តុលាការ​បង្ហាញ​ភស្តុតាង​ពី​ការសន្ទនា​ឯកជន​តាម​ទូរសព្ទ ដើម្បី​ដាក់បន្ទុក​សកម្មជន​បក្សប្រឆាំង

សកម្មជនបក្សប្រឆាំង ចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សាលាដំបូងរាជធានីភ្នំពេញ បានបន្តបង្ហាញវីដេអូឃ្លី​ប​និងសម្រង់សម្ដីសន្ទនាឯកជនតាមទូរសព្ទ យក​មកធ្វើជាភស្តុតាងដាក់បន្ទុកលើមេដឹកនាំ និងសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ មុន​ឱ្យមេធាវីនិងតំណាងអយ្យការធ្វើសេចក្ដីសន្និដ្ឋាននៅខែក្រោយ។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​​ថ្ងៃព្រហស្បតិ៍នេះ បាន​​បន្ត​​សវនាការ​លើ​សំណុំរឿង​មេដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ដែលតុលាការរំលាយ​ ចំនួន​២១​នាក់ ពីបទ «ញុះញង់​ឱ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​សន្តិសុខសង្គម» និង «ញុះញង់​យោធិនមិន​ឱ្យស្ដាប់បទបញ្ជា និង​រួម​គំនិតក្បត់»។ ប៉ុន្តែ​សវនាការ​នេះមិនមាន​វត្តមាន​​​ថ្នាក់ដឹកនាំ និង​សកម្មជនបក្ស​ប្រឆាំង​​៨រូបនោះឡើយ។

សវនាការនាព្រឹកនេះ តុលាការបានបន្តចាក់បង្ហាញវីដេអូឃ្លីបដែលលោក សម រង្ស៊ី សហស្ថាបនិក​គណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ និយាយអំពីការបង្កើត​ចលនា​សង្គ្រោះ​ជាតិ​​នៅ​ក្រៅ​ប្រទេស កាលពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០១៨។

ក្រៅពីចាក់វីដេអូ ចៅក្រមក៏ឱ្យបង្ហាញសម្រង់សម្ដីសកម្មជនទាំងនោះដែលបានសន្ទនាឯកជនតាមប្រព័ន្ធ​ទូរសព្ទ ដោយឱ្យក្រឡាបញ្ជីជាអ្នកអានឱ្យអ្នកចូលរួមស្ដាប់ និងមើលអំឡុងពេលសវនាការ។ បើតាមសម្រង់សម្ដីក្រឡាបញ្ជីអាននោះ មានលោក ញ៉ែម វៀន បាន​សន្ទនាជាមួយភរិយា រួមទាំង លោក ឡុង ផារី, លោក ងិន ឃាង, លោក ឃុត ច្រឹក, លោក យឹម សារ៉េត និងលោក ហិន ឆាន ដែលបានសន្ទនាគ្នាតាមប្រព័ន្ធទូរសព្ទ។

បើតាមការសន្ទានារវាងលោក ញ៉ែម វៀន ជាមួយភរិយារបស់គាត់ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បាននិយាយពីករណីសមត្ថកិច្ចបានបន្តចាប់ខ្លួនសកម្មជននៅខេត្តព្រៃវែង និងនិយាយអំពីការឆ្លងជំងឺកូវីដ-១៩ ដោយភ្ជាប់ជាមួយ​ការលាក់បាំងរដ្ឋាភិបាលពីចំនួនតួលេខអ្នកឆ្លងជំងឺ ជាដើម។

លោកថា៖ «គេចាប់មនុស្សនៅព្រៃវែងម្នាក់ទៀតហើយ ឯងប្រយ័ត្នផង! កុំចេញទៅយកអំណោយអីណា ខ្លាចចាញ់បោកគេ! កូនមេភូមិនៅរមាសហែង បាត់ខ្លួនហើយ។ […] នៅខេត្តសៀមរាបឆ្លងកូវីដរហូតដល់៤០០នាក់ ប៉ុន្តេដាក់តែ១០នាក់ទេ ហើយ​នៅបាវិត កំពង់សោម​ កោះកុងជាដើម ក៏មានឆ្លងដែរ»។

ចំណែកលោក ងិន ឃាង បាននិយាយមួយលោ​ក ឃុត ច្រឹក ពាក់ព័ន្ធការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ដេញអ្នកសារព័ត៌មានមិនឱ្យចូលរួមក្នុងបន្ទប់ធ្វើសន្និសីទ​កាសែត បើសិនពួកគេពាក់ម៉ាស់។ ភស្តុតាងនោះ លោកនិយាយថា លោកនាយករដ្ឋមន្ត្រីចូលចិត្តធ្វើ​​អ្វីបញ្ច្រាសទិស ខណៈលោក ឡុង ផារី និយាយអំពីការទៅព្យាបាលជំងឺនៅសិង្ហបុរី​របស់លោក​ ហ៊ុន សែន ពាក់ព័ន្ធនឹងរឿងកូវីដ-១៩នេះដែរ។

ដោយឡែក ការសន្ទនារវាងលោក យឹម សារ៉េត ជាមួយលោក ហិន ឆាន ពាក់ព័ន្ធនឹងករណីថា រដ្ឋាភិបាលនឹងប្រគល់គណបក្សសង្គ្រោះជាតិឱ្យវិញ បន្ទាប់ពីលោកទទួលបានព័ត៌មានពីប្អូនជីដូន​មួយ​ដែលធ្វើការនៅក្រសួងមហាផ្ទៃ​។

យ៉ាងណាក៏ដោយ ការចាក់បង្ហាញវីដេអូ និងអានសម្រង់សម្ដីជនជាប់ចោទមួយចំនួនដែលបាន​សន្ទនាតាមទូរសព្ទនេះ គឺធ្វើឡើង​បន្ទាប់ពីចៅក្រមបានកំណត់យក​ថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីឱ្យមេធាវី និងតំណាងអយ្យការធ្វើសេចក្ដីសន្និដ្ឋាន ហើយបិទបញ្ចប់សំណុំរឿង​ថ្នាក់​ដឹកនាំ និងសកម្មជនទាំង២១នាក់ ក្រោយបើកសវនាការសួរដេញដោលរយៈពេលជាង១ឆ្នាំមក​នេះ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែន​ករុណា មានប្រសាសន៍ថា ត្បិតតែតុលាការមានឆន្ទានុសិទ្ធិ​ក្នុងការដាក់បន្ទុកលើពួកគាត់ក៏ពិតមែន ប៉ុន្តែ​ការធ្វើទុក្ខបុកម្នេញនិងចាប់ខ្លួនចោទប្រកាន់សកម្មជនកន្លងមក បានកើតឡើងដោយវិបត្តិនយោបាយ។

លោកថា៖ «យើងធ្លាប់ដឹងកន្លងមក បញ្ហានយោបាយនេះ អ្នកជាប់ឃុំ​នយោបាយនេះ បើសិនជាស្ថានភាពនយោបាយនៅតែមានភាពតឹងតែងបែបនេះ ​មិនមានអីប្រែប្រួលទេ ហើយអ្នកដែលគាត់រងទុក្ខទោសនៅក្នុងពន្ធនាគារ ​ចេះតែបន្តរហូត​ទៅ លុះត្រាតែមានការបន្ធូរបន្ថយស្ថានភាពនយោបាយកើតឡើង​ អាហ្នឹងបានពួកគាត់មានសេរីភាព»។

ថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងដែលតុលាការរំលាយ ជាប់ចោទពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរសន្តិសុខសង្គម ញុះញង់យោធិនមិនឱ្យស្ដាប់បទបញ្ជា និងរួមគំនិតក្បត់» រួមមានចំនួន២១នាក់ ក្នុងនោះរួមមានទាំងលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោក ហូរ វ៉ាន់, លោក នុត រំដួល, លោកស្រី ជូឡុង សូមូរ៉ា, លោកស្រី មូរ សុខហួរ ព្រមទាំងមនុស្សមួយចំនួនទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ