​សម្រាប់អ្នកស្រី ញ៉ាន ​ធាវី ​ដែល​កំពុងមានផ្ទៃពោះកូនដំបូងផងនោះ បានប្រកាសជំហរបន្ត​ចូល​រួម​ធ្វើកូដកម្មទាំងមេឃក្ដៅហែង រហូតទាល់តែមានដំណោះស្រាយ។

អ្នកស្រី ញ៉ាន ​ធាវី និយាយថា៖ «បើគេអត់ដោះស្រាយទេ ពួកខ្ញុំនៅតែធ្វើកូដកម្មរហូតដល់គេដោះស្រាយឱ្យពួកខ្ញុំ។ ហើយខ្ញុំសង្ឃឹមថា ភាពសាមគ្គីរបស់ពួកខ្ញុំនឹងឈ្នះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ