រដ្ឋាភិបាល​កាត់ដី​​​​​​​បឹងតាមោក​ជិត​១០០​ហិកតា​ទៀត​ឱ្យ​បុគ្គល​២នាក់​កាន់កាប់

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

រដ្ឋាភិបាលបានកាត់ផ្ទៃដីបឹងតាមោកជិត១០០ហិកតា​បន្ថែម​ទៀតប្រគល់ឱ្យភរិយាឧត្ដមសេនីយ៍​ផ្កាយ​ពីរ​នៅអង្គភាព“ង៧០” អ្នកស្រី សាយ សោភា និងលោក ចេង ស្រ៊ុន​ហេង ដើម្បីធ្វើជាកម្មសិទ្ធិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ក្នុងអនុក្រឹត្យចេញកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា ផ្ទៃដីចំនួន៧០​ហិកតា ស្ថិត​នៅសង្កាត់​ព្រែក​ព្នៅ សង្កាត់​ពញា​ពន់ និង​សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ត្រូវបានកាត់ចេញពីបឹង​តាមោក ដើម្បីប្រគល់ឱ្យលោកស្រី សាយ សោភា ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

លោកស្រី សាយ សោភា ដែលជា​អគ្គ​នាយិកា​សាលា​អន្តរជាតិ វើលដ៍​កម្ពុជា និង​ជា​ភរិយា​របស់​ឧត្ដមសេនីយ៍ផ្កាយពីរនៃអង្គភាព “ង៧០” លោក ភឿន ផល្លា ​ទទួល​បាន​ដី​បឹងតាមោក​ចំនួន៤​លើកមកហើយ ក្នុង​​នោះ​​ លើក​​ទី​១ ទទួល​បានដី​​ជាង៧​ហិកតា ​លើក​ទី​២​ បាន​ដី​ទំហំ​ជាង៤​ហិកតា ខណៈ​លើក​ទី​៣ ទទួល​បាន​ជាង១៥​ហិកតា និងលើកទី៤ បានចំនួន៧០ហិកតា។ គិតមកទល់ពេលនេះ លោកស្រី សាយ សោភា ទទួលបានដីបឹងតាមោកសរុបជិត១០០ហិកតាពីរដ្ឋាភិបាល។

ចំណែកអនុក្រឹត្យមួយទៀតចេញកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ដីជិត២០​ហិកតា (១៩២ ៣០៩ម៉ែត្រក្រឡា) ស្ថិត​នៅសង្កាត់​ពញាពន់ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ប្រគល់ឱ្យលោក ចេង ស្រ៊ុនហេង ដើម្បីធ្វើជាកម្មសិទ្ធិ ដោយពន្ធនិងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។

វីអូឌី មិនអាចសុំការឆ្លើយតបពី​អគ្គ​នាយិកា​សាលា​អន្តរជាតិ វើលដ៍​កម្ពុជា លោកស្រី សាយ សោភា និងលោក ចេង ស្រ៊ុនហេង បានទេ ​នៅថ្ងៃសុក្រនេះ។

ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់វីអូឌីកាលពីថ្ងៃ​ម្សិលមិញថា រដ្ឋាភិបាល​កំណត់​រក្សា​ផ្ទៃបឹងរួចហើយ ប៉ុន្តែចំនួនប៉ុន្មាននោះ លោកឱ្យសួរទៅសាលា​​រាជធានីភ្នំពេញ។

លោកថា៖ «វាមានគេបែងចែកព្រំដែនរួចស្រេចទៅហើយ។ តាមខ្ញុំដឹង មានពីរប្រភេទ អាងទឹក! ដោយ​អាងទឹកទី​១ បើសិនជាប្រភេទ​ទឹកភ្លៀង មកពីខាងលិចខេត្តកំពង់ស្ពឺ ​វាត្រូវបញ្ចៀសចែកជាពីរ បែកទៅខាងតាខ្មៅ បញ្ចៀសមួយទៀតបែកទៅបឹងតាមោក មុននឹង​ទម្លាក់ទៅទន្លេសាប តាម​រយៈអូរព្រែកព្នៅ តាមខ្ញុំដឹង! មួយទៀត តាមរយៈទឹកស្អុយ​ដែលគេទៅសម្អាត ដើម្បីចូលទៅ​ប្លុកមួយទៀត។ ដូច្នេះ​ ប្លុកទាំងពីរនេះមាន​រួចស្រេចព្រំដែនរបស់គេត្រឹមត្រូវហើយ​ លើកលែង​ផ្ទៃក្រឡាដីសាធារណៈរបស់ក្រសួង»

បឹងតាមោក មានផ្ទៃដីសរុប៣ ២៣៩​ហិកតា ជា​អាង​ស្ដុកទឹកកខ្វក់និងរំដោះទឹកចេញពីរាជធានី​ភ្នំពេញ ហើយបឹ​ងនេះ​ត្រូវ​បាន​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​មួយ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​ជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

ប៉ុន្តែបើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែ​កញ្ញា ឆ្នាំ២០២១ ផ្ទៃបឹងតាមោកសរុបជាង១ ៦០០ហិកតាហើយ ត្រូវបានរដ្ឋាភិបាល​កាត់​និង​ដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​រដ្ឋ ​ក្រុមហ៊ុន​ឯកជន និង​បុគ្គលឯកជន ដែលគេដឹងថា ជាអ្នកមានប្រាក់និងមានអំណាច សម្រាប់សាងសង់អគារ​និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​។

ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ​ បានជំរុញទៅរដ្ឋាភិបាលគួរឈប់កាត់ផ្ទៃបឹងតាមោកបន្តទៀត ដោយសារ​ទីតាំងនោះសុទ្ធ​តែជាផ្ទៃ​ទឹក​ដែល​មាន​ជម្រៅ​ចាប់​ពី​២ទៅ៣​ម៉ែត្រទៅ ហើយ​បច្ចុប្បន្ន បឹងធម្មជាតិកំពុងបម្រើ​ដល់ផលប្រយោជន៍សាធារណៈនៅឡើយ ក្នុងនោះ ប្រជាពលរដ្ឋបាននឹងកំពុងអាស្រ័យផល ដើម្បីប្រកបរបរចិញ្ចឹមជីវិត។

លោកថា៖ «មួយទៀត បើសម្អាងថា បុគ្គលទាំងអស់នោះ គាត់ទិញពីប្រជាពលរដ្ឋដែលកាន់កាប់ពីមុន និងជាក់ស្ដែង រដ្ឋាភិបាលគួរតែពិចារណាឡើងវិញអំពីចំណុចហ្នឹង។ ក្នុងករណីនេះអាចមានអំពើពុករលួយ ឬការរៀបចំលិខិតណាមួយមិនត្រឹមត្រូវដែរឬអត់? ព្រោះករណីដែលអះអាងទិញពីប្រជាពលរដ្ឋ ហើយទិញលើដីបឹង អាហ្នឹងមែនទែនគឺទិញដោយខុសច្បាប់ហើយ។ អាហ្នឹងត្រូវមានទោសទណ្ឌអីបន្ថែមទៀត ចំពោះមន្ត្រីឬអ្នកដែលពាក់ព័ន្ធនិងចូលរួមទិញទ្រព្យសាធារណៈរបស់រដ្ឋហ្នឹង»

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានថ្លែងថា បញ្ហាទឹក​ជំនន់​ដែល​បង្កឱ្យលិច​រាជធានីភ្នំពេញ មិនមែនបណ្ដាលមកពីការលុបបឹងធម្មជាតិនោះទេ ដោយ​ថា កន្លងមក ទោះបីជាមិនលុបបឹង រាជធានីភ្នំពេញ​ក៏មានទឹកជំនន់ដែរ ដែល​​ករណីនេះ លោកថា គួរតែឈប់រិះគន់ពីបញ្ហានេះ។

តែយ៉ាងណា​ កាល​ពី​​ខែ​​​ឧសភា​ ​ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម លោក ​លឹម គាន​ហោ បាន​ចេញ​លិខិត​មួយ​ដោយ​​ព្រមាន​​អំពី​​គ្រោះ​​មហន្តរាយ​ដោយ​សារ​ទឹក​ជំនន់​ ក្រោយ​ពី​ក្រសួង​មើល​ឃើញ​ថា មាន​ការ​​ចាក់​ដី​លុប និង​​ការ​​សាង​សង់សំណង់ផ្សេងៗបិទ​​ផ្លូវ​ទឹក​​ និងកន្លែងស្តុកទឹកនានា​ជា​បន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ