យុវជន​៥០០នាក់​នឹង​ធ្វើ​យុទ្ធនាការ​សម្អាត​បរិស្ថាន​នៅ​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់

យុទ្ធនាការ «ក្ដីស្រឡាញ់បរិស្ថាន ១៤កុម្ភៈ» រៀបចំឡើងដោយក្រុមក្រៀលកម្ពុជា ដើម្បីចូលរួមជំរុញនិងការពារបរិស្ថាន។ (ហ្វេសប៊ុក៖ ក្រៀលកម្ពុជា Creal Cambodia)

យុវជនស្ម័គ្រចិត្តកម្ពុជាមួយក្រុម បាន​បង្តើត​យុទ្ធនាការសម្អាតបរិស្ថាននៅថ្ងៃទិវា​នៃ​ក្ដីស្រឡាញ់ ក្នុង​បំណង​បណ្ដុះស្មារតីពលរដ្ឋឱ្យស្រឡាញ់ប​រិស្ថាន ដោយបានត្រៀមកម្លាំងយុវជនចំនួន៥០០នាក់ ដើម្បីរើសសំរាមនៅក្នុងរាជធានីនៅភ្នំពេញ។

ស្ថាបនិកក្រុមក្រៀលកម្ពុជា និងជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតយុទ្ធនាការ «ក្ដីស្រឡាញ់បរិស្ថាន ១៤កុម្ភៈ» លោក ហួរ ឆៃងន់ បានថ្លែងថា ការជ្រើសរើសយកថ្ងៃ ១៤កុម្ភៈ ជាទិវានៃក្ដីស្រឡាញ់ ​ដើម្បីសម្អាត​បរិស្ថាននោះ ដោយសារ​លោក​ចង់ផ្សារភ្ជាប់ក្ដីស្រឡាញ់រវាងមនុស្សជាមួយនឹងបរិសា្ថន ដោយជំរុញឱ្យពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងចេះបែងចែកទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

លោកបន្តថា លោកបានកៀរគរកម្លាំងយុវជនស្ម័គ្រចិត្តចំនួន៥០០នាក់ តាមរយៈបណ្ដាញផ្សព្វផ្សាយសង្គម ដើម្បីត្រៀមធ្វើយុទ្ធនាការនេះ ដែលតម្រូវឱ្យក្រុមយុវជនចាប់ផ្ដើមរើសសំរាមនៅទីតាំងចំនួន៣ ក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង៣រសៀល និងបញ្ចប់នៅម៉ោង៦ល្ងាច។

លោក ហួរ ឆៃងន់ បញ្ជាក់ថា៖ «យើងត្រៀមកម្លាំងចន្លោះ៥០០នាក់ ដើម្បីចូលរួមយុទ្ធនាការមួយហ្នឹង។ ៥០០នាក់​ហ្នឹង​ យើ​ងបែងចែកចេញជាក្រុម ផ្ដើមចេញពី៣ទីតាំងសំខាន់ៗ។ ទីតាំងទី១ ទៅខាងត្រើយម្ខាងជ្រោយចង្វារ យើងដាក់ចំនួន២០០នាក់ ហើយទីតាំងទី២ ពីផ្សារចាស់ ផ្សាររាត្រី យើងដាក់១៥០នាក់ ហើយទីតាំងទី៣ នៅក្រោយក្រសួងបរិស្ថាន និងកៀនកោះពេជ្រ ១៥០នាក់បន្ថែមទៀត»

ស្ថាបនិកក្រៀលកម្ពុជា​រូបនេះបានបន្ថែម​ថា នៅក្នុងថ្ងៃធ្វើយុទ្ធនាការ បន្ទាប់ពីការរៀបចំសកម្ម​ភាព​សម្អាត​បរិស្ថានហើយនោះ ក៏មានការរៀបចំការប្រគំតន្រ្តីនៅសួនច្បារទល់មុខវត្តបទុមវតី និងមានការលេងល្បែងកម្សាន្តផងដែរ។ លោកបន្តថា ក្រោយព្រឹត្តិការណ៍នេះបញ្ចប់ លោករំពឹង​ថា ពលរដ្ឋម្នា​ក់ៗនឹងចាប់ផ្ដើមចាប់អារម្មណ៍លើការងារបរិស្ថានកាន់តែច្រើនឡើងបន្ថែមទៀត។

យ៉ាងណាក្ដី សម្រាប់លោក ហួរ ឆៃងន់ លើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះ បញ្ហាសំរាមនៅប្រទេសកម្ពុជានៅតែជាប្រធានបទសំខាន់មួយដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ទោះបីលោកសង្កេតឃើញថា រដ្ឋាភិបាលបានបង្តើតយន្តការដើម្បីដោះស្រាយបញ្ហាបរិស្ថានជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ តែលោកថា ពលរដ្ឋមួយចំនួននៅតែមានទម្លាប់បោះចោលសំរាមពាសវាលពាសកាលដដែល។

លោកថា៖ «សំរាមនៅប្រទេសកម្ពុជាយើងនៅតែមានបញ្ហា ទោះមានការប្រឹងប្រែងពីស្ថាប័នផ្សេងៗក៏ដោយ ព្រោះកម្លាំងនៃការខំប្រឹងវាអត់ធំដល់កម្លាំងនៃការបំផ្លាញ កម្លាំងនៃការពង្រាយ។ អ៊ីចឹងអាហ្នឹងវាជារឿងមួយដែលយើងម្នាក់ៗត្រូវស្វះស្វែងជួយគ្នា»។

ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ លោក គាត រង្សី បាន​ថ្លែង​ថា ក្នុង​នាម​អាជ្ញាធរ​ គឺ​តែង​តែគាំ​ទ្រនិង​លើក​ទឹក​ចិត្តឱ្យ​មាន​ការ​ចូលរួមពី​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេសគឺ​យុវជន ដើម្បី​ធ្វើសកម្ម​ភាព​​លើ​កិច្ច​ការ​ងារ​ថែរក្សា​បរិស្ថាន​នេះ ដោយ​ថា បញ្ហាបរិស្ថាន​គឺ​ជាការទទួល​ខុស​ត្រូវរបស់​ពលរដ្ឋគ្រប់​រូប។

លោក គាត រង្សី បន្ថែមថា៖ «ការងារវិស័យបរិស្ថាននេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា តាំងពីយុវជន ប្រជា​ពលរដ្ឋជាដើមនេះ មានការទទួលខុសត្រូវក្នុងការធ្វើឱ្យរាជធានីភ្នំពេញរបស់យើងស្អាត​ ឬក៏ប្រទេសយើងទាំងមូលស្អាតតែម្ដង។ ទឹកចិត្តដែលគាត់ចូលរួមនេះជាទឹកចិត្តមួយល្អប្រសើរ»

លោកបន្តថា ក្នុងនាមមន្ទីរបរិស្ថានរាជធានីភ្នំពេញ តែង​តែ​ផ្សព្វ​ផ្សាយ​ជា​សារ​សំឡេង​នៅ​តាមមូល​ដ្ឋាន ដើម្បីឱ្យពលរដ្ឋចូលរួមទុកដាក់សំរាមឱ្យបានត្រឹម​ត្រូវ និងបានរៀបចំវគ្គបណ្ដុះបណ្ដាលដល់​អាជ្ញាធរក្នុងសង្កាត់ទាំង​១០៥ ក្នុងខណ្ឌទាំង១៤ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដែល​រដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់ស្ដីពីការគ្រប់គ្រងកាកសំណល់។ លោកបន្តថា មន្ទីរបរិស្ថាន​រាជធានីភ្នំពេញ បាន​សហការជាមួយក្រសួងបរិស្ថាន​ ដើម្បីវាយ​តម្លៃចំពោះទីតាំងសាលា វត្ត​អារាម និង​ភោជនីយ​ដ្ឋាន​ទាំង​ឡាយ​ណាដែល​បាន​រៀបចំ​បរិស្ថាន​ស្អាត នឹង​ទទួលបាន​លិខិត​សរសើរ​ពីអាជ្ញាធរផងដែរ។

លោក គាត រង្សី បញ្ជាក់ថា៖ «គោលការណ៍ដែលធំដែលយើងបានចូលរួមអនុវត្តជាសំខាន់នោះ គឺថា ទី១ ការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានល្អប្រសើរ។ ទី២ ជំរុញនិង​លើកទឹកចិត្តឱ្យបុគ្គលរូបវន្ត ហើយនិងស្ថាប័នពាក់ព័ន្ធចូលរួមនៅក្នុងការលើកសោភ័ណភាពវិស័យបរិស្ថានឱ្យកាន់តែល្អប្រសើរ»

កាលពីដើម​​ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានបញ្ចូល​បញ្ហាបរិស្ថានក្នុងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិ​ភាព» ដើម្បីគ្រប់គ្រងសំរាម ក្នុងគោលបំណងថែរក្សាអនាម័យ បរិស្ថាន និងសុខុមាល​ភាព​ប្រជាពលរដ្ឋ។ តាមរយៈគោលនយោបាយថ្មីនេះ រដ្ឋាភិបាល​សង្ឃឹម​ថា នឹងជំរុញ​ឱ្យមានការដោះស្រាយបញ្ហាកាកសំណល់គ្រប់ប្រភេទនៅទូទាំងប្រទេស។

ក្រៀលកម្ពុជា គឺជាក្រុមយុវជនស្ម័គ្រចិត្តមួយក្រុមដែលបានបង្កើតឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ក្នុងគោលដៅជំរុញឱ្យពលរដ្ឋមានការស្រឡាញ់និងយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ហើយ​បានធ្វើសកម្មភាពជាបន្តបន្ទាប់នាពេលកន្លងមក ដូចជា ការរើសសំរាមក្នុងពិធីបុណ្យអុំទូក ការរៀបចំវគ្គសិក្ខាសាលាដើម្បីបញ្ជ្រាបការយល់ដឹងពីបញ្ហាបរិស្ថាន និងបានបង្កើតផលិតផលច្នៃ​ចេញពីដើមឫស្សី រួមមាន ដបទឹក កែវទឹក ប៊ិក និង​បំពង់​បឺត​ ជាដើម សម្រាប់​ឱ្យពលរដ្ឋប្រើប្រាស់ ដើម្បីចូលរួមកាត់បន្ថយការប្រើបា្រស់ប្លាស្ទិកផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ