ក្រសួង​ជំរុញ​ឱ្យ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស ក្រោយ​សម្ដេច​ក្រុមព្រះ​ចូល​ទិវង្គត

ព្រះរាជពិធីបូជាព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នៅព្រះមេរុ មុខវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ (គួយ ឡង់ឌី)

ក្រសួងមហាផ្ទៃ ជំរុញឱ្យថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ដោះស្រាយ​បញ្ហាផ្ទៃក្នុង និង​រៀបចំ​ធ្វើ​សមាជបង្កើត​ក្បាលម៉ាស៊ីនដឹកនាំ​គណ​បក្ស​​ ក្រោយ​ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ចូលទិវង្គត។

ការជំរុញនេះ​បាន​​ធ្វើឡើង​តាម​រយៈ​លិខិ​តមួយ​ច្បាប់ដែល​ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ផ្ញើទៅព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ជាព្រះរាជបុត្រារបស់​សម្ដេចក្រុមព្រះ។

លោក ស ខេង បានលើកឡើងក្នុងលិខិតនោះថា ក្រសួងបានទទួលហើយនូវសេចក្ដីសម្រេចចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលតែងតាំងព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ជាអនុប្រធានគណបក្សហ្វ៊ុនស៊ិន​ប៉ិច ស្រប​តាម​ប្រការ​៥៩ថ្មី នៃលក្ខន្តិៈគណបក្ស។

ប៉ុន្តែលោក ស ខេង ស្នើឱ្យមេដឹកនាំរូបនេះ «ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគ​ណ​បក្ស ដើម្បីរៀបចំ​សមាជ​​ជ្រើសរើ​ស​​​ក្បាលម៉ាស៊ីនគណបក្សឱ្យស្របតាមខ្លឹមសារត្រង់ប្រការ​១៦ ប្រការ១៧ និង១៩ រួមទាំងប្រ​កា​រ៣៥ ជា​​​ដើម នៃលក្ខន្តិៈគណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមា​​ត្រា​​១៨ថ្មី នៃច្បាប់គណ​ប​ក្ស​​​នយោបាយផងដែរ»។

ការដែលក្រសួងចេញលិខិតនេះ ចំពេលមេដឹកនាំក្នុងជួរគណបក្សហ្វ៊ុនស៊ិនប៉ិចមិនចុះសម្រុងគ្នាលើគម្រោង​រៀបចំ​សមាជ ដើម្បី​ជ្រើស​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី ក្រោយពីសម្ដេច​ក្រុមព្រះជា​អតីត​ព្រះប្រធាន​គណបក្ស​នេះបានចូលទិវង្គត។

សម្ដេចក្រុមព្រះ និងជាអតីតនាយករដ្ឋមន្ត្រីទី១ បានចូលទិវង្គតកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឯប្រទេសបារាំង ក្នុងព្រះ​ជន្មាយុ៧៧ព្រះវស្សា ដោយរោគាពាធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ