បុត្រីទី៣​សម្ដេចក្រុមព្រះ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច

ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម រតនាទេវី ដែលជាព្រះអនុជរបស់ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ។ (ហ្វេសប៊ុក៖ គណបក្ស ហ៊្វុនស៊ិនប៉ិច)

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ដែលជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានតែងតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្ដម រតនាទេវី ដែលជាព្រះអនុជរបស់ទ្រង់ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចជាផ្លូវការ។

ក្នុងសេចក្ដីសម្រេចរបស់ព្រះប្រធានគណបក្សរាជានិយមមួយនេះចេញកាលពីថ្ងៃចន្ទសប្ដាហ៍មុន ដែលវីអូឌីទើបទទួលបាន បញ្ជាក់ថា ​ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម រតនាទេវី ដែលជាព្រះអនុជបង្កើតព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ត្រូវបានតែងតាំងជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

អ្នកនាំពាក្យ​គណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន មានប្រសាសន៍ប្រាប់​វីអូឌីថា ព្រះអង្គម្ចាស់ក្សត្រី រតនាទេវី ទ្រង់គឺជារដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ និងតែងតែដង្ហែយ៉ាងខ្ជាប់ខ្ជួនជាមួយសម្ដេចក្រុមព្រះ អំឡុងពេលដែលសម្ដេចក្រុមព្រះទ្រង់គង់ជាប្រធាននៃរដ្ឋសភាជាតិ ហើយទ្រង់ក៏ធ្លាប់ជាប់ជាសមាជិករដ្ឋសភាដែលបានជាប់ឆ្នោតនៅមណ្ឌលខេត្តក្រចេះផងដែរ។

លោកបានបន្តថា ព្រះអង្គម្ចាស់ក្សត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្តេចក្រុមព្រះ ក្នុងកិច្ចការថ្នាក់ជាតិនិងអន្តរជាតិជាមួយបណ្ដាស្ថានទូតនានាថែមទៀតផង​។

លោកបានបញ្ជាក់ថា ថ្មីៗនេះ ព្រះអង្គម្ចាស់ នរោត្តម រតនាទេវី ក៏ជាសមាជិកគណៈកម្មាធិការនាយក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ បន្ទាប់ពីទ្រង់ត្រូវបានតែងតាំងជាព្រះប្រធានថ្មី និងចូលរួមកិច្ចការជាច្រើនជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។

លោកថា៖ «ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី លោកបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមជាមួយអង្គការជាតិ និងអន្តរជាតិជាដើម ជាពិសេសលោក [ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី] តែងតែចុះទៅជួបថ្នាក់ដឹកនាំសមាជិកសមាជិកាធ្វើនូវកិច្ចការសង្គម ក៏ដូចជាកិច្ចការមនុស្សធម៌ជាដើម»។

លោកបានបន្តទៀតថា លោកមានជំនឿតាមរយៈការតែងតាំងព្រះអង្គម្ចាស់ក្សត្រី នឹងអាចជួយធ្វើយ៉ាង​ណាឱ្យគណបក្សហ៊្វុនស៊ិនប៉ិចកាន់តែទទួលបានជោគជ័យ ព្រោះព្រះអង្គម្ចាស់ក្សត្រីមានភាពស្វិតស្វាញ ដឹងពីកិច្ចការមួយចំនួន ជាពិសេសទ្រង់ធ្លាប់ចុះមូលដ្ឋាននៅខេត្តក្រចេះ ដែលធ្វើឱ្យទ្រង់យល់ដឹងច្រើនតាំងពីជំនាន់សម្ដេចក្រុមព្រះទ្រង់នៅមានព្រះជន្ម។

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ទ្រង់ជាបុត្រីទី៣ របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងជាព្រះអនុជរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបច្ចុប្បន្ន។

​អតីត​ព្រះប្រធានគណបក្សហ៊្វុន​ស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ​បានចូលទិវង្គត កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយ​រោគាពាធ នៅប្រទេសបារាំង។ ក្រោយមក គណបក្សបានតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានបន្ត។

សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ មានបុត្រា-បុត្រី ចំនួន៥ព្រះអង្គ ​រួមមាន​ ទី១​ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះរាជបុត្រាច្បងរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយព្រះអង្គម្ចាស់ក្សត្រី ម៉ារី រណឫទ្ធិ។

ទី២ ព្រះអង្គម្ចាស់ នរោត្ដម សីហឫទ្ធិ ជាព្រះរាជបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយព្រះអង្គម្ចាស់ក្សត្រី ម៉ារី រណឫទ្ធិ។ ទី៣​ ព្រះអង្គម្ចាស់ក្សត្រី​ នរោត្តម រតនាទេវី ជាព្រះរាជបុត្រីរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយព្រះអង្គម្ចាស់ក្សត្រី ម៉ារី រណឫទ្ធិ។ ទី៤​ អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ព្រះរាជបុត្រារបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាមួយអ្នកម្នាង អ៊ុក ផល្លា និងចុងក្រោយ អ្នកអង្គម្ចាស់ នរោត្ដម រណវង្ស ជាព្រះរាជបុត្រាពៅរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជា​មួយអ្នកម្នាង អ៊ុក ផល្លា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ