កម្ពុជា​កំពុង​សិក្សា​បង្កើត​ច្បាប់​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​បរទេស

ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្វាគមន៍លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។ (ហ្វេសប៊ុកលោក ស ខេង)

ក្រសួងមហាផ្ទៃបានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញ​ថា ច្បាប់ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសរបស់ប្រទេសសិង្ហបុរីដែលបានអនុម័តកាលពីឆ្នាំមុន នឹងក្លាយជាគំរូមួយសម្រាប់កម្ពុជាក្នុងការបង្កើតច្បាប់ដើម្បីបញ្ចៀសការជ្រៀតជ្រែករបស់បរទេស។

ច្បាប់របស់ប្រទេសសិង្ហបុរីមួយនេះដែលមានគោលបំណងប្រឆាំងនឹង «ការប៉ុនប៉ងពីសំណាក់ភាគីបរទេសដើម្បីរៀបចំនយោបាយក្នុងស្រុក» ក៏បានបង្កឱ្យមានជាការព្រួយបារម្ភក្នុងចំណោមសកម្មជននិងអ្នកសារព័ត៌មានទាំងឡាយផងដែរ ខណៈដែលពួកគេអាចនឹងត្រូវបានផ្ដន្ទាទោសចំពោះការចោទប្រកាន់មិនច្បាស់លាស់ ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ និងការរឹតបន្តឹងនានា ជាដើម។

ទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងថា ច្បាប់មួយដែលស្រដៀងទៅនឹងច្បាប់ខាងលើនេះ គឺមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការត្រៀមទុកជាមុន ដោយសារតែកម្ពុជាធ្លាប់មានបទពិសោធន៍នានាកាលពីពេលកន្លងមក។

អ្នកនាំពាក្យដដែលបន្ថែមដោយលើកឡើងពីការលុកលុយរបស់ចាមលើអាណាចក្រអង្គរកាលពីពេលកន្លងទៅថា៖ «តាមប្រវត្តិសាស្ត្រ មហាអំណាចបរទេស ទាំងប្រទេសជិតខាង និងប្រទេសដែលនៅឆ្ងាយៗ បានជ្រៀតជ្រែកដល់សន្តិភាពរបស់កម្ពុជា»។

លោកបន្តថា មុន​មានការឈ្លានពានរបស់បរទេស ​ក៏មានការជ្រៀតជ្រែក​ដែលមានជនក្បត់​ពីផ្ទៃក្នុងផងដែរ។

លោកថា៖ «តាមរយៈបទពិសោធន៍ដ៏ជូរចត់របស់កម្ពុជា និងតាមអ្វីដែលយើងបានមើលឃើញពីប្រទេសផ្សេងៗ សម្ដេចក្រឡាហោមមានការទស្សនៈវិស័យ​វែងឆ្ងាយ ដើម្បីសិក្សានិងស្វែងយល់ពីករណីនេះ។ យើង​គួរ​តែ​មាន​ច្បាប់ស្រដៀងគ្នា​នេះមួយ​ដែរ ដោយសារតែ​ប្រវត្តិសាស្ត្រ​របស់​យើង​ធ្លាប់​មាន​បទពិសោធន៍នៃ​ការ​ឈ្លាន​ពាននិង​ការ​ជ្រៀតជ្រែក​ពី​បរទេស»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបានឱ្យដឹងទៀតថា ប្រទេសសិង្ហបុរី គឺជាគំរូដ៏ជាក់លាក់មួយសម្រាប់ច្បាប់មួយនេះ បើទោះបីជាប្រទេសផ្សេងទៀតមានច្បាប់ស្រដៀងគ្នានេះក៏ដោយ។

លោក​បន្ថែមថា​៖ «​ប្រទេស​សិង្ហបុរី​មាន​ច្បាប់​នេះ ដូច្នេះហើយប្រទេស​គេមាន​ការ​អភិវឌ្ឍ​និង​ឯករាជ្យ​ ហើយ​អាច​គ្រប់គ្រង​ប្រទេសរបស់ពួកគេ​បាន​ដោយ​គ្មាន​អ្នក​បញ្ជាពីខាងក្រៅ​»។

ទោះជាយ៉ាងណា លោកថា ដំណើរការនេះគឺស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ។

លោកបន្ថែមថា៖ «បច្ចុប្បន្ន ​យើងបានប្រមូល​ឯកសារនានា​ហើយ»។

លោក ខៀវ សុភ័គ បន្តថា ច្បាប់​ដែលមានចំនួន​៥០០ទំព័រដែលយើងទទួលបាននឹង​ត្រូវ​បក​ប្រែ​ជា​ភាសា​ខ្មែរ និង​សិក្សាឱ្យបានច្បាស់លាស់​មុន​ពេល​ដែលច្បាប់​មួយ​ត្រូវ​បាន​ព្រាងឡើង។

លោកបន្ថែមទៀតថា យើងនឹងសិក្សាពីអ្នកដទៃ និងអ្វីដែលជាការជ្រៀតជ្រែកពីបរទេស ដែលរួមមានទាំងការផ្ដល់ថវិកាដល់អង្គការក្រៅរដ្ឋាភិបាលដើម្បីបើកសាលារៀននិងធ្វើសកម្មភាពផ្សេងទៀត។

អ្នកនាំពាក្យខាងលើនេះបន្ថែមថា៖ «វាអាចនឹងធ្វើឱ្យមនុស្សមួយចំនួនមិនពេញចិត្ត។ បើទោះ​បី​ជា​ពួកគេ​មិន​ពេញ​ចិត្តយ៉ាងណាក៏ដោយ ​ប៉ុន្តែច្បាប់នេះ​ គឺ​ដើម្បី​ប្រយោជន៍​ជាតិ។ ​ប្រសិន​បើ​អ្នក​មិន​អនុវត្តតាម អ្នក​នឹង​ត្រូវ​ទទួល​ទោស។ រាល់ច្បាប់ទាំងឡាយ ​គឺតែងតែ​មាន​ការ​ដាក់​ទោស ដូច្នេះមនុស្សខ្លាចក្នុងការធ្វើអ្វីដែលខុសច្បាប់»។

ទាក់ទិន​ករណីនេះ នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្ស​អង្គការលីកាដូ លោក អំ សំអាត បានគូសបញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាល​មាន​ច្បាប់ប្រឆាំងនឹងអំពើភេរវកម្ម និងច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​លាងលុយកខ្វក់រួចទៅហើយ ដែលមិនចាំបាច់ត្រូវការច្បាប់ថ្មីនេះបន្ថែមទៀតទេ។

លោក​យល់ឃើញថា ករណីនេះក៏បានបង្កឱ្យមានជាការ​ព្រួយ​បារម្ភ​ផង​ដែរ​ ដោយ​សារ​តែ​រដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុកនិងហៅអង្គការ​ក្រៅ​រដ្ឋាភិបាល​​ថា​ជា​ផ្នែកមួយ​នៃ ​«បដិវត្តន៍​ពណ៌»


បកប្រែនិងសម្រួលពីអត្ថបទដើមភាសាអង់គ្លេស “Cambodia Pursues Foreign Interference Law Inspired by Singapore, Angkorian-Era Invasions” ដោយលោក ភុន ច័ន្ទឧសភា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ