អត្ថបទ​ទស្សនៈ​៖ សសរស្ដម្ភ​នៃ​របប​គ្រប់គ្រង​បែប​ប្រជាធិបតេយ្យ​សេរី

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

ក្រោយសង្គ្រាមត្រជាក់ រលកទី៣នៃលទ្ធិប្រជាធិបតេយ្យបានរីករាលដាលខ្លាំងទូទាំងសកលលោកទាំងមូល។ លទ្ធិប្រជាធិបតេយ្យ ជាពិសេសពាក្យ «ប្រជាធិបតេយ្យ» ក្លាយជាពាក្យដ៏មានប្រជាប្រិយក្នុងស្រទាប់មហាជន ប៉ុន្តែខ្លឹម (essence) និងសសរស្ដម្ភ ឬសសរគ្រឹះដើម្បីកសាងសង្គមប្រជាធិបតេយ្យឬរដ្ឋាភិបាលប្រជាធិបតេយ្យ ហាក់នៅឆ្ងាយពីការយល់ដឹងនិងការអនុវត្តរបស់អ្នកនយោបាយ ក៏ដូចជាពលរដ្ឋទូទៅនៅឡើយ។

អត្ថបទនេះនឹងពន្យល់បកស្រាយពីសសរស្ដម្ភ២ នៃរបបគ្រប់គ្រងបែបប្រជាធិបតេយ្យសេរី ដែលអាចកសាងប្រជាធិបតេយ្យពេញលេញនៅក្នុងសង្គមកម្ពុជាបានតាមទ្រឹស្ដីនីតិរដ្ឋធម្មនុញ្ញ វិទ្យាសាស្ត្រនយោបាយ និងទស្សនវិជ្ជានយោបាយ។  

សសរស្ដម្ភទី១ គឺអធិបតេយ្យភាពពលរដ្ឋ (people sovereignty) ដែលជាស្នូលនៃទម្រង់គ្រប់គ្រងរដ្ឋបែបប្រជាធិបតេយ្យសេរី។ អធិបតេយ្យភាពពលរដ្ឋ សំដៅដល់អំណាចនៃការគ្រប់គ្រងរដ្ឋកើតឡើងដោយប្រជាពលរដ្ឋ ជារបស់ប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋ ដោយផ្អែកលើគោលការណ៍សេរីភាព អធិបតេយ្យភាព សិទ្ធិស្វយ័តសម្រេចរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសអ្នកតំណាងមកបំពេញករណីកិច្ចដើម្បីសុភមង្គល​របស់ពួកគេ។

ក្នុងទ្រឹស្ដីនយោបាយរបស់ទស្សនវិទូអង់គ្លេស ចន ឡូក បានលើកឡើងថា រដ្ឋាភិបាលត្រូវបានបង្កើតឡើងដោយការព្រមព្រៀង (consent) របស់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលត្រូវបានកម្រិតអំណាចដោយគ្រប់ធម្មជាតិនៃកិច្ចព្រមព្រៀង។ រដ្ឋាភិបាលត្រូវទទួលខុសត្រូវចំពោះមុខពលរដ្ឋ។ ក្នុងន័យនេះ អំណាចមិនបានប្រមូលផ្ដុំលើបុគ្គលម្នាក់នោះទេ ពោលគឺពលរដ្ឋជាប្រភពនៃអំណាចទាំងអស់ដែលជាអំណាចអធិបតេយ្យ។

ទស្សនវិទូ ហ្សង់ ហ្សាក់ រូស្សូ ក៏បានសរសេរទ្រឹស្ដីកិច្ចសន្យាសង្គមសង្កត់ធ្ងន់លើអធិបតេយ្យភាពពលរដ្ឋផងដែរ។ សម្រាប់លោក មនុស្សបង្កើតកិច្ចសន្យាសង្គមក្នុងចំណោមពួកគេ ដើម្បីធ្វើឱ្យសង្គមប្រសើរឡើងនិងរីករាយជាមួយសេរីភាពជាមនុស្ស។ ហេតុដូច្នេះ លោកសង្កត់ធ្ងន់ថា អធិបតេយ្យភាពស្ថិតក្រោមកណ្ដាប់ដៃរបស់ពលរដ្ឋ ហើយអធិបតេយ្យនេះមិនអាចដកហូតបាននោះទេ។

ជាការឆ្លុះបញ្ចាំង នៅក្នុងរដ្ឋធម្មនុញកម្ពុជា១៩៩៣ បានទទួលស្គាល់សារៈសំខាន់នៃអធិតេយ្យភាពពលរដ្ឋ និងបញ្ញត្តិក្នុងមាត្រា៥១ វាក្យខណ្ឌ២និង៣ ដែលចែងថា «ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន» និង «អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ»

សសរស្ដម្ភទី២ គឺស្ថាប័នរឹងមាំឬរដ្ឋទំនើបដែលមានប្រសិទ្ធភាព (effectiveness), សមត្ថភាព (capable)​, មិនមែនបុគ្គល (impersonal), ចាត់ចែងល្អ (well-organized) និងស្វ័យភាពពីឥទ្ធិពលនយោបាយ។ ស្ថាប័នរឹងមាំ ចរិតនៅក្នុងនីតិរដ្ឋ (rule of law) និងយន្តការគណនេយ្យភាពប្រជាធិបតេយ្យ (mechanisms of democratic accountability)។ នៅក្នុងប្រទេសក្រីក្រ រដ្ឋមានលក្ខណៈជាស្ថាប័នទន់ខ្សោយ ពុករលួយ បក្ខពួកនិយម ដែលពាក្យបច្ចេកទេសវិទ្យាសាស្ត្រនយោបាយហៅថា «មរតកបិតានិយមថ្មី» (neopatrimonialism) ដែលក្នុងនោះ មេដឹកនាំនយោបាយបង្កើតទម្រង់នយោបាយឱ្យមានការិយាធិបតេយ្យរដ្ឋបាល ប្រព័ន្ធច្បាប់ ការបោះឆ្នោត និងសង្គមស៊ីវិល ជាដើម ក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនជាចម្បង។

នីតិរដ្ឋ ជាយន្តការនៃការធានាសិទ្ធិសេរីភាពបុគ្គលម្នាក់ៗដោយស្មើភាពគ្នានៅចំពោះមុខច្បាប់។ ជាទូទៅ ក្នុងន័យវិទ្យាសាស្ត្រនយោបាយ នីតិរដ្ឋ គឺជាសំណុំ​វិធាននៃអាកប្បកិរិយាដែលឆ្លុះបញ្ចាំងនូវគំនិត​ឯកច្ឆន្ទដ៏ទូលាយដែលប្រតិបត្តិក្នុងសង្គម​ ជាពិសេសចងភ្ជាប់តួអង្គនយោបាយដែលមានអំណាចបំផុតក្នុងសង្គម មិនថាប្រធានាធិបតី នាយករដ្ឋមន្ត្រី ឬព្រះមហាក្សត្រនោះឡើយ ឱ្យស្ថិតក្នុងដែនសីមានៃច្បាប់។

ប្រសិនបើច្បាប់ត្រូវបានកែប្រែដើម្បីបំពេញបំណងអ្នកមានអំណាច ល្គឹកនោះនីតិរដ្ឋមិនមានអស្ថិរភាពនោះឡើយ។ ដើម្បីមានប្រសិទ្ធភាព នីតិរដ្ឋដែលចរិតក្នុងធម្មនុញ្ញភាពនៃច្បាប់ ត្រូវមានស្ថាប័នតុលាការឯករាជ្យ ដែលអាចបំពេញមុខងារដោយស្វយ័តពីអំណាចនីតិប្រតិបត្តិ (the executive)។

គណនេយ្យភាពប្រជាធិបតេយ្យ ជាយន្តការប្រជាធិបតេយ្យដែលតម្រូវឱ្យរដ្ឋាភិបាលឆ្លើយតបនឹងផលប្រយោជន៍របស់សង្គមទាំងមូល មិនមែនបម្រើផលប្រយោជន៍របស់វណ្ណៈថ្នាក់ដឹកនាំនោះទេ។ ក្នុងន័យវិទ្យាសាស្ត្រនយោបាយ គណនេយ្យភាពប្រជាធិបតេយ្យ ត្រូវបានគេមើលឃើញក្នុងការទទួលខុសត្រូវបែបនីតិវិធី (procedural accountability) ដែលមានយន្តការបោះឆ្នោតពហុបក្សដោយសេរី និងយុត្តិធម៌ ដែលអនុលោមតាមគោលការណ៍បោះឆ្នោតជាសកល ដោយផ្ទាល់ ដោយស្មើភាព ដោយសម្ងាត់។

សរុបមក សសរស្ដម្ភនៃរបបគ្រប់គ្រងបែបប្រជាធិបតេយ្យសេរីនៃអធិបតេយ្យភាពពលរដ្ឋ (people sovereignty), ស្ថាប័នរឹងមាំ ឬរដ្ឋទំនើប ដែលមិនមែនពឹងផ្អែកលើបារមីបុគ្គលឬវប្បធម៌បុគ្គលសក្ការៈ នោះនីតិរដ្ឋ គណនេយ្យភាពប្រជាធិបតេយ្យ ជាគ្រឹះនៃការកសាងសង្គមប្រជាធិបតេយ្យសម្រាប់ខ្មែរ។

រៀបរៀងដោយ៖ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
[email protected]

សូមជម្រាបថា រាល់ខ្លឹមសារ​អត្ថបទទាំងស្រុងមិនឆ្លុះបញ្ចាំងពីទស្សនៈ ឬគោលជំហររបស់វីអូឌីឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ