មេធាវី​ការពាក្ដី​ឱ្យ​អតីត​អ្នកគាំទ្រ​បក្សបេះដូងជាតិ ស្នើ​តុលាការ​ពន្យារពេល​ឱ្យ​កូនក្ដី​ឆ្លើយ​បំភ្លឺ

ពលរដ្ឋធ្វើដំណើរនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

មេធាវីការពារក្ដីឱ្យអតីតគណបក្សបេះដូងជាតិ ឱ្យដឹងថា មកដល់ពេលនេះ លោកបាន​ដាក់​​សំណើ​​ទៅ​តុលាការ​រួច​ហើយ ​ដើម្បីស្នើសុំពន្យារពេល​ឱ្យកូនក្ដីរបស់​​ខ្លួនចូលបំភ្លឺទៅ​​តាមដីកោះរបស់​តុលា​ការ ក្នុង​​សំណុំរឿង«ក្លែងស្នាមមេដៃ»។

លោក សំ សុគង់ មេធាវីការពារក្ដីឱ្យ​អតីត​គណបក្សបេះដូងជាតិ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​សុក្រ​​នេះ​ថា មូល​ហេតុ​ដែល​នាំ​ឱ្យលោ​ក​សម្រេចដាក់​ពាក្យ​ស្នើ​​សុំពន្យារពេល​​​នេះ ព្រោះ​​តែកូនក្ដីរប​ស់​​​​លោកមិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ និងមាន​បញ្ហាស្មុគស្មាញមួយចំនួន​ដែល​ត្រូវការពេល​វេលាបន្ថែមក្នុង​ការ​ចូល​ឆ្លើយបំភ្លឺ។​

លោកបន្តថា៖ «ពួកគាត់​ទាំង​អស់​ដែល​មិន​បាន​ចូល​បំភ្លឺ​ ដោយ​ហេតុ​ថា​ ពួក​គាត់​ទើប​តែ​ទទួល​បាន​ដីកា​​​កោះ​ហៅ​ពី​លោក​ព្រះរាជអាជ្ញារង។ ពួកគាត់ទាំងអស់​ហ្នឹងមាន​បញ្ហា​សុខ​ភាព​ផង ហើយ​អ្នក​ខ្លះ​​មាន​វ័យ​ចាស់​ជរា​ផង។ ពួកគាត់ភាគច្រើនមិនធ្លាប់បានមកភ្នំពេញ ហើយ​ពុំ​សូវ​​បាន​ស្គាល់​ភ្នំពេញ និង​មិន​ដឹង​ថា​តុលាការនៅទីណាទេ»។

លោក សំ សុគង់ បញ្ជាក់ថា លោកបានដាក់សំណើសុំពន្យារពេលឱ្យកូនក្ដីចូលឆ្លើយបំភ្លឺនេះ គឺ​​ធ្វើ​​ឡើង​ជា​បន្តបន្ទាប់ចាប់តាំងពីថ្ងៃទី​១៦ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ ការស្នើនេះធ្វើ​ឡើង​បន្ទាប់​ពី​​ព្រះ​រាជ​អាជ្ញារង​នៃអ​យ្យការអម​សាលាដំបូងរាជធានីភ្នំពេញ លោក សៀង ហៀង បាន​​ចេញ​​ដីកាកាលពីថ្ងៃទី១០ ខែមករា ដោយ​​​កោះ​​ហៅ​​​អតីត​សមាជិក​​​​នៅ​​តាម​មូល​ដ្ឋាន​មក​ពី​គណបក្ស​បេះ​ដូង​ជាតិ ឱ្យ​ចូល​បំភ្លឺ​​ក្រោមបទ​ចោទ «ក្លែង​ស្នាមមេដៃ» ដែលមានក្រសួងមហាផ្ទៃជាដើមបណ្ដឹង។

បើតាមលោក សំ សុគង់ គិតមកដល់ពេលនេះ មានអតីតសមាជិកគណបក្សបេះដូងជាតិនៅតាម​​មូល​ដ្ឋានប្រមាណ២០នាក់ នៅខេត្តចំនួន​៥ រួម​មាន ខេត្តកណ្ដាល កំពង់ឆ្នាំង សៀម​​រាប ​បន្ទាយ​មាន​ជ័យ និង​​កំពង់ចាម។ លោក សំ សុគង់ បញ្ជាក់ដែរ​ថា ថ្វីត្បិតរឿងក្ដីនេះ អ្នក​​ប្រ​ព្រឹត្ត​​បទ​​ល្មើស​ជាអ្នករស់​នៅ​​តាមបណ្ដាខេត្ត ប៉ុន្តែព្រះរាជអាជ្ញារង លោក សៀង ហៀង គឺជាអ្នកចាត់ការ ហើយ​​​​ជន​ជាប់​​​ចោទ​​ទាំង​​​២០​នាក់នោះ តម្រូវឱ្យចូលឆ្លើយបំភ្លឺនៅសាលាដំបូង​រាជធានី​​​​ភ្នំពេញ​ទាំង​អស់។

ចំណែកមេធាវីការពារក្ដីឱ្យដើមបណ្ដឹងរដ្ឋប្បវេណី នៃក្រសួងមហាផ្ទៃ លោក ហាក់ សៀកលី ធ្លាប់​​បដិ​​សេធ​ថា ក្រសួងមហាផ្ទៃមិនបានកសាងសំណុំរឿង​ប្រឆាំង​អតីតសកម្មជននៅតាមមូលដ្ឋានមក​ពី​គណបក្ស​​បេះ​​​​ដូងជាតិទេ។ លោកបន្ថែមថា ជាការសន្និដ្ឋានរបស់លោក រឿងនេះអាចជា​​ស​​មត្ថ​​​​​កិច្ច​​​​របស់ព្រះរាជអាជ្ញានៅតាមខេត្តជាអ្នកប្ដឹងដើម្បីស្វែងរកការពិត។

អតីតស្ថាបនិកគណបក្សបេះដូងជាតិ​ លោក សៀម ភ្លុក ចាត់ទុកការកោះហៅសកម្មជន​​របស់​​ខ្លួននៅ​​​​តាម​​​មូល​​ដ្ឋានដោយតុលាការក្រុងភ្នំពេញនេះថា នេះជាវិធីបំបាក់ស្មារតី​សម្រាប់​​​អ្នក​​​តស៊ូ​​​ដើម្បី​​កុំ​ឱ្យមាន​របប​កុម្មុយនីស្ត​នៅ​កម្ពុជា និងបើកផ្លូវឱ្យមាន​ការគោរពសិទ្ធិ​មនុស្ស​ពេញ​លេញ​។

លោកបន្តថា៖ «នេះវាជាការគំរាមកំហែង ធ្វើទុក្ខបុកម្នេញផ្នែកនយោបាយពីសំណាក់​បក្សកាន់​​អំ​​ណាច​​។ នេះវាជាការព្រួយបារម្ភសម្រាប់អ្នកប្រជាធិបតេយ្យ​ទាំង​អស់​គ្នា ពិសេស​ជា​ការ​ព្រួយ​បារម្ភ ​​រួម​​​ទាំង​មតិជាតិ និងអន្តរជាតិ »។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេច​បដិ​សេធ​​ការ​សុំ​ចុះ​បញ្ជី​របស់​គណបក្ស​បេះដូងជាតិ ដោយ​​សម្អាងហេតុ​ថា គណបក្ស​នេះ​មាន​ចេតនា​ទុច្ចរិត និង​ក្លែង​ស្នាម​មេដៃ​​​​។

យ៉ាងនេះក្ដី កាលពីថ្ងៃទី​​២៤ ខែធ្នូ ឆ្នាំ​២០២១ ចៅក្រមជំនុំ​ជម្រះនៃ​តុលាការកំពូល លោក គង់ ស្រ៊ីម បាន​​សម្រេច​​ឱ្យក្រសួងមហាផ្ទៃ ជាអ្នកឈ្នះក្ដីលើអតីត​គណបក្សបេះដូង​​ជាតិ។ ការប្រើ​​សវនាកា​រ​ប្រ​​មាណ៤​​ម៉ោង តុលាការ​កំពូល​ចាត់​ទុក​បណ្ដឹង​តវ៉ា​របស់​អតីត​ស្ថាបនិក​គណបក្ស​បេះ​ដូង​ជាតិ ជា​ការ​​អសារ​​បង់​។

មន្រ្តីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់វីអូឌី​នៅថ្ងៃ​សុក្រ​នេះ​ថា សំណុំរឿង​​​អតីត​គណ​​​បក្ស​​បេះដូងជាតិដែល​​​បាន​​បញ្ជូន​ទៅដល់តុលាការ​នោះ ជាបទល្មើស។ លោកបន្ថែមថា ដោយ​ឡែក ​ចំពោះរឿងនយោបាយ គឺភាគីជម្លោះបានដោះបញ្ចប់រួចអស់ទៅហើយ អ្វីដែលនៅ​សេ​ស​សល់ វាជានីតិវិធីតុលាការសុទ្ធសាធ។

លោកបន្តថា៖ «ទោស​ព្រហ្មទណ្ឌ​នៅក្នុង​ហ្នឹង ក្រសួង​មហាផ្ទៃ​មិនបាន​​ប្ដឹង​ទៅ​តុលាការ​កំពូល​រឿង​ស្នាម​មេដៃ​ណា៎! ក្រសួង​មហាផ្ទៃ​ប្ដឹង​ទៅ​សាលាដំបូង​តើ! ​រឿង​ក្លែង​ស្នាម​មេដៃ! អាហ្នឹង​ជា​ទោស​ព្រហ្ម​​ទណ្ឌ ក្លែង​ឯកសារ​សាធារណៈ ឯកសារ​ដាក់ពាក្យសុំ​បង្កើតគណបក្ស​​នយោ​បាយ​ គឺ​ជា​ឯកសារ​​សាធារ​ណៈ គឺ​ជា​ឯកសារ​នយោបាយ​សាធារណៈ លួចបន្លំមេដៃ»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ ហាក់មាន​​ភាព​​ស្មុគ​ស្មាញ​​ក្នុង​ការ​ផ្ដល់​យោបល់អំពីរឿងក្ដីមួយនេះ។ លោក​ថា បើផ្អែកលើអង្គ​ហេតុនេះ រឿងផ្អាក​​​ដំ​​ណើរ​ការ​​​អតីត​គណ​​​បក្ស​​​បេះដូង​ជាតិនេះ ជាចេតនានយោបាយ។ ប៉ុន្តែដើ​ម្បី​បិទ​បាំង​​​ការ​​​​​ជំ​​ទាស់​​​​នេះ លោក សេក សុជាតិ លើកឡើងថា ក្រសួងមហាផ្ទៃ​បាន​ប្រើប្រាស់​​​ច្បាប់ជាលេស​​ ដើម្បី​​បង្ហាញ​ថា​ការ​បិទ​ផ្លូវ​​​គណបក្ស​នេះធ្វើឡើង​ដោយត្រឹមត្រូវនិងតម្លាភាព​​។

លោកបន្តថា៖ «រឿងក្ដីនេះ វាពិបាក​ក្នុង​ការ​វិនិច្ឆយមែន​ទែន ពីព្រោះ​យើង​ឃើញ​ថា វា​ស្ថិត​នៅ​ក្នុង​កម្រិត​នយោបាយ ដែល​អ្នក​នយោបាយ​យើង​តែងតែ​យក​មក​លេងនៅក្នុងសង្វៀននយោបាយ»។

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន​​រាយ​​ការណ៍​​ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពីលទ្ធផលនៃការពិនិត្យស្នាមមេដៃ ដែលស្នើឡើង​​ដោយ​​អតីតគណ​​បក្ស​​បេះ​​ដូងជាតិ ដើម្បី​សុំ​ចុះបញ្ជីជាគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។

នៅក្នុងខ្លឹមសារនៃរបាយ​​ការណ៍នោះ លោក ស ខេង លើកឡើងថា ការធ្វើកោសលវិច័យ​​ទៅ​​លើ​​ស្នាម​មេដៃជិត៥​​ពាន់​​​​​ស្នា​​មមេដៃ រកឃើញថា មានស្នាមមេដៃរបស់អ្នកគាំទ្រ២០នាក់ ​​ខុស​​​​ពី​ស្នាម​មេដៃ​ដែល​មាន​នៅ​ក្នុង​អត្ត​សញ្ញាណ​បណ្ណ។ មិនតែប៉ុណ្ណោះ នៅមាន​​ស្នាម​​មេដៃ​អ្នកគាំទ្រ២០​នាក់​​​ផ្សេង​ទៀតផ្ដិតលើមនុស្ស៥៤នាក់ ស្នាមមេដៃអ្នកគាំទ្រ៧៤​នាក់មានភាពមិនប្រក្រតីឬ​ក្លែង​បន្លំ ខណៈ​​ស្នាម​មេ​​ដៃ​​ជិត៣០០នាក់ទៀតខូចគុណភាព។

បើទោះជាបែបណា អតីតស្ថាបនិកគណបក្សបេះដូងជាតិ ចាត់ទុកថា ការជំទាស់មិនព្រមចុះ​​បញ្ជី​​ឱ្យអតីត​​គណ​​បក្ស​​បេះដូងជាតិ រហូតមានសាល​​ដី​កាសម្រេចបិទផ្លូវតវ៉ាពីតុលាការកំពូល​​បន្ថែម​ទៀតនេះ វាគឺជា​ចេតនាន​យោបាយសុទ្ធសាធ។ ម្យ៉ាងវិញទៀត ការបិទផ្លូវ មិនឱ្យបក្ស​​ទើបបង្កើត​​ថ្មោង​​ថ្មីនេះអាច​​លេច​​​ចេញជារូបរាងបាន ដោយសង្ស័យថាមានលោក សម រង្ស៊ី សហស្ថាប​​និក​​គ​ណ​​​​បក្ស​​សង្រ្គោះ​​ជាតិ​ដែលត្រូវបានតុលាការរំលាយ ជាអ្នកនៅពីក្រោយ។ លោក សៀម ភ្លុក ថ្លែង​​ថា នេះជាមូលហេតុតែមួយគត់ដែលមិនអនុញ្ញាតឱ្យបក្សបេះដូងជាតិ ចុះបញ្ជីជាផ្លូវការ​​នៅ​​ក្រសួង​​​មហា​​ផ្ទៃ ដើម្បីអាចធ្វើសកម្មភាពនយោបាយបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ