ក្រសួង​រម្លឹក​បក្សហ្វ៊ុនស៊ិនប៉ិច​ឱ្យ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ដើម្បី​រើស​ប្រធានបក្ស ក្រោយ​សម្ដេច​ក្រុមព្រះ​ចូល​ទិវង្គត

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ រួមនឹងសាច់សារលោហិតព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ មកទទួលការយាងត្រលប់មកមាតុភូមិកម្ពុជានៃព្រះសពសម្ដេចក្រុមព្រះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុយ ឧស្សាហ៍)

ក្រសួងមហាផ្ទៃ ជំរុញឱ្យមេដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចដោះស្រាយបញ្ហាផ្ទៃក្នុង មុនរៀបចំសមាជ​ប​ង្កើ​តក្បាល​ម៉ាស៊ីនដឹកនាំថ្មី ក្រោយព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ចូលទិវង្គត។

ការជំរុញនេះ​បាន​​ធ្វើឡើង​តាម​រយៈ​លិខិ​តមួយ​ច្បាប់ដែល​ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ផ្ញើទៅព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ជាព្រះរាជបុត្រារបស់​សម្ដេចក្រុមព្រះ។

លោក ស ខេង បានលើកឡើងក្នុងលិខិតនោះថា ក្រសួងបានទទួលហើយនូវសេចក្ដីសម្រេចចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលតែងតាំងព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ជាអនុប្រធានគណបក្សហ្វ៊ុនស៊ិន​ប៉ិច ស្រប​តាម​ប្រការ​៥៩ថ្មីនៃលក្ខន្តិៈគណបក្ស។

ប៉ុន្តែលោក ស ខេង ស្នើឱ្យមេដឹកនាំរូបនេះ «ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគ​ណ​បក្ស ដើម្បីរៀបចំ​សមាជ​​ជ្រើសរើ​ស​​​ក្បាលម៉ាស៊ីនគណបក្សឱ្យស្របតាមខ្លឹមសារត្រង់ប្រការ​១៦ ប្រការ១៧ និង១៩ រួមទាំងប្រ​កា​រ៣៥ ជា​​​ដើម នៃលក្ខន្តិៈគណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមា​​ត្រា​​១៨ថ្មី នៃច្បាប់គណ​ប​ក្ស​​​នយោបាយផងដែរ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឱ្យ​វីអូឌី​ដឹងបន្ថែមនៅថ្ងៃសុក្រនេះ​ថា គណបក្សហ្វ៊ុនស៊ិនប៉ិច ពេលនេះមានតែអនុប្រធាន ​គឺ​ព្រះអង្គ​ម្ចាស់ នរោត្ដម ចក្រាវុធ ក្រោយពីសម្ដេចក្រុមព្រះចូលទិវង្គតទៅ ហើយ​ថាផ្ទៃក្នុង​របស់គណបក្សនេះមិនទាន់ចុះសម្រុងគ្នានៅឡើយ ខណៈលក្ខន្តិកៈ​របស់​គណបក្សដែលបាន​តម្កល់នៅក្រសួងមហាផ្ទៃ កំណត់ធ្វើសមាជត្រឹមរយៈពេល៦០ថ្ងៃប៉ុណ្ណោះ ដើម្បីជ្រើសតាំង​ប្រធានបក្ស ក្នុងករណីប្រធានសក្តិ ​ឬប្រធានបក្សទទួលមរណភាពនោះ។

អ្នកនាំពាក្យរូបនោះគូសបញ្ជាក់ ករណីនេះ ទើបក្រសួងរម្លឹក​ពីការរៀបចំការធ្វើសមាជ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី និងបញ្ចៀសបានការកង្វះកូរ៉ុម​ក្នុងពេលសមាជ បើគ្មានការសម្របស្រួ​លផ្ទៃក្នុងជាមុន​ទេនោះ។

បើតាមលោក ខៀវ​ សុភ័គ បញ្ហាផ្ទៃក្នុងរបស់គណបក្សនេះមានច្រើន ក្នុងនោះមានទាំងការប្ដឹងគ្នាទៅតុលាការ និងការបណ្ដេញសមាជិកគណៈកម្មការនា​យក រួមទាំងការបញ្ចប់តំណែងមន្ត្រីមួយចំនួន។

លោកថា៖ «មានទាំងបណ្ដេញចេញគណៈនាយកអី ប៉ុន្មាននាក់! មានការបណ្ដេញចេញឯកឧត្ដម យូ ហុកគ្រី អីច្រើនមែនទែន! មិនដឹងខាងណាខាងណីទេ! តែចុងក្រោយនេះ យើងឃើញថា សម្ដេចក្រុមព្រះលោ​ក​បានតែងតាំង​ព្រះអង្គម្ចាស់ ចក្រាវុធ ជាអនុប្រធានហើយ»។

លោក ផាន់ សិទ្ធី ដែលប្រាប់ថា​ជាអ្នកនាំពាក្យគណៈកម្មការនាយកនៃគណបក្សហ្វ៊ុនស៊ិន​ប៉ិច បាន​ទ​ទួ​លស្គាល់ថា បញ្ហាផ្ទៃក្នុងបក្ស​បានកើតឡើងមែន ខណៈមន្ត្រីមួយចំនួនប្រកាសពីការរៀបចំសមាជនៅចុ​ងខែមករា​នេះ។

លោកថា៖ «យើងចេះតែធ្វើសេចក្ដីប្រកាសព័ត៌មានទៅ ខ្វែងគ្នារហូត យើងអត់បានប្ដឹងផ្ដល់! តែជាទ​ស្សនៈ​ សេចក្ដីប្រកាសព័ត៌មានយើង​មានគំនិតខ្វែងគ្នារហូត ដល់អ៊ីចឹងទៅប្រហែលជាគេមើលថាសេចក្ដីប្រ​កាសព័ត៌មានហ្នឹងហើយដែលគេ [ក្រសួងមហាផ្ទៃ] ស្វែងរកដំណោះស្រាយ»។

ប៉ុន្តែយ៉ាងណា លោកថា ពេលនេះ ថ្នាក់ដឹកនាំបា​ន​កោះប្រជុំបន្ទាន់មួយ ដើម្បីសម្រប​សម្រួល​ផ្ទៃ​ក្នុង ក្រោយ​ពី​មាន​លិខិត​ជូន​ដំណឹង​ពី​ក្រសួង​មហាផ្ទៃ។ លោកបន្ត​ថា ការធ្វើសមាជ​មិនទាន់កំណត់ពេលនៅឡើយ​​​ទេ ហើយក៏មិនទាន់ដឹងថានរណាត្រូវឈ​រជា​បេក្ខភាពប្រធាន និងអនុប្រធាននៅឡើយដែរ។

អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ចាត់ទុកលិខិតជូនដំណឹងរបស់ក្រសួងមហា​ផ្ទៃ​នេះ​​​ថា ​ជា​ការទន្ទឹងរង់ចាំរបស់គណបក្សនេះជាយូរ​មក​ហើយ​​ ដោយ​ថា កាល​ពីអំឡុង​ឆ្នាំ​២០១៩ ក្រសួងបាន​ជូន​ដំណឹង​ទៅ​សម្ដេចក្រុមព្រះពីការស្នើផ្អាកធ្វើសមាជម្ដងហើយ ដោយស្នើឱ្យដោះស្រាយបញ្ហាផ្ទៃក្នុងជាមុនសិន។

អ្នកនាំពាក្យរូបនេះអះអាងថា សមាជនឹងត្រូវធ្វើនៅសប្ដាហ៍ទី១ ​ខែកុម្ភៈ ឆ្នាំ២០២២ ដោយសម្អាងថា អនុប្រធាន​បក្សបានដោះស្រាយបញ្ហានេះបានច្រើនហើយ នៅសល់បញ្ហាតិចតួចដែលលោកគិតថាលែ​ងជាបញ្ហា​ដល់សមាជហើយ។

លោកថា៖ «យើងដឹងហើយ កាលពីឆ្នាំ២០២០ គឺ​សម្ដេចក្រុមព្រះលោកបានតែងតាំងលោក [ព្រះអង្គ​ ចក្រា​វុធ] ធ្វើជាអនុប្រធានគណបក្ស។ ហើយជាបន្តបន្ទាប់មក តែងតាំងលោកជាអ្នកបន្តវេន​ទទួលបន្ទុកប៉ុស្តិ៍​សិទ្ធិក្នុងការដឹកនាំគណបក្ស មុននឹងលោកយាងចូលទិវង្គត»។

លោក ញឿន រ៉ាដែន ឱ្យដឹងទៀត​​ថា បេក្ខភាពឈរឈ្មោះជាប្រធាន​​គណបក្សហ្វ៊ុនស៊ិនប៉ិច​នៅថ្ងៃស​មាជនោះ គឺ​ព្រះអង្គម្ចាស់ នរោត្ដម​​ ចក្រាវុធ តែ​ថា​បេក្ខភាពអនុប្រធាននៅមិនទាន់ដឹងទេ។  

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មើលឃើញថា គណបក្សនេះនឹងពិបាក​ស្ដារប្រជាប្រិយ​ភាពឡើងវិញ បើទោះបីព្រះអង្គម្ចាស់​ នរោត្ដម ចក្រាវុធ ជាបុត្រាច្បង​របស់​សម្ដេច​ក្រុមព្រះ អាចនឹង​ធ្វើជា​​​ប្រធានបន្តវេនរបស់​​គណបក្សនេះក៏ដោយ។

គណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីអំឡុងការ​បោះឆ្នោតឆ្នាំ១៩៩៣ ទទួលបានអាសនៈ​ក្នុងសភាចំនួន៥៨ ខណៈគណបក្សប្រជាជនកម្ពុជាទទួលបាន៥១អាសនៈ។ ប៉ុន្តែក្បាលម៉ាស៊ីនដឹកនាំរបស់​ប្រទេសកម្ពុជានៅពេល​នោះមាន​នាយករដ្ឋមន្ត្រីពីរ គឺសម្ដេចក្រុមព្រះ ជានាយករដ្ឋមន្ត្រីទី១ និងលោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រីទី២។

ចាប់ពីពេលនោះមក គណបក្សដែល​ធ្លាប់ឈ្នះឆ្នោតមួយនេះមានជម្លោះផ្ទៃក្នុងជាហូរហែ ដែល​ការ​ណ៍នេះ មេដឹកនាំ​សំខាន់ៗ​ក្នុងបក្សមួយចំនួនបានចេញទៅបង្កើតបក្សថ្មី ដូចជា លោក សម រង្ស៊ី និងលោក ញឹក ប៊ុន​ឆៃ ជាដើម ហើយទីបំផុតគណបក្សហ្វ៊ុន​ស៊ិនប៉ិចបានបាត់បង់អាសនៈទាំងស្រុងក្នុងសភា ក្នុងអំឡុងការ​បោះឆ្នោតជាតិឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ