មន្រ្តី​រដ្ឋាភិបាល​ថ្លែង​ការពារ​ចំពោះ​ការ​ជួល​ក្រុមហ៊ុន​ច្បាប់​អាមេរិក​ដែល​រង​ការ​រិះគន់​ថា​ស្ថិត​ក្រោម​អំពើពុករលួយ

បុរសម្នាក់រៀបចំដោតទង់​ជាតិកម្ពុជា នៅតាមផ្លូវ ទល់មុខស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមេសា ២០១៨។ (រូបភាព៖បញ្ញា ឆពណ្ណ)

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ថ្លែងការពារ​ពីការជួលក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក​ដើម្បី​​ឱ្យជួយ​​បញ្ចុះ​​បញ្ចូល​​​រដ្ឋា​​​​​ភិបាលរបស់ខ្លួននោះ ថាមិនមែនជា​​ទម្រង់នៃ​​អំពើពុករលួយទេ ប៉ុន្តែ​វាជា​ការ​​​បើក​​ផ្លូវ​​​ដើម្បី​​​ជំរុញ​ឱ្យមានទំនាក់ទំនងល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិកឱ្យ​​កាន់តែល្អប្រសើរឡើង ជាពិសេស​​នឹង​​ជួយបង្កើន​​​​​ធុរកិច្ចកាន់តែល្អជាងមុន។

ការបញ្ជាក់ពីជំហរនៅពេលនេះរបស់មន្រ្តីរដ្ឋាភិបាលកម្ពុជា បាន​ធ្វើឡើង​ក្រោយ​ពី​​​កាសែត Reuters បាន​ដកស្រង់ឯកសារ​​​របស់​​ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ​​មកចុះផ្សាយថា កម្ពុជា​បាន​ជួល​​ក្រុម​ហ៊ុន​​មួយ​​របស់​សហរដ្ឋ​អាមេរិកដែល​មាន​ឈ្មោះថា​ «អាឃីន ហ្គាំ (Akin Gump Strauss Hauer & Feld)» ដើម្បីឱ្យជួយបញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ថា​កម្ពុជា​មិនមានបញ្ហាអ្វីដូចការ​ចោទ​ប្រកាន់​​នា​ពេលកន្លងមក។ ក្រុមហ៊ុនច្បាប់នេះមាន​​មូល​​ដ្ឋាន​នៅទីក្រុង Washing DC។  

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ទទួលស្គាល់ថា កម្ពុជាពិត​​ជា​​បាន​​ជួល​​ក្រុមហ៊ុនច្បាប់​របស់សហរដ្ឋអាមេរិកនេះមែន។ ប៉ុន្តែលោកបញ្ជាក់ជំហរថា ការជួលនេះធ្វើឡើង​​ដោយ​​​​​​ត្រឹមត្រូវតាមនីតិវិធី និងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់​​។ លោកបន្តថាកម្ពុជា​​នឹងទទួល​​បាន​​​​ផល​​ប្រយោ​​ជន៍​ច្រើនពីការជួលក្រុមហ៊ុនច្បាប់របស់សហរដ្ឋអាមេរិកនេះ។ មិនតែប៉ុណ្ណោះ លោកថា ការ​​ចំ​​ណេញនេះនឹងនាំឱ្យកម្ពុជាអាចប្រកួតប្រជែងដោយស្មើភាពគ្នាជាមួយបណ្ដា​​ប្រទេសជិត​​ខាង​​​ផងដែរលើ​​ជញ្ជីងពាណិជ្ជកម្ម។

លោកបន្តថា៖ «ខ្ញុំគ្រាន់តែដឹងថាយើងមានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន Lobby Group។​ ក្រុម​ហ៊ុន Lobby Group នៅសហរដ្ឋអាមេរិក អាហ្នឹងគឺ​ពិតប្រាកដ! ប៉ុន្តែ​ឈ្មោះក្រុមហ៊ុន​ ខ្ញុំ​អត់​ស្គាល់​ទេ ហើយក៏អត់បានចាំដែរ។ ហើយសារៈប្រយោជន៍ដែលយើងធ្វើ គឺការពង្រឹងការយល់​​ដឹង​រវាង​សហ​​រដ្ឋ​​​​​អាមេរិកនិងកម្ពុជា នេះជាគោលបំណងធំ គឺបែបហ្នឹងឯង»។

កាសែត Reuters បានចុះផ្សាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយស្រង់យក​​ឯកសារ​​នៃ​​កិច្ច​​​​សន្យា​​ដែល​​ត្រូវបានក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលាតត្រដាងអំពីទំហំទឹកប្រាក់នៃ​​កា​​រជួលពីភាគីកម្ពុជា។ ផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជាបានជួលក្រុមហ៊ុនច្បាប់មួយរបស់សហរដ្ឋអាមេរិកឈ្មោះថា អាឃីន ហ្គាំ ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក រយៈពេលមួយឆ្នាំ ក្នុង​តម្លៃ៧២ម៉ឺនដុល្លារ (៧២០ ០០០)។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដដែល ក្រុមហ៊ុនច្បាប់ អាឃីន ហ្គាំ (Akin Gump Strauss Hauer & Feld) ដែលរដ្ឋាភិបាលកម្ពុជាបានជួលឱ្យជួយបញ្ចុះបញ្ចូលនេះ ក៏រាប់បញ្ចូលក្រុមការ​​ងារអតីតទីប្រឹក្សាសេតវិមានប្រធានាធិបតីសម័យរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា (Barak Obama) ផងដែរ។

ប្រភពដដែលបន្តថា ក្រុមហ៊ុនច្បាប់ខាងលើនេះបានបង្ហាញក្នុងកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយកម្ពុជាថា៖ «អាឃីន ហ្គាំ នឹងធ្វើកិច្ចការងារដើម្បីរក្សាទំនាក់ទំនងបើកចំហ ក្នុងការធានាឱ្យបាននូវសារដែលមានតុល្យភាពបន្ថែមទៀត ជុំវិញទំនាក់ទំនងកម្ពុជា-អាមេរិកដ៏សំខាន់»។

យ៉ាងនេះក្ដី លោក ផៃ ស៊ីផាន អះអាងថា ករណីនេះ មើលទៅហាក់ដូច​​ជាថ្មី​​ណាស់​សម្រាប់​​កម្ពុជា ប៉ុន្តែ​​បណ្ដា​​ប្រទេស​​នៅជុំវិញពិភពលោក គេបានអនុវត្តបែបនេះមុនកម្ពុជាទៅទៀត​​។ ​​លោក​​​បន្ថែម​ថា ព្រោះហេតុដូច្នេះហើយបាន​ជាប្រទេសមួយចំនួន រាប់ទាំងក្នុងតំបន់ និង​​ពិភព​​លោក​​​​​ផង គេមានភាពជឿនលឿននិងជោគជ័យទាំងផ្នែកពាណិជ្ជកម្មនិងនយោបាយ បើធៀប​​នឹង​​​កម្ពុជា។

លោកបន្តថា៖ «មិនមែនជាការខាតប្រយោជន៍អីទេ ពីព្រោះក្រុមហ៊ុន Lobby Group ហ្នឹងនៅ​​សហ​​រដ្ឋ​អាមេរិក មានប្រទេសជាច្រើនសូម្បីប្រទេសវៀតណាម​ដែលប្រកាន់របប​កុម្មុយនីស្ត គេ​ក៏មាន​​ក្រុម​ហ៊ុន Lobby Group សម្រាប់ឱ្យរដ្ឋាភិបាលអាមេរិកាំងយល់អំពីប្រទេសរបស់គេ»។

លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ក៏ឯកភាពដែរថា ការជួលក្រុមហ៊ុន​​ច្បាប់​​របស់សហរដ្ឋអាមេរិកនេះ មិនមែនជាប្រភេទទម្រង់នៃអំពើពុករលួយ ប្រសិនបើការជួលនេះប្រ​​ព្រឹត្ត​​​ទៅដើម្បីបម្រើផលប្រយោជន៍ជាតិ។ ប៉ុន្តែរឿងដែលសំខាន់និងចាំបាច់ វាស្ថិតនៅត្រង់គោល​​បំណង​​​នៃ​​ការជួលទៅវិញទេ ថាការជួលក្រុមហ៊ុនច្បាប់នេះបម្រើក្នុងន័យបែបណា នោះទើប​​ជា​​បញ្ហា។

លោកបន្តថា៖ «អ៊ីចឹងសំខាន់លើគោលបំណងនៃការធ្វើ Lobby ហ្នឹងទេ! បើសិនជា Lobby ដើម្បី​​ប្រយោជន៍ជាតិ មិនមែនជារឿងខុសអីទេ។ ប៉ុន្តែបើយើង Lobby ឱ្យប៉ះពាល់ដល់ប្រ​យោជ​ន៍​​សា​ធារណៈវិញ វាជាសំណួរ ហើយជាគណនេយ្យភាព​មួយអ្នកដែលធ្វើហ្នឹង​ត្រូវទទួលខុស​​ត្រូវ​​ចំពោះ​​ប្រជាពលរដ្ឋ »។

បើទោះជាលោកឯកភាពថា ការជួលក្រុមហ៊ុនបរទេសនេះជារឿងត្រឹមត្រូវក៏ដោយចុះ ប៉ុន្តែលោក ប៉ិច ពិសី យល់ឃើញថា ស្ថិតក្នុងស្ថានភាពកម្ពុជាកំពុងតែក្រីក្របែបនេះ រដ្ឋាភិបាលគួរ​​ប្រើ​ប្រាស់​​សាច់ប្រាក់ដែលមាននេះសម្រាប់អភិវឌ្ឍប្រទេសវិញប្រសើរជាង។

ការជួលក្រុមហ៊ុនបញ្ចុះបញ្ចូលចុងក្រោយមួយនេះ ត្រូវបានអ្នកតាមដាន​សង្គម​មើលឃើញ​ថាធ្វើឡើងស្របពេលសហរដ្ឋអាមេរិកបានប្រកាសពីការពិនិត្យឡើងវិញនូវការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ ការនាំចេញរបស់កម្ពុជាសម្រាប់សហរដ្ឋអាមេរិកមានប្រមាណជា៤៣ភាគរយ ក្នុងរយៈពេល៩​ខែដំបូងនៃឆ្នាំ​២០២១។ តួលេខនេះមានកើនឡើងបើធៀបក្នុងរយៈពេលដូចគ្នាកាលពី​ឆ្នាំ​២០២០ ដែលមាន​ប្រ​​មា​​ណ៣៧​ភាគរយ ខណៈឆ្នាំ​២០១៩ ការនាំចេញរបស់កម្ពុជាទៅ​សហរដ្ឋ​អាមេរិក​មាន​ប្រមាណ៣២​ភាគរយ។

កាលពីឆ្នាំ​២០១៩ កម្ពុជាក៏ធ្លាប់បានចំណាយថវិកាជាង១លានដុល្លារដែរ លើការចំណាយជួលក្រុមហ៊ុនដើម្បីបញ្ចុះបញ្ចូលមួយរបស់​​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ